អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ូលិស​អេស្ប៉ាញ​បំបែក​បណ្តាញ​ជួញដូរមនុស្ស​ក្នុង​ប្រទេស​អេស្ប៉ាញ និង​បារំាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរ៍ ទី១០ សីហា​ម្សិលមិញ ប៉ូលិស​អេស្ប៉ាញ​បាន​ប្រកាស​ពី​ការ​បើក​ប្រតិបត្តិការ​វាយបង្រ្កាប​បណ្តាញ​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ និង​ប្រទេស​បារំាង។ នៅ​ក្នុង​ប្រតិបត្តិការ​នោះ មាន​ការ​ចាប់​ខ្លួន​មនុស្ស ៧៥នាក់​ដែល​ជា​សមាជិក​របស់​អង្គការ​ជួញដូរ​មនុស្ស​ខុសច្បាប់​ចូល​ទៅ​រស់នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​សហរដ្ឋអាមេរិក។

ប៉ូលិស​អេស្ប៉ាញ​បំបែក​បណ្តាញ​ជួញដូរមនុស្ស​ក្នុង​ប្រទេស​អេស្ប៉ាញ និង​បារំាង
ប៉ូលិស​អេស្ប៉ាញ​បំបែក​បណ្តាញ​ជួញដូរមនុស្ស​ក្នុង​ប្រទេស​អេស្ប៉ាញ និង​បារំាង AFP / /SPANISH POLICE / SPANISH INTERIOR MINISTRY
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​មនុស្ស​ចាប់​ខ្លួន​ទំាង ៧៥នាក់ មាន ៥១នាក់​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ និង ២៤នាក់​នៅ​ក្នុង​ប្រទេស​បារំាង។ មនុស្ស​ចាប់​ខ្លួន​ទំាង ៧៥នាក់ គឺ​ជា​សមាជិក​របស់​អង្គការ​មួយ​ដែល​ជា​អ្នក​រៀបចំ​នំា​មនុស្ស​ដោយ​ប្រើ​លិខិតឆ្លងដែន​ខុសច្បាប់​ឆ្លង​ចូល​ទៅ​រស់នៅ​ក្នុង​ទ្វីប​អឺរ៉ុប ឬ​មួយ​ក៏​សហរដ្ឋអាមេរិក។ ជាមួយ​គ្នា​នេះ ប៉ូលិស​ក៏​រឹបអូស​បាន​ម៉ាស៊ីនកុំព្យូទ័រ ព្រម​លិខិត​ឆ្លងដែន​ក្លែងក្លាយ​ចំនួន ៨១ក្បាល​ដែល​ធ្វើ​នៅ​តៃវ៉ាន់ ហុងកុង ឬ​មួយ​ក៏​នៅ​ម៉ាឡេស៊ី។ បើ​យោង​តាម​ប៉ូលិស​អេស្ប៉ាញ ថា្នក់ដឹកនំា​សំខាន់ៗ និង​ទីស្នាក់ការកណ្តាល​របស់​អង្គការ​នេះ​ស្ថិត​ក្នុង​ទីក្រុង Barcelone ប្រទេស​អេស្ប៉ាញ។ ម្យ៉ាង​ទៀត ក្នុង​ចំណោម​មនុស្ស​ចាប់​ខ្លួន​ទំាង ៧៥នាក់ មាន ២នាក់​ជា​ជនជាតិ​អឺរ៉ុប​ដោយ​មិន​បាន​ប្រាប់​ពី​សញ្ជាតិ និង​អ្នកផ្សេង​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន។

គួរ​ជម្រាបជូន​ថា ប្រតិបត្តិការ​វាយបង្រ្កាប​បណ្តាញ​អន្តោប្រវេសន៍​ខុសច្បាប់​ពី​សំណាក់​ក្រុមប៉ូលិស​អេស្ប៉ាញ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ និង​ប្រទេស​បារំាង​នា​ថ្ងៃ​ម្សិលមិញ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប៉ូលិស​អេស្ប៉ាញ​បាន​ផ្តើម​បើក​ការ​តាមដាន ស៊ើបអង្កេត​តំាង​តែ​ពី​ខែ​កក្កដា ឆ្នំា ២០១១ មក។ តម្រូវការ​ពេល​វេលា​ស៊ើបអង្កេត​រហូត​ដល់​ទៅ​ជាង ២ឆ្នំា គឺ​មក​ពី​អង្គការ​មួយ​នេះ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ល្អ​ឥតខ្ចះ ជាមួយ​នឹង​មេខ្លោង​រស់នៅ​ក្នុង​ប្រទេស​ចិន និង​ដែល​មាន​សាខា​នៅ​ក្នុង​ប្រទេស​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ទ្វីបអឺរ៉ុប និង​អាស៊ី។ ក្រៅ​ពី​មាន​តួនាទី​ជា​អ្នក​រត់ពន្ធ​មនុស្ស​ទៅ​រស់នៅ​ក្នុង​ប្រទេសទី៣​អង្គការ​មួយ​នេះ​ក៏​បាន​ដើរ​តួនាទី​ជា​អ្នករត់ពន្ធ​ស្រ្តីពេស្យាចារ​ដែរ,។

អ្នកចង់​ចាកចេញ​ត្រូវ​ចំណាយ​លុយ​ពី ៤០ ០០០ ទៅ ៥០ ០០០អឺរ៉ូ

ជាទូទៅ មនុស្ស​ភាគច្រើន​ដែល​អង្គការ​មួយ​នេះ​បាន​នំា​ចូល​ទៅ​ក្នុង​ទ្វីបអឺរ៉ុប ឬ​មួយ​ក៏​សហរដ្ឋអាមេរិក គឺ​ជា​ជនជាតិ​ចិន។ ដើម្បី​អាច​ធ្វើ​យ៉ាង​នេះ​បាន អង្គការ​មួយ​នេះ​បាន​រៀបចំ​ធ្វើ​លិខិតឆ្លងដែន​ក្លែងក្លាយ និង​តម្រូវ​ឲ្យ​ជនជាតិចិន​ម្នាក់ៗ​ដែល​ចង់​ចាកចេញ​ត្រូវ​ចំណាយ​លុយ​ពី ៤០ ០០០ ទៅ ៥០ ០០០អឺរ៉ូ។ នៅ​ពេល​រៀបចំ​សំណុំ​ឯកសារ​ក្លែងក្លាយ​ចប់​សព្វគ្រប់​អស់​ហើយ ការ​ធ្វើ​ដំណើរ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​ស្រុក​ចិន​ទៅ​កាន់​ប្រទេស​ទី៣ ត្រូវ​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់កាល ទីមួយ មាន​អ្នកជូន​ដំណើរ​ដែល​ជា​ជនជាតិ​ចិន​ដូច​គ្នា ឬ​មួយ​ក៏​ម៉ាឡេស៊ី​ពី​ចិន​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ និង​ដំណាក់កាល​ទី២ មាន​អ្នកជូនដំណើរ​បន្ត​ពី​អេស្ប៉ាញ​ទៅ​កាន់​ប្រទេស​ទី៣ ដែល​ជា​គោលដៅ​ចុង​ក្រោយ ភាគ​ច្រើន​គឺ​សហរដ្ឋអាមេរិក និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ដូចជា​អង់គ្លេស អេស្ប៉ាញ បារំាង ក្រិក អ៊ីតាលី អៀរឡង់ ឬមួយ​ក៏​ប្រទេស​តួកគី។

គួរ​បញ្ជាក់​ជូន​ថា នៅ​ក្នុង​រយៈពេល​ធ្វើ​ដំណើរ​តំាង​ពី​ប្រទេស​កំណើត​រហូត​ដល់​ប្រទេស​គោលដៅ​ចុង​ក្រោយ អ្នកដំណើរ​ម្នាក់ៗ​បាន​ទទួល​ការ​ណែនំា​យ៉ាង​ល្អិតល្អន់​ពី​អង្គការ ក៏​ដូច​ជា​អ្នកជូន​ដំណើរ​ដែរ ពិសេស​នៅ​ពេល​ឆ្លងកាត់​ប៉ុស្តប៉ូលិសព្រំដែន​ម្តងៗ ដោយ​គេ​ឲ្យ​អ្នកដំណើរ​រូប​នោះ​ចូល​ទៅ​បន្លំខ្លួន​នៅ​ក្នុង​ជួរក្រុមអ្នកទេសចរណ៍​ជាដើម។

និយាយ​ពី​បុគ្គលិកលក្ខណៈ​របស់​អ្នកជូន​ដំណើរ​វិញ ទោះ​បី​ជា​អ្នកនោះ ជា​ជនជាតិ​ចិន ឬ​មួយ​ក៏​ម៉ាឡេស៊ី គឺ​ជា​មនុស្ស​ស្មោះត្រង់ និង​ទុកចិត្ត​របស់​អង្គការ ព្រម​ទំាង​ស្គាល់​ច្បាស់​អំពី​ភូមិសាស្រ្ត​របស់​អាកាសយានដ្ឋាន​នីមួយៗ​ដែល​គេ​ឆ្លងកាត់។ មួយ​វិញ​ទៀត ទំាង​អ្នកជូនដំណើរ​នៅ​ក្នុង​វគ្គទី១ និង​ទី២ ត្រូវ​តែ​រួសរាន់​វិល​ទៅ​កាន់​ប្រទេសដើម​របស់​ខ្លួន​វិញ ដើម្បី​ចៀសវាង​ការ​តាមដាន​ស៊ើបអង្កេត​ពី​ប៉ូលិស។

អ្នកចាកចេញ​ជា​ស្រ្តី ច្រើន​ធ្លាក់​ខ្លួន​ជា​ស្រី​លក់​ខ្លួន​ក្នុង​ប្រទេសទី៣

ជា​រួម ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ភាគច្រើន គឺ​ដើម្បី​ស្វែង​រក​អនាគត​ល្អ​ដែល​ពួក​គេ​គិត​ថា មាន​តែ​នៅ​អឺរ៉ុប និង​អាមេរិក​ទេ។ ដើម្បី​អាច​ទៅ​ដល់​ប្រទេស​ទី៣​បាន ម្នាក់ៗ​ត្រូវ​ចំណាយ​លុយ​ពី ៤ម៉ឺន ទៅ ៥ម៉ឺនអឺរ៉ូ។ ជា​ទូទៅ គេ​សង្កេត​ឃើញ​ថា មាន​ជនជាតិ​ចិន​ដែល​គ្មាន​លុយ​បាន​ទៅ​ចងការ​លុយ​គេ​ដើម្បី​អាច​ចេញ​បាន។ តែ​បញ្ហា​នៅ​ត្រង់​ថា នៅ​ពេល​បាន​មក​ដល់​ប្រទេសទី៣​ហើយ មិន​ថា​អឺរ៉ុប ឬ​មួយ​ក៏​អាមេរិក​ទេ មាន​ភាគ​ច្រើន​ហាក់​ដូច​ជា​បាន​ខកចិត្ត​យ៉ាង​ខ្លំាង ខកចិត្ត​ដោយសារ​តែ​អនាគត​ល្អ​ដែល​ពួក​គេ​បាន​ស្រមើលស្រម៉ៃ​នោះ មិន​ពិត​ទាល់​តែ​សោះ។ ភាសា​ក៏​មិន​ចេះ សំបុត្រស្នាម​ស្របច្បាប់​ក៏​គ្មាន​ដែរ ព្រោះ​ថា តម្លៃ ៤ម៉ឺន ឬ ៥ម៉ឺន​ដែល​ម្នាក់ៗ​បាន​ចំណាយ​នោះ គឺ​បាន​ត្រឹម​ទៅ​​ជាន់​ដល់​ដី​អឺរ៉ុប ឬ​មួយ​អាមេរិក​ប៉ុណ្ណោះ គឺ​មិន​បាន​ធានា​ដល់​ការ​រស់នៅ​ស្របច្បាប់​របស់​ពួក​គេ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​អ្នក​ខ្លះ ភាគច្រើន​ជា​ស្រ្តី ត្រូវ​បង្ខំចិត្ត​រកស៊ី​លក់ខ្លួន​ដើម្បី​សងបំណុល​គេ​នៅ​ស្រុកកំណើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ