អានតួអត្ថបទ
ថៃ

អ្នក​ដឹក​នាំ​ការ​ប្រឆាំង​ការ​ធ្វើ​រដ្ឋប្រហារ​ថៃ​តាម​ប្រព័ន្ធ​ Internet ​ម្នាក់​ ប្រឈម​នឹង​ការផ្តន្ទាទោស​១៤​ឆ្នាំ

យោង​តាម​ការ​ផ្តល់​ព៌តមាន​របស់​នគរបាល​ថៃ​ មេ​ដឹក​នាំ​សំខាន់​ម្នាក់​នៃ​ក្រុម​អ្នក​ប្រឆាំង​ នឹង​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ថៃ​ ដែល​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​តាម​ប្រព័ន្ធ​ Internet អាច​នឹង​ប្រឈម​មុខ​ ជា​មួយ​នឹង​​ការ​ផ្តន្ទាទោស​ ឲ្យ​ជាប់​​ពន្ធនាគារ​រយៈ​ពេល​១៤​ឆ្នាំ។

ទាហានថៃនាំខ្លួនលោក​ សម្បត្តិ​ ប៊ុនកាម៉ាណុង ​មកដល់តុលាការយោធានៅព្រឹកថ្ងៃទី១២ មិថុនា
ទាហានថៃនាំខ្លួនលោក​ សម្បត្តិ​ ប៊ុនកាម៉ាណុង ​មកដល់តុលាការយោធានៅព្រឹកថ្ងៃទី១២ មិថុនា REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

ជន​ជាប់​ចោទ​ឈ្មោះ​ ​សម្បត្តិ​ ប៊ុនកាម៉ាណុង ​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​ អស់​រយៈ​ពេល​មួយ​សប្តាហ៍​កន្លង​មក​ហើយ។​​  បើ​តាម​សម្តី​របស់​នាយ​អធិការ​នគរបាល​ថៃ​ម្នាក់​ ជន​ជាប់​ចោទ​ត្រូវ​បាន​ចាប់​ខ្លួន ​​ពី​បទ​ញុះ​ញង់​បង្ក​ឲ្យ​មាន​ចលាចល​ និង​អស្ថិរភាព​សង្គម។ ​ ទោស​នេះ​អាច​នឹង​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​​ពន្ធនាគារ​រយៈ​ពេល​​៧​ឆ្នាំ។​  មន្ត្រី​ម្នាក់​នេះ​បន្ត​ថា​​ លើសពី​នេះ​ទៀត ជន​ជាប់​ចោទ​អាច​នឹង​ប្រឈម​នឹង​ទោស​៥ឆ្នាំ​ទៀត ​​  ពី​បទ​​ផ្សព្វផ្សាយ​​ព៌តមាន​​មិន​ពិត​ តាម​ប្រព័ន្ធ​​ Internet​​​​ ហើយនិងទោស ​២ឆ្នាំទៀត ពីបទ​ គេច​វេស​មិន​ព្រម​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​អំណាច​យោធា។

 
គួរ​រំលឹក​ផង​ដែរ​ថា​​ លោក​ សម្បត្តិ ប៊ុនកាម៉ាណុង ​ស្ថិត​ក្នុង​ចំណោម​បណ្តា​​ឥស្សរ​ជន​នយោបាយ​​ថៃ​ ដែល​អំណាច​យោធា​បាន​ធ្វើ​ការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ បន្ទាប់​ពី​រដ្ឋ​ប្រហារ​ កាល​ពី​ថ្ងៃ​២២​ ឧសភា។​ ក្នុង​ចំណោម​អ្នក​ដែល​បាន​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ ​ មាន​ដូច​ជា​ លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត អតីត​នាយក​រដ្ឋមន្ត្រី​ ជាដើម​  ត្រូវ​បាន​យោធា​ដោះលែង​មក​វិញ​ហើយ​ ដោយ​តំរូវ​ឲ្យ​ឥស្សរ​ជន​ទាំង​នោះ​ សន្យា​ថា​ ឈប់​ធ្វើ​នយោបាយ​តទៅ​ទៀត។ ដោយឡែក​ លោក​ សម្បត្តិ​ ប៊ុនកាម៉ាណុង ​មិន​បាន​ចូល​ខ្លួន​ទេ​ ហើយ​បាន​បន្ត​ការ​ប្រឆាំង​តាម​ប្រព័ន្ធ​ Internet។  លោក​ត្រូវ​បាន​យោធា​ចាប់​ខ្លួន ​នៅ​​ភាគអាគ្នេយ៍​ក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។​ 

អង្គការ​ Human Rights Watchs​  បាន​ហៅ​ការ​ចាប់​​ខ្លួន​នេះ​ថា​ ជា​ការ​តាម​ប្រមាញ់​មនុស្ស​ដែល​ប្រឆាំង​នឹង​ខ្លូន​របស់​របប​សឹកថៃ​ ហើយ​ថា​ សវនាការ​ផ្តន្ទាទោស​នេះ ​នឹង​គ្មាន​តម្លៃ​​យុត្តិធម៌​នោះ​ទេ។​ 

ឥស្សរ​ជន​យោបាយ​ម្នាក់​ទៀត​ដែល​ប្រឈម​នឹង​ការ​កាត់​ទោស​ដែរ​​ គឺ​លោក​ ចតុរង្គ ចៃសាង​ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ។ ​លោក​អតី​ត​រដ្ឋមន្ត្រី​រូប​នេះ​ ត្រូវ​បាន​យោធា​ចាប់​ខ្លួន​​ក្រោម​ក្រសែ​ភ្នែក​របស់​អ្នក​សារព៌តមានអន្តរជាតិ​ជា​ច្រើន​​នាក់​  បន្ទាប់​ពី​គាត់​បាន​ធ្វើ​ការ​រិះគន់​ ដោយ​ចំៗ​ទៅ​លើ​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់​ក្រុម​យោធា។  ​ក្រោយ​មក​ យោធា​បាន​ដោះលែង​គាត់​មក​វិញ​ ​ ប៉ុន្តែ​គាត់​នៅ​តែ​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​២ឆ្នាំ​ ដោយសារ​តែ​គាត់​មិន​បាន​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ។​

អ្នក​វិភាគ​ទូទៅ​កំពុង​សង្ស័យ​ថា​  អំណាច​សឹក​ថៃ​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​  តាម​កម្ចាត់​ពួក​អ្នក​នយោបាយ​​ និង​បញ្ញវន្ត ​​នានា​ ដែល​មាន​និន្នាការ​និយម​ក្រុម​គ្រួសារ​​ ថាក់ស៊ីន​​​​ ដោយ​មិន​ឲ្យ​ពួក​អ្នក​ទាំង​នោះ ​វិល​​មក​​ជាន់ឆាក​នយោបាយ​វិញ​ជា​ដាច់​ខាត។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ