អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស៊ូដង់ខាងត្បូង៖ ចំពេល​ដែល​អតីត​ដៃគូនយោបាយ​ព្យាយាម​ចរចា​គ្នា ស្ថានការណ៍​លើ​សមរភូមិ​កំពុង​បន្ត​យ៉ាង​ក្តៅគគុក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានភាព​នៅ​ក្នុង​ប្រទេស​ស៊ូដង់ខាងត្បូង​បាន និង​កំពុង​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លំាង​ឡើងៗ។ ជាង ២សប្តាហ៍​កន្លង​ទៅ​ហើយ​ដែល​សង្រ្គាម​ពាក្យសម្តី និង​សង្រ្គាម​ផ្លូវអាវុធ​បាន និង​កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​រវាង​ក្រុមសកម្មជន​គំាទ្រ​លោក​ប្រធានាធិបតី​សាលវ៉ា គៀ និង​ក្រុមសកម្មជន​គំាទ្រ​លោក​អតីត​អនុប្រធានាធិបតី រៀក ម៉ាស្ហារ។ លោក​រៀក ម៉ាស្ហា​ដែល​ត្រូវ​បាន​លោក​សាលវ៉ា គីអៀ​ដក​ចេញ​ពី​តំណែង​កាល​ពី​ខែ​កក្កដា​ឆ្នំា ២០១៣។ តែ​ក្រោម​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ អតីត​ដៃគូនយោបាយ​ទំាង​ពីរ​រូប​បាន​ឯកភាព​គ្នា​ចូល​តុចរចា​នៅ​ថ្ងៃព្រហស្បតិ៍ ទី២ មករា​ម្សិលមិញ។ សម្រាប់​ក្រុមអ្នកវិភាគ មាន​ចំណុច​​ខ្វែង​គំនិត​គ្នា​ជា​ច្រើន​ដែល​អតីត​ដៃគូ​នយោបាយ​ទំាងពីរ​នាក់​ពិបាក​នឹង​និយាយ​ចុះ​សម្រុង​គ្នា។

លោកប្រធានាធិបតី​ស៊ូដង់ខាងត្បូង សាលវ៉ា គៀ (រូបឆ្វេង) ​និង​លោក​អតីតអនុប្រធានាធិបតី រៀក ម៉ាស្ហារ
លោកប្រធានាធិបតី​ស៊ូដង់ខាងត្បូង សាលវ៉ា គៀ (រូបឆ្វេង) ​និង​លោក​អតីតអនុប្រធានាធិបតី រៀក ម៉ាស្ហារ
ផ្សាយពាណិជ្ជកម្ម

ឆ្នំា​ចាស់ ២០១៣ បាន​បិទបញ្ចប់​ហើយ តែ​ប្រទេស​ស៊ូដង់ខាងត្បូង​បាន​ចាប់​ផ្តើម​ឆ្នំា​ថ្មី ២០១៤ ដូច​ដែល​ខ្លួន​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នំា​ចាស់​អ៊ីចឹង​ដែរ។ ឆ្នំា​ចាស់​ដែល​ចាប់​តំាង​ពី​ពាក់កណ្តាល​ខែ​ធ្នូ​មក ស៊ូដង់ខាងត្បូង​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ហែកហួរ​គ្នា​រវាង​ក្រុមអ្នកគំាទ្រ​លោក​ប្រធានាធិបតី​សាលវ៉ា គីអៀ និង​ក្រុមអ្នកគំាទ្រ​លោក​អតីត​អនុប្រធានាធិបតី​រៀក ម៉ាស្ហា។ ជា​អតីត​ដៃគូ​នយោបាយ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​សោះ ស្រាប់​តែ​នៅ​ពេល​នេះ បែរ​ជា​បាន​ក្លាយ​ជា​គូសត្រូវ​សឹង​តែ​ស៊ីសាច់ ហុត​ឈាម​គ្នា​ទៅ​ហើយ។ គួរ​រម្លឹក​ជូន​បន្តិច​ថា គឺ​ឥស្សរជន​នយោបាយ​ទំាង​ពីរ​រូប​នេះ​ឯង ដែល​បាន​ប្រយុទ្ធ​តស៊ូ​រួម​​គ្នា​ដៃ​កាន់​ដៃ​រហូត​ដណ្តើម​បាន​ឯករាជ្យ​ទំាង​ស្រុង​ជូន​ស៊ូដង់ខាងត្បូង​ក្នុង​ឆ្នំា ២០១១។ ចុះ​ហេតុអ្វី​បាន​ជា​រដ្ឋអាហ្រ្វិក​ដ៏​ក្មេងខ្ចី​មួយ​នេះ​បែរ​ជា​បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហែកហួរ​គ្នា​យ៉ាង​ឆាប់​រហ័ស​របៀប​នេះ និង​ថា ហេតុអ្វី​បាន​ជា​ឥស្សរជន​នយោបាយ​ទំាង​ពីរ​រូប​រហ័ស​ភ្លេច​កំណើត​របស់​ខ្លួន​ខ្លំាង​ម្ល៉េះ។

ល្អូតល្អឺន​ដាក់​គ្នា​ក៏​រហ័ស ព្រាត់ប្រាស​គ្នា​ក៏​លឿន​ដែរ។ មិន​ដល់​៣សប្តាហ៍​ផង ការ​ប្រយុទ្ធ និង​ការ​កាប់​សម្លាប់​គ្នា​រវាង​ក្រុមអ្នកគំាទ្រ​លោក​ប្រធានាធិបតី​សាលវ៉ា គីអៀ និង​លោក​អតីត​អនុប្រធានាធិបតី​រៀក ម៉ាស្ហា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់សិបពាន់នាក់ និង​មាន​អ្នក​រត់ភៀសខ្លួន​ជាង ២០០ ០០០នាក់​ផ្សេង​ទៀត។ អ្វីៗ​បាន​ចាប់​ផ្ទុះ​ឡើង​ដំបូង នៅ​ក្រោយ​ការ​ដកតំណែង​លោក​រៀក ម៉ាស្ហា​ពី​សំណាក់​លោក​សាលវ៉ា គីអៀ។ លោក​សាលវ៉ា គីអៀ​ដែល​បាន​លើក​យក​ហេតុផល​មក​ពន្យល់​ថា មក​ពី​លោក​រៀក ម៉ាស្ហា​បាន​រៀបចំ​គម្រោង​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ចេញ​ពី​អំណាច ព្រម​ទំាង​មាន​មហិច្ចតា​ចង់​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ប្រជែង​នឹង​លោក​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នំា ២០១៥។

តែ​រហូត​មក​ដល់​ម៉ោង​នេះ លោក​រៀក ម៉ាស្ហា​បាន​បដិសេធ​ជានិច្ច និង​បាន​ចោទ​ត្រឡប់​វិញ​ថា អ្វី​ដែល​លោក​សាលវ៉ា គីអៀ​បាន​និយាយ​នោះ គ្រាន់​តែ​ជា​លេសមួយ​ដើម្បី​កំចាត់​លោក ព្រម​ទំាង​បក្សពួក​របស់​លោក​ចេញ​ពី​អំណាច​តែ​ប៉ុណ្ណោះ។ មក​ដល់​ត្រង់​ចំណុច​នេះ ជម្លោះ​រវាង​លោក​សាលវ៉ា គីអៀ និង​លោក​រៀក ម៉ាស្ហា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​ជម្លោះ​ដំណ្តើម​អំណាច​គ្នា​ធម្មតា​ប៉ុណ្ណោះ​នៅ​ក្នុង​ចំណោម​អ្នកនយោបាយ។ ​ក៏​ប៉ុន្តែ និង​អ្វី​ដែល​ឥស្សរជន​ទំាង​ពីរ​នឹកស្មាន​មិន​ដល់​នោះ​គឺ​ថា បន្តិច​ម្តងៗ ជម្លោះ​ដំណ្តើម​អំណាច​គ្នា​រវាង​អ្នកទំាង​ពីរ​បាន និង​កំពុង​បង្ក​ចេញ​នូវ​ជម្លោះ​សងសឹក​គ្នា​យ៉ាង​អនាធិបតេយ្យ​នៅ​ទូទំាង​ដែនដី​ស៊ូដង់ខាងត្បូង​រវាង​ក្រុមជនជាតិ​ពិន្ធុ​ឌីនកា​របស់​លោក​សាលវ៉ា គីអៀ និង​ក្រុម​ជនជាតិ​ពិន្ធុ​នូអេ​របស់​លោក​រៀក ម៉ាស្ហា។

គួរ​បញ្ជាក់​ជូន​ថា ជម្លោះ​បង្ហូរ​ឈាម​រវាង​ក្រុម​ជនជាតិ​ពិន្ធុ​ទំាង​ពីរ​ធ្លាប់​បាន​កើត​មាន​ម្តង​ហើយ​នៅ​ក្នុង​សម័យ​ដណ្តើម​ឯករាជ្យ​ស៊ូដង់ខាងត្បូង និង​ដែល​ជាទូទៅ ជម្លោះ​នេះ​ត្រូវ​បាន​ក្រុម​អ្នកនយោបាយ​ប្រើ​ជា​ហេតុផល​ដើម្បី​ទាញ​ចំណេញ​នយោបាយ​រៀងៗ​ខ្លួន។ គឺ​ជម្លោះ​កាប់សម្លាប់​គ្នា​យ៉ាង​សាហាវ​រវាង​ជនជាតិពិន្ធុ​នា​ពេល​នេះ​ឯង ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​សម្តែង​ក្តីព្រួយបារម្ភ​ជា​ពន់ពេក ពិសេស​សហរដ្ឋអាមេរិក​ដែល​ធ្លាប់​បាន​លូកដៃ​ជួយ​ស្វែង​រក​ឯករាជ្យភាព​ឲ្យ​ស៊ូដង់ខាងត្បូង។ តំាង​ពី​ថ្ងៃ​ផ្ទុះ​អំពើហិង្សា​ដំបូង ប្រមុខ​ការទូត​អាមេរិក លោក​ចន ឃែររី បេសកជន​អាមេរិក​ប្រចំា​ស៊ូដង់ខាងជើង លោក​ដូណាល់ បូស និង​សហភាព​អាហ្រ្វិក​បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទំាង​ពីរ​បិទបញ្ចប់​ជម្លោះ​តាម​រយៈ​កិច្ចចរចា។

គំនាប​របស់​សហគមន៍​អន្តរជាតិ​ដែល​បាន​ជម្រុញ​ឲ្យ​ភាគី​ទំាងពីរ​យល់ព្រម​ចូល​តុចរចា​នៅ​ថ្ងៃព្រហស្បតិ៍ ទី២ មករា។ កិច្ចចរចា​ដែល​បាន​រៀបចំ​នៅ​ក្នុង​ទីក្រុង​អាឌីសអាបេបា ប្រទេស​អេត្យូពី និង​ដែល​អង្គការ​តំបន់​មួយ​ឈ្មោះ រដ្ឋអំណាច​អន្តររដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍន៍​អាហ្រ្វិកខាងកើត​ជា​អ្នកដឹកនំា​កិច្ចចរចា។ កម្មវត្ថុ​នៃ​កិច្ចចរចា​ដែល​ត្រូវ​ស្វែង​រក​ដំបូង មធ្យោបាយ​ដើម្បី​ផ្អាក​ការ​បាញ់​គ្នា និង​បន្ទាប់​មក រិះរក​វិធានការ​ដើម្បី​បិទបញ្ចប់​ភាព​ខ្វែងគំនិត​គ្នា​ក្នុង​រឿង​នយោបាយ។ ជា​លទ្ធផល​ដែល​ប្រកាស​ដោយ​អន្តរការី​របស់​រដ្ឋអំណាច​អន្តររដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍន៍​អាហ្រ្វិកខាងកើត​ឲ្យ​ដឹង​ថា ភាគី​ជម្លោះ​ទំាង​ពីរ​បាន​ព្រមព្រៀង​លើ​បទផ្អាកឈប់បាញ់​គ្នា ព្រម​ទំាង​យល់ព្រម​ឲ្យ​បង្កើត​ក្រុមអ្នកចរចា​មួយ​ក្រុម​ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​អនុវត្តន៍​បទ​ឈប់បាញ់​គ្នា​ជា​ស្ថាពរ ដោយ​មាន​ការ​តាម​ឃ្លំាមើល​ទៀត​ផង។

ដូច្នេះ​ឃើញ​ថា នេះ​ពិត​ជា​ចំណុច​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​មួយ​នៅ​ក្នុង​ជម្លោះ​រវាង​អតីត​ដៃគូ​នយោបាយ​ទំាង​ពីរ​នាក់ លោក​សាលវ៉ា គីអៀ និង​លោក​រៀក ម៉ាស្ហា។ ក៏​ប៉ុន្តែ នៅ​មាន​ផ្លូវ​វែង​ឆ្ងាយ និង​ដ៏​សែន​លំបាក​ទៅ​មុខ​ទៀត​ដែល​អ្នក​ទំាង​ពីរ​ត្រូវ​ដើរ ពិសេស បិទបញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​រឿង​នយោបាយ។ ពិត​ណាស់​ថា ទោះ​បី​ជា​ជម្លោះ​រវាង​ឥស្សរជន​នយោបាយ​ទំាង​ពីរ​កំពុង​បែក​ធ្លាយ​ទៅ​ជា​ជម្លោះ​រវាង​ក្រុមជនជាតិ​ពិន្ធុ​ក៏​ដោយ ក៏​ដើមចម​នៃ​ជម្លោះ​ត្រូវ​បាន​បង្កប់​ដោយ​ការ​ដណ្តើម​អំណាច​គ្នា​ដែល​គ្មាន​នរណា​សុខចិត្ត​ធ្វើ​សម្បទាន​ឲ្យ​នរណា​ទេ។

ការ​ប្រជែង​កម្លំាង​គ្នា​ដែល​ម្នាក់ៗ​កំពុង​បន្ត​សម្តែង​ឡើង​តាម​រយៈ​ការ​បង្ហាញ​សាច់ដុំ​ដាក់​គ្នា​នៅ​លើ​សមរភូមិ និង​ដែល​ប្រជាជនស៊ីវិល​ស្លូតត្រង់​ឯណោះ​ទេ ជា​អ្នក​ទទួល​រងគ្រោះ​ដោយ​ផ្ទាល់។ តើ​ស៊ូដង់ខាងត្បូង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​សង្រ្គាមស៊ីវិល​ឬ​យ៉ាង​ណា?។ នេះ​ពិត​ជា​សំណួរ​មួយ​ពិបាក​ឆ្លើយ តែ​នៅ​ចំពោះ​មុខ សហគមន៍​អន្តរជាតិ ពិសេស​សហភាព​អាហ្រ្វិក​បាន និង​កំពុង​ព្យាយាម​ទប់​កុំ​ឲ្យ​រដ្ឋអាហ្រ្វិក​ក្មេងខ្ចី​មួយ​នេះ​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល បើ​ពុំ​នោះ​សោត​ទេ ផលវិបាក​ធ្ងន់ធ្ងរ​នឹង​ចូល​ទៅ​គំរាមកំហែង​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ទំាង​មូល​ជា​មិន​ខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ