អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​ភាពចម្រូងចម្រាស​ចំណោម​អ្នក​នយោបាយ​កាណាដា​លើ​ការ​បញ្ជូន​ទ័ព​ទៅ​អ៊ឺរ៉ាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ​ដែល​រដ្ឋាភិបាល​កាណាដា​របស់​លោក​ស្ទីវិន ហាភ័រ ​និង​គណបក្ស​ប្រឆាំង​ធំៗ​ពីរ​មិន​ចុះ​សម្រុង​គ្នា​លើ​ទំរង់​និង​ទំហំ​នៃ​ការចូល​ររួម​របស់​កាណាដា​ក្នុងការបញ្ជូន​ទ័ព​ទៅ​អ៊ឺរ៉ាក់តប​តាម​ការអំពាវនាវ​របស់​សហរដ្ឋអាមេរិច​ដែល​ជាអ្នកដឹកនាំ​និង​សម្រប​សម្រួល​ក្នុង​ក្របខណ្ឌ​នៃ​ក្រុម​រដ្ឋ​សម្ព័ន្ធ​មិត្ត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេវរនិយម​រដ្ឋ​អ៊ីស្លាម។ តាម​ការគ្រោង នៅថ្ងៃ​ច័ន្ទ​នេះ​រដ្ឋសភា និង​ជជែក​ដេញដោល​និង​បោះឆ្នោត​គាំទ្រ លើ​សំណើ​របស់​រដ្ឋាភិបាល ដែល​ក្នុង​នោះ ​កាណាដា នឹង​ផ្តល់​នូវ​ធនធាន​យោធា​ទៅ​ប្រទេស​អ៊ឺរ៉ាក់ ​រួមបញ្ចូល​ទាំង​ការវាយប្រហារ​តាម​ផ្លូវ​អាកាស សំរាប់​រយៈពេល​ប្រាំមួយ​ខែ តែ​នឹង​មិន​មាន​ការវាយប្រហារ​តាម​ផ្លូវ​គោក​នោះ​ទេ។ ក្នុង​ស្ថានភាព​នេះ សំឡេង​ឯកច្ឆន្ទ​គាំទ្រ​លើ​សំណើ​ នឹង​អាច​កើត​មាន​នោះ​ទេ ហើយ​លោក​ហាភ័រ​អាច​ជា​អ្នក​ទទួល​ខុសត្រូវ​តែ​ម្នាក់​ឯង​លើ​បញ្ហា​នេះ។

លោក​ស្ទីវិន ហាភ័រ (Steven Harper) នាយករដ្ឋមន្រ្តី​កាណាដា នៅពេលឡើងថ្លែង​ក្នុង​សភា កាល​ពីថ្ងៃ​ទី៣ តុលា ២០១៤
លោក​ស្ទីវិន ហាភ័រ (Steven Harper) នាយករដ្ឋមន្រ្តី​កាណាដា នៅពេលឡើងថ្លែង​ក្នុង​សភា កាល​ពីថ្ងៃ​ទី៣ តុលា ២០១៤ REUTERS/Chris Wattie
ផ្សាយពាណិជ្ជកម្ម

 

"ក្នុងគោលដៅ​រក្សា​សន្តិសុខ​តំបន់សន្តិសុខ​អន្តរជាតិនិង​ប្រាកដ​ណាស់គឺ​ដើម្បី​សន្តិសុខ​ពលរដ្ឋ​កាណាដា​ទាំងអស់ការធ្វើ​អន្តរាគមន៍​នេះ​គឺ​ជា​រឿង​ចាំបាច់" ​នេះ​គឺ​សំដី​របស់​លោក ស្ទីវិន ហាភ័រ នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍កន្លង​ទៅ​ នៅ​ពេល​ដែល​គាត់​បាន​សម្រេច​ចិត្ត​ដាក់​សំណើ ទៅ​កាន់​រដ្ឋសភា ដើម្បី​ជជែកដេញ​ដោល និង​បោះឆ្នោត​គាំទ្រ​​នៅ​ថ្ងៃច័ន្ទ​សប្តាហ៍​នេះ។

សំណើ​មក​កាន់​រដ្ឋសភា​នេះ​ធ្វើ​ឡើង បន្ទាប់​ពីមាន​ការដាក់សម្ពាធ​​ពី​គណបក្ស​ប្រឆាំង​ឲ្យ​រដ្ឋាភិបាល​​បង្ហាញ​ពី​គោលជំហរ​ជាក់លាក់ លើ​បញ្ហា​នៃការចូលរួម​របស់​កាណាដា ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​នេះ​ ពី​ព្រោះ​​ចាប់​តាំងពី​នាយករដ្ឋមន្រ្តី​ ស្ទីវិន ហាភ័រ​ បាន​បង្ហើប​ពី​លទ្ធភាព​ដែល​ថា ​កាណាដា​អាច​នឹង​បញ្ចូន​ទ័ព​អាកាសទៅ​អ៊ឺរ៉ាក់ តប​តាម​ការស្នើ​សុំ​របស់​សហរដ្ឋអាមេរិក​កាល​ពី​ពីរសប្តាហ៍​មុន​នេះ មាន​ប្រតិកម្ម​អវិជ្ជមាន​ជាបន្តបន្ទាប់​ពី​គណបក្ស​ប្រឆាំង​សំខាន់​ពីរ​ ពោលគឺ​ គណបក្ស​NPD​ (គណបក្ស​ប្រជាធិបតេយ្យ​ថ្មី) និង​គណបក្ស​សេរី​និយម​។

លោក Thomas Mulcair ប្រធាន​គណបក្ស​ NPD បាន​ប្រឆាំង​ទៅ​នឹងគំនិត​អន្តរាគមន៍​យោធា​របស់​ប្រទេស​កាណាដា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ហើយ​ថា ​អន្តរាគមន៍​ទ័ព​អាកាស​កាណាដា នៅ​អ៊ីរ៉ាក់ គឺ​ជា​វិធានការ​តក់ក្រហល់​ក្នុង​កាលៈទេសៈ​នេះ​។​ លោក​បាន​លើកឡើងថា កាណាដា​គួរ​ជំរុញ​ការបញ្ជូន​ជំនួយ​មនុស្សធម៌​ទៅឲ្យ​ជនភៀសខ្លួន​និង​ប្រជាជនដែល​កំពុង​រង​ផលប៉ះពាល់ ដោយ​សង្រ្គាម​​។ លោក Thomas Mulcair ក៏​ធ្លាប់​បាន​ទាមទារ​ឱ្យ​មាន​ការជជែក​ពិភាក្សា​គ្នា​ពី​ទំរង់​និង​ទំហំ នៃ​ការចូលរួម​របស់​ប្រទេស​កាណាដា​ក្នុង​បេសកកម្ម​នេះ​ ហើយ​ជារឿយៗ​លោក​បាន​រិះគន់​រដ្ឋាភិបាល ក្នុង​ការធ្វើ​សកម្មភាព​ជា​សម្ងាត់​និង​ក្នុងការ​មិនយកចិត្ត​ទុកដាក់​ពី​គំនិត​របស់​រដ្ឋសភា​លើ​បញ្ហា​ដ៏មាន​សារៈសំខាន់​នេះ​។

រីឯ​គណបក្ស​សេរី​និយម​ដឹកនាំ​ដោយ ​Justin Trudeau ក៏​បាន​ធ្លាប់​បញ្ចាក់​ពី​គោលជំហរ​របស់​ខ្លួន​ថា​គណបក្ស​សេរី​និយម​គាំទ្រ​ដល់​ការបញ្ជូន​ទីប្រឹក្សា​យោធា​កាណាដា តែ​ប្រឆាំង​ចំពោះ​ប្រតិបត្តិការ​តាម​ផ្លូវ​អាកាស​។ ​ដូច​លោក Thomas Mulcair ដែរ លោកJustin Trudeau ជឿជាក់​ថា​ប្រទេស​កាណាដា​អាច​មាន​ប្រយោជន៍​ក្នុង​រឿង​នេះ តាមរយៈ​ការផ្តល់​ជំនួយ​ដល់​ជនភៀសខ្លួន​រាប់​រយ​រាប់​ពាន់​នាក់​ដែល​ភៀសខ្លួន​ចេញ​ពីការប៉ះ​ទង្គិច​គ្នា​នេះ​ ដូចជា​ជនភៀសខ្លួន​ទៅកាន់​ប្រទេស​តួកគី​ជា​ដើម​។

ដូច្នេះ​តាមរយៈ​ការបង្ហាញ​គោលជំហរ​បែប​នេះ គឺ​ប្រាកដណាស់​ថា ការបោះឆ្នោត​គាំទ្រ​ពី​រដ្ឋសភា​នៅ​ថ្ងៃ​ច័ន្ទ​នេះ រដ្ឋាភិបាល​នឹង​មិន​អាច​ទទួល​បាន​ការគាំទ្រ​ពី​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នោះ​ទេ​។​ តែ​ទោះ​ជា​យ៉ាងណា​គេ​រំពឹងទុក​ថា ​សំណើ​ចាត់​វិធានការ​របស់​រដ្ឋាភិបាល​នឹង​ត្រូវ​អនុម័ត​ដោយ​រដ្ឋសភា​ ដោយសារ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​មាន​សំលេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​រដ្ឋសភា​ពោល​គឺ​១៦២ លើ ៣០៨​សំលេង​។

អ្នកវិភាគ​នយោបាយ​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ប្រមើល​ឃើញថា ការដែល​លោក​ស្ទីវិន ហាភ័រ កន្លង​មក ព្រងើយ​កន្តើយ​មិន​ខ្វល់​ពីការស្វែងរក​ការគាំទ្រ​ពី​គណបក្ស​ប្រឆាំង ​ដើម្បី​ទទួលបាន​សំឡេង​ឯកច្ឆន្ទ​នៅរដ្ឋសភា​នេះ​អាច​ជា​យុទ្ធសាស្រ្ត​របស់​លោក​សំរាប់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៥​ខាងមុខ​នេះ ដោយ​ការបង្ហាញ​ដល់​ប្រជាជន​កាណាដា​ថា ខ្លួន​ជា​បុគ្គល​នាយករដ្ឋមន្រ្តី​ដែល​អង់​អាច និង​ដែល​ចេះ​សម្រេច​ចិត្ត​ចំពោះ​ស្ថានភាព​លំបាកៗ សក្តិសម​ជា នាយករដ្ឋមន្រ្តី​កាណាដា​បន្ត​ទៅ​មុខ​ទៀត​។ យ៉ាងណាមិញ តាម​ការស្ទង់​មតិ​របស់ GLOBAL NOTE​ ៦៤​ភាគរយ​នៃ​ពលរដ្ឋ​កាណាដា​គាំទ្រ​ការវាយប្រហារ​ដោយ​យោធា​នៅ​អ៊ឺរ៉ាក់​នេះ​។

តែ​សំនួរ​អាច​ចោទ​ឡើង​នៅ​ពេល ភ្នក់​ភ្លើង​សង្រ្គាម​នេះ​មិន​រលត់ ក្នុង​រយៈពេល​ប្រាំមួយ​ខែ​តាម​ការរំពឹង​ទុក ព្រោះ​តាមពិត​ទៅ​លោកអូបាម៉ា​ក៏ដូចជា​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស ដាវីដ ខេមរ៉ន់​ ក៏ធ្លាប់​បាន​លោក​ឡើង​ដែរថា​សង្រ្គាម​នេះ​ប្រើ​ពេល​យូរ​មិន​កំរិត​ត្រឹមខែ​ទេ ​តែអាច​ជាឆ្នាំ។ ពេលនោះ​សួរថា តើ​តួអង្គ​នាយករដ្ឋមន្រ្តី ស្ទីវិន ហាភ័រ នឹង​ត្រូវ​សំរេច​ចិត្ត​បែប​ណា​ទៅ​ទៀត​? ថា​តើ​កាណាដា​នឹង​នៅ​តែ​រក្សា​ការចូលរួម​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​បន្ត ឬ​ក៏​ត្រូវ​ដក​ថយ​? ​ហើយ​ប្រសិន​បើ​សង្រ្គាម​នេះ​បន្ត​រ៉ាំរ៉ៃ​រាប់​ឆ្នាំ​ដូចជា​អ្វី​ដែល​កើត​មាន​នៅ​អាហ្កានីស្ថាន​ដែល​កាណាដា​ចំណាយ​ទឹកប្រាក់​ដល់​ទៅជាង​៣ម៉ឺន​លាន​ដុល្លា​ លោក​ហាភ័រ អាច​នឹង​ប្រឈម​នឹង​ការទទួល​ខុសត្រូវ​ចំពោះ​មុខ​ពលរដ្ឋ​កាណាដា ក្នុង​ការដាក់​ប្រទេស​កាណាដា​ក្នុង​ភ្នក់​ភ្លើង​សង្រ្គាម ដោយ​មិន​មាន​សំឡេងគាំទ្រ​​ឯកច្ឆន្ទ​ពី​រដ្ឋសភា។ ទាំង​នេះ​ជា​ចំណោទ​បញ្ហា​ដែល​អាច​កើត​មាន​ចំពោះ​លោក​ហាភ័រ ក្នុង​ពេល​អនាគត​ដ៏​ខ្លីខាង​មុខ​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ