អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភេរវកម្ម​ផ្ទួនៗ​នៅ​រុស្ស៊ី​ក្នុងពេល​ដែល​ការ​ប្រកួត​កីឡា​អូឡាំពិច​រដូវរងា​ជិត​ឈាន​ចូល​មកដល់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុងរយៈពេល​មិនដល់ ២៤ម៉ោង​ផង រុស្ស៊ី​បាន​រងនូវ​ការ​វាយប្រហារ​ភេរវកម្ម​ដល់​ទៅពីរលើក ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​សរុប​ប្រមាណ​ជា ៣០នាក់។ ការវាយប្រហារភេរវកម្ម​ផ្ទួនៗ​គ្នា​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​សន្តិសុខ​ជុំវិញ​ការ​ប្រកួតកីឡា​អូឡាំពិច​រដូវ​រងារ ដែល​នឹង​ត្រូវ​បើក​ធ្វើ នៅ​ទីក្រុង Sotchi ប្រទេស​រុស្ស៊ី នៅ​ខែ​កុម្ភៈ​ខាងមុខ​នេះ។

ការវាយប្រហារ​លើ​រថយន្ត​ដឹកអ្នកដំណើរ​នៅ​ទីក្រុង Volgograd ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​ចន្ទ ៣០ធ្នូ ២០១៣ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច ១៤នាក់
ការវាយប្រហារ​លើ​រថយន្ត​ដឹកអ្នកដំណើរ​នៅ​ទីក្រុង Volgograd ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​ចន្ទ ៣០ធ្នូ ២០១៣ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច ១៤នាក់ REUTERS/Sergei Karpov
ផ្សាយពាណិជ្ជកម្ម

 

មនុស្ស​យ៉ាងតិច ១៤នាក់​បាត់បង់ជីវិត និង​២៨នាក់​ផ្សេងទៀត​រងរបួស នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​​​ទៅលើ​រថយន្ត​ដឹកអ្នក​ដំណើរ​មួយ​គ្រឿង នៅ​ក្នុង​ទីក្រុង Volgograd (ស្ថិត​នៅ​ប៉ែក​និរតី​នៃ​ប្រទេស​រុស្ស៊ី) នៅ​ព្រឹក​ថ្ងៃ​ចន្ទ។ ការវាយប្រហារ​នេះ​កើតឡើង​តែ​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​មាន​ការ​វាយប្រហារ​ភេរវកម្ម​ទៅលើ​ស្ថានីយ៍​រថភ្លើង​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ១៧នាក់​បាត់បង់​ជីវិត។

រហូត​មកទល់​នឹង​ថ្ងៃ​ចន្ទ​នេះ គេ​នៅមិនទាន់​ឃើញ​មាន​ក្រុមណា​ចេញមុខ​ទទួលខុសត្រូវ ចំពោះ​ការ​វាយប្រហារ​​ទាំងនេះ​នៅឡើយទេ។ ក៏ប៉ុន្តែ អាជ្ញាធរ​រុស្ស៊ី​បាន​អះអាង​ថា ការវាយប្រហារ​​​លើ​រថយន្ត​ដឹកអ្នក​ដំណើរ​នៅថ្ងៃ​ចន្ទ​នេះ មាន​ជាប់ទាក់ទង​នឹង​​ការ​វាយប្រហារ​ទៅលើ​ស្ថានីយ៍​រថភ្លើង កាល​ពីថ្ងៃ​អាទិត្យ ហើយ​ថា​ ការវាយប្រហារ​​​ទាំងពីរ​នេះ សុទ្ធតែ​ជា​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត។

យោងតាម​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​បឋម ដែល​ចុះផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន​រុស្ស៊ី ភេរវជន​ដែល​ធ្វើ​ការវាយប្រហារ​អត្តឃាត​ទៅលើ​ស្ថានីយ៍​រថភ្លើង កាល​ពីថ្ងៃ​អាទិត្យ គឺ​ជា​ស្រ្តី​មក​ពី​តំបន់​ភ្នំ​កូកាស (Caucase) ដែល​កំពុង​​ប្រឈម​មុខ​នឹង​ចលនា​ទាមទារ​ផ្តាច់ទឹកដី។ គេ​នៅចាំបាន​ថា កាល​ពីខែ​តុលា​កន្លងទៅនេះ ទីក្រុង Volgograd ​ធ្លាប់​ទទួលរង​នូវ​ការ​វាយប្រហារ​​អត្តឃាត ដោយ​ភេរវជន​ជា​ស្រ្តីរួចមកហើយ។

នៅ​ពេលនេះ អាជ្ញាធរ​រុស្ស៊ី​កំពុងតែ​រឹតបន្តឹង​សន្តិសុខ​ ជាពិសេស នៅតាម​ស្ថានីយ៍រថភ្លើង និង​ព្រលាន​យន្តហោះ។ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​កំពុង​មាន​ការ​ព្រួយបារម្ភ​ខ្លាច​ក្រុម​ភេរវជន​បង្កើន​ការវាយប្រហារ ដើម្បី​ព្យាយាម​រំខាន​ដល់​ការ​ប្រកួត​កីឡាអូឡាំពិច​រដូវ​រងា ដែល​ចាប់បើក​ធ្វើ​នៅ​ខែ​កុម្ភៈ​ខាងមុខ ហើយ​ដែល​រុស្ស៊ី គឺ​ជា​ម្ចាស់ផ្ទះ។ ការប្រកួត​កីឡាអូឡាំពិច​រដូវ​រងា​នេះ​នឹង​ត្រូវ​ធ្វើ នៅ​ក្នុង​ទីក្រុង Sotchi ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពី​តំបន់​ភ្នំកូកាស។

មេដឹកនាំ​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី នៅ​តំបន់​ភ្នំ​កូកាស ធ្លាប់​បាន​ចេញមុខ​ប្រកាស កាល​ពីខែ​កក្កដា​ថា ពួកគេ​នឹង​ប្រើ​គ្រប់មធ្យោបាយ​ទាំងអស់ ដើម្បី​រារាំង​ការ​ប្រកួត​កីឡា​អូឡាំពិច នៅ Sotchi ​នេះ។

ក៏ប៉ុន្តែ អ្នកនាំពាក្យ​គណៈកម្មការ​អូឡាំពិច​អន្តរជាតិ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ថា គណៈកម្មការ​អូឡាំពិច​ជឿជាក់​ថា អាជ្ញាធរ​រុស្ស៊ី​មាន​សមត្ថភាព​ពេញលេញ ក្នុងការ​រក្សា​សន្តិសុខ សម្រាប់​ការ​ប្រកួត​កីឡា​អូឡាំពិច​រដូវ​រងារ​ឆ្នាំ​២០១៤​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ