អានតួអត្ថបទ
ថៃ-សហភាពអឺរ៉ុប

សហភាព​អឺរ៉ុប​ព្យួរ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ថៃ​ដោយសារ​រដ្ឋប្រហារ

នៅថ្ងៃ​ចន្ទ​នេះ សហភាព​អឺរ៉ុប​បាន​សម្រេច​ព្យួរ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការ​ធ្វើ​រដ្ឋប្រហារ កាល​ពី​ខែ​ឧសភា។ នៅឯ​ប្រទេស​ថៃ​ឯណោះវិញ របបសឹក​បាន​បង្កើន​ការ​បង្រ្កាប​ទៅលើ​អ្នក​ប្រឆាំង​នឹង​រដ្ឋប្រហារ ដោយ​បាន​ប្រកាស​ផ្តល់​រង្វាន់​ដល់​អ្នកណា​ដែល​ជួយ​ផ្តល់​ព័ត៌មាន ដែល​អាច​នាំទៅដល់​ការ​ចាប់ខ្លួន​អ្នក​តវ៉ា​ប្រឆាំង។

​លោក​ប្រាយុទ្ធ ចាន់អូចា មេដឹកនាំ​របបសឹកថៃ (រូបថតឯកសារ)
​លោក​ប្រាយុទ្ធ ចាន់អូចា មេដឹកនាំ​របបសឹកថៃ (រូបថតឯកសារ) ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុងកិច្ចប្រជុំ នៅ​ក្នុង​ប្រទេស​លុចសំបួរ នៅថ្ងៃ​ចន្ទ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​សហភាព​អឺរ៉ុប​បាន​ថ្កោលទោស​ការ​ធ្វើ​រដ្ឋប្រហារ នៅ​ក្នុង​ប្រទេស​ថៃ ហើយ​បាន​ព្រមព្រៀង​គ្នា​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​ដាក់ទណ្ឌកម្ម​ចំពោះ​របបសឹកថៃ និង​ដើម្បី​បង្ខំ​ឲ្យ​ថៃ​វិលត្រឡប់​ទៅរក​គន្លង​ប្រជាធិបតេយ្យវិញ​ជា​បន្ទាន់។

វិធានការទាំងនេះ​រួមមាន​ការ​ផ្អាក​រាល់​ដំណើរទស្សនកិច្ច​ផ្លូវការ​របស់​មន្រ្តី​សហភាព​អឺរ៉ុប​ទៅកាន់​ប្រទេស​ថៃ ព្រមទាំង​ផ្អាក​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាដៃ​គូ ដែល​សហភាព​អឺរ៉ុប​គ្រោង​ចុះ​ជាមួយថៃ។ សហភាព​អឺរ៉ុប​ក៏​បាន​ទាមទារ​ផងដែរ​ឲ្យ​របបសឹកថៃ​ដោះលែង​រាល់​អ្នក​ទោស​នយោបាយ ព្រមទាំង​គោរព​នូវ​សិទ្ធិសេរីភាព​របស់​ប្រជាជន។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ក្រោយ​កិច្ចប្រជុំ​នៅថ្ងៃ​ចន្ទ​នេះ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​បន្ថែម​​​ថា បណ្តា​ប្រទេស​នីមួយៗ ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប​ក៏​​នឹង​ធ្វើការ​សើរើ​មើល​ឡើងវិញ​ផងដែរ នូវ​ទំនាក់ទំនង​យោធា​ទ្វេភាគី​ជាមួយ​ថៃ ហើយថា ទំនាក់ទំនង រវាង​សហភាព​អឺរ៉ុប និង​ថៃ អា​ចវិលត្រឡប់​មក​រក​ប្រក្រតីភាព​ឡើងវិញបាន​ទាល់តែ​មេដឹកនាំ​របបសឹក​រៀបចំ​ដំណើរការ​បោះឆ្នោត​ស្របតាម​លទ្ធិប្រជាធិបតេយ្យ ដើម្បី​វិលត្រឡប់​ទៅរក​របបដឹកនាំ​ស្របតាម​រដ្ឋធម្មនុញ្ញ។

នៅឯ​ប្រទេស​ថៃ​ឯណោះវិញ របបសឹក​កំពុងតែ​បង្កើន​សកម្មភាព​បង្រ្កាប​ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋប្រហារ ដោយ​អគ្គស្នងការ​រង​ប៉ូលិស​ជាតិ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP ថា ប៉ូលិស​នឹង​ផ្តល់​រង្វាន់​ដល់​អ្នកណា​ដែល​ផ្តល់​ភស្តុតាង​ដល់​អាជ្ញាធរ ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ។

គួរបញ្ជាក់ថា កាល​ពីថ្ងៃ​អាទិត្យ​ប៉ូលិស​បាន​ព័ទ្ធ​ចាប់​បុរសម្នាក់ នៅ​ក្នុង​ទីក្រុង​បាងកក នៅ​ក្នុង​ពេល​ដែល​គាត់​កំពុង​អានសៀវភៅ​ប្រលោមលោក​មួយ​​របស់ George Orwell ដែល​មានអត្ថន័យ​ប្រឆាំង​នឹង​របបផ្តាច់ការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ