អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង៖មនុស្សខ្លំាងលំដាប់ទី២​បាន​លេចមុខ​ជា​ថ្មី ក្រោយ​មាន​ដំណឹង​ថា ត្រូវ​គេ​កំចាត់​បាត់

នៅ​ថ្ងៃ​សុក្រ ទី៧ មីនា​នេះ លោក​ចឺ យ៉ុងហេ (Choe Ryong Hae) អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់ និង​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្សខ្លំាង​លំដាប់ទី២ បន្ទាប់​ពី​អគ្គមគ្គុទេសន៍​គីម ជុងអ៊ុន បាន​លេច​មុខ​ជា​ថ្មី​តាម​កញ្ចក់​ទូរទស្សន៍រដ្ឋ។ ការ​លេច​មុខ​ជា​ថ្មី​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​របស់​លោក​ចឺ យ៉ុងហេ​ពេល​នេះ​បាន​កើត​មាន​ឡើង ក្រោយ​ពី​លេចឮ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា លោក​ចឺ យ៉ុងហេ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​បាត់​ទៅ​ហើយ។

ផ្សាយពាណិជ្ជកម្ម

វា​ពិត​ជា​រឿង​មួយ​មិនមែន​ចៃដន្យ​ទេ ដែល​ទូរទស្សន៍រដ្ឋ​បាន​ផ្សព្វផ្សាយ​រូបភាព​របស់​លោក​ចឺ យ៉ុងហេ (Choe Ryong Hae) ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​មនុស្សខ្លំាង​លំដាប់ទី២ របស់​របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង បន្ទាប់​ពី​អគ្គមគ្គុទេសន៍​គីម ជុងអ៊ុន​នោះ។ មិន​ចៃដន្យ ព្រោះ​ថា នា​រយៈពេល​ចុង​ក្រោយ​នេះ ពោល​តំាង​ពី​អគ្គមគ្គុទេសន៍​គីម ជុងអ៊ុន​បាន​សម្រេច​ដកតំណែង​ឱពុកមា​របស់​ខ្លួន គឺ​លោក​ចាង សុងថេក រួច​សម្លាប់​ចោល​មក ក៏​មាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា លោក​ចឺ យ៉ុងហេ​ក៏​បាន​ទទួល​រងគ្រោះថ្នាក់​ដូច​លោក​ចាង សុងថេក​អ៊ីចឹង​ដែរ។

ដូច្នេះ​តាម​រយៈ​រូបភាព​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍រដ្ឋ​ដែល​បង្ហាញ​រូប​លោក​ចឺ យ៉ុងហេ​ពេល​នេះ គឺ​ជា​ភស្តុតាង​មួយ​ដើម្បី​បញ្ជាក់​ប្រាប់​មជ្ឈដ្ឋានទូទៅ​ថា លោក​ចឺ យ៉ុងហេ​មិន​ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​ទេ និង​កំពុង​បន្ត​រក្សា​តួនាទី​របស់​ខ្លួន​ដដែល។ នៅ​ក្នុង​រូបភាព​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍រដ្ឋ​នោះ គេ​ឃើញ​ស្នាមញញឹម តែ​មាន​ដំណើរ​ខ្ចើច​របស់​លោក​ចឺ យ៉ុងហេ​ដើរ​នៅ​ក្បែរ​លោក​គីម ជុងអ៊ុន​កាល​ពី​ខែ​មករា និង​កុម្ភៈ​កន្លង​ទៅ​ថ្មីៗ​នេះ។ បន្ទាប់​មក គេ​ក៏​បាន​ឃើញ​លោក​ចឺ យ៉ុងហេ​កំពុង​កត់ត្រា​នា​ឱកាស​ដំណើរ​ទៅ​កាន់​កន្លែង​ផ្សេងៗ​ជាមួយ​លោក​គីម ជុងអ៊ុន ពិសេស​វត្តមាន​របស់​លោកចឺ យ៉ុងហេ​នៅ​តាម​ឆ្នេរសមុទ្រ​ក្នុង​ឱកាស​ធ្វើ​សមយុទ្ធ​បាញ់កំាភ្លើង។

បច្ចុប្បន្ន​នេះ លោក​ចឺ យ៉ុងហេ គឺ​ជា​ប្រមុខ​សាខានយោបាយ​នៃ​កងទ័ព និង​ជា​សមាជិក​នៃ​គណៈកម្មាធិការអចិន្រ្តែយ៍​របស់​ការិយាល័យ​នយោបាយ​បក្សពលករ។ ទន្ទឹម​គ្នា​នេះ លោក​ចឺ យ៉ុងហេ​ក៏​ជា​អនុប្រធាន​ម្នាក់​នៃ​គណៈកម្មការ​យោធា​មជ្ឈិម​របស់​គណបក្ស​ពលករ​ដែរ។ នៅ​ក្នុង​ឆ្នំា ២០១៤ នេះ​ទៀត លោក​ចឺ យ៉ុងហេ​ក៏​ទើប​បាន​ទទួល​ឋានន្តរស័ក្តិ​ជា​អនុសេនាប្រមុខ​ទៀត។ គឺ​រូប​លោក​ចឺ យ៉ុងហេ​នេះ​ឯង​ដែល​ត្រូវ​បាន​លោក​គីម ជុនអ៊ុន​ជ្រើសរើស​ជា​តំណាងពិសេស​របស់​ខ្លួន​ដើម្បី​ទៅ​ជួប​និយាយ​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​កាល​ពី​ខែ​មិថុនា បន្ទាប់​ពី​ចិន​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​ការ​ដែល​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ​លើកទី៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ