អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះជាតិ រៀប​ចំ​ក្រុម​មេធាវី​អន្តរជាតិ​ដើម្បី​ស៊ើប​អង្កេត​ករណី​ហិង្សា​

គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រៀបចំ​មេធាវី​អន្តរជាតិ ដែលមាន​ជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដើម្បី​ស៊ើបអង្កេត លើ​ករណី​អំពើហិង្សា ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស យ៉ាងហោចណាស់ ៤នាក់​ស្លាប់ និង​ប្រមាណ​ជា ២០នាក់​រងរបួស កាលពី​ថ្ងៃទី០៣មករា​កន្លងទៅ។ ថ្លែង​នៅក្នុង​សន្និសីទកាសែត នៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី០៧មករា លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​និយាយថា បើសិន​ជាមាន​ភស្តុតាង​គ្រប់គ្រាន់ នោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើហិង្សា នឹងត្រូវ​ជាប់ចោទ​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ។

លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំគណបក្ស​សង្គ្រោះជាតិ ថ្លែងក្នុង​សន្និសីទកាសែត។
លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំគណបក្ស​សង្គ្រោះជាតិ ថ្លែងក្នុង​សន្និសីទកាសែត។ @rfi/channa
ផ្សាយពាណិជ្ជកម្ម

ស្រប​ពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រៀបចំ​ខួប​លើក​ទី ៣៥ ថ្ងៃទី០៧មករា គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាសថា ខ្លួន​កំពុង​រៀបចំ​ក្រុម​មេធាវី​អន្តរជាតិ​ដើម្បី​ស៊ើបអង្កេត លើ​ករណី​សម្លាប់​មនុស្ស ៤​នាក់ និង​របួស​ជាច្រើន​នាក់​ក្នុង​អំពើហិង្សា​របស់​សមត្ថកិច្ច​ទៅលើ​ក្រុមបាតុករ​កម្មករ។

ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ
ប្រធាន និង​អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​អះអាងថា ក្រុម​មេធាវី​អន្តរជាតិ​ល្បីឈ្មោះ​នឹង​ស៊ើបអង្កេត​ដើម្បី​វាយតម្លៃ​អំពី​បទឧក្រិដ្ឋ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​រងរបួស​កាលពី​ថ្ងៃទី៣និង​ទី៤មករា។

លោក សម រង្ស៊ី បាន​និយាយថា លោក​ក៏មាន​គម្រោង​បញ្ជូន​អ្នករបួស​ចំនួន ២២នាក់ ទៅ​ក្រៅប្រទេស​ដើម្បី​ឲ្យ​ក្រុម​មេធាវី​ចាត់វិធានការ​ពិនិត្យ​និង​ប្រមូល​ភស្តុតាង​ផងដែរ។ ប្រធាន​បក្សប្រឆាំង​បញ្ជាក់ថា ប្រសិនបើ​ក្រុម​មេធាវី​អន្តរជាតិ​រកឃើញ​ភស្តុតាង​គ្រប់គ្រាន់​ទាក់ទង​នឹង​ការប្រើ​ហិង្សា​នោះ ក្រុម​មេធាវី នឹងដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ក្រុងឡាអេ ដោយ​ចោទ​ពីបទ​ឧក្រិដ្ឋកម្ម​មនុស្ស​ជាតិ។

បើ​យោងតាម​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ទោះបី​មេធាវី​អន្តរជាតិ​នៅ​មិនទាន់​រកឃើញ​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការអន្តរជាតិ​ក៏ដោយ ក៏​ការធ្វើ​បែបនេះ​យ៉ាងហោចណាស់​អាច​ឲ្យ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រុងប្រយ័ត្ន​មិន​ប្រើប្រាស់​អំពើហិង្សា ហើយ​ងាក​មករក​លទ្ធិប្រជាធិបតេយ្យ ដ៏​ត្រឹមត្រូវ​មួយ​វិញ។

ការប្រកាស​ប្តឹង​អាជ្ញាធរ​រដ្ឋាភិបាល​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ពី​សំណាក់​បក្សប្រឆាំង​បាន​កើតឡើង​ខណៈដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី និង​លោក កឹម សុខា ឲ្យ​ចូលទៅ​បំភ្លឺ​ករណី​ហិង្សា​នេះ​ដូចគ្នា​ដែរ។ មេដឹកនាំ​បក្សប្រឆាំង​ទាំងពីរ​បាន​រង​ការប្តឹង​ពីបទ​ញុះញង់​ឲ្យ​មាន​បទ​ឧក្រិដ្ឋកម្ម និង​បង្ក​ភាពចលាចល​ដែល​នាំ​ឲ្យ​ប៉​ពាល់​សន្តិសុខ​សង្គម។

ប៉ុន្តែ លោក សម រង្ស៊ី ចាត់ទុក​បណ្តឹង​នេះ​ថា​គ្រាន់តែ​ជា​យុទ្ធសាស្ត្រដដែលៗរបស់​រដ្ឋាភិបាល ដែល​តែងតែ​ដាក់​អន្ទាក់ និង​ចោទប្រកាន់ថា លោក​ជា​អ្នកប្រព្រឹត្តិ​អំពើហិង្សា ដើម្បី​ចាប់​ពិរុទ្ធ​លើ​រូបលោក​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ មេដឹកនាំ​បក្សប្រឆាំង​អះអាងថា នឹង​ចូលទៅ​បំភ្លឺ​ក្នុង​តុលាការ នៅ​ថ្ងៃទី១៤មករា​ខាងមុខ ហើយ​គម្រោង​បាតុកម្ម នឹង​នៅតែ​បន្តធ្វើ បន្ទាប់ពី​ការផ្អាក​មួយរយៈ​ពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ