អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេដឹកនាំ​កងទ័ព​ថៃ​ទៅចិន ​ក្នុងពេល​ថៃ​កំពុង​រង​ការ​ស្តីបន្ទោស​ពី​លោក​ខាង​លិច​រឿង​រដ្ឋប្រហារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ពុធ​នេះ គណៈប្រតិភូមួយក្រុម​របស់​រដ្ឋាភិបាល​យោធា​ថៃ ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ បាន​ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ចិន។ នេះ​​​ជា​ដំណើរទស្សនកិច្ច​ក្រៅប្រទេស​ដ៏កម្រមួយ ចាប់តាំង​ពី​កងទ័ព​ថៃ​ឡើងកាន់​អំណាច ដោយ​រដ្ឋប្រហារ កាល​ពីថ្ងៃ​ទី២២​ឧសភា​កន្លងទៅ។ រដ្ឋប្រហារ​ដែល​ទទួល​រងនូវ​ការ​ថ្កោលទោស​ពី​សំណាក់​ប្រទេស​លោកខាងលិច ជាពិសេស ពី​សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ថៃ។

លោក​ប្រយុទ្ធ ចាន់អូចា ប្រមុខរដ្ឋាភិបាល​យោធា​ ជួប​ជាមួយ​ឯកអគ្គរាជទូតថៃ​នៅ​បរទេស ក្នុងពេល​ដែល​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន ថ្ងៃ​ពុធ ១១​មិថុនា ២០១៤
លោក​ប្រយុទ្ធ ចាន់អូចា ប្រមុខរដ្ឋាភិបាល​យោធា​ ជួប​ជាមួយ​ឯកអគ្គរាជទូតថៃ​នៅ​បរទេស ក្នុងពេល​ដែល​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន ថ្ងៃ​ពុធ ១១​មិថុនា ២០១៤ REUTERS/Chanat Katanyu
ផ្សាយពាណិជ្ជកម្ម

 

បើ​តាម​ការ​ប្រកាស​របស់​ឧត្តមសេនីយ៍ ស៊ូរ៉ាសាក់ កាញ់ចាណារ៉ាត់ (Surasak Kanjanarat) រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ថៃ គណៈប្រតិភូថៃ​នឹង​ត្រូវ​ជួប​ជាមួយ​នាយសេនាធិការ​រង​នៃ​កងទ័ព​ចិន ដើម្បី​ជជែក​អំពី​ទំនាក់ទំនង​រវាង​កងទ័ព​ទាំងពីរ អំពី​គម្រោង​ហ្វឹកហ្វឺន​កងទ័ព​រួមគ្នា និង​អំពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់។

គួរបញ្ជាក់ថា ខុសពី​ប្រទេស​មួយចំនួន ជាពិសេស ប្រទេស​លោកខាងលិច ដែល​នាំគ្នា​ថ្កោលទោស​រដ្ឋប្រហារ​របស់​មេទ័ពថៃ ចិនវិញ មិនត្រឹមតែ​មិន​បាន​​ថ្កោលទោស​រដ្ឋប្រហារ​ថៃ​នោះទេ តែ​ថែម​ទាំង​បង្ហាញ​ពី​ជំហរ​គាំទ្រ​ទៀតផង។

មេដឹកនាំ​កងទ័ព​ថៃ​បាន​អះអាង​ទៅទៀត​ថា ចិន​គាំទ្រ​រដ្ឋាភិបាល​យោធា​ថៃ​បច្ចុប្បន្ន ក្រោយ​ពី​ឯកអគ្គរដ្ឋទូត​ចិន​បាន​ចូល​ជួប​មេដឹកនាំ​កងទ័ព​ថៃ កាល​ពី​សប្តាហ៍​មុន។ ម្យ៉ាងទៀត កាល​ពីថ្ងៃ​ចន្ទ ក្រុមហ៊ុន​ទូរស័ព្ទ​ China Mobile ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​របស់​ចិន​ទើប​នឹង​បាន​ព្រមព្រៀង​ចូលហ៊ុន​​ប្រមាណ​ជា​ ៨៨០លាន​ដុល្លារ​ ដើម្បី​រកស៊ី​​ជាមួយ​ក្រុមហ៊ុន​ទូរស័ព្ទ​​របស់​ថៃ ដែល​​ជា​កិច្ច​សន្យា​វិនិយោគ​ដ៏ធំ​បំផុត ចាប់​តាំង​ពី​រដ្ឋាភិបាល​យោធា​ថៃ​ឡើង​កាន់​អំណាច។

ជំហរ​របស់​ចិន ចំពោះ​រដ្ឋប្រហារ​នៅថៃ វា​មិនមែន​ជា​រឿង​ចម្លែក​នោះទេ។ តាំង​ពីដើម​មក ចិនតែងតែ​ប្រកាន់​យក​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ ហើយ​​ជាទូទៅ គេ​សង្កេតឃើញ​ថា រដ្ឋាភិបាល​ចិន​មិនដែល​ប្រកាន់​ថា មេដឹកនាំ​ណា​ជា​មេដឹកនាំ​ដែល​កើតចេញ​ពី​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ ឬ​ក៏​ជា​មេដឹកនាំ​ផ្តាច់ការ​ទេ ឲ្យ​តែ​មាន​ផលប្រយោជន៍ ចិន​អាច​សហការ​ អាច​ធ្វើការ​រកស៊ី​ជាមួយ​បាន​ទាំងអស់។

ម្យ៉ាងទៀត ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​នៅថៃ មិនមែន​ជា​រឿង ដែល​ត្រូវ​ឲ្យ​ចិន​ស្តាយស្រណោះ​នោះដែរ ពីព្រោះ​ចិន​មិនដែល​ស្រឡាញ់​ចូលចិត្ត​លទ្ធិប្រជាធិបតេយ្យ​នេះទេ។ កាល​ពីថ្ងៃ​ចន្ទ​កន្លងទៅនេះ កាសែត​ផ្លូវការ​របស់​បក្ស​កុម្មុយនិស្ត​ចិន ទើប​នឹង​បាន​ចុះផ្សាយ​បទវិចារណកថា​មួយ លើកឡើង​ពី​ភាព​អនាធិបតេយ្យ ឬ​សង្រ្គាម​ស៊ីវិល ដែល​បង្ក​ឡើង​ដោយ​របប​ប្រជាធិបតេយ្យ តាមបែប​លោកខាងលិច ដោយ​ក្នុងនោះ ចិន​បាន​លើកឡើង​ចំៗ ពី​ឧទាហរណ៍​នៃ​ប្រជាធិបតេយ្យ​នៅ​ប្រទេសថៃ​នេះ​តែម្តង។

ថៃ​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​មួយ​​របស់អាមេរិក នៅ​ក្នុង​តំបន់​អាស៊ី។ ក៏ប៉ុន្តែ ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃទី២២​ឧសភា​មក ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង​ខ្លាំង។ រដ្ឋាភិបាល​អាមេរិក​​បាន​ថ្កោលទោស​ការ​ធ្វើ​​រដ្ឋប្រហារ ​និង​បាន​ទាមទារ​ឲ្យថៃ​វិលត្រឡប់​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​វិញ។ លើសពីនេះ​ទៅទៀត​ ជំនួយ​យោធា​ គម្រោង​ធ្វើ​សមយុទ្ធ​រួមគ្នា ព្រមទាំង​គម្រោង​ដំណើរទស្សនកិច្ច​របស់​មន្រ្តី​យោធា​ថៃ​ទៅ​អាមេរិក​ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន​ប្រកាស​ផ្អាក​មួយ​រយៈ​ផងដែរ។

ការណ៍​ដែល​មេដឹកនាំ​រដ្ឋាភិបាល​យោធា​ថៃ​​ទៅ​បង្ហាញ​ភាព​ជិតស្និទ្ធ​ជាមួយ​ចិន នៅពេលនេះ វា​មិនមែន​ជា​រឿង​ល្អ​ទេ សម្រាប់​អាមេរិក ជាពិសេស នៅ​ក្នុងពេល​ដែល​​លោក​អូបាម៉ា​កំពុង​ចង់​បង្កើន​វត្តមាន និង​ឥទ្ធិពល​នៅ​ក្នុង​តំបន់​អាស៊ី។

នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ អាមេរិក​កំពុងតែ​ខិតខំ​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​​នៅ​អាស៊ី។ សូម្បីតែ​ប្រទេស​ដែល​ធ្លាប់​តែ​មើល​មុខគ្នា​មិនចំ កាល​ពីមុន ដូចជា ភូមា ឬ​វៀតណាម ជាដើម ក៏​អាមេរិក​កំពុង​តែ​ចែចង់​មិនតិច​ដែរ ដើម្បី​ព្យាយាម​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន។ ចំណែក​ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​ស្រាប់ ដូចជា ថៃ ជាដើម ​អាមេរិកក៏​​​កំពុងតែ​ត្រូវ​កាន់តែ​ខ្លាំងថែមទៀត។

ប្រហែល​ជា​ក្នុង​ហេតុផល​នេះ​ហើយ​ហើយ​បាន​ជា​គេ​សង្កេតឃើញ​ថា អាមេរិក​ហាក់ដូចជា​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម​តប​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ថៃ។ អាមេរិក​បាន​ថ្កោលទោស​រដ្ឋប្រហារ និង​ផ្អាក​ជំនួយ​យោធា គឺ​ដោយសារ​តែ​វា​ជា​​​រឿង​ចាំបាច់​ដែល​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​មិនបាន ពីព្រោះ​ នេះ​ជា​គោលការណ៍​មូលដ្ឋាន​របស់​អាមេរិក ហើយ​ម្យ៉ាងទៀត អាមេរិក​មាន​ច្បាប់ ដែល​ហាមឃាត់​មិន​ឲ្យ​រដ្ឋាភិបាល​សហការ​ជាមួយ​រដ្ឋាភិបាល​ណា​ដែល​​ឡើងកាន់អំណាច​ដោយ​ធ្វើ​រដ្ឋប្រហារ។ ក៏ប៉ុន្តែ បើ​យើង​ពិនិត្យ​មើលទៅ ជំនួយ​​យោធា​ទៅថៃ​​ដែល​អាមេរិក​សម្រេច​ព្យូរ​​នៅពេលនេះ ក៏មិនមាន​ទំហំ​ច្រើន​ប៉ុន្មាន​ដែរ ពោលគឺ មានតែ ៣,៥លាន​ដុល្លារ​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ