អានតួអត្ថបទ
កូរ៉េខាងជើង

បោះឆ្នោត​សភា​កូរ៉េ​ខាងជើង៖​ ក្នុង​មណ្ឌល​បោះឆ្នោត​មួយ​ មាន​បេក្ខជន​ឈរឈ្មោះ​តែ​ម្នាក់គត់​

នៅថ្ងៃ​អាទិត្យ​នេះ ប្រជាជន​កូរ៉េខាងជើង​នាំគ្នា​ទៅបោះឆ្នោត​ ដើម្បី​ជ្រើសរើស​អ្នក​តំណាង​រាស្ត្រ​​​នៅ​មណ្ឌលបោះឆ្នោត​៦៨៧កន្លែង នៅទូទាំង​ប្រទេស​។ ប៉ុន្តែ អ្នកបោះឆ្នោត​​​គ្មានជម្រើស​នោះទេ ព្រោះថា​​នៅ​តាម​មណ្ឌល​បោះឆ្នោត​​មួយ មាន​បេក្ខជន​តែម្នាក់គត់។ ​នេះ​ជា​ការ​បោះឆ្នោត​​សភាលើកទី១ហើយ​ នៅថ្ងៃ​អាទិត្យ​នេះ ​នៅ​កូរ៉េខាងជើង គិតចាប់​ពី​ពេល​លោក គឹម ជុងអ៊ុន ឡើងកាន់​អំណាច ក្រោយពេល​លោកគឹម ជុងអ៊ីល​ ជា​ឳពុក​របស់​លោក បានទទួល​មរណភាព​ ក្នុង​ខែធ្នូ ឆ្នាំ២០១១មក។ គិត​ដល់​ត្រឹមដើម​​រសៀល ថ្ងៃ​អាទិត្យ​នេះ អត្រា​អ្នកចូលរួម​បោះឆ្នោត​ មាន​៩១ភាគរយ។

ប្រជាជន​កូរ៉េខាងជើង​បាននាំគ្នា​តម្រង់ជួរ ដើម្បី​បោះឆ្នោត​ នៅថ្ងៃ​អាទិត្យ​ទី​៩មីនា​នេះ។
ប្រជាជន​កូរ៉េខាងជើង​បាននាំគ្នា​តម្រង់ជួរ ដើម្បី​បោះឆ្នោត​ នៅថ្ងៃ​អាទិត្យ​ទី​៩មីនា​នេះ។ REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​ជាតិ នៅ​កូរ៉េខាងជើង ថ្ងៃអាទិត្យ​នេះ ​​ឃ្លាតឆ្ងាយ​ពី​បែបផែន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​​ណាស់ ព្រោះថា​នៅតាម​មណ្ឌល​បោះឆ្នោត​មួយ​ មានបេក្ខជន​ឈរឈ្មោះ​តែ​ម្នាក់គត់។ ​ដូច្នេះ​ អ្នកបោះឆ្នោត​កូរ៉េខាងជើងគ្មានជម្រើស​នោះទេ។ ពួកគេ​ត្រូវ​សម្រេច​ថា តើ​ជ្រើស​អោយ​បេក្ខជន​​នោះ ជាប់ធ្វើជាតំណាងរាស្ត្រ​រឺ​ក៏​អត់។ បើ​ពួកគេ​សម្រេច​ថា មិនជ្រើស​ទេនោះ រដ្ឋាភិបាល​អាច​សង្ស័យ​​​ថា ពួកគេ​មិនពេញចិត្ត​នឹង​​ការដឹកនាំ​របស់​រដ្ឋាភិបាល។ ទោះជា​មាន​វត្តមាន​បក្ស​ច្រើន​ផ្សេងទៀត​​ ដើម្បី​បង្ហាញ​ថា កូរ៉េខាងជើង​សំបូរ​​ ​បក្ស​នយោបាយ​​ក៏ដោយចុះ បេក្ខជន​​ដែល​ឈរឈ្មោះ​ជាតំណាងរាស្ត្រ​ទាំង​៦៨៧រូប នៅថ្ងៃ​នេះ គឺសុទ្ធតែ​ត្រូវជ្រើសរើសអោយឈរឈ្មោះ ​​ដោយ​​គណ​បក្ស​​ការងារ ដែល​ជា​បក្ស​ចំបង​ក្នុង​ប្រទេស។

អត្រាអ្នកទៅ​​បោះឆ្នោតមាន​៩១ភាគរយ គិតត្រឹម​រសៀល​ថ្ងៃ​អាទិត្យនេះ។ កាលពី​ឆ្នាំ​២០០៩ អត្រា​អ្នកបោះឆ្នោត​មាន​ដល់ទៅ​៩៩,៩៨ភាគរយ​ឯណោះ ហើយ​អ្នក​បោះឆ្នោត​១០០ភាគរយ ​​បានបោះឆ្នោត​គាំទ្រ​​អោយ​បេក្ខជនឈរឈ្មោះ បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ។ ​ ​​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃអាទិត្យ​​នេះ ប្រមុខដឹកនាំ គឹម ជុងអ៊ុន​ ក៏​មាន​វត្តមាន​ជា​បេក្ខជន​ផងដែរ។ លោកគឹម ជុងអ៊ុន ឈរឈ្មោះ​នៅ​មណ្ឌលបោះឆ្នោត​លេខ​១១១ នៅ​​ភ្នំ​​បេកទូ Mont Paektu ស្ថិត​នៅ​ភាគខាងជើង​ប្រទេស​ ជិត​ព្រំដែន​​​ចិន។ ប្រជាជន​កូរ៉េខាងជើង​ចាត់ទុក​ភ្នំនេះ​​ ដូច​ជា​ទីសក្ការៈ​បូជា​ ព្រោះថា ​ជីតា​របស់​​មេដឹកនាំ​គឹម ជុងអ៊ុន​ ធ្លាប់​បាន​ធ្វើជំរំ​មួយកន្លែង​ នៅទីនោះ ដើម្បីធ្វើចលនា​ប្រឆាំង​​​ការឈ្លានពាន​របស់​ជប៉ុន​ កាលពី​ពេល​​ដែល​កូរ៉េ​ស្ថិត​ក្រោម​អាណានិគម​​ជប៉ុន។ 

កូរ៉េខាងជើង​រៀបចំ​ការបោះឆ្នោត​សភារៀងរាល់​៥ឆ្នាំ​ម្តង។ សភា​កូរ៉េខាងជើង​បើក​អង្គប្រជុំ​ ម្តង​រឺ​ក៏ពីរដង​ប៉ុណ្ណោះ ក្នុង​មួយឆ្នាំ ដើម្បី​បោះឆ្នោត​​លើ​ថវិកា និង​​អនុម័ត​សេចក្តី​សម្រេច​​របស់​គណបក្ស​​ការងារ។ ការបោះឆ្នោត​ជាតិ​នៅថ្ងៃ​អាទិត្យ​នេះ អាចជួយ​អោយ​រដ្ឋាភិបាល​វាស់​មើល​ពី​កម្រិត​ប្រជាប្រិយភាព​ខ្លួន​ផងដែរ​ ព្រោះថា​ មន្ត្រីរដ្ឋាភិបាល​ទទួល​បន្ទុក​​រៀបចំការបោះឆ្នោត​ ត្រូវចុះ​ទៅ​តាម​ផ្ទះ​គ្រួសារ​​កូរ៉េ​នីមួយៗ ​​ដើម្បី​​ផ្ទៀងផ្ទាត់​វត្តមាន​អ្នកដែល​បាន​ទៅបោះឆ្នោត។

យោងតាម​វេបសៃត៍​ឈ្មោះថា New Focus International ជាវេបសៃត៍​របស់​​ប្រជាជន​​កូរ៉េ​ខាងជើង​​​ដែល​ភៀសខ្លួន​ទៅ​កូរ៉េខាងត្បូង ការបោះឆ្នោត​ជាតិ​នៅ​កូរ៉េខាងជើង អនុញ្ញាត​​អោយ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​ផ្ទៀងផ្ទាត់​ចំនួន​ប្រជាជនក្នុង​ស្រុកឡើងវិញ​​ ដើម្បី​អាច​ដឹង​​ពីចំនួន​អ្នក​​លួច​​រត់​ភៀស​ខ្លួន​​​ទៅចិន រឺ​កូរ៉េខាងត្បូង​​ ដែល​នៅ​ជិតខាង​ក្បែរ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ