អានតួអត្ថបទ
បារាំង

សាកសព​អ្នកសារព័ត៌មាន​វិទ្យុ​បារាំងRFI​ ត្រូវ​បាន​បញ្ជូន​​ពី​ម៉ាលី​មកដល់​ប៉ារីស

សាកសព​អ្នកសារព័ត៌មានវិទ្យុ​បារាំង​RFI ទាំងពីរ​រូប គឹ​លោកស្រី Ghislaine Dupont និង​លោក Claude Verlon ដែល​ត្រូវ​ក្រុមភេរវជន​បាញ់សំលាប់ នៅ​ប្រទេស​ម៉ាលី កាលពី​ថ្ងៃ​សៅរ៍សប្តាហ៍​មុននោះ បាន​​បញ្ជូន​មកដល់​ប្រទេស​​បារាំង​ហើយ នៅព្រឹក​​ថ្ងៃ​អង្គារ​នេះ។ ប្រធានាធិបតី​បារាំង​បាន​ធ្វើដំណើរ​ទៅ​អាកាសយានដ្ឋាន Roissy-Charles-de-Gaulle ដើម្បី​ទទួលសាកសព​ដោយផ្ទាល់។ ការិយាល័យវិទ្យុ​បារាំង​អន្តរជាតិ​នៅ​ប៉ារីស​រៀបចំ​​ធ្វើពិធី​គោរពវិញ្ញាណក្ខន្ធ​ដល់​អ្នកសារព័ត៌មាន​ទាំងពីររូប នៅថ្ងៃ​អង្គារ​នេះ​ផងដែរ។

មឈ្ឈូសសាកសព​លោកស្រី​ Ghislaine Dupont និង​លោក Claude Verlon បានមកដល់​អាកាសយានដ្ឋាន​ Roissy-Charles-de-Gaulleប្រទេស​បារាំង នៅព្រឹកថ្ងៃ​អង្គារ នៅ​បារាំង។
មឈ្ឈូសសាកសព​លោកស្រី​ Ghislaine Dupont និង​លោក Claude Verlon បានមកដល់​អាកាសយានដ្ឋាន​ Roissy-Charles-de-Gaulleប្រទេស​បារាំង នៅព្រឹកថ្ងៃ​អង្គារ នៅ​បារាំង។ AFP PHOTO / FRED DUFOUR
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ ​​ប្រមុខការទូត​បារាំង​​ លោកឡូរ៉ង់ ហ្វាប៊ីយុស ព្រមទាំង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​ទំនាក់ទំនង​បារាំង គឺ​លោកស្រី​ Aurélie Filippetti បាន​ចុះ​ទៅ​អាកាសយានដ្ឋាន Roissy-Charles-de-Gaulle នៅ​ជាយក្រុង​ប៉ារីស​ដោយផ្ទាល់​​ ដើម្បី​ទទួល​យក​សាកសព​អ្នកសារព័ត៌មានវិទ្យុ​បារាំង​RFI ទាំងពីរ​ និងក៏​ដើម្បី​ចូលរួម​រំលែក​មរណៈទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សាកសព​ផងដែរ។ នៅថ្ងៃ​ចន្ទ​ម្សិលមិញ ប្រធានាធិបតី​​ប្រទេស​ម៉ាលី គឺ​លោកអ៊ីប្រាហ៊ីម ប៊ូបាកា​ កីតា បាន​បំពាក់កិច្ច​បឆ្ឆាមរណៈ​អោយ​ដល់​​អ្នកសារព័ត៌មាន​បារាំង​ទាំងពីររូប​។

អគ្គ​នាយក​វិទ្យុបារាំង​អន្តរជាតិ​ RFI លោកស្រី​ Marie-Christine Saragosse និង​ប្រធាន គ្រប់គ្រង​ផ្នែក​អាហ្វ្រិក​នៃ​​វិទ្យុបារាំង​​RFI និង​លោក Yves Rocle ក៏​មាន​វត្តមាន​​នៅ​អាកាសយានដ្ឋាន​ផងដែរ។ នៅថ្ងៃ​ចន្ទ​ម្សិលមិញ មុននឹង​​​សាកសព​បាន​បញ្ជូន​មកដល់ប្រទេស​បារាំង ក៏មាន​ការ​គោរពវិញ្ញានក្ខន្ធ​លើកចុងក្រោយ​ជូន​ចំពោះ​សាកសព​អ្នកសារព័ត៌មាន​វិទ្យុ​បារាំង​RFI ទាំងពីរ​រូប គឹ​លោកស្រី Ghislaine Dupont និង​លោក Claude Verlon ផងដែរ​ នៅ​អាកាសយានដ្ឋាន​ក្រុងបាម៉ាកូ ប្រទេស​ម៉ាលី។

គួរ​រំលឹកថា​ ​ ​លោកស្រី Ghislaine Dupont និង​លោក Claude Verlon ​ត្រូវ​បាន​ក្រុមភេរវជន​បាញ់សំលាប់ កាលពី​ថ្ងៃ​សៅរ៍ នៅ​ក្រុងគីដាល់ ប្រទេសម៉ាលី។​ ​សាកសព​អ្នកសារព័ត៌មាន​ទាំងពីរ​​ត្រូវ​បញ្ជូន​ទៅវិទ្យាស្ថាន​វេជ្ជសាស្ត្រ​​នៅ​ក្រុងប៉ារីស ដើម្បី​ធ្វើ​កោសល្យវិច័យ។ អាជ្ញាធរ​​ម៉ាលី និងអាជ្ញាធរ​បារាំង​កំពុង​ស៊ើប​អង្កេត​លើ​ឃាតកម្ម​នេះ។ ​កាលពីថ្ងៃ​អាទិត្យ​ កងទ័ព​បារាំង​សហការ​ជាមួយ​កងទ័ព​ម៉ាលី​ បាន​ចាប់ខ្លួន​មនុស្ស​៥នាក់។ ជនទាំងនេះ មិនមែន​ជា​​ឃាតករ​ផ្ទាល់​នោះទេ ប៉ុន្តែ​ពួកគេ​អាច​ជួយអោយ​ការស៊ើបអង្កេត​វែក​មុខ​ក្រុមភេរវជន​ដែល​បាន​បាញ់សំលាប់​ អ្នកសារព័ត៌មាន​​វិទ្យុ​បារាំង។ ទន្ទឹមនេះ​ដែរ ប៉ូលិស​ស៊ើបអង្កេត​ពិសេសបារាំង​​៥នាក់ កំពុង​តែ​ធ្វើដំណើរ​ទៅ​ម៉ាលី ដើម្បី​សហការ​ស៊ើបអង្កេត​ជាមួយ​​អាជ្ញាធរ​ម៉ាលី។

ភាគខាងត្បូង​​ ប្រទេស​ម៉ាលី នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​អសន្តិសុខ​​ខ្ពស់​ជានិច្ច ទោះបី​ជា​​កងទ័ពបារាំង​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្រុមឧទ្ទាម​ជីហាដក៏ដោយ។ ជាក់ស្តែង​ គឺ​បាន​បង្ហាញ​តាមរយៈ​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន​វិទ្យុ​បារាំងយើងទាំងពីររូប​នេះ​​តែម្តង។ កងទ័ព​បារាំង​នៅ​ទីនោះ​ទៀតសោត​ ក៏​មិន​អាច​រំពឹង​លើ​កងទ័ព​អាហ្វ្រិក​​មកពី​ប្រទេស​សេណេហ្កាល់ និង​បេណាំង​ ដែល​ដាក់ការពារ​នៅតំបន់​នោះដែរ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ