អានតួអត្ថបទ
កាណាដា-អ៊ីរ៉ាក់

​កា​ណា​ដា​​ប្រកាស​វាយ​ប្រហារ​អង្គ​ការ​រដ្ឋ​អ៊ី​ស្លាម​តាម​ផ្លូវ​អា​កាស​នៅ​​​អ៊ី​រ៉ាក់​

ប្រទេស​កាណាដា​នឹង​ចូល​រួម​ជាមួយ​សម្ព័ន្ធមិត្ត​អន្តរជាតិ​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ី​ស្លាម។​ លោក​នាយក​រដ្ឋមន្ត្រី​កាណាដា​ Stephen Harper បាន​ដាក់​សំណើ​កាល​ពី​ថ្ងៃ​សុក្រ​មិ្សលមិញ​ទៅ​កាន់​សភា ​ដើម្បី​សុំ​សេចក្តី​អនុម័ត​អោយ​រដ្ឋា​ភិ​បាល​របស់​លោក​បើក​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ដែល​មាន​រយៈ​ពេល​ ៦ ខែ។ សំណើ​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​កាណាដា​នឹង​មិន​ចូល​រួម​ប្រតិបត្តិការ​ផ្លូវ​គោក​ឡើយ។ យន្តហោះ​ចម្បាំង​ចំនួន​ ៦ គ្រឿង​ និង​យន្ត​ហោះ​ដឹក​ជញ្ជូន​ចំនួន​ ៣ គ្រឿង​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​គាំទ្រ​ការ​ធ្វើ​ប្រតិបត្តិ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត។

នាយករដ្ឋមន្ត្រី​កាណាដា​បង្ហាញ​សំណើ​វាយប្រហារ​ផ្លូវ​អាកាស​នៅ អ៊ីរ៉ាក់​ទៅ​កាន់​សភា
នាយករដ្ឋមន្ត្រី​កាណាដា​បង្ហាញ​សំណើ​វាយប្រហារ​ផ្លូវ​អាកាស​នៅ អ៊ីរ៉ាក់​ទៅ​កាន់​សភា © Reuters
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋមន្ត្រី​កាណាដា​ Stephen Harper បាន​បញ្ជាក់​ថា​កង​ទ័ព​កាណាដា​នឹង​ធ្វើ​អន្តរាគមន៍​នៅ​លើ​ទឹក​ដី​ណា​ដែល​រដ្ឋាភិបាល​នោះ​ធ្វើ​សំណើ​សុំ។ សេចក្តី​ប្រកាស​នេះ​ជា​ការ​បើក​ផ្លូវ​អោយ​អោយ​មាន​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​កាណាដា​នៅ​ប្រទេស​ស៊ីរី​ ប្រសិន​បើ​របប​ដឹក​នាំ​របស់​ Bachar Al-Assad ​ស្នើ​សុំ​ត្រឹមត្រូវ។ សូម​បញ្ជាក់​ថា​កាល​ពី​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​ OTAN កាល​ពី​ថ្ងៃ​ ៣ ខែ​កញ្ញា​ រដ្ឋាភិបាល​កាណាដា​ធ្លាប់​បាន​ប្រកាស​ហើយ​ថា​នឹង​មិន​ជួយ​របប​ដឹក​នាំ​ប្រទេស​ស៊ី​រី​ឡើយ។

 
ប្រភេទ​យន្តហោះ​ដែល​ប្រទេស​កាណាដា​នឹង​បញ្ជូន​ទៅ​រួម​មាន៖ យន្តហោះ​ចម្បាំង​ប្រភេទ​ CF188 Hornet ​ចំនួន​ ៦ ​គ្រឿង​រួម​ជាមួយ​នឹង​បុគ្គលិក​ចំនួន​ ៣២០ នាក់​ នឹង​យន្តហោះ​ដឹក​ជញ្ជូន​៣​គ្រឿង​ប្រភេទ​ CC150 Polaris នឹង CP 140 Aurora រួម​ជាមួយ​សមាជិក​បើកបរ​ និង​បុគ្គលិក​បំរើ​ការ​ចំនួន​ ២៨០ នាក់។​

ក្រៅ​ពី​ធ្វើ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ កង​កំលាំង​កាណាដា​នឹង​ជួយ​គាំទ្រ​សម្ព័ន្ធមិត្ត​អន្តរជាតិ​ក្នុង​ «តួ​នាទី​មិន​វាយ​ប្រហារ​ប្រឆាំង​ភេរវករ» ​នៅលើ​ដី​ ដោយ​គ្រាន់​តែ​ប្រទេស​កាណាដា​ផ្តល់​យន្ត​ហោះ​ដឹក​ជញ្ជូន​ យន្ត​ហោះ​ស៊ើប​ការណ៍​ និង​បុគ្គលិក​ជួស​ជុល​យន្តហោះ។ តាម​រយៈ​សំណើ​នេះ​ លោក​ Stephen Harper ​បាន​បញ្ជាក់​ថា​បេសកកម្ម​នេះ​នឹង​មិន​លើស​ពី​រយៈ​ពេល​ ៦ ខែ​ឡើយ​ ដើម្បី​ចៀស​វាង​មិន​អោយ​កង​កំលាំង​កាណាដា​លង់​ខ្លួន​ចូល​ក្នុង​ជំលោះ​ដែល​អាច​មាន​រយៈ​ពេល​យូរ។ លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​ពន្យល់​ថា​ អង្គការ​រដ្ឋ​អ៊ីស្លាម​មិន​ត្រឹម​តែ​បាន​គំរាម​កំហែង​ដល់​សន្តិសុខ​ប្រជាជន​នៅ​តាម​តំបន់​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ស៊ីរី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ ពួក​ជីហាត​នេះ​កំពុង​គំរាម​កំហែង​សន្តិសុខ​ពិភពលោក​ទាំងមូល​ ជាពិសេស​ពួក​ជ្រុល​និយម​នេះ​ផ្តោត​ការ​វាយ​ប្រហារ​លើ​ពលរដ្ឋ​កាណាដា។

លើស​ពី​នេះ​ ដើម្បី​បក​ស្រាយ​ចំពោះ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​ប្រទេស​កាណាដា​ លោក​ Harper បាន​រំលឹក​ថា​ អំពើ​ព្រៃ​ផ្សៃ​ជា​ច្រើន​ត្រូវ​បាន​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ប្រព្រឹត្ត​ក្នុង​នោះ​រួម​មាន​៖ «ការ​ធ្វើ​ទារុណកម្ម​ និង​ការ​កាត់​ក​កុមារ​ ការ​លក់ ​និង​ការ​រំលោភ​ស្ត្រី​ ព្រម​ទាំង​ការ​សំលាប់​ចំណាប់​ខ្មាំង​ និង​ជន​ស្លូត​ត្រង់​» ជាដើម។ បើ​តាម​លោក​ Harper ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍។

ការ​ជជែក​ពិភាក្សា​ក្នុង​សភា​ និង​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ចំពោះ​សំណើ​នេះ​នឹង​គ្រោង​ ធ្វើ​នា​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ។ លោក​នាយក​រដ្ឋមន្ត្រី ​ Stephen Harper​ ស្នើ​សុំ​អោយ​គណបក្ស​ជំទាស់​ក្នុង​រដ្ឋ​សភា​គាំទ្រ​សំណើ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​នេះ។​ ប្រសិន​បើ​គណបក្ស​ជំទាស់​ទាំង​ពីរ​ក្នុង​សភា​មិន​យល់​ព្រម​ អ្នក​វិភាគ​យល់​ថា​សំណើ​នេះ​នឹង​នៅ​តែ​អាច​អនុម័ត​បាន​ ព្រោះ​គណ​បក្ស​អភិរក្ស​និយម​របស់​លោក​ Stephen Harper​ មាន​ចំនួន​សមាជិក​សភា​ច្រើន​លើស​លប់។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ