អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រជាមតិនៅតួកគី៖ សម្លេង "យល់ព្រម"​ ​ឈ្នះ​ស្តួចស្តើង ​ខណៈ​បក្ស​ប្រឆាំង ​បដិសេធ​លទ្ធផល​ឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បោះឆ្នោត​ប្រជាមតិ​នៅ​ប្រទេស​តួកគី ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៦​មេសា ​កំពុង​ចោទ​ជា​បញ្ហា​នា​ពេល​នេះ ​ បន្ទាប់​ពី​លទ្ធផល​បណ្តោះ​អាសន្ន ​បង្ហាញ​ថា ​សម្លេង​ឆ្នោត​ដែល​គាំទ្រ ​ការ​ធ្វើ​កំណែ​ទំរង់ ​មាន​ចំនួន​លើស​សម្លេង​ឆ្នោត​ប្រឆាំង ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ចំណែក ​គណបក្ស​ប្រឆាំង​ធំៗ​នៅ​តួកគី ​បាន​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី ​ហើយ​សន្យា​ដាក់​ពាក្យ​ប្តឹង ​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​ធ្វើ​ប្រជាមតិ​នេះ។ ចំណែក​ សារព័ត៌មាន​ធំៗ ​នៅ​ទូទាំង​ពិភពលោក ​បាន​នាំគ្នា​ចុះ​ផ្សាយ​ ពី​ជោគជ័យ ​របស់​លោក​អ៊ែរដូហ្កាន់ ​ដែល​បាន​ទទួល​ការ​យល់ព្រម​ពី​ប្រជាជន​តួកគី ​ឲ្យ​ធ្វើ​កំណែ​ទំរង់​រដ្ឋធម្មនុញ្ញ ​តែ​យ៉ាងណា ​សារព័ត៌មាន​ទាំង​នោះ ​បាន​ចំអក​ថា ​វា​ជា​ជោគជ័យ​ ឈ្នះ​តែ​ប៉ុន​សរសៃ​សក់​ តែ​ប៉ុណ្ណោះ។

លោកប្រធានាធិបតីតួកគី Erdogan
លោកប្រធានាធិបតីតួកគី Erdogan REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

ឈ្នះ​ទាំង​ត្រដាបត្រដួស

 
សារព័ត៌មាន ​មិន​ថា​នៅ​អេស្ប៉ាញ ​បារាំង​ អង់គ្លេស ​អាល្លឺម៉ង់​ រឺ​អាមេរិក​ទេ ​ គឺ​សុទ្ធតែ​បាន​ចុះផ្សាយ​លើ​ទំព័រមុខ ​ស្តី​ពី​លទ្ធផល​ឆ្នោត​ប្រជាមតិ​នៅ​តួកគី ​កាល​ពី​ម្សិលមិញ ​ទាំង​អស់គ្នា។ គ្រប់​គ្នា​សុទ្ធតែ​សរសេរ​ ថាលោក​អ៊ែរដូហ្កាន់​ឈ្នះមែន​ តែ​ឈ្នះតែ​ប៉ុន​ចុង​ក្រចក​ យ៉ាង​ប្រផិត​ប្រផោយ​បំផុត។ សារព័ត៌មាន​អាល្លឺម៉ង់ ​វិញ​បាន​ហ៊ាន​និយាយ​ថា ​វា​មិនមែន​ជា​ជោគជ័យ​ទេ ​តែ​លទ្ធផល​នេះ ​បង្ហាញ​ពី​បរាជ័យ​របស់​លោក​អ៊ែរដូហ្កាន់​ទៅ​វិញ​ទេ ​ ដែល​កន្លង​មក​គាត់​មាន​អំនួត ​សុទ្ធតែ​ធានា​ថា ​ប្រជាជន​តួកគី ​នឹង​បោះឆ្នោត​គាំទ្រ​គំរោង​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​នេះ ​ភ្លូកទឹក​ភ្លូកដី​មិន​ខាន​ តែ​ទីបំផុត​ គឺ​ឈ្នះ​យ៉ាង​ត្រដាប​ត្រដួស។

បើ​យោង​តាម​តួលេខ​បណ្តោះ​អាសន្ន​ ផ្សាយដោយ ​ទីភ្នាក់ងារ​ព័ត៌មាន​តួកគី​ អាណាដូលូ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ បង្ហាញ​ថា ​សម្លេងឆ្នោត​គាំទ្រ​កំណែទម្រង់ ​មាន​ចំនួន​តែ​ ៥១,៣៧% ប៉ុណ្ណោះ។ លទ្ធផល​នេះ ​គឺ​ជា​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ប្រមាណ​៩៩% ​នៃ​មណ្ឌល​បោះឆ្នោត​ទាំងអស់។ នៅមាន​សន្លឹក​ឆ្នោត​ប្រមាណ​ជា​៦សែន​សន្លឹក​ទៀត ​ដែល​មិន​ទាន់​រាប់​អស់។ តួលេខ​បណ្តោះអាសន្ន​ដដែល ​ក៏​បាន​បញ្ជាក់​ថា ​សម្លេង​គាំទ្រ ​មាន​លើស​សម្លេង​មិន​គាំទ្រ ​តែ​ប្រមាណជា​ ១លាន ​២សែន ​៥ម៉ឺន​ សន្លឹក​តែ​ប៉ុណ្ណោះ។ ចំណែក​អ្នក​ចូលរួម​បោះឆ្នោត ​មាន​ប្រមាណ​ជា​៨៥% ​នៃ​ចំនួន​សរុប​ទាំង​អស់​៥៥​លាន​នាក់។

ប្រជាជនតាម​ទីក្រុងធំៗ បោះឆ្នោត​ “មិនយល់ព្រម” ​ភាគច្រើន

បើ​យើង​វិភាគ ​ឲ្យ​ល្អិតល្អន់​មែនទែន​ទៀត​ ​ទៅ​លើ​តួលេខ​នេះ ​យើងឃើញ​ថា​ លោក​ប្រធានាធិបតី ​អ៊ែរដូហ្កាន់ ​ពិត​ជា​បាន​បរាជ័យ​មែន ​ បើ​ទោះ​បី​ជា​សម្លេងឆ្នោត​គាំទ្រ ​សរុប​ទូទាំង​ប្រទេស​ មាន​លើស​សម្លេង​ប្រឆាំង​ក៏​ដោយ។ ជាក់ស្តែង ​នៅ​តាម​ទីក្រុង​ធំៗ ​ទាំងបី​ របស់​តួកគី ​មាន​ដូចជា ​ទីក្រុង​អ៊ីស្តង់ប៊ូល ​ទីក្រុង​អង់ការ៉ា ​និង​ទីក្រុង​អ៊ីហ្សមៀរ ​គឺ​ប្រជាជន​ភាគ​ច្រើន​បោះឆ្នោត​បដិសេធ ​ការ​ធ្វើ​កំណែ​ទំរង់​រដ្ឋ​ធម្មនុញ្ញ។ ជា​ទំលាប់​កន្លង​មក​ ទីក្រុង​ធំៗ​ទាំងបី​នេះ ​តែងតែ​បោះឆ្នោត​គាំទ្រ ​គណបក្ស ​AKP​ របស់​លោក​អ៊ែរដូហ្កាន់​ ជានិច្ច។ តែលើក​នេះ ​ គេ​មិន​គាំទ្រ​ទេ។

នេះ​សរបង្ហាញ​ថា ​បើ​ទោះ​បី​លោក​អ៊ែរដូហ្កាន់ ​ប្រឹងប្រែង​បំបិទ​មាត់​អ្នក​កាសែត ​ហាមឃាត់​សារព័ត៌មាន​រិះគន់ ​និង​វិទ្យុ​ទូរទស្សន៍​ ដែល​មាន​និន្នការ​ប្រឆាំង​គាត់ ​យ៉ាងណា ​ក៏​ប្រជាជន​តាម​ទី​ក្រុង​ធំៗ ​គេ​នៅ​តែ​យល់ ​ពី​ចំណុច​អវិជ្ជមាន ​នៃ​កំណែទំរង់​រដ្ឋធម្មនុញ្ញ​ ដែល​លោក​អ៊ែរដូហ្កាន់​ចង់​បាន​ដែរ។ ផ្ទុយទៅ​វិញ​មានតែ​ប្រជាជន ​នៅតាម​ទី​ជនបទ​ ឆ្ងាយៗ​ទេ ​ដែល​បាន​បោះឆ្នោត​គាំទ្រ​ ការ​ធ្វើ​កំណែ​ទំរង់​នេះ ​ព្រោះ​ពួក​គេ​មិន​មាន​កំរិត​វប្បធម៌​ជ្រៅជ្រះ ​ហើយ​មិន​បាន​ទទួល​ព័ត៌មាន​អ្វី​ផ្សេង ​ក្រៅតែ​ពី​ការ​ឃោសនា​បំផុសបំផុល​ គ្រប់​មធ្យោបាយ​របស់​រដ្ឋាភិបាល​តួកគី។

ដូច្នេះ ​លទ្ធផល​ប្រជាមតិ​នេះ ​បង្ហាញ​ថា​លោក​អ៊ែរដូហ្កាន់​មាន​ជោគជ័យ​មែន ​តែ​ជោគ​ជ័យ​តែ​តួលេខ​ប៉ុណ្ណោះ ​ផ្ទុយ​ទៅ​វិញ ​លោក​អ៊ែរដូហ្កាន់ ​បាន​បរាជ័យ​ ក្នុង​ការ​ប្រមែរប្រមូល​មតិ​សាធារណៈ ​ឲ្យ​មូល​គ្នា​ ជា​ធ្លុង​តែមួយ ​ដើរ​តាម​មហិច្ឆិតា​អំណាច​របស់​គាត់។

សន្លឹក​ឆ្នោត​គ្មាន​ត្រា​ផ្លូវការ ​មាន​ជាង​១លាន​សន្លឹក ​បក្ស​ប្រឆាំង​បដិសេធ​លទ្ធផល
 
ខាង​គណបក្ស​ប្រឆាំង​ទាំង​ពីរ ​គឺ​គណបក្ស ​CHP ​និង​  បក្សHDP​  បាន​លើកឡើង​អំពី​ករណី​នីតិវិធី​ផ្ទុយ​នឹង​ច្បាប់​បោះឆ្នោត ​ដែល​ខាង​ក្រុម​ប្រឹក្សា​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​បាន​សម្រេច​យ៉ាង​តក់​ក្រហល់ ​កាល​ពីយប់​ថ្ងៃ​អាទិត្យ ​ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត។

បញ្ហានោះ​ គឺថា​ក្រុមប្រឹក្សា​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​បាន​សម្រេច ​ដោយ​មាន​ការ​ស្នើរសុំ ​ពី​អ្នក​សង្កេត​ការ​បោះឆ្នោត ​មក​ពី​គណបក្ស ​AKP ​របស់​រដ្ឋាភិបាល ​ឲ្យ​ទទួល​ស្គាល់ ​ផ្តល់​សុពលភាព ​ដល់​សន្លឹក​ឆ្នោត ​ដែល​គ្មាន​បោះត្រា​ផ្លូវការ​នៅ​ពី​លើ។ តាម​ធម្មតា ​គ្រប់​សន្លឹក​ឆ្នោត​ទាំង​អស់ ​ដែល​បោះចូល​ហិប​ឆ្នោត​ ត្រូវ​តែ​មាន​វាយ​ត្រា​ផ្លូវការ ​ទើប​អាច​យក​ជា​ការ​បាន។ តែ​​ គេ​បាន​រក​ឃើញ​ សន្លឹក​ឆ្នោត ​ដែល​គ្មាន​ស្នាម​ត្រា ​ដល់​ទៅ​ជាង​មួយ​លាន​សន្លឹក។ ជា​ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើស ​ស្រាប់តែ​ក្រុម​ប្រឹក្សាជាតិ ​រៀបចំ​ការ​បោះឆ្នោត ​ សម្រេច​ទទួល​ស្គាល់​សុពលភាព​សន្លឹក​ឆ្នោត ​ទាំង​នោះ​ទៅ​វិញ។

លោក ​Sadi Guven​ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រៀបចំ​ការបោះឆ្នោត ​បាន​អះអាង​នៅ​មុខ​អ្នក​កាសែត​ថា ​ការ​សម្រេច​របស់​អាជ្ញាធរ ​ដោយ​ទទួល​ស្គាល់​សន្លឹក​ឆ្នោត ​ដែល​គ្មាន​ស្នាម​ត្រា​នៅ​ពី​លើ​ បែប​នេះ ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ហើយ​ម្យ៉ាង​វិញ​ទៀត ​ គេ​សម្រេច​បែប​នេះ ​គឺ​បន្ទាប់​ពី​មាន​ការ​តវ៉ា ​របស់​ប្រជាជន​ជាច្រើន ​ដែល​បាន​បោះឆ្នោត​រួចហើយ ​តែ​បាន​អះអាង​ថា​ សន្លឹក​ឆ្នោត​ខ្លួន​ ត្រូវ​បាន​គេ​ភ្លេច​វាយ​ត្រា​ពី​លើ។

ក្រុមបក្សប្រឆាំង​ បដិសេធ​លទ្ធផល​ឆ្នោត
 
តែ​យ៉ាង​ណា ​ក្រុម​គណបក្ស​ប្រឆាំង ​បាន​ចោទ​ប្រកាន់​ ​ពី​ចេតនា​ កែ​បន្លំ​លទ្ធផល​សន្លឹក​ឆ្នោត ​ពី​សំណាក់​ ក្រុម​ប្រឹក្សា​រៀបចំ​ការ​បោះឆ្នោត ​ដោយ​ឃុបឃិត​ ជាមួយ​នឹង​មន្ត្រី​របស់​គណបក្ស ​AKP ។ គណបក្ស​ប្រឆាំង​ទាំង​ពីរ​ បាន​សន្យា​ថា​ នឹង​ប្តឹង​ទាស់​ ដើម្បី​បដិសេធ​លទ្ធផល​ឆ្នោត ​ ហើយ​ទៀមទារ​ឲ្យ​រាប់​ សា​ឡើងវិញ។

ដោយឡែក ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល ​មាន​មនុស្ស​ម្នា​ជាច្រើន​ពាន់​នាក់ ​បាន​មក​ជួបជុំ​គ្នា ​ធ្វើ​បាតុកម្ម ​នៅ​យប់​ថ្ងៃ​អាទិត្យ​ និង​ចន្ទ​ដើម្បី​បដិសេធ​លទ្ធផល​ឆ្នោត ​ព្រមទាំង​បរិហា ​ពី​ចេតនា​ក្តោបក្តាប់​អំណាច ​ផ្តាច់ការ​ របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន់។ ទាក់ទិន​នឹង​បញ្ហា​នេះ ​សហភាព​អឺរ៉ុប ​ទើប​បាន​ប្រកាស​អំពាវនាវ​ សុំឲ្យ​រដ្ឋាភិបាល​តួកគី ​ស្វែងរក​ការ​ស្រុះស្រួល​គ្នា ​ដោយ​យក​ប្រយោជន៍​ជាតិ​ជា​ធំ ​ចៀសវៀង​ការ​ធ្លាក់​ទៅ​ក្នុង​អំពើ​ហិង្សា ​និង​វិបត្តិ​នយោបាយ។

ក្តាប់​អំណាច​ក្នុង​ស្រុក​ តែ​ឯកោ​នៅ​ក្រៅ​ស្រុក

បើយើង​ពិនិត្យ ក្នុង​ពេល​ឃោសនា​កន្លង​មក​នេះ​ លោក​អ៊ែរដូហ្កាន់ ​បាន​ជ្រើសរើស​យុទ្ធសាស្ត្រ​ក្តៅ ​ ប្រឆាំង​គេ​ប្រឆាំង​ឯង​ ជា​ពិសេស​ជាមួយ​អាល្លឺម៉ង់ ​និង​សហភាព​អឺរ៉ុប។ ប្រទេស​ធំៗ​នៅ​អឺរ៉ុប ​សុទ្ធតែ​បាន​ក្រើន​រំលឹក ​ពី​ទំនោរ​ផ្តាច់ការ​និយម​របស់​លោក​អ៊ែរដូហ្កាន់។ ជាងនេះ​ទៅ​ទៀត ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ  ក្រោយ​ដឹង​លទ្ធផល​ឆ្នោត ​លោក​អ៊ែរដូហ្កាន់ ​បាន​លើកឡើង​ពី​បំណង​ ចង់​ធ្វើ​ប្រជាមតិ​មួយ​ទៀត ​ដើម្បី​រៀបចំ ​ឲ្យមាន​ទោស​ប្រហារ​ជីវិត។ នេះ​ជា​ចំនុច​មួយ​ធំ​ណាស់ ​ដែល​ប្រទេស​ជា​ច្រើន​នៅ​សហភាព​អឺរ៉ុប ​គេ​មិន​គាំទ្រ។ ដូច្នេះ ​មានន័យ​ថា​ចាប់​ពី​ពេល​នេះ​ តួកគី​ នឹង​នៅ​ឆ្ងាយ​ពី​សហភាព​អឺរ៉ុប។

បើ​ទោះ​បី​ជា​តួកគី​ ជា​សមាជិក​អង្គការ​អូតង់​ ក៏​ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ ​រុស្ស៊ី​បាន​ព្យាយាម​ មក​អូសទាញ​តួកគី​ច្រើន​ណាស់។ ដោយ​បូក​បន្ថែម ​ជាមួយ​បញ្ហា ​រវាង​តួកគី ​និង​សហភាព​អឺរ៉ុប​ ដែល​ជា​សម្ព័ន្ធ​អូតង់​ដ៏​ធំ​នោះ ​សហរដ្ឋ​អាមេរិក​ អាច​ចាត់​ទុក​តួកគី ​ថា​កំពុង​ក្បត់​ខ្លួន​ក៏​ថា​បាន​ដែរ។ លោក​អ៊ែរដូហ្កាន់ ​អាច​មាន​ផ្លូវ​ ពង្រឹក​ក្តោបក្តាប់​អំណាច​ក្នុង​ដៃ ​រហូត​ដល់​ឆ្នាំ​២០២៩​ក៏​ពិតមែន ​ តែ​លើ​ឆាក​អន្តរជាតិ ​គាត់​ប្រាកដ​ជា​ឯកោ ​ហើយ​ត្រូវ​ដើរ​ដោយ​ប្រុង​ប្រយ័ត្ន ​បំផុត​ រវាង ​អាមេរិក ​និង​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ