អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភា​ក្រិក​គ្រោង​នឹង​អនុម័ត​ផែនការ​សន្សំសំចៃ​ថ្មី ដើម្បី​កុំ​ឲ្យ​ប្រទេស​ក្ស័យធន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​យប់​ថ្ងៃ​អាទិត្យ ទី១២ កុម្ភៈ​នេះ សភា​នៃ​​ប្រទេសក្រិក​ត្រូវ​បោះឆ្នោត​ទទួល​យក​ផែនការ​សន្សំ​សំចៃ​​​​ថ្មី​ទៀត​ដែល​​រដ្ឋាភិបាល​ទីក្រុង​អាថែន​ទើប​បាន​អនុម័ត​កាល​ពី​យប់​ថ្ងៃសុក្រ ទី១០ កុម្ភៈ ឆ្លង​ចូល​ថ្ងៃ​សៅរ៍ ទី១១ កុម្ភៈ​ម្សិលមិញ។ ផែនការ​សន្សំសំចៃ​ថ្មី​នេះ គឺ​ជា​ការ​ទាមទារ​ចង់​បាន​របស់​​សហភាព​អឺរ៉ុប និង​អង្គការ​មូលនិធិរូបិយ​វត្ថុ​អន្តរជាតិ។ សហភាព​អឺរ៉ុប និង​អង្គការ​មូលនិធិរូបិយ​វត្ថុ​អន្តរជាតិ​ដែល​គ្រោង​នឹង​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​ក្រិក​ចំនួន ១៣០ពាន់លានអឺរ៉ូ​បន្ថែម​ទៀត។

លោក Lucas Papademos នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ក្រិក
លោក Lucas Papademos នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ក្រិក ©REUTERS/Yannis Behrakis
ផ្សាយពាណិជ្ជកម្ម

មាន​គម្រោង​ច្បាប់​ចំនួន ៣​ដែល​ក្រុម​អ្នក​តំណាងរាស្រ្ត​ក្រិក​គ្រោង​នឹង​បោះឆ្នោត​អនុម័ត​នៅ​យប់​ថ្ងៃ​អាទិត្យ ទី១២ កុម្ភៈ​នេះ។ គម្រោង​ច្បាប់​ទីមួយ គឺ​ទាក់ទង​នឹង​ការ​ចូលរួម​វិភាគទាន​របស់​វិស័យ​ឯកជន​ក្នុង​កញ្ចប់​ថវិកា​ជួយ​ក្រិក តាម​រយៈ​ការ​លុប​ចោល​ប្រាក់​បំណុល​ប្រមាណ​ជា ៥០% ដែល​រដ្ឋាភិបាល​​ក្រិក​ជំពាក់​ធនាគារ​ឯកជន​ក្នុង​ស្រុក។  លុបចោល ៥០% គឺ​មាន​ទឹក​ប្រាក់​​ប្រមាណ​ជា ១០០ពាន់លាន​អឺរ៉ូ។ បន្ទាប់​មក ប្រាក់បំណុល​ដែល​ដល់​កាល​កំណត់​ត្រូវ​សង នឹង​ត្រូវ​​ពន្យារ​ពេល​បន្ថែម ដោយ​រក្សា​ទុក​លក្ខខណ្ឌ​ឲ្យ​នៅ​ដដែល ពិសេស​គឺ​អត្រា​ការប្រាក់​ទាប។ គម្រោងច្បាប់ទីពីរ គឺ​ទាក់ទង​នឹង​របៀបវារៈ​នៃ​ការ​បង្កើន​ប្រាក់ទុន​របស់​ធនាគារ និងគម្រោង​ច្បាប់​ទីបី​ដែល​​កំពុង​ទទួល​រង​ការ​ប្រឆំាង​ពី​គ្រប់មជ្ឈដ្ឋាន​ក្នុង​ស្រុក​នៅ​ពេល​នេះ គឺ​ផែនការ​​សន្សំ​សំចៃ​ថ្មី​មួយ​ទៀត​ដែល​រដ្ឋាភិបាល​ទីក្រុងអាថែន​គ្រោង​នឹង​កាត់​​បន្ថយ​ការ​ចំណាយ​ឲ្យ​បាន ៣ពាន់លានអឺរ៉ូ។ ការកាត់បន្ថយ​ការ​ចំណាយ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង តាម​រយៈ​ការ​លុប​ចោល​ការងារ​រដ្ឋ​ចំនួន ១៥ ០០០ការងារ​ក្នុង​ឆ្នំា ២០១២ ការ​កាត់​បន្ថយ​ប្រាក់ខែ​ចំនួន ២២% ការ​កាត់​បន្ថយ​ប្រាក់​ចូលនិវត្តន៍ និង​ប្រាក់​ជំនួយ​សង្គម។ល។ និង។ល។

រដ្ឋាភិបាល​លោក Lucas Papademos នឹង​ទទួល​បាន​សំឡេង​គំាទ្រ​លើសលប់

ផែនការ​សន្សំសំចៃ​ថ្មី​នេះ​បាន​ជម្រុញ​ឲ្យ​មាន​ការ​ប្រឆំាង​តវ៉ា​យ៉ាង​ខ្លំាងក្លា​ពី​សំណាក់​ប្រជាជន​ក្រិក។ ប្រជាជន​ក្រិក​រាប់សិបម៉ឺន​នាក់​ដែល​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ជា​ថ្មី តំាង​ពី​ម្សិលមិញ និង​ថ្ងៃ​នេះ។ ចំណែក​នៅ​ផ្ទៃក្នុង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី Lucas Papademos វិញ មាន​រដ្ឋមន្ត្រី​ចំនួន ៦រូប​បាន​លា​ឈប់​ពី​មុខតំណែង។ រដ្ឋាភិបាល​ក្រិក​​របស់​​លោក​ Lucas Papademos ជា​រដ្ឋាភិបាល​ចម្រុះ​ដែល​បាន​បង្កើត​ឡើង កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១១ និង​ដែល​​ចូល​រួម​ដោយ​គណបក្ស​នយោបាយ​ចំនួន ៣ គឺ​គណបក្ស​សង្គមនិយម គណបក្ស​​ស្តំានិយម និង​គណបក្ស​ស្តំានិយមជ្រុល។ បច្ចុប្បន្ន​នេះ សភាក្រិក​មាន​តំណាងរាស្រ្ត​សរុប ៣០០នាក់ ដែល​ក្នុង​នោះ មាន ១៥៣​រូប​ មក​ពី​គណបក្ស​សង្គមនិយម ៨៣រូប​ មក​ពី​គណបក្ស​ស្តំានិយម ១៥រូប មក​ពី​គណបក្ស​ស្តំានិយមជ្រុល និង​មក​ពី​គណបក្ស​តូចៗ​ផ្សេង​ទៀត។ រដ្ឋមន្រ្តី​ដែល​លា​ចុះ​ពី​មុខ​​​តំណែង​ទំាង ៦នាក់ មាន ៤នាក់ មក​ពីគណបក្ស​ស្តំានិយមជ្រុល និង​២នាក់ មក​ពី​គណបក្ស​សង្គមនិយម។ ដូច្នេះ រដ្ឋាភិបាល​របស់​លោក Lucas Papademos នៅ​តែ​មាន​សំឡេង​គំាទ្រ​ភាគច្រើន​លើស​លប់​ដដែល ពោល​​គឺ​អាច​នឹង​ទទួល​បាន​សំឡេង​គំាទ្រ​រហូត​ដល់​ទៅ​ជាង ២០០សំឡេង។

ផែនការ​សន្សំសំចៃ​ថ្មី ជា​ការ​កំណត់​ជោគវាសនា​ប្រទេស​ក្រិក

គួរ​រំឭក​ឡើង​វិញ​ថា តំាង​ពី​ប្រទេស​ក្រិក​បាន​ធ្លាក់​ក្នុង​វិបត្តិប្រាក់​បំណុល និង​អំពាវ​នាវ​ឲ្យ​អឺរ៉ុប​ជួយ​​មក សហភាព​អឺរ៉ុប​ធ្លាប់​បាន​ជួយ​ឲ្យ​ក្រិក​ខ្ចីលុយ​ចំនួន ១១០​ពាន់​លាន​អឺរ៉ូ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១០។ ប៉ុន្តែ ជំនួយ​នោះ​នៅ​​មិន​គ្រប់គ្រាន់ ដើម្បីអនុញ្ញាត​ឲ្យ​ក្រិក​​ចេញ​ផុត​ពី​វិបត្តិ​ប្រាក់បំណុល​បាន​ទេ។ បន្ទាប់​មក សហភាព​អឺរ៉ុប​ រួម​ទំាង​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ​ក៏​បាន​ព្រមព្រៀង​គ្នា​ជួយ​ក្រិក​ក្នុង​ជំហាន​​ទីពីរ​ទៀត។ តែ​ជា​មួយ​នឹង​ជំនួយ​នេះ សហភាព​អឺរ៉ុប ក៏​ដូច​ជា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រិក​ចាត់​វិធានការ​ទប់ស្កាត់ ការ​ចាយ​ខ្ជះ​ខ្ជាយ​របស់​ខ្លួន។ អ្វី​ដែល​ម្ចាស់​ជំនួយ​ចង់​បាន គឺ​ចង់​ឲ្យ​ក្រិក​អនុម័ត​ទទួល​យក​ផែនការ​សន្សំសំចៃ​ថ្មី។ រីឯ​ប្រជាជន​ក្រិក​ក៏​នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​ផែនការ​សន្សំសំចៃ​របស់​​រដ្ឋាភិបាល​ខ្លួន។ ឃើញ​ថា នៅ​ម្ខាង គឺ​សម្ពាធ​ពី​ខាង​ក្រៅ ដែល​ជា​ម្ចាស់​ជំនួយ រីឯ​នៅ​ម្ខាង​ទៀត គឹ​សម្ពាធ​ក្នុង​ស្រុក របស់​ប្រជាជន។ តែ​ជម្រើស​ដែល​មិន​អាច​ខ្វះ​បាន​របស់​រដ្ឋាភិបាល​​ទីក្រុង​អាថែន គឺ​តម្រូវ​ការ​​ប្រាក់​ជំនួយ​ចំនួន ១៣០ពាន់លានអឺរ៉ូ​របស់​​សហភាពអឺរ៉ុប និង​អង្គការ​មូលនិធិរូបិយ​វត្ថុ​អន្តរជាតិ។  បើ​គ្មាន​ជំនួយ​នេះ​ទេ ក្រិក​នឹង​អស់​លុយ​ចាយ នៅ​ក្នុង​ខែ​មីនា​ខាង​មុខ។ នៅ​ពេល​ហ្នឹង អ្វីៗ​នឹង​ត្រូវ​ជាប់​គំាង​ទំាង​អស់ រដ្ឋ​គ្មាន​លុយ បើក​ប្រាក់​ខែ​ឲ្យ​​បុគ្គលិក​ខ្លួន រដ្ឋ​គ្មាន​លុយ​ជំនួយ​សង្គម ហើយ​លុយ​ខ្ចី​គេ​ចំនួន ១៤ពាន់ ៥រយលានអឺរ៉ូ ដែល​ត្រូវ​សង​គេ ឲ្យ​បាន​មុន​ថ្ងៃទី ២០ មីនា​ខាង​មុខ ក៏​មិន​អាច​សង​គេ​បាន។ ដូច្នេះ កព្ចាប់​ជំនួយ ១៣០ពាន់លាន​អឺរ៉ូ គឺ​កញ្ចប់​ខ្យល់​អុកស៊ីសែន​ដែល​ក្រិក​ត្រូវ​ការ​បន្ទាន់​បំផុត ដើម្បី​កុំ​ឲ្យ​ខ្លួន​ដាច់​ខ្យល់​ស្លាប់។ លោក​អតីត​នាយក​រដ្ឋមន្រ្តី​ក្រិក Georges Papandréou បាន​អះអាង​ថា ប្រជាជន​ក្រិក​មាន​ជម្រើសតែ​ពីរ​គត់ ឬមួយ យើង​ត្រូវ​បោះបង់​ខ្លះ ដើម្បី​ស្រោចស្រង់​ប្រទេសជាតិ ឬ​មួយ ក៏​យើង​មិន​ព្រម​បោះបង់​សោះ ដោយ​ទុក​ឲ្យ​ប្រទេស​ជាតិ​ស្លាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ