អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោតសភា​ឥណ្ឌូណេស៊ី៖​គណបក្ស​កាន់អំណាច​របស់​លោក​ប្រធានាធិបតី​ផុតអណត្តិធ្លាក់​កូត​ខ្លំាង​ដោយ​រឿង​ពុករលួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី៩ មេសា​នេះ មាន​ប្រជាជន​ឥណ្ឌូណេស៊ី​ជិត ១៨៥លាននាក់​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​នៅ​ក្នុង​សភាជាតិ និង​សភា​តំបន់។ ការ​រៀបចំ​បោះឆ្នោត​ថ្ងៃ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រកប​ដោយ​ភាព​តានតឹង​អស់​ជា​ច្រើន​សប្តាហ៍​កន្លង​មក។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​ត្រូវ​បាន​គេ​បិទ​នៅ ២ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត។ យោង​តាម​លទ្ធផល​ស្ទង់​មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា គណបក្សប្រឆំាង​កំពុង​មាន​ប្រៀប​ជាង​គណបក្ស​ផ្សេង​ទៀត ពិសេស​គណបក្ស​របស់​លោក​ប្រធានាធិបតី​ផុតអណត្តិ​ស៊ុយស៊ីឡូ បំបង យូដូយ៉ូណូ​ដែល​បាន​ធ្លាក់​កូត​ដោយសារ​អំពើ​ពុករលួយ។

លោកយ៉ូកូ វីដូដូ ចៅក្រុងហ្សាការតា ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី
លោកយ៉ូកូ វីដូដូ ចៅក្រុងហ្សាការតា ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី REUTERS/Beawiharta
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​លើក​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ខេត្ត ក្រុង​ចំនួន ៣៤ និង​ដែល​ចូលរួម​ដោយ​គណបក្ស​នយោបាយ​តែ​ចំនួន ១២គណបក្ស ពោល​គឺ​តិច​ជាង​កាល​ពី​ការ​បោះឆ្នោត​ក្នុង​ឆ្នំា ២០០៩ ដែល​មាន ៣៨គណបក្ស។ ក្នុង​ចំណោម​គណបក្ស​ដែល​បាន​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ គឺ​មាន​គណបក្ស​អ៊ីស្លាម​តែ ៥គណបក្ស​ប៉ុណ្ណោះ ពោល​គឺ​តិច​ជាង​ជិត​ពាក់​បើ​ធៀប​នឹង​ការ​បោះឆ្នោត​កាល​ពី ៥ឆ្នំា​មុន​ដែល​មាន ៨គណបក្ស។ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​នៅ​ក្នុង​សភាជាតិ​ដែល​មាន ៥៦០អសនៈ ប្រជាជន​ឥណ្ឌូណេស៊ី​ត្រូវ​ជ្រើសរើស​ចេញ​ពី​បេក្ខជន​ឈរ​ឈ្មោះ​ទំាង​អស់​ចំនួន ៦ ៦០០នាក់។ ក្រៅ​ពី​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​សម្រាប់​រដ្ឋសភាជាតិ អ្នកបោះឆ្នោត​ក៏​ត្រូវ​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​សម្រាប់​សភាខេត្ត និង​សភា​តំបន់​ពី​ក្នុង​ចំណោម​បេក្ខជន​ឈរឈ្មោះ​ទំាង ២៣ម៉ឺននាក់​សម្រាប់​កោះ​ទំាង ១៧ ០០០កោះ​របស់​ឥណ្ឌូណេស៊ី។

គួរ​ជម្រាប​ជូន​ថា ជាមួយ​នឹង​ប្រជាជន​ជាង ២៥០លាននាក់​ដែល​ឥណ្ឌូណេស៊ី​មាន​សព្វថ្ងៃ បាន​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​ស្ថិត​ជា​ប្រទេស​លំដាប់​ទី៤ ដែល​មាន​ចំនួន​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​លោក បន្ទាប់​ពី​ប្រទេស​ចិន ឥណ្ឌា និង​សហរដ្ឋអាមេរិក។ ម្យ៉ាង​ទៀត ឥណ្ឌូណេស៊ី​គឺ​ជា​ប្រទេស​ទី១ ក្នុង​លោក​ដែល​មាន​ចំនួន​អ្នកកាន់សាសនាអ៊ីស្លាម​ច្រើន​ជាង​គេ។ ប្រជាជន​ឥណ្ឌូណេស៊ី​ជាង ៨៥% ជា​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត។

ការ​បោះឆ្នោត​ប្រធានាធិបតី​នឹង​ត្រូវ​រៀបចំ​នៅ​ថ្ងៃទី៩ កក្កដា

បន្ទាប់​ពី​ការ​បោះឆ្នោត​សភា​ថ្ងៃ​នេះ ឥណ្ឌូណេស៊ី​ក៏​នឹង​ត្រូវ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃទី៩ កក្កដា​ខាង​មុខ។ ប៉ុន្តែ​គេ​ត្រូវ​រង់ចំា​លទ្ធផល​បោះឆ្នោត​សភា​នេះ​ជា​មុន​សិន ទើប​អាច​ដឹង​ថា តើ​គណបក្ស និង​បេក្ខជន​ណា​អាច​ឈរ​ឈ្មោះ​បាន។ ប្រព័ន្ធ​បោះឆ្នោត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ជា​ប្រព័ន្ធ​បោះឆ្នោត​ពិសេស​ដែល​គេ​កម្រ​ឃើញ​មាន​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។ ដើម្បី​អាច​ឲ្យ​គណបក្ស​មួយ​បន្ត​ចូលរួម​បោះឆ្នោត​ប្រធានាធិបតី​បាន លុះ​ត្រា​តែ​គណបក្ស​នោះ​ទទួល​បាន​អសនៈ​ជាង ២០% នៃ​អសនៈ​សរុប​ទំាង ៥៦០ នៅ​ក្នុង​សភាជាតិ ឬ​មួយ​ក៏​ទទួល​បាន​សម្លេង​គំាទ្រ​ចំនួន ២៥% នា​ការ​បោះឆ្នោត​សភា​ពេល​នេះ។ ដូច្នេះ​ជាមួយ​នឹង​វត្តមាន​របស់​គណបក្ស​ចំនួន ១២ នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ពេល​នេះ នឹង​អាច​ឲ្យ​មាន​បេក្ខជន​ប្រធានាធិបតី​យ៉ាង​ច្រើន​បំផុត​ចំនួន ៤នាក់។

មាន​ហេតុផល​ពីរ​យ៉ាង​ដែល​ឥណ្ឌូណេស៊ី​បាន​អនុវត្តន៍​នូវ​ប្រព័ន្ធ​បោះឆ្នោត​របៀប​នេះ ទី១ ចៀសវាង​ការ​ចូលរួម​ពី​គណបក្ស​តូចតាច កំប៉ិកកំប៉ុក​ដែល​គ្មាន​នរណា​សូវ​ស្គាល់ និង​ទី២ បញ្ជៀស​ការ​សហការណ៍​ដឹកនំា​ប្រទេស​រវាង​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី​ដែល​ចេញ​ពី​គណបក្ស​ខុស​គ្នា។ តាម​លទ្ធផល​ស្ទង់​មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​គណបក្ស​តែ ៣គត់​ក្នុង​ចំណោម​គណបក្ស​ទំាង ១២ ដែល​បាន និង​កំពុង​ប្រជែង​គ្នា​ខ្លំាង ទី១ គណបក្ស​ប្រជាធិបតេយ្យ​ឥណ្ឌូណេស៊ី​នៃ​ការ​ប្រយុទ្ធ​របស់​លោក​ចៅក្រុង​ហ្សាការតា យ៉ូកូ វីដូដូ ហៅ​ក្រៅ យ៉ូកូវី ទី២ គណបក្ស​ហ្សឺរីនដា​របស់​លោក​ប្រាបូវូ ស៊ូបៀនតូ និង​ទី៣ គណបក្ស​ហ្គោលកា​របស់​អតីត​អ្នកកាន់​អំណាច​ផ្តាច់ការ​ស៊ូហារតូ។

បើ​តាម​ការ​ស្ទង់​មតិ​ដដែល ប្រហែល​មាន​តែ​គណបក្ស​ប្រជាធិបតេយ្យ​ឥណ្ឌូណេស៊ី​នៃ​ការ​ប្រយុទ្ធ​តែ​មួយ​គត់​ដែល​អាច​ទទួល​បាន​អសនៈ​ជាង ២០% នៃ​អសនៈ​សរុប​ទំាង ៥៦០ នៅ​ក្នុង​សភាជាតិ ឬ​មួយ​ក៏​ទទួល​បាន​សម្លេង​គំាទ្រ​ចំនួន ២៥% នា​ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃ​នេះ។ ដូច្នេះ បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​មួយ​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក​ចៅក្រុង​ហ្សាការតា យ៉ូកូ វីដូដូ អាយុ ៥២ឆ្នំា។ គួរ​រម្លឹក​ជូន​ថា តំាង​ពី​ក្រោយ​ការ​ផ្តួលរំលំ​របប​ផ្តាច់ការ​របស់​លោក​ស៊ូហារតូ​ក្នុង​ឆ្នំា ១៩៩៨ មក ឥណ្ឌូណេស៊ី​បាន​ស្គាល់​ប្រធានាធិបតី ៤នាក់​ខុសៗ​​គ្នា។

គណបក្ស​របស់​លោក​ស៊ុយស៊ីឡូ បំបង យូដូយ៉ូណូ​ធ្លាក់​កូត​ដោយ​រឿង​អាស្រូវ​ពុករលួយ

គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ប្រធានាធិបតី​ផុតអណត្តិ​ស៊ុយស៊ីឡូ បំបង យូដូយ៉ូណូ​ក៏​មាន​វត្តមាន​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​លើក​នេះ​ដែរ តែ​ត្រូវ​បាត់បង់​សម្លេង​គំាទ្រ​យ៉ាង​ច្រើន​ដោយ​រឿង​អាស្រូវ​ពុករលួយ។ តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ឲ្យ​ដឹង​ថា គណបក្ស​មួយ​នេះ​ទទួល​បាន​សម្លេង​គំាទ្រ​មិន​ដល់ ១០% ផង។ ក្រោម​ភ្នែក​ច្រមុះ​របស់​សកម្មជន​របស់​គណបក្ស​មួយ​នេះ ក៏​ដូច​ជា​ប្រជាជន​ឥណ្ឌូណេស៊ី​ទូទៅ គឺ​មិន​ភ្ញាក់ផ្អើល​ទេ ព្រោះ​ថា អំពើ​ពុករលួយ​បាន និង​កំពុង​បន្ត​ស៊ីរូង​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ឥណ្ឌូណេស៊ី​សព្វថ្ងៃ​របស់​លោក​ស៊ុយស៊ីឡូ បំបង យូដូយ៉ូណូ។

អំពើ​ពុករលួយ​នៅ​ឥណ្ឌូណេស៊ី​មិន​មែន​ជា​ព្រឹត្តិការណ៍​ថ្មី​ទេ តែ​វា​ជា​កេរតំណែល​បន្សល់​ទុក​តំាង​ពី​ជំនាន់​លោក​ស៊ូហារតូ គឺ​ជា​ទង្វើ​ពុករលួយ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​គ្រប់​ជាន់​ថ្នាក់​ទំាង​អស់ មិន​ខុស​អ្វី​ពី​សុភាសិត​មួយ​ដែល​និយាយ​ថា ធំ​ស៊ី​តាម​ធំ តូច​ស៊ីតាម​តូច។ ពិត​ណាស់​ថា ក្រោយ​ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០០៤ និង​ជាប់​ម្តង​ទៀត​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០០៩ លោក​ស៊ុយស៊ីឡូ បំបង យូដូយ៉ូណូ គឺ​ជា​មនុស្ស​ស្អាតស្អំ ព្រម​ទំាង​បាន​ចាត់​ទុក​ការ​បំបាត់​អំពើ​ពុករលួយ ជា​វិធានការ​អាទិភាព។ តែ​មក​ដល់​សព្វថ្ងៃ អំពើ​ពុករលួយ​នៅ​បន្ត​មាន និង​កាន់​តែ​រីកធំ​ឡើង​ទៀត​ផង។ គឺ​អំពើ​ពុករលួយ​នេះ​ហើយ​ដែល​ជា​ហ្រ្វំាង​ពន្យឺត​កំណើន​សេដ្ឋកិច្ច និង​បង្កើន​ភាព​ក្រក្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ