អានតួអត្ថបទ
អាកាសធាតុ

សន្និសីទ​ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ​បិទ​បញ្ចប់ ជាមួយ​លទ្ធផល​ស្តួចស្តើង

សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ បានបិទ​បញ្ចប់​ហើយ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី ៨​ធ្នូ។ ដូចជា​ការគិត​ទុកមុន សន្និសីទ​នេះ​មិន​បាន​សម្រេច​បាន​នូវ​ការព្រមព្រៀង​ធំដុំ​ណាមួយ។ ជាមួយ​ការពន្យារពេល​មួយថ្ងៃ​បន្ថែម​ទៀត គណៈប្រតិភូ​មក​ពី​១៩៣​ប្រទេស បាន​ត្រឹម​ចេញ​កិច្ចព្រមព្រៀង​មួយ នៅ​នាទី​ចុងក្រោយ ស្តីពី​ការអនុវត្ត​បន្ត​ពិធីសារ​ក្រុង​ក្យូតូ ទម្រាំ​ដល់​​មាន​កិច្ចព្រមព្រៀង​ថ្មី នៅ​ឆ្នាំ​២០២០។ អ្នកការពារ​បរិស្ថាន​បាន​សំដែង​ការខកចិត្ត និង​រិះគន់​ប្រទេស​មហា​ឧស្សាហកម្ម​ដែល​គ្មាន​ឆន្ទះ​ចង់​ចូលរួម​ក្នុង​ការកាត់បន្ថយ​ការឡើងកំដៅ​នៃ​ភពផែនដី។

លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅក្នុង​សន្និសីទ​ស្តីពីការប្រែប្រួល​អាកាសធាតុ ក្នុង​ទីក្រុង​ដូហា
លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅក្នុង​សន្និសីទ​ស្តីពីការប្រែប្រួល​អាកាសធាតុ ក្នុង​ទីក្រុង​ដូហា ©REUTERS/Fadi Al-Assaad
ផ្សាយពាណិជ្ជកម្ម

 

សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ បាន​បើក​តាំងពី​ថ្ងៃ​ទី ២៧​វិច្ឆិកា និង​បាន​បិទបញ្ចប់​នៅថ្ងៃ​ម្សិលមិញ។ បើនិយាយ​ពី​ពេលវេលា​ប្រជុំ​១២​ថ្ងៃ គេ​សង្ឃឹមថា នឹង​មាន​លទ្ធផល​ធំដុំ​ណាមួយ​ដើម្បី​ឆ្លើយតប​នឹង​ការព្រួយបារម្ភ​របស់​អ្នកជំនាញ និង​បណ្តា​ប្រទេស​ក្រីក្រ​ដែល​រងគ្រោះ​ដោយ​ការឡើង​កំដៅនៃ​ភពផែនដី។ នៅក្នុង​សន្និសីទ របាយការណ៍​ជាច្រើន​ត្រូវ​បាន​បោះពុម្ពផ្សាយ ដើម្បី​ដាស់ ទាញ​ស្មារតី​របស់​ប្រទេស​អ្នកមាន ដែល​ឧស្សាហកម្ម​របស់​ពួកគេ​បាន​ផលិត​ចេញ​កាន់តែច្រើន​នូវ​ឧស្ម័ន​ផ្ទះកញ្ចក់។ បើ​គ្មាន​ចំណាត់ការ​ជាក់ស្តែង ស្តីពី​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ចេះ​តែ​កើនឡើងនោះ នោះ សីតុណ្ហភាព​ជាមធ្យម​របស់​​ភពផែនដី នឹង​កើន​ឡើង ពី​៣ ទៅ ៥​អង្សារ។

អ្នកវិទ្យាសាស្រ្ត​ធ្លាប់​បាន​ទាញ​សញ្ញា​អាសន្ន​អំពី​ស្ថានភាព​បន្ទាន់ នៃ​ការប្រែប្រួល​អាកាសធាតុ ដែល​បណ្តាល​មកពីការឡើង​កំដៅ​ខ្ពស់​នៃផែនដី ដែល​អាច​ជះផលវិបាក​លើ​ជីវិត​មនុស្ស​ទូទៅ។ បើទោះជា​មាន​សញ្ញាអាសន្ន​ពី​​អ្នកវិទ្យាសាស្រ្ត ការទាមទារ​របស់​ប្រទេស​រងគ្រោះ​ដោយគ្រោះ​ធម្មជាតិ ដូចជា​ហ្វីលីពីន ឬ ក៏​គ្រោះមហន្តរាយ​ជាក់ស្តែង​ស្តីពី​ខ្យល់ព្យុះ​Sandy នៅ​អាមេរិក និង​គ្រោះរលកយក្ស​ស៊ូណាមី នៅជប៉ុន ប្រទេស​អ្នកមាន ឬ​ប្រទេស​ទើប​រីក​លូតលាស់​​ថ្មី នៅមិន​ខ្ចីអើពើ។

សម្រាប់​អ្នកជំនាញ​តាមដាន​អាកាសធាតុ សន្និសីទ​ដែល​បិទបញ្ចប់ នៅថ្ងៃ​ម្សិលមិញ ​មាន​លក្ខណៈ​និមិត្តរូប គឺមាន​តែ​លើ​ក្រដាស និង​គ្មាន​ប្រសិទ្ធភាព​ ដើម្បី​កាត់បន្ថយ​ ជាក់ស្តែង​ឧស្ម័ន​ផ្ទះកញ្ចក់ទេ។ នៅក្នុង​សន្និសីទ គេ​បាន​អនុម័ត​ឲ្យ​ បន្ត​ អនុវត្ត​ពិធីសារ​ក្រុង​ក្យូតូ ដែល​ជា​កិច្ចព្រមព្រៀង​អន្តរជាតិ​តែមួយ​គត់ តម្រូវ​ឲ្យ​ប្រទេស​អ្នកមាន​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់។ ប៉ុន្តែ អ្វី​ដែល​ជា​បញ្ហា គឺ​មាន​តែ​បណ្តា​ប្រទេស​អឺរ៉ុប និងប្រទេស​ជាង​១០​ផ្សេងទៀត ដូចជា​​អូស្ត្រាលី ជាដើម ត្រូវ​ជាប់កាតព្វកិច្ច ក្នុង​ពេល​ដែល​ប្រទេស​ទាំងនេះ បញ្ចេញ​ ឧស្ម័ន​ផ្ទះកញ្ចក់ ប្រមាណ​តែ​១៥​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ពិភពលោក។ អាមេរិក ដែល​ប្រទេស​ផលិត​ឧស្ម័ន​ផ្ទះកញ្ចក់​ទីពីរ​ក្នុង​ពិភពលោក​មិន​បាន​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​ក្រុង​ក្យូតូ ចំណែក​ ចិន ឥណ្ឌា ឬ​រុស្ស៊ី​ដែល​ជា​ប្រទេស​ទើប​រីកលូតលាស់​ថ្មី ក៏​មិន​បាន​ចុះហត្ថលេខា ដើម្បី​ជាប់កាតព្វកិច្ច​របស់​ពិធីសារ​ក្រុង​ក្យូតូ​ដែរ។

នៅក្នុង​សន្និសីទ​លើកនេះ ប្រទេស​ខាងត្បូង ជាប់ជំពាក់​ច្រើន​នឹង ​ពិធីសារ​ក្រុង​ក្យូតូ។ ក្រៅតែ​ពី​ការសន្យា​កាត់បន្ថយ​ឧស្ម័ន ប្រទេស​ប្រទេសក្រីក្រ​ ដែល​រងប៉ះពាល់​ខ្លាំង​ដោយសារ​ការប្រែប្រួល​​អាកាសធាតុ​នៅសង្ឃឹម​រង់ចាំ​ថា ប្រទេស​អ្នកមាន​នឹង​ផ្តល់​ថវិកា​​ប្រមាណ ៦០​ពាន់​លាន​ដុល្លារ ពីពេលនេះ ដល់​ឆ្នាំ ២០១៥។ ប៉ុន្តែ សហភាព​អឺរ៉ុប និង​អាមេរិក​បាន​បដិសេធ​។

គ្មាន​លទ្ធផល​ធំដុំ ​ចេញពី​សន្និសីទ​លើកនេះ ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​បាន​សន្យា​ជាថ្មី​ទៀត​នឹង​ធ្វើ​ឲ្យ​ចេញ​កិច្ចព្រមព្រៀង​ថ្មីមួយ នៅឆ្នាំ ២០១៥ ដែល​គេ​រៀបចំ​កាលពី​ឆ្នាំមុន។ គេ​សង្ឃឹម​នឹង​អាច​ចាប់​អនុវត្ត​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ចាប់ពី​ឆ្នាំ ២០២០។ ប៉ុន្តែ ការសន្យា ដែល​អាច​នឹង​ផ្តល់​លទ្ធផល​ជាអវិជ្ជមាន ដរាប​ណា​ប្រទេស​មហាឧស្សាហកម្ម​ដែល​ផលិត​ឧស្ម័ន​ផ្ទះកញ្ចក់ មិនព្រម​ ​ចេញមុខ ទទួល​ខុសត្រូវ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ