អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិអ៊ុយក្រែន៖ទីក្រុងគៀវ​អំពាវនាវ​រក​ជំនួយយោធា​ពី​អឺរ៉ុប រីឯ​សហគមន៍អន្តរជាតិ​ព្រមាន​ដាក់​ទណ្ឌកម្មថ្មី​លើ​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្រ្គាមប៉ាកកា​រវាង​ប្រទេស​រុស្ស៊ី និង​ក្រុម​ប្រទេសលោកខាងលិច​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​ទាក់ទង​នឹង​វិបត្តិ​អ៊ុយក្រែន។ ក៏​ប៉ុន្តែ ស្ថានការណ៍​បាន​ឡើង​តានតឹង​ខ្លំាង​មួយ​កម្រិត​ទៀត​នា​រយៈពេល​ចុង​ក្រោយ​នេះ ដោយសារ​តែ​មាន​ព័ត៌មាន​លេច​ឡើង​ជុំវិញ​វត្តមាន​ទាហាន​រុស្ស៊ី​ចូល​ទៅ​ជួយ​កម្លំាង​បះបោរ​ក្នុង​ទឹកដី​អ៊ុយក្រែន។ នេះ​ជា​ទង្វើ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ។ បន្ទាប់​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​កោះប្រជុំ​ជា​បន្ទាន់​នៅ​ថ្ងៃ​ទី២៨ សីហា​មក នៅ​ថ្ងៃ​នេះ អង្គការ​អូតង់​ក៏​បាន​បើកកិច្ចប្រជុំ​បន្ទាន់​មួយ​ដែរ។ ទន្ទឹម​គ្នា​នេះ អាមេរិក និង​សហភាព​អឺរ៉ុប​ក៏​បាន​ប្រកាស​ព្រមាន​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ប្រឆំាង​នឹង​ប្រទេស​រុស្ស៊ី។

លោកស្រី​នាយករដ្ឋមន្រ្តី​អាលឺម៉ង់ Angela Merkel និង​លោក​ប្រធានាធិបតី​អ៊ុយក្រែន Petro Porochenko
លោកស្រី​នាយករដ្ឋមន្រ្តី​អាលឺម៉ង់ Angela Merkel និង​លោក​ប្រធានាធិបតី​អ៊ុយក្រែន Petro Porochenko REUTERS/Mykhailo Markiv/Pool
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​លែង​ស្រពិចស្រពិល​ទៀត​ហើយ​ទាក់ទង​នឹង​វត្តមាន​ទាហាន​រុស្ស៊ី​នៅ​ក្នុង​ទឹកដី​អ៊ុយក្រែន​ដើម្បី​ជួយ​ច្បំាង​ខាង​ពួក​ឧទ្ទាម​ដែល​កំពុង​ប្រឆំាង​រដ្ឋាភិបាល​អ៊ុយក្រែន។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ គឺ​ដោយ​ផ្អែក​លើ​ភស្តុតាង និង​សក្ខីកម្ម​មួយ​ចំនួន​ដែល​ផ្តល់​ដំបូង​ដោយ​រដ្ឋាភិបាល​អ៊ុយក្រែន និង​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​អង្គការអូតង់ ព្រម​ទំាង​ប្រភព​ចេញ​ពី​ក្រសួង​ស៊ើបការ​សម្ងាត់​អាមេរិក។ រឿង​វត្តមាន​ទាហាន​រុស្ស៊ី​ក្នុង​ទឹកដី​អ៊ុយក្រែន​ប៉ែកខាងកើត​ត្រូវ​បាន​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉េត្រូ ប៉ូរ៉ូឆេនកូ​ប្រកាស​ឲ្យ​ដឹង​ជា​ច្រើន​ដង​មក​ហើយ ចំណែក​សហគមន៍​អន្តរជាតិ​ក៏​មាន​មន្ទិល​សង្ស័យ​ចំពោះ​រឿង​នេះ​ដែរ។

រូបភាព​ផ្កាយរណប​របស់​អង្គការ​អូតង់​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ជើងតម្កល់បាញ់​គ្រាប់រូកែត និង​កម្លំាង​ទ័ពពិសេស​រុស្ស៊ី​ដែល​មាន​វត្តមាន​ក្នុង​ទឹកដី​អ៊ុយក្រែន​ប៉ែកខាងកើត​តំាង​ពី​ប៉ុន្មាន​ខែ​មក​ហើយ។ មួយ​វិញ​ទៀត និង​ក្រោយ​ពី​ការ​អះអាង​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​មក រូបភាព​ផ្កាយរណប​ក៏​បាន​បង្ហាញ​ពី​ក្បួន​រថក្រោះ​ជាង ១០០គ្រឿង​កំពុង​បរចូល​ក្នុង​ទឹកដី​អ៊ុយក្រែន។ សូម្បី​តែ​មេឧទ្ទាម​ក្នុង​ទីក្រុង​ដូនេតស្ក៍​ឈ្មោះ​អាឡិចសង់ ហ្សាកាឆេនកូ​ក៏​បាន​ប្រកាស​ទទួល​ស្គាល់​ថា មាន​ទាហាន​រុស្ស៊ី​ពី ៣ ០០០ ទៅ ៤ ០០០នាក់​កំពុង​ជួយ​ច្បំាង​ជាមួយ​ទ័ព​ខ្លួន។ តែ​គេ​មិន​អាច​ដឹង​ពី​ចំនួន​ទាហាន​រុស្ស៊ី​ពិតប្រាកដ​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ទឹកដី​អ៊ុយក្រែន​ទេ។

តាម​តួលេខ​ផ្តល់​ដោយ​រដ្ឋាភិបាល​អ៊ុយក្រែន និង​ដែល​អង្គការ​អូតង់​បាន​បញ្ជាក់​ដូច​គ្នា​នោះ គឺ​អាច​មាន​ជាង ១០ ០០០នាក់។ តែ​ដូច​ជា​សព្វមួយ​ដង រុស្ស៊ី​នៅ​តែ​បញ្ជាក់​ថា គ្មាន​ទ័ព​រុស្ស៊ី​ណា​ម្នាក់​បាន​ដាក់​ជើង​​ជាន់​ទឹកដី​អ៊ុយក្រែន​នោះ​ទេ និង​បាន​ឆ្លៀត​វាយប្រហារ​ប្រទេស​លោកខាងលិច​ឲ្យ​ឈប់​និយាយ​បំផ្លើស និង​បំប៉ោង​ការពិត។

សហគមន៍​អន្តរជាតិ​ស្វែង​រក​ទណ្ឌកម្ម​ថ្មី​ប្រឆំាង​រុស្ស៊ី

ប្រឈម​មុខ​នឹង​ឥទ្ធិពល​រុស្ស៊ី​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន សហគមន៍​អន្តរជាតិ​ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ការ​បន្ត​ស្វែង​រក​ទណ្ឌកម្ម​ថ្មី​ប្រឆំាង​រុស្ស៊ី នោះ​បើ​ទោះ​បី​ជា​គេ​ដឹង​ថា ទណ្ឌកម្ម​កន្លង​មក​មិន​សូវ​មាន​ប្រសិទ្ធិភាព​ក៏​ដោយ។ ទណ្ឌកម្ម​មិន​ត្រឹមតែ​មិន​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ខ្លាច​ញញើត​ប៉ុណ្ណោះ​ទេ តែ​រុស្ស៊ី​ថែម​ទំាង​ឆ្លើយ​បក​វិញ ដោយ​បញ្ឈប់​ការ​ទិញ​ទំនិញ​ពី​អឺរ៉ុប និង​ពី​អាមេរិក ដោយ​ងាក​ទៅ​រកស៊ី​ជាមួយ​ប្រទេស​ផ្សេង​ទៅ​វិញ។ ដូច្នេះ​ឃើញ​ថា រឿង​វិបត្តិ​អ៊ុយក្រែន​ពិត​ជា​រឿង​មួយ​សំាញំា ស្មុគស្មាញ​ដែល​គេ​មិនមែន​អាច​បញ្ចប់​ត្រឹម​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅ​វិញ ទៅ​មក​នោះ​ទេ។ តំាង​ពី​ថ្ងៃ​ផ្ទុះ​វិបត្តិ​អ៊ុយក្រែន​មក អ្នក​ណា​ក៏​ដឹង​ដែរ​ថា រុស្ស៊ី​បាន​លូកដៃ​យ៉ាង​ជ្រៅ​ទៅ​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​របស់​អ៊ុយក្រែន។ ករណី​តំបន់​គ្រីមេ គឺ​ជា​រឿង​មួយ​មិន​អាច​ប្រកែក​បាន​ទេ។

ឥឡូវ​នេះ គឺ​វត្តមាន​ទាហាន​រុស្ស៊ី​ក្នុង​ទឹកដី​អ៊ុយក្រែន​មិន​អាច​ប្រកែក​បាន​ពេល​នេះ​ហើយ​ដែល​ជម្រុញ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ឲ្យ​កោះប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃទី២៨ សីហា​ដើម្បី​បរិហារ​ពី​ការ​ចូល​ឈ្លានពាន​លើ​អធិបតេយ្យ​របស់​ប្រទេស​ជិតខាង។ នៅ​ថ្ងៃ​នេះ​ទៀត អង្គការ​អូតង់​ក៏​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិនិត្យសិក្សា​លើ​សំណុំរឿង​នោះ។ ដោយឡែក លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​ប្រកាស​ថា អាមេរិក​នឹង​មិន​ប្រើ​កម្លំាង​ដើម្បី​អន្តរាគមន៍​នៅ​អ៊ុយក្រែន​ទេ។ តែ​អាច​នឹង​បញ្ជូន​កម្លំាង​ទ័ព​ទៅ​ដាក់​នៅ​ក្នុង​ប្រទេស​ជិតខាង​អ៊ុយក្រែន​ដែល​ជា​សមាជិក​របស់​អូតង់។ សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប​បាន​យល់​ឃើញ​ដូច​គ្នា​ថា នឹង​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​ទៀត​ប្រឆំាង​រស្ស៊ី។

លោក​ប្រធានាធិបតី​អំពាវនាវ​រក​ជំនួយ​យោធា​ពី​អឺរ៉ុប និង​អូតង់

លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉ូរ៉ូឆេនកូ​មិន​បាន​លំអិត​នៅ​ក្នុង​សេចក្តី​អំពាវនាវ​របស់​ខ្លួន​ទេ តែ​ការ​ស្រែក​រក​ជំនួយ​យោធា​ពី​អឺរ៉ុប និង​អូតង់​អាច​ជា​ជំនួយ​ត្រឹម​តែ​គ្រឿងសព្វាវុធ​ប៉ុណ្ណោះ។ ការ​អំពាវនាវ​ជំនួយ​យោធា​មក​ពី​ប្រមុខរដ្ឋ​អ៊ុយក្រែន​បារម្ភ​ខ្លាច​ផ្ទុះ​សង្រ្គាម​ជា​យថាហេតុ​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​នា​ពេល​ខាង​មុខ។ មួយ​វិញ​ទៀត គឺ​ដោយសារ​តែ​វត្តមាន​របស់​ទាហាន​រុស្ស៊ី និង​សព្វាវុធ​ទំនើបៗ​របស់​រុស្ស៊ី​សព្វថ្ងៃ​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​កម្លំាង​ពួកឧទ្ទាម​មាន​សន្ទុះ​កាន់​តែ​ខ្លំាង​ឡើងៗ​នា​ពេល​សព្វថ្ងៃ។ ថ្មីៗ​នេះ ការ​ដែល​ពួក​ឧទ្ទាម​អាច​វាយ​ដណ្តើម​យក​បាន​ទីក្រុងNovoazovsk ក៏​ដោយសារ​តែ​មាន​ការ​ជួយ​គំាទ្រ​ពី​ទាហាន​រុស្ស៊ី​ដែរ។ សម្រាប់​ទីក្រុង​គៀវ បើ​គ្រាន់​តែ​ប្រឆំាង​ទប់​នឹង​ពួក​ឧទ្ទាម អ៊ុយក្រែន​មិន​ត្រូវ​ការ​ជំនួយ​យោធា​បន្ថែម​ទេ។

ដោយឡែក លោក​ប្រមុខរដ្ឋ​អ៊ុយក្រែន​មិន​បាន​សុំ​ជំនួយ​យោធា​ពី​អាមេរិក​ទេ តែ​ក្រសួងការបរទេស​អាមេរិក​បាន​លើក​ឡើង​ថា ទីក្រុង​វ៉ាស៊ីតោន​មិន​ទាត់​ចោល​មធ្យោបាយ​ណា​មួយ​ទេ​ដើម្បី​ជួយ​អ៊ុយក្រែន ដោយ​រាប់បញ្ចូល​ទំាង​ការ​ផ្តល់​ជំនួយ​យោធា​ផង។ នៅ​ពេល​នេះ គេ​មិន​ទាន់​បាន​ទទួល​ចម្លើយ​យ៉ាង​ណា​ពី​អឺរ៉ុប ឬ​អូតង់​ទេ។ តែ​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ថ្ងៃ​នេះ អូតង់​បាន​បញ្ជាក់​ថា ខ្លួន​មិន​បដិសេធ​ការ​ចូល​ជា​សមាជិក​អូតង់​របស់​ប្រទេស​អ៊ុយក្រែន​ទេ។ ទន្ទឹម​គ្នា​នេះ អូតង់​ក៏​បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ការ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​របស់​អ៊ុយក្រែន។ តែ​នៅ​ចំពោះ​មុខ សហគមន៍​អន្តរជាតិ​ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ការ​ស្វែង​រក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​ប្រឆំាង​រុស្ស៊ី។ សម្រាប់​ក្រុមអ្នកវិភាគ ដំណោះស្រាយ​បញ្ហា​អ៊ុយក្រែន​មិនមែន​ស្ថិត​លើ​ការ​ប្រើ​ទណ្ឌកម្ម ឬ​មួយ​ក៏​ការ​ប្រើ​ពាក្យសម្តី​វាយប្រហារ​ដាក់​គ្នា​ទេ តែ​គឺ​ត្រូវ​អង្គុយ​ជជែក​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ ពិសេស​អ៊ុយក្រែន រុស្ស៊ី និង​ក្រុម​ប្រទេសលោកខាងលិច។ ចូរ​កុំ​ភ្លេច​ថា រុស្ស៊ី​គឺ​ជា​តួអង្គ​ឯក​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន​សព្វ​ថ្ងៃ​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ហ៊ាន​ជជែក​តតំាង​ជាមួយ​លោក​ប្រធានាធិបតី​ពូទីន ដោយ​មិន​គួរ​បន្ត​ធ្វើ​ព្រងើយកន្តើយ​ដាក់​គាត់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ