អានតួអត្ថបទ
រុស្ស៊ី

យន្តហោះ​ដឹកអ្នក​ដំណើរ​រុស្ស៊ី​ធ្លាក់​នៅ​អេហ្ស៊ីប

យន្តហោះដឹកអ្នក​ដំណើរ​មួយគ្រឿងរបស់រុស្ស៊ី ដែល​មាន​ផ្ទុកមនុស្ស ២២៤នាក់ បាន​ធ្លាក់ នៅថ្ងៃ​សៅរ៍​នេះ ​នៅ​ក្នុង​តំបន់​ស៊ីណៃ ប្រទេស​អេហ្ស៊ីប។ យន្តហោះ​នេះ​ហោះចេញ​ពី​តំបន់​ទេសចរណ៍ Charm el-Cheikh ឆ្ពោះទៅ​ទីក្រុង​ Saint Petersbourg ក៏ប៉ុន្តែ ត្រូវ​ធ្លាក់​នៅ​ក្រោយ​ពេល​ហោះចេញ​ពី​ព្រលានយន្តហោះ​បាន​បន្តិច។

យន្តហោះ​ធុន Airbus របស់​ក្រុមហ៊ុន​ Kolavia
យន្តហោះ​ធុន Airbus របស់​ក្រុមហ៊ុន​ Kolavia wikipedia/cc
ផ្សាយពាណិជ្ជកម្ម

 

សោកនាដកម្ម​ថ្មីមួយទៀត​បាន​កើតមានឡើង ក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល នៅថ្ងៃ​សៅរ៍ ទី៣១ តុលា​នេះ។ យន្តហោះ​ដឹកអ្នក​ដំណើរ​ធុន Airbus A321 ដែល​ជា​របស់​ក្រុមហ៊ុន​រុស្ស៊ី បាន​បាត់​ពី​រ៉ាដា នៅ​ប្រមាន​ជា ៣០នាទី​ក្រោយ​ពី​បាន​ហោះចេញ​ពីព្រលានយន្តហោះ នៃ​តំបន់​ទេសចរណ៍​ជាប់សមុទ្រ​ក្រហម។

នាយករដ្ឋមន្រ្តី​អេហ្ស៊ីប​បាន​ចេញ​សេចក្តីប្រកាស​ជាផ្លូវការ​បញ្ជាក់​ថា យន្តហោះ​នេះ​បាន​ធ្លាក់​នៅ​ក្នុង​តំបន់​ស៊ីណៃ ហើយ​ប៉ូលិស​អេហ្ស៊ីប​បាន​ឲ្យដឹង​ថា បំណែក​យន្តហោះ​ត្រូវ​បាន​គេ​រកឃើញ ប៉ុន្តែ មិនមាន​អ្នក​រស់រាន​មានជីវិត​នៅ​ក្នុង​ហេតុការណ៍​នេះ​នោះទេ។

ក្រុម​សង្រ្គោះ​របស់​អេហ្ស៊ីប​បាន​ធ្វើ​ដំណើរ​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​ចាប់ផ្តើម​​ទាញ​យក​សាកសព​ជាង ១០០​ចេញ​ពី​បំណែក​យន្តហោះ។ លោក​វ៉ា្លឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី​វិញ បាន​ចេញ​បញ្ជា​ឲ្យ​បញ្ជូន​ក្រុមសង្រ្គោះ​របស់​រុស្ស៊ី ទៅកាន់​កន្លែង​កើតហេតុ​នេះ​ដែរ។
 

ទីភ្នាកងារព័ត៌មាន​ផ្លូវការរុស្ស៊ី Itar-Tass ផ្សាយថា ក្នុងការឆ្លើយឆ្លងគ្នា​លើកចុងក្រោយ​ជាមួយ ក្រុមខាង​តាមដាន​ការហោះហើរ​ដែលស្ថិត​នៅលើដី ពីឡុតយន្តហោះ Airbus-321 បានសុំ ការ អនុញ្ញាត​ចុះចតជាបន្ទាន់​នៅអាកាសយានដ្ឋាន​ក្រុង Caire។ ចំណែក​ទីភ្នាក់ងារព័ត៌មាន RIA Novosti បន្ថែមថា ក្រោយពី​ហោះចេញ​ពីក្រុង Charm el Cheikh មួយស្របក់មក ពីឡុតបាន រាយការណ៍​ទៅប៉ុស្តកុងត្រូល នៅ​អាកាសយានដ្ឋាន​នោះថា មានបញ្ហា​បច្ចេកទេស កើតឡើង។

ខេត្តស៊ីណៃខាងជើង ជាតំបន់​នៃជម្លោះ​រវាងអាជ្ញាធរ​អេហ្ស៊ីប និង ពួកភេរវជន ដែល​គាំទ្រ អង្គការ “ភាតរអ៊ីស្លាម” អង្គការ​ដែលត្រូវ​រដ្ឋអំណាច​អេហ្ស៊ីប​ប្រកាស​ដាក់​ឲ្យនៅ​ក្រៅច្បាប់ តាំងពីឆ្នាំ ២០១១ មក ក្រោយពី​មានការផ្លាស់ប្តូរ​អំណាច​បន្តបន្ទាប់​នៅអេហ្ស៊ីប។ ពួកអ៊ីស្លាមនិយម ពីមួយពេល ទៅ មួយពេល តែងចាត់ចែងឡើង​ជាការ​វាយប្រហារ ទៅលើ កងកម្លាំងប្រដាប់ អាវុធ និង ប៉ូលិស អេហ្ស៊ីប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ