អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖ក្រុម​សាធារណរដ្ឋ​បន្ត​ខ្ទាស់ជើង​ក្រុម​ប្រជាធិបតេយ្យ​ជុំវិញ​ថវិកា និង​ពន្យា​រ​ការ​អនុវត្តន៍​ច្បាប់ « Obamacare »

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក សង្រ្គាមប៉ាកកា​កំពុង​បន្ត​មាន​រវាង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ជុំវិញ​ច្បាប់​ថវិកា និង​ច្បាប់​ស្តីពី​កំណែទម្រង់​ប្រព័ន្ធ​សុខាភិបាល​ក្រោម​ឈ្មោះ​ថា « Obamacare »។ នៅ​រាត្រី​យប់​ថ្ងៃ​សៅរ៍ ទី២៨ ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី២៩ កញ្ញា​នេះ សភា​បាន​បោះឆ្នោត​ច្បាប់​ថវិកា​បណ្តោះអាសន្ន​មួយ​ដោយ​អនុញ្ញាត​ឲ្យ​រដ្ឋបាល​របស់​លោក​អូបាម៉ា​អាច​បន្ត​ការងារ​រហូត​ដល់​ថ្ងៃទី១៥ ខែ​ធ្នូ។ ទន្ទឹម​គ្នា​នេះ សភា​ក៏​បាន​បោះឆ្នោត​ពន្យារ​ពេល ១ឆ្នំា សម្រាប់​ការ​អនុវត្តន៍​ច្បាប់​កំណែទម្រង់​ប្រព័ន្ធ​សុខាភិបាល « Obamacare » ព្រម​ទំាង​លុយ​ចោល​ការ​យក​ពន្ធថ្មី​លើ​គ្រឿងបរិក្ខារ​ពេទ្យ។

ជណ្តើរ​ឡើង​សភា​អាមេរិក
ជណ្តើរ​ឡើង​សភា​អាមេរិក REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

 

ច្បាប់​ថវិកា​នៅ​អាមេរិក ក៏​មិន​ខុស​ពី​ច្បាប់​ថវិកា​នៅ​ក្នុង​ប្រទេស​ផ្សេង​ទេ។ ដើម្បី​ឲ្យ​រដ្ឋាភិបាល​​អាច​ធ្វើ​ការ​ចំណាយ​លើ​សេវា​ផ្សេងៗ​​របស់​ខ្លួន​បាន ដូច​ជា​ការ​បើក​ប្រាក់ខែ​ឲ្យ​មន្រ្តី​រដ្ឋការ រដ្ឋាភិបាល​ត្រូវ​តែ​រៀបចំ​កញ្ចប់​ថវិកា​មួយ រួច​ដាក់​ឲ្យ​សភា​អនុម័ត។ បើ​គណបក្ស​កាន់អំណាច​មាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា ការ​បោះឆ្នោត​អាច​នឹង​ធ្វើ​ឡើង​ដោយ​រលូន ដោយ​គ្មាន​​ឧបសគ្គ។ តែ​បើ​សម្លេង​ភាគច្រើន​ជា​របស់​គណបក្សប្រឆំាង វា​នឹង​អាច​ជួប​បញ្ហា ដោយ​ចៀសមិន​រួច។

នេះ​ជា​អ្វី​ដែល​បាន​នឹង​កំពុង​កើត​មាន​នៅ​សហរដ្ឋអាមេរិក ព្រោះ​ចូរ​កុំ​ភ្លេច​ថា គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អូបាម៉ា​មាន​សម្លេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា តែ​មាន​សម្លេង​ភាគ​តិច​នៅ​រដ្ឋសភា។ ថវិកា​បាន​ក្លាយ​ជា​រឿង​មួយ​ដែល​រដ្ឋបាល​របស់​លោក​អូបាម៉ា​បាន​ជួប​ម្តង​ហើយ​កាល​ពី ២ឆ្នំា​មុន ដែល​ហៀប​នឹង​ធ្វើ​ឲ្យ​អាមេរិក​ក្ស័យធន។ ការ​ប្រទាញប្រទង់​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆំាង​ជុំវិញ​រឿង​ថវិកា​បាន​ជាប់​ទាក់ទង​ខ្លំាង​នឹង​រឿង​កម្រិត​ប្រាក់បំណុល។ លោក​អូបាម៉ា​បាន​សុំ​ឲ្យ​តម្លើង​កម្រិត​ប្រាក់​បំណុល​ដើម្បី​អាច​ឲ្យ​អាមេរិក​អាច​ខ្ចី​លុយ​គេ​ចាយ​បន្ថែម​ទៀត តែ​បក្សប្រឆំាង​មិន​ព្រម ដោយ​បាន​ស្នើ​ឲ្យ​លោក​អូបាម៉ា​កាត់​បន្ថយ​ការ​ចំណាយ​លើ​ផ្នែក​ដែល​មិន​ចំា​បាច់។

គួរ​ជម្រាប​ជូន​ថា អាមេរិក ក៏​មិន​ខុស​ពី​ប្រទេស​ផ្សេង​ដែរ គឺ​មាន​ជាប់​ជំពាក់​បំណុល​គេ​ដូច​គ្នា តែ​ជា​បំណុល​មួយ​ដែល​ច្បាប់​បាន​អនុញ្ញាត មាន​ន័យ​ថា រដ្ឋបាល​របស់​លោក​អូបាម៉ា​អាច​បន្ត​ខ្ចី​លុយ​គេ​មក​ចាយ​បន្ថែម ដោយ​បង្កើត​ប្រាក់បំណុល​បាន តែ​មិន​ត្រូវ​ឲ្យ​ប្រាក់បំណុល​នោះ​កើន​លើស​ចំនួន​អនុម័ត​ដោយ​ច្បាប់​ទេ ពោល​មិន​លើស​ពី​ចំនួន ១៦ ៧០០ ០០០លានដុល្លារ។

រដ្ឋបាល​លោក​អូបាម៉ា​មាន​លុយចាយ​ត្រឹម​ថ្ងៃទី១៥ ធ្នូ ឆ្នំា ២០១៣

កញ្ចប់​ថវិកា​ចាស់​នឹង​ត្រូវ​ចប់​ត្រឹម​ថ្ងៃទី១ តុលា​ខាង​មុខ មាន​ន័យ​ថា បើ​គ្មាន​ច្បាប់​ថវិកា​ថ្មី​ទេ រដ្ឋបាល​របស់​លោក​អូបាម៉ា​នឹង​ត្រូវ​អស់​លុយ​ចាយ​ត្រឹម​ថ្ងៃទី១ តុលា​ម៉ោង ១២អាធ្រាត្រ។ តែ​នៅ​យប់​មិញ សភា​បាន​អនុម័ត​កញ្ចប់​ថវិកា​ថ្មី​មួយ​បណ្តោះអាសន្ន​ដែល​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋបាល​អាមេរិក​អាច​បន្ត​ការ​ចំណាយ​របស់​ខ្លួន​រហូត​ដល់​ទៅ​ថ្ងៃទី១៥ ធ្នូ ឆ្នំា ២០១៣។ តែ​នៅ​ក្រោយ​ថ្ងៃទី១៥ ធ្នូ បើ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​នៅ​តែ​និយាយ​មិន​ចុះ​សម្រុង​គ្នា​ជុំវិញ​ច្បាប់​ថវិកា​ថ្មី​ទេ អាមេរិក​នឹង​អស់​លុយ​ចាយ ព្រម​ទំាង​ឈាន​ដល់​ការ​ក្ស័យធន។

ក្នុង​ករណី​នេះ ក្រសួង​របស់​រដ្ឋ​មួយ​ចំនួន​ត្រូវ​បិទទ្វារ​បណ្តោះអាសន្ន និង​អាច​មាន​បុគ្គលិក​រដ្ឋ​ប្រមាណ​ជា ៨០០ ០០០នាក់​ផ្អាក​ធ្វើ​ការងារ​មួយ​រយៈ។ កន្លែង​សាធារណៈ​ដែល​នឹង​អាច​ប៉ះពាល់​មាន​ដូច​ជា​សារៈមន្ទីរ សួនឧទ្យាន។ នេះ​ជា​រូបភាព​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​អាមេរិក​បាក់មុខ បាក់មាត់​យ៉ាង​ខ្លំាង​នៅ​ចំពោះ​មុខ​អ្នកទេសចរ​បរទេស។ មាន​តែ​ការ​ចំណាយ​លើ​ផ្នែក​ខ្លះ​ទេ​ដែល​នឹង​អាច​មាន​បន្ត ដូច​ជា​សេវា​សន្តិសុខជាតិ សវា​ធានា​រ៉ាប់រង​សង្គម ឬមួយ​ក៏​ប្រាក់ខែ​សម្រាប់​អ្នកចូលនិវត្ត​ជាដើម។ លោក​រដ្ឋមន្រ្តី​ការពារជាតិ Chuck Hagel ដែល​កំពុង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​កូរ៉េខាងជើង​បាន​ថ្លែង​ទិតៀនរិះគន់​ទង្វើ​គ្មាន​ការ​ទទួល​ខុសត្រូវ​របស់​ក្រុមអ្នកសាធារណរដ្ឋ និង​ព្រមាន​ថា នឹង​អាច​មាន​បុគ្គលិក​ស៊ីវិល​ក្នុង​ក្រសួង​ការពារជាតិ ៤០០ ០០០នាក់​នឹង​ត្រូវ​ផ្អាក​ការងារ​បណ្តោះអាសន្ន បើ​មាន​ការ​បិទ​ក្រសួង​មួយ​ចំនួន​មែន។

ក្រុមអ្នកសាធារណរដ្ឋ​បន្តខ្ទាស់​ជើង​លោក​អូបាម៉ា​ពាក់ព័ន្ធ​នឹង « Obamacare »

ក្រៅ​ពី​រឿង​ថវិកា គណបក្សប្រឆំាង​ក៏​បាន​បោះឆ្នោត​លុបចោល​ការ​យកពន្ធថ្មី​លើ​គ្រឿងបរិក្ខាពេទ្យ និង​មិន​ផ្តល់​ថវិកា ព្រម​ទំាង​ពន្យារ​ពេល​ការ​អនុវត្តន៍​ច្បាប់​ស្តីពី​កំណែទម្រង់​ប្រព័ន្ធ​សុខាភិបាល​របស់​លោក​អូបាម៉ា​ដែល​មាន​ឈ្មោះ​ថា « Obamacare »។ គម្រោង​ច្បាប់​មួយ​នេះ​ត្រូវ​បាន​លោក​អូបាម៉ា​សន្យា​តំាង​តែ​ពី​យុទ្ធនាការ​បោះឆ្នោត​លើក​ដំបូង​មក​ម្ល៉េះ។ ម្យ៉ាង​ទៀត ច្បាប់​នេះ​ក៏​បាន​បង្ក​ឲ្យ​មាន​សង្រ្គាម​ប៉ាកកា​យ៉ាង​ខ្លំាង​រវាង​រវាង​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ។ កាល​ពី​ឆ្នំា ២០១០ ច្បាប់​នេះ​ត្រូវ​បាន​សភា​អនុម័ត និង​គ្រោង​ដាក់​ឲ្យ​អនុវត្ត​ពី​ថ្ងៃទី១ តុលា​ខាង​មុខ​នេះ​ទៅ។ តែ​ស្រាប់​នៅ​យប់​មិញ សភា​បាន​ធ្វើ​វិសោធនកម្ម​ដោយ​បាន​បោះឆ្នោត​ពន្យារ​ពេល ១ឆ្នំា សម្រាប់​ការ​អនុវត្តន៍។ តែ​ព្រឹទ្ធសភា និង​រូប​លោក​អូបាម៉ា​ផ្ទាល់​បាន​ព្រមាន​ទុក​ជាមុន​រួច​ជា​ស្រេច​ថា នឹង​បោះឆ្នោត​ប្រឆំាង​មិន​ទទួល​យក​ទេ។

សូម​ជម្រាប​ជូន​ថា កម្មវត្ថុ​របស់​លោក​អូបាម៉ា​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​នេះ​ឡើង គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាមេរិកំាង​រាប់​លាននាក់​អាច​ទទួល​បាន​សេវា​ធានា​សុខភាព​ពី​រដ្ឋ។ បច្ចុប្បន្ន​នៅ​អាមេរិក មាន​ពលរដ្ឋ​ពី​៤៨ ទៅ ៥០​លាន​នាក់ ពោល​គឺ​ជិត ១៦% នៃពលរដ្ឋ​សរុប មិន​បាន​ទទួល​សេវា​ធានា​សុខភាព​ពី​រដ្ឋ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ