អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិនាទី​ចុងក្រោយរបស់លោកLaurent Gbagbo

ចុះផ្សាយ​នៅ​ថ្ងៃ៖

បុរសខ្លាំង​កូតឌីវ័រ លោក​laurent Gbagbo ពេលនេះ​កំពុង​លាក់ខ្លួន នៅក្នុង​Bunker ទីតាំង​ប្រយុទ្ធ​ចុងក្រោយ ក្នុង​វិមាន​ប្រធានាធិបតី​ដែល​កំពុង​ហ៊ុំព័ទ្ធ​កាន់​តែជិត ដោយ​កងទ័ព របស់​លោកAlassanne Ouattara។ លោក laurent Gbagbo កាន់តែ​ចុះខ្សោយ ដោយ​កម្លាំង​ប្រយុទ្ធ​របស់​គាត់​ត្រូវ​វាយ​បំផ្លាញ​ដោយ​អាវុធ​ធុនធ្ងន់ ប៉ុន្តែ រហូត​មកដល់​ពេលនេះ លោក​laurent Gbagbo​នៅតែ​ចចេស​មិន​ព្រម​ប្រគល់​អំណាច​ទៅ​ប្រធានាធិបតី​ឈ្នះឆ្នោត លោក​Alassanne Ouattara។

ទាហាន​ស្ម័គ្រ​លោក​Alassanne Ouattara​ក្នុង​ទីក្រុង​Abidjan
ទាហាន​ស្ម័គ្រ​លោក​Alassanne Ouattara​ក្នុង​ទីក្រុង​Abidjan ©Reuters
ផ្សាយពាណិជ្ជកម្ម

 

ពីរលើក​មកហើយ​ដែល​គេ​បាន​រំពឹង​ថា លោក​laurent Gbagbo សុខចិត្ត​ដាក់អាវុធ​ចុះចាញ់។ គាត់​ធ្លាប់​បាន​បញ្ជាក់​ទៅ​ទូរទស្សន៍​បារាំង នៅដើមសប្តាហ៍​នេះ ថា លោក​ស្រឡាញ់ជីវិត ហើយ​លោក​ក៏​មិន​ចង់ស្លាប់​ក្នុង​ការប្រយុទ្ធគ្នា​លើកនេះដែរ។ នៅយប់​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ចន្ទ គេ​ថែមទាំង​បាន​រង់ចំា លោក​laurent Gbagbo ​នៅស្ថានទូត​បារាំង​នៅទីក្រុង​Abidjan។ ប៉ុន្តែ លោក​laurent Gbagbo​មិនបាន​មក។

នៅក្នុង​បទសម្ភាសន៍ តាមទូរស័ព្ទ ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ពី​វិមាន​ប្រធានាធិបតី លោក​Laurent Gbagbo  ទទួល​ស្គាល់​ថា កម្លាំង​យោធា​មួយផ្នែក​ធំរបស់លោក​ត្រូវ​បំផ្លាញ​ក្នុង​ការប្រយុទ្ធ​គ្នាខ្លាំង នៅពីរថ្ងៃ​ចុងក្រោយនេះ ប៉ុន្តែ​ទោះយ៉ាងណា លោក ​បដិសេធ​ មិន និយាយ ថា លោក​បាន​សុំ​ដាក់​អាវុធ ចុះចាញ់ ដូច​រដ្ឋមន្រ្តីការបរទេស​បារាំង​បាន​លើកឡើង​កន្លង​មកទេ។

01:19

លោក​Laurent Gbagbo

ឈាង បុប្ផា

“យើង​នៅមិន​ទាន់​ដល់​ដំណាក់កាល​ចរចា​គ្នា​នៅឡើយទេ។ សំណួរ​ថា តើ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ប្រទេស​ណា នោះក៏​យើង​មិន​ទាន់ដឹងដែរ។ អ្វី​ដែល​ខ្ញុំ​ចង់និយាយ គឺ​ថា កាលពីថ្ងៃ​ចន្ទ កម្លាំង​របស់​យើង​បាន​ទទួល​រងការវាយប្រហារ​ពី​យន្តហោះ​ចម្បាំង​របស់បារាំង។

កងទ័ព​បារាំង​បាន​បំផ្លាញ​រថពាសដែក​ដែល​យើង​មាន។ បំផ្លាញ​ទីតាំង​យោធា បំផ្លាញ​វិមាន​ប្រធានាធិបតី និង​បំផ្លាញ​ប្រធានាធិបតី​កូតឌីវ័រ។ បារាំងបាន​បំផ្លាញ​កន្លែង​ស្តុកអាវុធ​របស់យើង។ បំផ្លាញ​ទូរទស្សន៍ វិទ្យុ។ ប៉ុន្តែ ទាហាន​បារាំង​មិន​បាន​សម្រេច បំផ្លាញ ទីតាំង​របស់​កងអាវុធហត្ថ​នៅ Agban ទេ

ពេលនេះ ទាហាន​របស់ខ្ញុំ​បាន​សុំ​ឲ្យ​បញ្ឈប់​សង្រ្គាម​ទាំងស្រុង​នៅ​កូតឌីវ័រ ជាពិសេស​ពីខាង​បារាំង។ អញ្ចឹងទៅ​យើង​អាច​ផ្អាក​រាល់​ការបាញ់គ្នា​ទៅវិញ ទៅមក។ ទាហាន​ទាំងសងខាង កំពុង​ចរចាគ្នា។ បន្ទាប់ពីនេះ ខ្ញុំ​សង្ឃឹម​ថា ទាំងស៊ីវិល និង​អ្នកនយោបាយ​របស់​ភាគី​ទាំងពីរ​នឹង​ចរចាគ្នា​ជា​បន្ត ដើម្បី​អាច​ចាកចេញពីវិបត្តិ។ តែ​សម្រាប់ពេលនេះ គឺ​មិន​ទាន់​ដល់​ដំណាក់កាល​នោះនៅឡើយទេ”។

នៅថ្ងៃ​អង្គាម្សិលមិញ នៅរដ្ឋសភាបារាំង លោក​ នាយក​រដ្ឋមន្រ្តី François Fillons ក៏​បាន​បញ្ជាក់​ដែរថា មេទាហាន​ពីរនាក់​របស់ លោក​laurent Gbagbo​បាន​ចូល​មក​ចរចា​ដើម្បី​និយាយ​ពីការសុំចុះចាញ់ នៅល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ។ ហើយ​បើតាម​មេបញ្ជាការ​ទ័ពបារាំង លោក​Edouard Guillaud មាន​តែ​ លោក​laurent Gbagbo ​ដែល​នៅរឹង​ទទឹង និង​តែងតែ​ប្តូរគំនិត នៅវិនាទី​ចុងក្រោយ មិន​លើកទង់ជ័យស។

ត្រង់ចំណុច​នេះ លោក​laurent Gbagbo បញ្ជាក់​​បក​ទៅវិញ​ថា ទាហាន​របស់លោក​បាន​ទៅ​ចរចា​ដើម្បី​ផ្អាក​ឈប់បាញ់​មួយ​រយៈ ប៉ុន្តែ​មិន​មែន​ទៅ​សុំ​ចុះចាញ់នោះ​ទេ។ ជាមួយ​គ្នា នេះ ​លោក​laurent Gbagbo ​បាន​រិះគន់​ខ្លាំងៗ​ទៅ​លើគូប្រឆាំង​របស់លោក​ដែល​ចូលដៃ​ជាមួយ​កងទ័ព​បរទេស ដើម្បី​បាន​អំណាច​ប្រធានាធិបតី ក្នុង​ប្រទេស​កូតឌីវ័រ។
 

01:13

លោក​Laurent Gbagbo ចោទ​កម្លាំ​ងទ័ព​អន្តរជាតិ​ដែល​ធ្វើ​អន្តរាគមន៍​នៅ​កូតឌីវ័រ

ឈាង បុប្ផា

“ប្រសិន​បើ​យើង​សង្ឃឹម​ប្រើ​ជំនួយ​ទ័ព​អាកាស​បរទេស​ដើម្បី​អាច​បាន​តំណែង​ប្រធានាធិបតី នោះ វាច្បាស់ណាស់ថា យើង​ពិត​ជា​គ្មានច្រកចេញ​ណាមួយ​ឡើយ។ នៅថ្ងៃ​នេះ យើង​ពឹង​កងទ័ព​បារាំង នៅថ្ងៃ​ស្អែក យើង​រក​ជំនួយ​ពីទ័ព​អាកាស​ចិន ហើយ​នៅថ្ងៃ​ខានស្អែក យើង​អំពាវនាវ​រក​យន្តហោះ​រុស្ស៊ី។ យើង​មិន​អាច​រកច្រកចេញ​នយោបាយ​ដោយ​វិធីសាស្រ្ត​នេះទេ។

តើ​លោក​laurent Gbagbo ​ប្រុង ចង់​តស៊ូ​ដល់​ពេលណា?
“គ្មាន​ដល់​ពេលណាទេ។ ខ្ញុំ​បាន​និយាយ​ហើយ​ថា ខ្ញុំជា​អ្នកឈ្នះឆ្នោត។ គូប្រកួតប្រជែង​ខ្ញុំ​គេ​ថា គេ​ឈ្នះដែរ។ អញ្ជឹង​ខ្ញុំ​និយាយ​ថា បាន យើង​អង្គុយចុះ​ចរចា​គ្នា និង​រក​អំណះអំណាង​មក​បញ្ជាក់។ នេះ​ហើយ​អ្វី​ដែល​ខ្ញុំ​បាន​សុំ​កន្លងមក។ ប៉ុន្តែ គ្មាន​អ្នកណា​ស្តាប់ខ្ញុំ​ទេ។ យើង​ត្រូវ​ដឹង​ថា នេះ គឺ​ជា​ដំណាក់កាលបោះឆ្នោត។ នៅក្រោយ​ការបោះឆ្នោត បេក្ខជន​ទាំងពីរ​តែងតែ​ទាមទារ​ជាអ្នកឈ្នះ បើតាមពិត​ទៅ គឺ​មាន​តែ​ម្នាក់​ទេ​ដែល​ប្រជាជន​បោះឆ្នោត ជ្រើសរើស។ ម្នាក់ទៀត ភ័ន្តច្រឡំ ឬ​ក៏​បាន​និយាយ​កុហក។ នេះ​ហើយ ជាអ្វី​ដែល​គេ​ត្រូវ​ដោះស្រាយ ពេលនេះ”។

រដ្ឋមន្រ្តី​ការបរទេស​បារាំង​ធ្លាប់​បាន​លើកឡើង នៅល្ងាច​ថ្ងៃ​អង្គារម្សិលមិញ​ថា បារាំង​កំពុង​រកច្រកចេញ​សម្រាប់​លោក​ laurent Gbagbo។ បារាំង​បាន​សុំ​ទៅ​អង្គការ​សហប្រជាជាតិ​ឲ្យ​រក្សា​សុវត្ថិភាព​ផ្លូវកាយ​ដល់​លោក​ laurent Gbagbo និង​គ្រួសារ បើសិន​លោក​ Ouattara ​ព្រមចុះចេញពីអំណាច។ ហើយ លោក​ laurent Gbagbo​ក៏​ត្រូវ​សរសេរ​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ ដែល​ថា លោក​ទទួល​ស្គាល់​លោក​Allassane Ouattara ជាអ្នកឈ្នះឆ្នោត និង​ប្រគល់​តំណែង​ប្រធានាធិបតី​ទៅ​ឲ្យ​លោក​ Ouattara។ ការទាមទារ​ឲ្យ​មាន​បញ្ជាក់​តាមក្រដាស​ថា លោក​ត្រូវ​ប្រគល់​អំណាច​ប្រធានាធិបតី​ឲ្យ​លោក​Ouattara នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក ​ laurent Gbagbo​ដូរចិត្ត​លែង​ចរចា ម្តង ជាពីរដង។

ការចរចា​នៅយប់​ថ្ងៃ​អង្គារ​ចូល​ដល់​ថ្ងៃ​ពុធ​ទទួល​បរាជ័យ​ជា​ថ្មី។ កងទ័ព​ស្ម័គ្រ​នឹង​លោក​ Allassane Ouattara នៅព្រឹកថ្ងៃ​ពុធ​នេះ កំពុង​សម្រុក​ចូល​ក្នុង​អគារ​ប្រធានាធិបតី និង​កំពុង​ដើររក​ចាប់ខ្លួន លោក​ Gbagbo គឺ​ចាប់ទាំងរស់។ បារាំង​វិញ​ដែល​ធ្លាប់​បាន​ចូលរួម​វាយប្រហារ​ទៅ​លើ​ទីតាំងទ័ព​របស់​លោក​ Gbagbo កាលពី ពីរថ្ងៃ​មុន បាន​បញ្ជាក់​នៅថ្ងៃ​នេះ បារាំង មិន​ចូលរួម​ក្នុង​ការប្រយុទ្ធសម្រុកចុងក្រោយ​ទៅ​លើ​វិមាន​ប្រធានាធិបតីទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ