អានតួអត្ថបទ
បារាំង

ញត្តិប្តឹង​រដ្ឋាភិបាល​បារាំង មិនដោះស្រាយ​រឿងបរិស្ថាន មាន​អ្នក​ចូលរួម​១លាន​៥សែន​នាក់

គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៣ធ្នូ​នេះ ញតិ្តទាមទារឲ្យប្តឹងរដ្ឋាភិបាលបារាំង បាន​ទទួល​បាន​ការ​ចុះហត្ថលេខា​គាំទ្រ ដល់ទៅ ១លាន ៥សែននាក់​។ ញត្តិ​ប្តឹងនេះគឺ​​ស្តីពីការយឺតយ៉ាវ ចំពោះកិច្ច​ការពារបរិស្ថានធម្មជាតិ។ ចំនួន​អ្ន​កចូលរួម​ក្នុង​ញត្តិ​ដ៏​ច្រើន​ដូច្នេះ គឺ​ពុំ​ធ្លាប់​មា​នទេ ក្នុង​ប្រវត្តិសាស្ត្រ​បារាំង។

សកម្មជន​ការពារបរិស្ថាន​ លើកបដាតវ៉ា នៅក្នុងទន្លេសែន ក្រុងប៉ារីស
សកម្មជន​ការពារបរិស្ថាន​ លើកបដាតវ៉ា នៅក្នុងទន្លេសែន ក្រុងប៉ារីស Jean Nicholas Guillo / Greenpeace
ផ្សាយពាណិជ្ជកម្ម

ញត្តិ​ទាមទារ​ប្តឹង​រដ្ឋាភិបាល​បារាំង​ ចំពោះ​ការ​យឺតយ៉ាវ​ចាត់​វិធានការ​គាំពារ​បរិស្ថាន​ធម្មជាតិ គឺផ្តួច​ផ្តើម​ដោយ​អង្គការ​អន្តរជាតិ​ចំនួន​បួន​ គឺ​អង្គការ​ Greenpeace, Oxfam, Notre Affaire និង​ មូលនិធិ​ដើម្បី​ធម្មជាតិ​និង​មនុស្ស។ ញត្តិ​នេះ ត្រូវ​គេបង្ហោះ​តាម​គេហទំព័រ​អ៊ីនធឺនែត ​ឈ្មោះថា laffairedusiecle.net ។ នាយិកា​អង្គការ​ Oxfam នៅ​បារាំង លើកឡើងថា ការ​ចូលរួម​ចុះ​ឈ្មោះ​ក្នុង​ញត្តិ​ប្តឹង​រដ្ឋាភិបាល​នេះ មា​នចំនួន​ច្រើន​លើសពី​ការ​រំពឹងទុក ហើយ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។ ចំណែកប្រធានអង្គការ Notre Affaire សង្កត់ធ្ងន់ថា ការ​ប្រែប្រួល​អាកាស​ធាតុ​និង​ជីវៈចម្រុះ​ គឺជា​ក្តី​បារម្ភ​ខ្លាំង​របស់​ពលរដ្ឋ។​

បើ​តាម​អង្គការ​ទាំងបួនខាង​លើ  នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ ពួក​គេ​នឹង​ដាក់​របាយ​ការណ៍អង្កេត​​លម្អិត​មួយ​ជូន​​រដ្ឋាភិបាល​បារាំង ស្តីពី​រឿង​បរិស្ថាន​ធម្មជាតិ​នេះ ហើយ​ទុក​ពេល​ចំនួន​២ខែ​ ឲ្យ​រដ្ឋាភិបាល​រក​ចម្លើយ​ដោះស្រាយ​បញ្ហា។ ចំពោះ​ពួក​គេ​ គេ​មិន​ចង់​ស្តាប់​ការ​ជជែក​ដោះសាតទៀត​នោះទេ គឺ​គេ​ចង់​ឃើញ​សកម្មភាព​ការងារ​ជាក់ស្តែង។​  ជាបន្តទៀត នៅ​ខែ​មីនា ឆ្នាំ​២០១៩ ពួក​គេ​នឹងដាក់​ពាក្យ​​ប្តឹង​ទៅ​តុលាការ​រដ្ឋបាល​បារាំង​តែម្តង​។

គួរ​ជ្រាប​ថា ការ​ប្តឹង​រដ្ឋាភិបាល​ចំពោះ​ការ​មិន​យកចិត្ត​ទុកដាក់​រឿង​បរិស្ថាន ឬ​ប្តឹង​ចំពោះ​ការ​ចាត់​វិធាន​ការ​យឺតយ៉ាវ​ចំពោះ​កិច្ច​គាំពារ​ធម្មជាតិ គឺ​ធ្លាប់​មានប្រវត្តិ​ឈ្នះ​ក្តី​ម្តង​រួច​ហើយ នៅ​ប្រទេស​ហូឡង់។ អង្គការ​មួយ​ឈ្មោះ​ Urgenda ដែល​ចូល​រួម​ដោយ​ពលរដ្ឋ​ប្រមាណ​​៩០០នាក់ បាន​ប្តឹង​រដ្ឋាភិបាល​ហូឡង់ ហើយ​ទីបំផុត តុលាការ​ហូឡង់​ បានសម្រេច​ឲ្យ​រដ្ឋាភិបាល ​ចាត់​វិធានការ​កាត់​បន្ថយ​ ការ​បំពុល​បរិកាសដោយ​ឧស្ម័នផ្ទះ​កញ្ចក់ ឲ្យ​បាន​២៥ភាគរយ នៅឆ្នាំត្រឹម​ឆ្នាំ​២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ