អានតួអត្ថបទ
អាមេរិក-អង់គ្លេស-អេហ្ស៊ីប

ធ្លាក់​យន្តហោះ​រុស្ស៊ី៖អង់គ្លេស និង​អាមេរិក​សង្ស័យ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​យន្តហោះ​ពេល​ហោះហើរ

៥ថ្ងៃ ក្រោយ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​រុស្ស៊ី​មួយ​គ្រឿង​ប្រភេទ Airbus A៣២១ នៅ​តំបន់​ស៊ីណៃ ក្នុង​ប្រទេស​អេហ្ស៊ីប​ដែល​បាន​​ផ្តាច់​ជីវិត​មនុស្ស​ទំាង ២២៤នាក់​មក ការ​ស៊ើបអង្កេត​កំពុង​បន្ត​ធ្វើ​ដោយ​ក្រុមអ្នកជំនាញ​កំពុង​ធ្វើ​ការ​សិក្សា វិភាគ​លើ​ប្រអប់ខ្មៅ​ទំាង​ពីរ​របស់​យន្តហោះ​នៅ​ក្នុង​ទីក្រុង​គែរ។ តំាង​ពី​ថ្ងៃ​ទី១ នៃ​ការ​ធ្លាក់​យន្តហោះ មាន​ការ​អះអាង​ខុសៗ​គ្នា​ជុំវិញ​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ។ តែ​ពេល​នេះ អង់គ្លេស និង​អាមេរិក​បាន​បញ្ជាក់​ដូច​គ្នា​ថា យន្តហោះ​នោះ​បាន​ផ្ទុះ​ធ្លាក់​ដោយសារ​តែ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​យន្តហោះ​បង្ក​ឡើង​ដោយ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ អំណះអំណាង​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​អេហ្ស៊ីប​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អង់គ្លេស​ក្នុង​ថ្ងៃទី៥ វិច្ឆិកា។

ធ្លាក់​យន្តហោះ​រុស្ស៊ី៖អង់គ្លេស និង​អាមេរិក​សង្ស័យ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​យន្តហោះ​ពេល​ហោះហើរ
ធ្លាក់​យន្តហោះ​រុស្ស៊ី៖អង់គ្លេស និង​អាមេរិក​សង្ស័យ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​យន្តហោះ​ពេល​ហោះហើរ REUTERS/Mohamed Abd El Ghany/files
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​ថ្ងៃ​ដំបូង​នៃ​ការ​ធ្លាក់​យន្តហោះ​រុស្ស៊ី​ក្នុង​តំបន់​ស៊ីណៃ ប្រទេស​អេហ្ស៊ីប មាន​សម្មតិកម្ម​ជា​ច្រើន​ត្រូវ​បាន​លើក​ឡើង​ទាក់ទង​នឹង​មូលហេតុ​នៃ​គ្រោះថ្នាក់​យន្តហោះ ទី១ អាច​មក​ពី​បញ្ហា​បច្ចេកទេស ទី២ អាច​មក​ពី​កំហុស​អ្នកបើកបរ ទី៣ អាច​មក​ពី​បញ្ហា​អាកាសធាតុ និង​ទី៤ អាច​ជា​អំពើ​ភេរវកម្ម​បង្ក​ដោយ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​អេហ្ស៊ីប។ ចំណែក​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ក៏​បាន​ចេញ​មុខ​ប្រកាស​ក្នុង​ថ្ងៃ​ដំបូង​ថា ខ្លួន​ជា​អ្នក​កម្ទេច​យន្តហោះ​រុស្ស៊ី។ តែ​អេហ្ស៊ីប ក៏​ដូច​រុស្ស៊ី​មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​សារភាព​របស់​ក្រុមជីហាត​ដោយ​គេ​យល់​ឃើញ​ថា ក្រុមជីហាត​គ្មាន​គ្រាប់មីស៊ីល​ដែល​អាច​បាញ់​ទម្លាក់​យន្តហោះ​ក្នុង​កំពស់​យ៉ាង​ខ្ពស់​ទេ។

បន្ទាប់​មក​ទៀត សម្មតិកម្ម​ស្តីពី​បញ្ហា​អាកាសធាតុ​ត្រូវ​បាន​ផាត់ចោល ដោយ​នៅ​សល់​សម្មតិកម្ម​តែ​ពីរ​គត់ គឺ​បញ្ហា​បច្ចេកទេស ឬ​មួយ​ក៏​ទង្វើ​ភេរវនិយម។ សម្មតិកម្ម​ទំាង​ពីរ​នេះ​ត្រូវ​បាន​ក្រុមអ្នកជំនាញ​កំពុង​បន្ត​ធ្វើ​ការ​សិក្សា វិភាគ​លើ​ប្រអប់ខ្មៅ​ទំាង​ពីរ​របស់​យន្តហោះ​នៅ​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។ ដោយឡែក ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​ជា​ថ្មី​នៅ​ថ្ងៃ​ពុធ ទី៤ វិច្ឆិកា​ថា ខ្លួន​ជា​អ្នក​កម្ទេច​យន្តហោះ​រុស្ស៊ី។ ស្រប​ពេល​គ្នា​នេះ អង់គ្លេស និង​អាមេរិក​បាន​បញ្ជាក់​រួម​គ្នា​ថា យន្តហោះ​នោះ​បាន​ផ្ទុះ​ឆេះ​ធ្លាក់​ដោយសារ​តែ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​យន្តហោះ​បង្ក​ឡើង​ដោយ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

ទីក្រុង​ឡុងដ៏ និង​វ៉ាស៊ីតោន​បាន​អះអាង​ថា អ្វី​ដែល​ខ្លួន​បាន​លើកឡើង​នេះ​គ្រាន់​តែ​ជា​ការ​ប៉ាន់ស្មាន​ដោយ​សំអាង​លើ​ទិន្នន័យ​របស់​ផ្កាយរណប។ តាម​ទូរទស្សន៍ CNN ដែល​ស្រង់សម្តី​អ្នកទទួល​ខុសត្រូវ​អាមេរិក​ម្នាក់​មិន​ព្រម​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ផ្កាយរណប​អាមេរិក​ចាប់​បាន​ចំហាយ​កំដៅ​ពី​យន្តហោះ​នោះ​ក្នុង​ពេល​ជួប​គ្រោះថ្នាក់។ តម្រ៉ុយ​នេះ​ត្រូវ​បាន​អ្នកទទួល​ខុសត្រូវ​អាមេរិក​ដដែល​សន្និដ្ឋាន​ថា អាច​ជា​វត្តមាន​គ្រាប់បែក​នៅ​ក្នុង​យន្តហោះ។

រុស្ស៊ី​ចាត់ទុក​សម្មតិកម្ម​កន្លង​មក​ថា​ជា​ការ​ក្រឡុក​ព័ត៌មាន

រហូត​មក​ដល់​ថ្ងៃ​នេះ ពោល ៥ថ្ងៃ ក្រោយ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​មក រុស្ស៊ី និង​អេហ្ស៊ីប​មិន​បាន​ទាត់​ចោល​សម្មតិកម្ម​ណា​មួយ​ទេ។ តែ​អ្វី​ដែល​ទីក្រុង​គែរ និង​មូស្គូ​ចង់​បាន គឺ​ចង់​ឲ្យ​មាន​ការ​ស៊ើបអង្កេត និង​វិភាគ​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន មុន​នឹង​ធ្វើ​ការ​សន្និដ្ឋាន​អ្វី​មួយ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ វិច្ឆិកា​នេះ អ្នកនំាពាក្យ​វិមាន​ក្រិមឡាំង​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ដោយ​បាន​ចាត់​ទុក​ការ​លើកឡើង​នូវ​សម្មតិកម្ម​ខុសៗ​គ្នា​នា​ពេល​កន្លង​មក​ថា ជា​ការ​ក្រឡុក​ព័ត៌មាន​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ រូប​អ្នកនំាពាក្យ​វិមាន​ក្រិមឡាំង​ដដែល​បាន​បន្ថែម​ថា សម្មតិកម្ម និង​មូលេហតុ​គ្រប់​យ៉ាង​ទាក់ទង​នឹង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ត្រូវ​តែ​បង្ហាញ​ឡើង​ដោយ​ក្រុម​អ្នកស៊ើបអង្កេត ពោល​មិនមែន​ដោយ​អ្នកនេះ ឬ​អ្នក​នោះ​ទេ។

ទាក់ទង​នឹង​ការ​អះអាង​របស់​អង់គ្លេស និង​អាមេរិក​ដែល​ថា ប្រហែល​ជា​មាន​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​យន្តហោះ​បង្ក​ឡើង​ដោយ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម អ្នកនំា​ពាក្យ​វិមាន​ក្រិមឡាំង​មិន​បាន​និយាយ​វាយប្រហារ​អាមេរិក ឬ​អង់គ្លេស​ចំៗ​ទេ គ្រាន់​តែ​ថា អ្នក​ណា​ដែល​មាន​ព័ត៌មាន​ទាក់ទង​នឹង​រឿង​ធ្លាក់​យន្តហោះ​គួរ​តែ​ផ្តល់​ព័ត៌មាន​ទំាង​នោះ​ទៅ​ឲ្យ​ក្រុមអ្នកស៊ើបអង្កេត។ រីឯ​នៅ​ខាង​ប្រទេស​អេហ្ស៊ីប រដ្ឋមន្រ្តី​ក្រសួង​អាកាសចរណ៍​ស៊ីវិល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ វិច្ឆិកា​នេះ​ថា ក្រុម​អ្នកស៊ើបអង្កេត​នៅ​មិន​ទាន់​មាន​ភស្តុតាង ឬ​ទិន្នន័យ​ណា​មួយ​ដែល​បញ្ជាក់​ពី​ការ​បំផ្ទុះគ្រាប់បែក​នៅ​ក្នុង​យន្តហោះ​ទេ។

ទស្សនកិច្ច​ប្រមុខ​រដ្ឋ​អេហ្ស៊ីប​នៅ​អង់គ្លេស​បំផុស​ឲ្យ​មាន​ភាព​ចម្រូងចម្រាស

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ វិច្ឆិកា​នេះ លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី​បាន​ផ្តើម​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​អង់គ្លេស។ មាន​ប្រធានបទ​ជា​ច្រើន​ដែល​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី និង​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដាវីដ កាមេរ៉ូន​លើក​ទៅ​ជជែក រួម​មាន យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ពួកជីហាត​នៅ​អេហ្ស៊ីប និង​ស្ថានការណ៍​ទូទៅ​នៅ​អាហ្រ្វិកខាងជើង និង​នៅ​តំបន់​មជ្ឈិមបូព៌ា ពិសេស​នៅ​ប្រទេស​លីប៊ី។ ទំាង​នេះ​មិន​ភ្លេច​ទេ​ពី​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិ​សេដ្ឋកិច្ច​រវាង​ទីក្រុង​គែរ និង​ឡុងដ៏។

តែ​ប្រធានបទ​ជា​បន្ទាន់​នៅ​ចំពោះ​មុខ គឺរឿង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​រុស្ស៊ី​នៅ​តំបន់​ស៊ីណៃ​កាល​ពី ៥ថ្ងៃ​មុន។ អ្វី​ដែល​អង់គ្លេស​កំពុង​ព្រួយបារម្ភ​ខ្លំាង​នោះ គឺ​បញ្ហា​សន្តិសុខ​ចំពោះ​ពលរដ្ឋ​អង់គ្លេស​ដែល​និយម​ទៅ​ដើរ​លេង​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ពិសេស​នៅ​ក្នុង​ទីក្រុង Charm el-Cheikh។ អ៊ីចឹង​ហើយ​បាន​ជា​នា​ឱកាស​ទស្សនកិច្ច​របស់​លោក​អាល់ស៊ីស៊ី​នៅ​អង់គ្លេស​ថ្ងៃ​នេះ ទីក្រុង​ឡុងដ៏​បាន​ចាត់​វិធានការ​បន្ទាន់​មួយ​ចំនួន​ដើម្បី​ធានា​សន្តិសុខ​ពលរដ្ឋ​ខ្លួន។ វិធានការ​ទំាង​នោះ​រួម​មាន ការ​ជម្លៀស​ពលរដ្ឋ​អង់គ្លេស​ចេញ​ពី​អេហ្ស៊ីប និង​ការ​ផ្អាក​ការ​ហោះហើរ​ផ្ទាល់​រវាង​ទីក្រុង​ឡុងដ៏ និង Charm el-Cheikh។

រដ្ឋអំណាច​អង់គ្លេស​មិន​បាន​បញ្ជាក់​ថា តើ​ការ​ហោះហើរ​ផ្ទាល់​រវាង​ទីក្រុង​ឡុងដ៏ និង Charm el-Cheikh នឹង​ត្រូវ​ចាប់​ផ្តើម​ជា​ថ្មី​នៅ​ពេល​ណា​ទេ គ្រាន់​តែ​បញ្ជាក់​ថា ខ្លួន​នឹង​បញ្ជូន​ក្រុមអ្នកជំនាញ​អង់គ្លេស​ទៅ​ទីក្រុង Charm el-Cheikh ដើម្បី​សិក្សា វិភាគ​ពី​បញ្ហា​សន្តិសុខ​ជាក់ស្តែង​នៅ​ទីនោះ។ យ៉ាង​ណា​ក៏​ដោយ វត្តមាន​លោក​ប្រមុខ​រដ្ឋ​អេហ្ស៊ីប​អាល់ស៊ីស៊ី​នៅ​អង់គ្លេស​បាន​បំផុស​ឲ្យ​មាន​ប្រតិកម្ម​ប្រឆំាង​ពី​សំណាក់​ក្រុមប្រឆំាង​នៅ​អង់គ្លេស ក៏​ដូច​ជា​នៅ​អេហ្ស៊ីប។ ក្រុម​អ្នកប្រឆំាង​ទំាង​នោះ​បាន​បរិហារ​លោក​អាល់ស៊ីស៊ី​ពី​ការ​ប្រើ​អំណាច​ផ្តាច់ការ​គាបសង្កត់​ក្រុមប្រឆំាង​នៅ​អេហ្ស៊ីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ