អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អ្នក​បោះឆ្នោត​តំណាង​ (grands électeurs) មាន​តួនាទី​អ្វីខ្លះ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​អង្គារ៍​ ៨​ វិច្ឆិការ​ស្អែក​នេះ​ជា​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។​ ពលរដ្ឋ​អាមេរិក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​ ២៣០​ លាន​នាក់​នឹង​ទៅ​ការិយាល័យ​បោះឆ្នោត​។​ បើ​តាម​តួលេខ​បឋម​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​ AP ពលរដ្ឋ​អាមេរិក​ប្រមាណ​ជាង​ ២៤ លាន​នាក់​បាន​បោះឆ្នោត​រួច​ហើយ​ ក្នុង​កំឡុង​ពេល​នៃ​ការ​បោះឆ្នោត​មុន​ពេល​កំណត់​។ តួលេខ​នេះ​ គឺ​​ស្មើ​នឹងជាង​​១០%​ នៃ​ចំនួន​អ្នក​បោះឆ្នោត​សរុប​។

ពលរដ្ឋ​អាមេរិក​ប្រមាណ​ជាង​ ២៤ លាន​នាក់​បាន​បោះឆ្នោត​រួច​ហើយ​ ក្នុង​កំឡុង​ពេល​នៃ​ការ​បោះឆ្នោត​មុន​ពេល​កំណត់​។
ពលរដ្ឋ​អាមេរិក​ប្រមាណ​ជាង​ ២៤ លាន​នាក់​បាន​បោះឆ្នោត​រួច​ហើយ​ ក្នុង​កំឡុង​ពេល​នៃ​ការ​បោះឆ្នោត​មុន​ពេល​កំណត់​។ Blend Images - Hill Street Studios/Getty Images
ផ្សាយពាណិជ្ជកម្ម

ដោយ​សារ​តែ​សហរដ្ឋ​អាមេរិក​ជា​រដ្ឋ​សហព័ន្ធ​ផ្តុំ​ដោយ​រដ្ឋ​ចំនួន​ ៥០​ តាមពិត​ទៅ ពលរដ្ឋ​អាមេរិក​មិន​មែន​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ដោយ​ផ្ទាល់​នោះ​ទេ។ ពួក​គេ​នឹង​បោះឆ្នោត​ជ្រើស​រើស​អ្នក​បោះឆ្នោត​តំណាង​ (grands électeurs) ​ប្រចាំ​រដ្ឋ​របស់​ពួក​គេ​ជា​មុន​សិន។ ​ហើយ​បន្ទាប់​មក​ ​អ្នក​បោះឆ្នោត​តំណាង​នោះ​នឹង​បោះឆ្នោត​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​ដោយ​ផ្ទាល់។ 

រវាង​លោកស្រី​ Hillary Clinton​ និង​លោក​​ Donald Trump​ តើ​នរណា​គេ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៥?​ ប៉ុន្តែ មុន​នឹង​ដឹង​ចំលើយ​នេះ​ យើង​គួរ​គប្បី​ស្វែង​យល់​ពី​ដំណើរ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ជា​មុន​សិន។ តាមពិត​ទៅ នា​ថ្ងៃ​អង្គារ៍​ទី ៨​ វិច្ឆិការ​នេះ​ ឬ​ក្នុង​កំឡុង​ពេល​បោះ​ឆ្នោត​មុន​ថ្ងៃ​កំណត់​ផ្លូវការ​ ​ វា​ជា​ការ​បោះឆ្នោត​សាកលបែប​ប្រយោល​ ឬ​មិន​ចំពោះ​។ នា​តំណាក់​កាល​តំបូងនេះ​ គឺពលរដ្ឋ​អាមេរិក (ដែល​គេ​ចាត់​ទុក​ថា​ជា​អ្នក​បោះឆ្នោត​សាមញ្ញ​) នឹង​បោះឆ្នោត​ជ្រើស​រើស​អ្នក​បោះឆ្នោត​តំណាង (grands électeurs) ​ប្រចាំ​រដ្ឋ​របស់​ពួក​គេ​សិន។​ អ្នក​បោះឆ្នោត​តំណាង​ប្រចាំ​រដ្ឋ​និមួយៗ​ផ្តុំ​គ្នា​បង្កើតបាន​ជា​អង្គ​អ្នក​បោះឆ្នោត​តំណាង ​(collège électoral)។ អង្គបោះឆ្នោត​ពិសេស​នេះ​មិនមែន​ជា​ស្ថាប័ន​ ឬ​ក្រសួង​មន្ទីរ​អ្វី​នោះ​ទេ។​ តែវាគ្រាន់​តែ​ជា​ការ​ប្រមូល​ផ្តុំ​ចំនួន​អ្នក​បោះឆ្នោត​តំណាង​ប្រចាំ​រដ្ឋ​និមួយៗតែ​ប៉ុណ្ណោះ។​

តើ​អ្នក​បោះឆ្នោត​តំណាង​មាន​ចំនួនសរុប​ប៉ុន្មាន​នាក់​? តើរដ្ឋនិមួយៗមានអ្នកបោះឆ្នោតតំណាងប៉ុន្មានរូប?
អង្គ​អ្នក​បោះឆ្នោតតំណាង​ ​ (collège électoral) ​មាន​អ្នក​បោះឆ្នោត​តំណាង​សរុប​ចំនួន​ ៥៣៨ នាក់។​ ​ភារកិច្ច​របស់​ពួក​គេ​ គឺ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ និង​អនុប្រធានាធិបតី​អាមេរិក។រដ្ឋ​និមួយៗ​មាន​ចំនួន​អ្នក​បោះឆ្នោត​តំណាង​ដូច​គ្នា​នឹង​ចំនួន​សមាជិក​សភា​ Congress ​ប្រចាំ​រដ្ឋ​របស់​ខ្លួន។​ សូម​រំលឹក​​ថា​ សភា​ Congress​ ជា​ស្ថាប័ន​អង្គ​និតិ​បញ្ញត្តិ​របស់​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក។​ សភា​នេះ​ចែក​ជា​ពីរ​ថ្នាក់​ គឺ​ព្រឹទ្ធសភា​ (សភា​ជាន់​ខ្ពស់​)​ មាន​សមាជិក​ចំនួន​ ១០០ នាក់ ហើយ​និង​សភា​តំណាង​រាស្រ្ត​ (សភា​ជាន់​ទាប​)​ ដែល​មាន​សមាជិក​ចំនួន​ ៤៣៥​ នាក់។ ជាសរុប​ សភា​ Congress​ នេះ​មាន​​មាន​សមាជិក​ចំនួន​ ៥៣៥ នាក់​ ដែល​មាន​អណ្ណត្តិ​រយៈ​ពេល​តែ​ ២ ឆ្នាំ​តែ​ប៉ុណ្ណោះ​។

ក្នុង​ន័យនេះ​ ជា​ស្វ័យ​ប្រវត្តិ​ រដ្ឋ​និមួយៗមានចំនួន​សមាជិក​សភា​ចំនួន​ពីរ​រូបស្មើៗ​គ្នា​​ បើ​ទោះបីជា​រដ្ឋ​នោះ​មាន​ទំហំ​តូច​ ឬ​ធំ​ រឺមាន​ប្រជាជាន​តិច​ ឬ​ច្រើន​ក៏ដោយ។​ ចំណែក​ចំនួន​តំណាង​រាស្រ្ត​វិញ​ គឺមិន​​ស្មើ​គ្នាទេ ដោយ​វា​​អាស្រ័យ​ទៅតួលេខ​សមាមាត្រ​នៃ​ចំនួន​ប្រជាជនប្រចាំ​រដ្ឋ​និមួយៗ។ ជាទូទៅ រដ្ឋ​តូចៗ​ដែល​ពុំ​សូវ​មាន​ប្រជាជនច្រើន​ រដ្ឋ​ទាំង​នោះ​មាន​អ្នក​បោះឆ្នោត​តំណាងតែ​​ចំនួន​ ៣ រូប​ប៉ុណ្ណោះ​។​ តួយ៉ាង​ដូច​ជា​រដ្ឋ​ Montana, Wyoming, Dakota ​​ខាង​ជើង​ និង​ខាង​ត្បូង, Alaska, Delaware និង​Vermont។ ​

ចំណែក​រដ្ឋ​ធំៗ​មាន​ប្រជាជន​ច្រើន​វិញ​ ចំនួន​អ្នក​បោះឆ្នោត​តំណាង​មាន​ច្រើន​សន្ធឹក​សន្ធាប់​ មាន​ជា​អាទិ៍ករណី​​រដ្ឋ​ California (៥៤​នាក់​)​ និងរដ្ឋ​ Texas (៣៨ នាក់​)។​ ចំណែក​រដ្ឋ​ Flordia​ និងរដ្ឋ​ New York មាន​ចំនួនអ្នក​បោះឆ្នោត​តំណាង​ស្មើៗ​គ្នា​ គឺ​២៩ នាក់​​​។​ ក្រៅ​ពី​រដ្ឋ​សរុប​ចំនួន​ ៥០​ រដ្ឋ​ធានី​វ៉ាស៊ីងតោន​វិញ​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​រដ្ឋ​បោះឆ្នោត​មួយ​ផង​ដែរ​ ដោយ​មាន​អ្នក​បោះឆ្នោត​តំណាង​ចំនួន​ ៣ រូប។

តើ​ធ្វើ​ដូច​ម្តេច​អាច​ក្លាយ​ជា​អ្នក​បោះឆ្នោត​តំណាង?​
ខទីពីរ​នៃ​ប្រការ​ទី ២​ ក្នុង​រដ្ឋ​ធម្មនុញ្ញា​សហរដ្ឋ​អាមេរិក​បាន​ចែង​ច្បាស់​ថា​ ប្រធានាធិបតី​ និង​អនុប្រធានាធិបតី​ត្រូវ​ជ្រើស​រើស​ដោយ​អ្នក​បោះឆ្នោត​តំណាង។​ ដើម្បី​អាច​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ បេក្ខជន​ត្រូវ​ទទួល​សម្លេង​យ៉ាង​ហោច​ណាស់​ចំនួន ២៧០​ ពី​អ្នក​បោះឆ្នោត​តំណាង។ ចំនួន​នេះ​ស្មើ​នឹង​ ៥០​ បូក​មួយ។ នៅតាម​រដ្ឋ​និមួយៗ​ របៀប​តែងតាំង​អ្នក​បោះឆ្នោត​តំណាង​មាន​លក្ខណៈ​ខុសៗ​គ្នា។​

ជាទូទៅ​ អ្នក​បោះឆ្នោត​តំណាង​ គឺ​ត្រូវ​បាន​គណបក្ស​របស់​ខ្លួន​តែងតាំង​បេក្ខភាព​ ដោយ​ផ្អែក​លើ​ភាព​ស្មោះ​ស្ម័គ្រ​ និង​ស្នាដៃ​នានា​ជូន​បក្ស។ តែ​អ្វី​ដែល​សំខាន់​ជាង​គេ​នោះ​ គឺ​អ្នក​បោះឆ្នោត​តំណាង​នោះ​ត្រូវ​​គាំទ្រ​គំនិត​នយោបាយ​របស់​បេក្ខជន​ប្រធានាធិបតី​តំណាង​អោយ​បក្ស​របស់​ខ្លួន។​ តួយ៉ាង​ដូចជា​ បេក្ខជន​អ្នក​បោះឆ្នោត​តំណាង​ម្នាក់​ប្រចាំ​បក្ស​សាធារណរដ្ឋ​នៅ​ក្នុង​រដ្ឋ​ Missouri ​គាត់​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សកម្មជន​ជ្រុល​និយម​ប្រឆាំង​នឹង​ការ​ពន្លូត​កូន។​ ទស្សនៈ​នេះ​ គឺ​ស្រប​គ្នា​បេះបិទ​ទៅ​នឹង​ខ្សែ​បន្ទាត់​របស់​បក្ស​សាធារណរដ្ឋ​ ដែល​មាន​គំនិត​អភិរក្ស​និយម​ប្រឆាំង​នឹង​ការ​រំលូត​កូន​។ ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​វិញ​ លោក​ Bill Clinton ​ដែល​គេ​ចាត់​ទុក​ថា​ជា​ឥសរ្ស​ជន​ជាន់​ខ្ពស់​មួយ​រូប​ លោក​ត្រូវ​បាន​តែង​តាំងជា​អ្នក​បោះឆ្នោត​តំណាង​ប្រចាំ​រដ្ឋ New York។​

បើអញ្ចឹងនាថ្ងៃបោះឆ្នោតសាកលតើពលរដ្ឋ​អាមេរិក​ជាអ្នកបោះឆ្នោតសាមញ្ញទូទៅនឹងបោះជ្រើសរើសជូនបេក្ខជនណា?
រដ្ឋ​ធម្មនុញ្ញ​បាន​ចែង​ថា​ ការ​បោះឆ្នោត​ជា​សាកល​ត្រូវ​ធ្វើ​ឡើង​នៅ​ចំថ្ងៃ​អង្គារ៍​ នៃ​សប្តាហ៍​ទី​ ២ ខែ​វិច្ឆិការ។ បើ​និយាយ​អោយ​ងាយ​យល់​ ការ​បោះឆ្នោត​បែប​ប្រយោល​ ឬ​មិន​ចំពោះ​នេះ​អាច​ប្រៀប​ប្រដូចទៅ​នឹង​កា​រប្រកួត​កីឡា​នា​វគ្គ​កណ្តាល​ផ្តាច់​ព្រ័ត​អញ្ជឹង។​ នៅ​លើ​ព្រឹត្តិ​ប័ត្រ​បោះឆ្នោត​ ពលរដ្ឋ​អាមេរិក​អាច​គូស​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​មួយ​ណា​ ដែល​ខ្លួន​គាំទ្រ។

ក្នុង​ចំណោមរដ្ឋ​​សរុប​ចំនួន ៥០​ ​ទូទាំង​សហរដ្ឋ​អាមេរិក​ មាន​រដ្ឋ​ចំនួន​ ៤៨ បូកបន្ថែម​រដ្ឋ​ធានី​វ៉ាស៊ីងតោន​មួយ​ទៀត​ គេ​អនុវត្ត​ក្បួន​ច្បាប់​ «Winner Take All»។​ មាន​ន័យថា​ បើ​បេក្ខជន​ប្រធានាធិបតី​តំណាង​អោយ​គណបក្ស​ណា​មាន​សម្លេង​ដឹក​មុខ​ច្រើន​លើស​លប់​នៅ​រដ្ឋ​ណា​មួយ​ គណបក្ស​នោះ​នឹង​បាន​ចំនួន​អ្នក​បោះឆ្នោត​តំណាង​ទាំង​អស់​ប្រចាំ​រដ្ឋ​នោះ​តែ​ម្តង​។​ មាន​តែ​រដ្ឋ​ចំនួន​ ២ តែ​ប៉ុណ្ណោះ​ គឺ​រដ្ឋ​ Nebraska និងរដ្ឋ​ Maine ដែល​អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ​ ដោយ​​គណបក្ស​និមួយៗ​នឹង​ទទួល​ចំនួន​អ្នក​បោះឆ្នោត​តំណាង​អាស្រ័យ​ទៅ​នឹង​ចំនួន​សម្លេង​ឆ្នោត​គាំទ្រ។

ចំណែក​ការ​បោះឆ្នោត​ប្រធានាធិបតី​ពិត​ប្រាកដ​តែ​ម្តង​ គឺ​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​ នៃ​សប្តាហ៍​ ទី​ ២​ ខែ​ធ្នូ។​ សំរាប់​ឆ្នាំ​ ២០១៦​ នេះ​គឺ​ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ​ ទី​១២ ធ្នូ​ ពោល​ គឺ​ ៤ សប្តាហ៍​ក្រោយ​ការ​បោះឆ្នោត​សាកល។ សំរាប់​ការ​បោះឆ្នោត​វគ្គ​ផ្តាច់​ព្រ័ត​នេះ​ អ្នក​បោះឆ្នោត​តំណាង​ទាំង​អស់​ចំនួន​ ៥៣៨ រូប​នឹង​មិន​ជួប​ជុំ​គ្នា​នៅ​កន្លែង​ណាមួយជា​លក្ខណៈ​ថ្នាក់​ជាតិ​ឡើយ។​ ពួក​គេ​នឹង​ជួប​ជុំ​គ្នា​នៅ​តាម​រដ្ឋ​ធានី​និមួយៗប្រចាំ​​រដ្ឋ​របស់​ពួក​គេ។​

ហើយ​នាពេល​នោះ​ ​ពួក​គេ​នឹង​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ និង​អនុប្រធានាធិបតី​ដោយ​ផ្ទាល់​តែ​ម្តង។​ ១៥ ថ្ងៃ​ក្រោយ​មក​ ការ​រាប់​សន្លឹក​ឆ្នោត​នឹង​ធ្វើ​ឡើង​នាឯ​មន្ទីរ​ព្រឹទ្ធិសភា​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន។​ នាពេល​នោះ​ហើយ​ មុខមាត់​ពិត​របស់​ប្រធានាធិបតី​អាមេរិក​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ។​ ចំណែក​ពិធី​តែងតាំង​ចូល​កាន់​មុខ​តំណែង​ផ្លូវការ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២០​ ខែ​មករា​ ឆ្នាំ​២០១៧។

តើ​អ្នក​បោះឆ្នោត​តំណាង​ចាំបាច់​ត្រូវ​គោរព​តាម​ការ​បោះឆ្នោត​ប្រជាជន​ដែរ​ឬទេ?
រដ្ឋ​ចំនួន​ ២៤ មាន​ច្បាប់​ពិសេស​ចែង​ច្បាស់​ថា​ អ្នក​បោះឆ្នោត​តំណាង​ត្រូវ​តែ​មាន​ភារកិច្ច​ចាំបាច់​បោះឆ្នោត​ស្រប​ទៅ​តាម​ចំនួន​មតិ​ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋរស់​នៅ​ក្នុង​រដ្ឋ​របស់​ខ្លួន​។​ ហើយ​អ្នក​បោះឆ្នោត​តំណាង​នោះ​ចាំបាច់​ត្រូវ​បោះឆ្នោត​ជូន​បេក្ខជន​ប្រធានាធិបតី​ចេញ​ពី​គណបក្ស​ណា​ ដែល​ខ្លួន​តំណាង​អោយ។​ សូម​បញ្ជាក់ថា​​ ជាទូទៅ​ មុន​នឹង​ត្រូវ​បាន​តែងតាំង​ជា​អ្នក​បោះឆ្នោត​តំណាង​ បុគ្គល​នោះ​ត្រូវ​បាន​គណបក្ស​ និង​បេក្ខជន​ប្រធានាធិបតី​ពិនិត្យ​មើល​ប្រវត្តិ​រូប​យ៉ាង​ល្អិត​ល្អន់។​

លើសពី​នេះ​ បុគ្គល​នោះ​ត្រូវ​ចូល​ស្បថ​សច្ចា​ប្រណិធាន​ស្មោះ​ស្ម័គ្រ​បក្ស​ និង​បេក្ខជន​ផ្លូវការ​របស់​បក្ស។ ដើម្បី​ទទួល​បាន​សុពល​ភាព​ ​គណបក្ស​និមួយៗ​ត្រូវ​បញ្ជូន​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​តំណាង​ទៅ​អោយ​គណៈកម្មាធិការ​បោះឆ្នោត​យ៉ាង​ហោច​ណាស់​អោយ​បាន​ ១ ខែ​មុន​ថ្ងៃ​បោះឆ្នោត​ផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ