អានតួអត្ថបទ
អឺរ៉ុប-អាកាសធាតុ

អាកាសធាតុ​ត្រជាក់ខ្លាំង​នៅ​អឺរ៉ុប​កំពុង​ជា​គ្រោះថ្នាក់​សម្រាប់​ជនភៀសខ្លួន

មនុស្ស​យ៉ាងតិច ១៧នាក់ ត្រូវ​បាត់បង់​ជីវិត នៅ​ក្នុង​តំបន់​អឺរ៉ុប ដោយសារ​តែ​អាកាសធាតុ​ធ្លាក់ចុះ​ត្រជាក់ខ្លាំង ចាប់តាំង​ពីថ្ងៃ​សៅរ៍​ម្សិលមិញ។ ​អ្វីដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​ព្រួយបារម្ភ គឺ​ជនភៀសខ្លួន ដែល​នៅ​តាម​កន្លែង​ខ្លះ កំពុងរស់នៅ​តាម​ទីវាល​ដោយ​គ្មាន​ទីជម្រក​ត្រឹមត្រូវ។

ជនភៀសខ្លួន​នៅ​ក្រិក កាល​ពីថ្ងៃ​ទី៣០ ខែ​ធ្នូ ២០១៦
ជនភៀសខ្លួន​នៅ​ក្រិក កាល​ពីថ្ងៃ​ទី៣០ ខែ​ធ្នូ ២០១៦ REUTERS/Alkis Konstantinidis
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកហើយ ដែល​តំបន់​អឺរ៉ុប​ទាំងមូល​ត្រូវ​គ្របដណ្តប់​ទៅដោយ​ខ្យល់​ត្រជាក់​ធ្លាក់​ពី​ប៉ូលខាង​ជើង ហើយ​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ត្រជាក់​ខ្លាំង ចាប់ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ នៅបារាំង ខេត្ត​ចំនួន ៧ រួម​ទាំង​តំបន់​ជុំវិញ​ក្រុងប៉ារីស​ផង ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ភាព​​ប្រុងប្រយ័ត្នខ្ពស់។ ក៏ប៉ុន្តែ គឺ​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​កណ្តាល និង​ខាង​កើត ដែល​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​ជាងគេ ក្នុងចន្លោះ​ពី ២០អង្សា​ក្រោម​សូន្យ​នៅ​ប៉ូឡូញ រហូត​ទៅដល់ ៣០អង្សា​ក្រោម​សូន្យ​នៅ​ម៉ូស្គូ។

ប្រឈមមុខ​នឹង​អាកាសធាតុ​ត្រជាក់​ខ្លាំង​បែបនេះ អ្នក​ដែល​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ខ្លាំងជាងគេ គឺ​អ្នក​ដែល​រស់នៅ​តាម​ផ្លូវ​គ្មាន​ទីជម្រក ហើយ​​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន ជាពិសេស អង្គការ​ Human Rights Watch និង​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន បាន​ទាញ​សញ្ញា​អាសន្ន​ អំពី​គ្រោះថ្នាក់​ដែល​ជនភៀសខ្លួន​កំពុង​ប្រឈម ជាពិសេស នៅ​តាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុបកណ្តាល រួមមាន​ដូចជា​ ប៊ុលហ្ការី ហុងគ្រី និង​ស៊ែរប៊ី​ ជាដើម ដែល​សីតុណ្ហភាព​ធ្លាក់ចុះ​រហូតដល់​ទៅ ២៧អង្សា​ក្រោមសូន្យ ក៏ប៉ុន្តែ ជនភៀសខ្លួន ឬជនអន្តោប្រវេសន៍​ខុសច្បាប់​ខ្លះ រស់​នៅ​តាមទីវាល ដោយ​គ្មាន​ជម្រក​ត្រឹមត្រូវ។

​មន្រ្តី​អង្គការ​ Human Rights Watch បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា អាជ្ញាធរ​នៅ​តាម​ប្រទេស​ទាំងនេះ មិនត្រឹមតែ​មិន​បាន​គិតគូរ​ជួយ​ស្វែងរក​ទីជម្រក​ដល់​ជនភៀសខ្លួន​ទាំងនេះ​នោះទេ តែ​ថែមទាំង​រារាំង​សមាគម និង​អង្គការ​ក្រៅរដ្ឋាភិបាល​មិន​ឲ្យ​ជួយ​ដល់​ពួកគេ​ថែម​ទៀតផង។

នៅ​ស៊ែរប៊ី អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​ស្នើ​សុំ​សាងសង់​ជំរំ​ជនភៀសខ្លួន​បណ្តោះអាសន្ន​មួយ សម្រាប់​​ជ្រក​ក្នុង​រដូវត្រជាក់​នេះ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ប៊ែលក្រាត​មិនបាន​ឆ្លើយតប​

នៅ​ប៊ុលហ្ការីវិញ ករណី​ជនភៀសខ្លួន​ស្លាប់​ដោយ​អាកាសធាតុ​ត្រជាក់​បាន​កើតមាន​រួចទៅហើយ ដោយ​សាកសព​ជនភៀសខ្លួន​អ៊ីរ៉ាក់​ពីរនាក់​ត្រូវ​បាន​គេ​រកឃើញ កាល​ពីថ្ងៃ​សុក្រ នៅ​ក្នុង​ព្រៃ​ក្បែរ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​តួកគី។ តួកគី និង​ក្រិក ដែល​ជា​ច្រក​ឆ្លងកាត់​ដ៏​សំខាន់ នៃ​ជនភៀសខ្លួន ពី​តំបន់​មជ្ឈិមបូព៌ា ក៏​កំពុង​ប្រឈមមុខ​នឹង​អាកាសធាតុ​ត្រជាក់ ក្នុង​ចន្លោះ​ពី សូន្យ ទៅ ១៥អង្សា​ក្រោមសូន្យ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ