អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាស៊ីកណ្តាល​​បញ្ជូន​ថាមពល​អគ្គិសនី​ទៅ​អាស៊ីខាងត្បូង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ក្នុងខែឧសភា​កន្លងទៅ​ នៅ​សាធារណរដ្ឋ​តាហ្ស៊ីគីស្ថាន តំបន់​អាស៊ី​កណ្តាល​ មាន​ប្រព្រឹត្តទៅ​យ៉ាង​ឧឡារឹក ពិធី​ចាប់ផ្តើម​សមិទ្ធិ​គម្រោង ក្រោម​ឈ្មោះ​ថា CASA-1000 ជា​ពាក្យបំព្រួញ​នៃឈ្មោះ​ពេញ​ដែលថា The Central Asia – South Asia 1000 Megawatt។ បាន​អញ្ជើញ​ចូលរួម ក្នុងពិធី​នេះ គឺ ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន នាយករដ្ឋមន្ត្រី​កៀហ្ស៊ីស៊ីស្ថាន នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ប្រមុខ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន អនុរដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.។

មេដឹកនាំ​​​តាហ្ស៊ីគីស្ថាន ​​កៀហ្ស៊ីស៊ីស្ថាន ​​ប៉ាគីស្ថាន ​​​អាហ្វហ្កានីស្ថាន ​​​ស.រ.អា. ក្នុង​ពិធី​​ចាប់ផ្តើម​​សមិទ្ធិ​​គម្រោង CASA-1000
មេដឹកនាំ​​​តាហ្ស៊ីគីស្ថាន ​​កៀហ្ស៊ីស៊ីស្ថាន ​​ប៉ាគីស្ថាន ​​​អាហ្វហ្កានីស្ថាន ​​​ស.រ.អា. ក្នុង​ពិធី​​ចាប់ផ្តើម​​សមិទ្ធិ​​គម្រោង CASA-1000
ផ្សាយពាណិជ្ជកម្ម

ពិធីសម្ពោធ​ជា​ផ្លូវការ គម្រោង​ខាង​បញ្ជូន​ថាមពល​អគ្គិសនី ពី​តំបន់​អាស៊ីកណ្តាល​​ទៅ​អាស៊ី​ខាងត្បូង ក្នុង​បរិមាណ​ចាប់ពី ១.០០០ Megawatt ឡើងទៅ​ក្នុង​១ឆ្នាំៗ បាន​ប្រព្រឹត្ត​ទៅ នៅក្រុង Tursunzadé ចម្ងាយ​៦០គ.ម. ពី​ក្រុង Douchanbé រដ្ឋធានី​តាហ្ស៊ីគីស្ថាន។ ស្របនឹង​គម្រោង​នេះ តាហ្ស៊ីគីស្ថាន និង កៀហ្ស៊ីស៊ីស្ថាន អាច​បញ្ជូន​ថាមពល​អគ្គិសនី ទៅ​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន ក្នុង១ឆ្នាំៗ រហូតដល់ ៥.០០០លាន គីឡូវ៉ាត់-ម៉ោង ចាប់ពី​ឆ្នាំ ២០១៨​ទៅ។

គម្រោង CASA-1000 គាំទ្រ​ដោយ ធនាគារ​ពិភពលោក ធនាគារ​អ៊ីស្លាម​ខាង​អភិវឌ្ឍន៍ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់ស.រ.អា. USAID ក្រសួងការបរទេសអាមេរិកាំង ក្រសួង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​រាជាណាចក្រ​អង់គ្លេស ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​អូស្ត្រាលី។

ការងារ​រួមគ្នា​ជុំវិញគម្រោង CASA-1000 ដែល​តម្រូវឲ្យ​ចំណាយ​ដល់ ជាង​១.០០០លានដុល្លារ បន្តទៅ​១០ឆ្នាំ​មកហើយ ហើយ​ប្រមើល​សង់ឡើង​ជា ប្រព័ន្ធនៃ​បង្គោល​ខ្សែកាប​នាំចរន្ត​អគ្គិសនី ប្រវែង​សរុប​គឺ១.៣០០គ.ម. សម្រាប់​បង្ហូរ​ចរន្តនេះ​ ចេញពី​ស្ថានីយ​វារី​អគ្គិសនី នៅ​តាហ្ស៊ីគីស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន ទៅកាន់​ប្រទេស​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន។ ក្នុង ១.៣០០គ.ម.នោះ ៤៤៧គ.ម. គឺកាត់​តាម​ដែនដី តាហ្ស៊ីគីស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន និង​៧៥០គ.ម.កាត់តាម​ដែនដី អាហ្វហ្កានីស្ថាន​ និង​​ប៉ាគីស្ថាន។

ពួក​អ្នកតំណាង​នៃ​៤ប្រទេស​នេះ រមែង​ថ្លែងថា​ គម្រោង​ CASA-1000 គឺបើក​ចំហ​ សម្រាប់​ គ្រប់ តែ​សាមី​ភាគី​ណា ដែលប្រាថ្នា​រួមចំណែក​ដែរ​ ឧទាហរណ៍​ សាធារណរដ្ឋ​អ៊ូសបេគីស្ថាន ដែល​តែង​ដើរតួ ជាប្រទេស​លក់​ផលិតផលអគ្គិសនី​របស់ខ្លួន​នៅ​តំបន់។

គម្រោង​ CASA-1000 ​មិនគ្រាន់​តែអនុញ្ញាត​ដល់រដ្ឋ​ដែលក្រីក្រ​ជាងគេ​នៃអតីត​សហភាព​សូវៀត បែបយ៉ាង តាហ្ស៊ីគីស្ថាន​ ​និង​កៀហ្ស៊ីស៊ីស្ថាន ឲ្យលក់​អគ្គិសនីខ្លួន​ដែល​នៅសល់​ប្រើ​មិនអស់ ក្នុង​រដូវក្តៅ ប៉ុន្តែ​ថែមទាំង​ជួយគេ​ ឲ្យដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​ភ្លើង នៅតាម​ប្រទេស​ទាំងនេះ ដែល​នៅរដូវ​ធ្លាក់​ទឹកកក ជា​រដូវ​រងា គឺតែង​ខ្វះភ្លើង​ប្រើប្រាស់​ជានិច្ច។ ជាក់ស្តែង​ នៅ​តាហ្ស៊ីគីស្ថាន ក្នុង​៥ឆ្នាំ​ចុងក្រោយ អ្នកស្រុក​តែង​រងគ្រោះ​នឹង​កង្វះភ្លើង។ លើកលែង​តែក្រុង​ធំៗ និង​រដ្ឋធានី ដែលភ្លើង​មិនចេះ​ដាច់ទេ នៅតាម​ជនបទ​វិញ គឺ​ដាច់ភ្លើង​ក្នុង១ថ្ងៃ​១យប់​ ដល់ទៅ​ ១២-១៦ម៉ោង ហើយដាច់​ដល់ទៅ​ ៧-៨ខែ ក្នុង​១ឆ្នាំ។

ប៉ុន្តែ​ ថ្លែងក្នុង​ពិធី​ចាប់ផ្តើម​សមិទ្ធិ​គម្រោង CASA-1000 លោក​ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន Emomali Rakhmon លើកឡើង​ថា ស្ថានីយ​វារីអគ្គិសនី​ប្រទេស​គាត់ ផលិតភ្លើង​ក្នុង​១ឆ្នាំៗ​ បាន​ដល់ជាង ៥២៧.០០០លាន​គីឡូវ៉ាត់-ម៉ោង ដែលពី​ក្នុងនោះ នៅ​រដូវក្តៅ ប្រទេសគាត់​ប្រើ​អស់តែ​ ៥%ប៉ុណ្ណោះ​ ដូច្នេះ ប្រទេស​គាត់អាច​លក់ភ្លើង​ទៅក្រៅ ៥.០០០លាន​គីឡូវ៉ាត់-ម៉ោង ក្នុង​១ឆ្នាំៗ។ មិនតែ​ប៉ុណ្ណោះ គម្រោង ​CASA-1000  ជួយ​តាហ្ស៊ីគីស្ថាន​ឲ្យសម្រេច​បាន​ នូវ​ឯករាជ្យ​ថាមពល។

ចំណែក​លោក​នាយករដ្ឋមន្ត្រី កៀហ្ស៊ីស៊ីស្ថាន Sooronbai Zheenbekov ថ្លែងថា​ ប៉ាគីស្ថាន​ និង អាហ្វហ្កានីស្ថាន​ នឹង​ទទួលបាន​អគ្គិសនី​ស្អាតបរិសុទ្ធ​ផ្នែក​បរិស្ថាន  ដែល​ផលិតដោយ​ ស្ថានីយ វារីអគ្គិសនី​នៅ​កៀហ្ស៊ីស៊ីស្ថាន និង​តាហ្ស៊ីគីស្ថាន។​ គម្រោង​ CASA-1000  បង្ហាញឲ្យ​ឃើញ​ពី​ឆន្ទៈ​សហការ​គ្នា រវាង​ប្រទេស​នៅ​តំបន់។

ថ្លែងក្នុង​ពិធី​នោះ លោក​ប្រមុខ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ Abdullah Abdullah​ មាន​ប្រសាសន៍៖ តំបន់​យើង​កំពុង​ប៉ះទង្គិច​នឹង​ការគម្រាម​ធំៗ​នៅ​ក្នុងលោក​ បែបយ៉ាង​ ភេរវនិយម​អន្តរជាតិ។​ ទោះ​យ៉ាងណា​ក្តី ក៏​អ្នកស្រុក​តំបន់ មាន​បណ្តាជន​អាហ្វហ្កានីស្ថាន​​ជាដើម ដោយ​ប្រយុទ្ធទល់​នឹង​អកុសលនេះ សំដែង​នូវឆន្ទៈ​និង​បំណងខ្លួន​ កសាង​អនាគត​ភ្លឺស្វាង​តែម្តង។

លោក​អនុរដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Daniel Rozenblum ដែល​ប្រកាស​ថា ក្រុង​វ៉ាស៊ីតោន រួម​វិភាគទាន​ខ្លួន ១៥លានដុល្លារ​ទៅក្នុង​គម្រោង CASA-1000 សង្កេតឃើញ​ថា បណ្តា​ប្រទេស​នៅតំបន់ អាច​មូល​មតិគ្នា មិនមែន​គ្រាន់តែ​ជុំវិញ​ បញ្ហា​បច្ចេកទេស​ប៉ុណ្ណោះ​ទេ តែក៏ទាំង​ជុំវិញ​បញ្ហានយោបាយ​ទៅផង។

គួរ​និយាយ​ថា  សមិទ្ធិកម្ម​គម្រោង CASA-1000  ដែល​ចាប់ផ្តើម​ជា​ផ្លូវការ​ក្នុងខែ​ឧសភា​កន្លងទៅ គឺយោង​ទៅលើ​កិច្ចព្រមព្រៀង ចុះកាលពី​ថ្ងៃ២៤វិច្ឆិកា​ឆ្នាំទៅ​មិញ នៅឯ​ប្រទេស​តួកគី ដោយ រដ្ឋមន្ត្រី​ក្រសួង​ថាមពល ៤ប្រទេស​ពាក់ព័ន្ធ​នោះ គឺ​តាហ្ស៊ីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន។

ពេល​បំពេញ​ទស្សនកិច្ច​ថ្នាក់រដ្ឋ​នៅ​ប៉ាគីស្ថាន ក្នុងខែ​វិច្ឆិកា​ឆ្នាំ២០១៥​ ប្រមុខរដ្ឋ​តាហ្ស៊ីគីស្ថាន លោក Emomali Rakhmon បាន​ថ្លែងថា ការ​សាងសង់​ប្រព័ន្ធ​បង្គោល​ខ្សែកាប នាំ​ចរន្ត​អគ្គិសនី ពី​អាស៊ីកណ្តាល ទៅ​អាស៊ី​ខាងត្បូង នឹងចប់​ជា​ស្រចបាច់ នៅ​ដំណាច់ឆ្នាំ​២០១៧។

ស្របនឹង​កិច្ចព្រមព្រៀង​នេះ គឺ​ក្នុងឆ្នាំ​២០១៨ ដែល​ប៉ាគីស្ថាន​ចាប់ផ្តើម​ទទួល​អគ្គិសនី ពី​តាហ្ស៊ីគីស្ថាន​និង កៀហ្ស៊ីស៊ីស្ថាន ក្នុង១ឆ្នាំៗ​ ១.០០០ Megawatt ហើយ ​អាហ្វហ្កានីស្ថាន​​នឹង​ទទួលបាន​ ៣០០ Megawatt រួច​ប្រសិនបើ​អាហ្វហ្កានីស្ថាន​គ្មាន​សមត្ថភាព ប្រើ​ថាមពល​នេះទេ នោះ ប៉ាគីស្ថាន​នឹងរ៉ាប់រង​ប្រើវា​ទាំងអស់។ ដូច្នេះ តាហ្ស៊ីគីស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន ក្នុង​រដូវក្តៅ​អាចនាំចេញ ទៅ​ប៉ាគីស្ថាន និង អាហ្វហ្កានីស្ថាន គឺ​អគ្គិសនី ដែលខ្លួន​ប្រើ​មិនអស់​ក្នុង១ឆ្នាំៗ​ដល់ទៅ ១.៣០០ Megawatt។

តម្លៃ​សរុប​នៃគម្រោង​ CASA-1000  គឺ​តម្រូវឲ្យ​ចំណាយជាង​ ១.០០០លានដុល្លារ ដែលពី​ក្នុងនោះ ធ្លាក់​ទៅលើ​តាហ្ស៊ីគីស្ថាន គឺ ៣១៤លានដុល្លារ ធ្លាក់ទៅលើ​កៀហ្ស៊ីស៊ីស្ថាន គឺ​២០៩លាន ដុល្លារ ធ្លាក់ទៅ​លើ អាហ្វហ្កានីស្ថាន គឺ៣៥៤លានដុល្លារ ធ្លាក់​ទៅលើ​​ប៉ាគីស្ថាន គឺ ២០៩លានដុល្លារ។ ​

គោលដៅ​នៃគម្រោង​ CASA-1000  គឺបង្កើត​ឡើងជា​ ទីផ្សារ​ថាមពល​អគ្គិសនី​ប្រចាំ​តំបន់ ​អាស៊ីកណ្តាល​និង​អាស៊ី​ខាងត្បូង

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ