អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖ ត្រូវចាប់​ជនសង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​ជីហាត ដាក់ឃុំ​ទាំងអស់​ រឺ​យ៉ាងណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពីបាន​រងគ្រោះ​ដោយ​អំពើ​ភេរវកម្ម​ជាថ្មី ​កាលពី​ថ្ងៃ​ទី​២៦​កក្កដា ​បារាំង​កំពុង​ស្ថិត​ក្នុង​ភាព​តក់ស្លុត ​ស្រលាំង​កាំង ​អមដោយ​ភាព​មិន​អស់ចិត្ត ​និង​ខឹង​សំបារ​ទៅលើ​អាជ្ញាធរ​បារាំង​ ដែល​បណ្តោយ​ឲ្យ​បញ្ហា​នេះ​កើតមាន​ឡើង ​ម្តង​ជា​ពីរដង។ ភេរវជន​អ៊ីស្លាម​ទាំង​ពីរ​នាក់ ​ដែល​បាន​ចូល​ទៅ​ចាប់​ចំណាប់​ខ្មាំង​ និង​បាន​អារក​សម្លាប់​សង្ឃ​កាតូលិក​ម្នាក់ ​ត្រូវបាន​អាជ្ញាធរ​ដឹង​ពី​អត្តសញ្ញាណ​ហើយ។ ឃាតករ​ម្នាក់​ក្នុង​ចំណោម​ពីរនាក់​នេះ ​គឺ​ជាជន​ជាប់ចោទ​ពី​បទ​ពាក់ព័ន្ធ​នឹង​បណ្តាញ​ភេរវកម្ម​ជីហាត​ តែ​ត្រូវ​តុលាការ​បារាំង​សម្រេច​ឲ្យ​នៅ​ក្រៅឃុំ​ជា​បណ្តោះអាសន្ន​សិន ​ដោយ​មាន​ពាក់​ឧបករណ៍​តាមដាន​អេឡិច​ត្រូនិច។ មតិទូទៅ​កំពុងចោទ​សួរ​ថា ​ហេតុអ្វី​តុលាការ​បែរ​ជា​បណ្តោយ​ឲ្យ​ជន​ជីហាត​នេះ ​នៅ​ក្រៅ​ឃុំ​ដូច្នេះ?

នគរបាលបារាំង​ ត្រៀមបង្រ្កាប​ភេរវជន​នៅ​វិហារ​កាតូលិក​ Saint Etienne de vrouvray
នគរបាលបារាំង​ ត្រៀមបង្រ្កាប​ភេរវជន​នៅ​វិហារ​កាតូលិក​ Saint Etienne de vrouvray REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

អត្តសញ្ញាណ​ឃាតករទី២៖

ឃាតករ​ទីពីរ​ត្រូវ​បាន​គេ​ស្គាល់​ហើយ ​ ​គឺ​ឈ្មោះ ​Abdel-Malik Petitjean ​អាយុ​១៩ឆ្នាំ។ សមត្ថកិច្ចមាន​ការ​លំបាក​ ក្នុង​ការ​ស្វែងរក​អត្តសញ្ញាណ​របស់​ជននេះ ​គឺ​ដោយសារ​តែ​មុខមាត់​ជន​នេះ ​ត្រូវ​ខ្ទេចខ្ទី​ដោយ​គ្រាប់​កាំភ្លើង ​ហើយ​មួយទៀត ​ជននេះ​មិន​មាន​សម្រង់​ស្នាម​មេដៃ ​រឺ​ADN​ នៅក្នុង​បញ្ជីរ​របស់​នគរបាល​បារាំង​ទេ។

អាជ្ញាធរ​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​រូបភាព​វីដេអូ ​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ដែល​បាន​ផ្សាយ​នៅ​លើ​ទំព័រ​អ៊ីនធើនែត​របស់​ពួក​វា​កាលពី​យប់​ថ្ងៃពុធ។ តាម​រូបភាព​វីដេអូ​ដែល​បង្ហាញ​ពី​ការ​ស្បថ​ចូល​បំរើ​ក្រុមជីហាត ​គេឃើញ​មាន​រូប​ឃាតករ​ទី​មួយ​ដែល​គេ​ដឹង​អត្តសញ្ញាណ​រួចហើយ ​ដែល​ជន​នេះ​បាន​ស្រែក​ជា​ភាសា​អារ៉ាប់​ ដៃកាន់​គ្នា​ជាមួយ​ជន​ម្នាក់ទៀត ​ដែល​គេ​សង្ស័យថា​ប្រហែល​ជា​ឃាតករ​ទី​ពីរ។ បន្ទាប់​មក​ ទើប​គេ​ស្រាវជ្រាវ ​យក​ADN ​របស់​ឃាតករ​ទីពីរ​ ​ទៅ​ផ្ទៀង​ជា​មួយ​នឹង​ម្តាយ​របស់​ជននោះ ​ទើប​គេ​ដឹង​ថាឃាតករ​ទីពីរ ​ពិត​ជា​ជនដែល​នៅ​ក្នុង​វីដេអូ​នេះ​មែន។​ មិនត្រឹម​តែ​ប៉ុណ្ណោះ ​សមត្ថកិច្ច ​ថែម​ទាំង​បាន​រកឃើញ​អត្តសញ្ញាណ​បណ្ណ ​របស់​ជន​ឈ្មោះ ​Abdel-Malik Petitjean នេះ​ នៅផ្ទះ​របស់​ឃាតករ​ទីមួយ​ឈ្មោះ​Adel Kermiche​ ទៀតផង។

បន្ទាប់​ពីបាន​ដឹង​ពី​អត្តសញ្ញាណ​ឃាតករ​ទីពីរ​នេះ​ហើយ ​ទើបធ្វើ​ឲ្យ​អាជ្ញាធរ​បារាំង​ បាន​ដឹង​ថា​ តាម​ពិត ​ជន​ទីពីរ​នេះ ​មិន​ធ្លាប់​ត្រូវ​បាន​ជាប់​ទោស​អ្វី​ទេ ​ តែ​ត្រូវ​បាន​នគរបាល​សន្តិសុខ​ផ្ទៃ​ក្នុង​បារាំង ​តាម​ដាន​ នឹង​កត់​ឈ្មោះ​ទុក​ក្នុង​បញ្ជីរ ​S ​រួច​ទៅ​ហើយ ​ដោយ​សារ​ជននេះ ​ធ្លាប់​ប៉ុនប៉ង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស៊ីរី។ ដោយឡែក ​តាម​ប្រភព​ពី​ក្រុមស៊ើប​អង្កេត ​ភេរវជន​ទាំងពីរ​ ដែល​បាន​ធ្វើ​សកម្មភាព​ចាប់​ចំណាប់ខ្មាំង​ និង​អារក​សម្លាប់​សង្ឃ​កាតូលិក​នេះ​ ទើប​តែ​ស្គាល់គ្នា​ទេ ​ហើយ​ថា​មិន​ត្រូវ​អាច​ត្រូវ​គេ​តម្រូវ​ឲ្យ​ចាប់ដៃ​គូ​គ្នា ​ដើម្បី​ធ្វើ​សកម្មភាព​នេះ។
 

ពិធីដង្ហែរ​ក្បួន​​នៅក្រុង​ប៉ារីស ថ្ងៃទី​២៧ កក្កដា​ រំលឹក​វិញ្ញាណខន្ធសង្ឃកាតូលិក ដែល​ត្រូវ​ជនជីហាត​សម្លាប់ និង​អំពាវនាវ​កុំឲ្យ​មានជម្លោះស្អប់​គ្នា​​រវាង​សាសនា
ពិធីដង្ហែរ​ក្បួន​​នៅក្រុង​ប៉ារីស ថ្ងៃទី​២៧ កក្កដា​ រំលឹក​វិញ្ញាណខន្ធសង្ឃកាតូលិក ដែល​ត្រូវ​ជនជីហាត​សម្លាប់ និង​អំពាវនាវ​កុំឲ្យ​មានជម្លោះស្អប់​គ្នា​​រវាង​សាសនា REUTERS/Benoit Tessier

ដរាបណា​គ្មាន​ការ​សម្រេចទោស​ មនុស្ស​ម្នាក់​នៅ​តែ​ជា​មនុស្ស​គ្មាន​កំហុស៖
មហាជន​បារាំង​ គ្រាប់​ស្រទាប់​ ដែល​នឿយណាយ ​នឹង​អំពើ​ភេរវកម្ម​ម្តងហើយ​ម្តង​ទៀត ​ កំពុងតែ​ចោទ​សួរ​ថា ​តើ​សមត្ថកិច្ច​បារាំង​ ទាំង​នគរបាល ​ទាំង​តុលការ ​ពួកគាត់​ធ្វើ​ការ​របៀប​ម៉េច ​បាន​ជា​បណ្តោយឲ្យ​​ជន​សង្ស័យ​ជីហាត ​ដ៏​គ្រោះថ្នាក់​ម្នាក់​ នៅ​ក្រៅ​ឃុំ​ដើរហើរ ​ដោយ​សេរី​ដូច្នេះ?

ដូចយើង​ដឹង​ហើយ​ថា ​ឃាតករ​ទីមួយ ​ដែល​ឈ្មោះ ​Adel Kermiche​ ធ្លាប់​បាន​ប៉ុន​ប៉ង​រត់​ទៅ​ធ្វើ​ជីហាត​នៅស៊ីរី​ ដល់​ទៅ​២ដង​ ហើយ​ត្រូវ​នគរបាល​បារាំង​ចាប់​បាន​បញ្ជូន​ទៅ​តុលាការ។​​​ តែ​តុលាការ​បារាំង​បាន​សម្រេច​ទុកឲ្យ​ជននេះ ​នៅ​ក្រៅ​ឃុំ​ ដោយ​ត្រូវ​ពាក់​ឧបករណ៍​តាម​ដាន​អេឡិចត្រូនិច។

ទាក់ទិន​នឹង​ចំណុច​នេះ ​យើង​ត្រូវ​យល់ថា​ ច្បាប់​បារាំង​មាន​លក្ខណៈ​ស្មុគស្មាញ ​ដែល​ទាមទារ​លក្ខខណ្ឌ ​ភស្តុតាង​យ៉ាងច្រើន ​ មុននឹង​សម្រេច​ចាប់អ្នក​ណា​ម្នាក់​ដាក់​ឃុំ។ ជា​គោលការណ៍​គ្រិះ ​ តាម​ច្បាប់​បារាំង​ គឺ​មនុស្ស​ម្នាក់​ត្រូវ​គេ​គិត​ថា​ជា​មនុស្ស​គ្មាន​ទោស ​ ដរាបណា​មិនទាន់​មាន​ការ​សម្រេច​ទោស​ជា​ផ្លូវការ​ពី​តុលាការ។ ដូច្នេះ ​ក្នុង​ករណី​នេះ ​គេ​មិន​អាច​ចេះតែ​ចាប់​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នោះទេ។ កាលណា​មិន​ទាន់​មាន​សាលក្រម​ពី​តុលាការ ​គឺ​ជន​នោះ​មាន​សិទ្ធិ​ដើរ​ហើរ​ដោយ​សេរី។ នេះគឺ​ជា​គោលការ​ទូទៅ ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​បារាំង។

យើង​និយាយ​ថា ​គោលការណ៍​នេះ​មិន​ល្អ ​មិន​ឆ្លើយតប​ទៅនឹង​ករណី​ជាក់ស្តែង​នៃ​ការ​គម្រាម​កំហែង​ភេរវកម្ម ​ក៏​វា​មិន​ត្រូវ​ដែរ ​ ព្រោះ​ថា​កន្លង​មក​ចៅក្រម​ ​រឺតុលាការ​បារាំង ​តែងតែ​ធ្វើ​ជា​ករណី​លើកលែង​ មិន​អនុវត្ត​គោលការ​គ្រិះនេះ ​ជានិច្ច ​នៅក្នុង​ករណី​ដែល​ជន​សង្ស័យ ​អាច​ជា​ជន​ជីហាត​អ៊ីស្លាម។ បើ​ពិនិត្យ​លើ​តួលេខ ​តុលាការ​សម្រេចឃុំ​ខ្លួន​បណ្តោះអាសន្ន​ជន​សង្ស័យ​ជីហាត ​ដល់ទៅ​៩២%​ នៃ​ករណី​ទាំងអស់ ​បើ​ប្រធៀប​ទៅ​ករណី​បទល្មើស​ធម្មតា ​ក្រៅពី​ភេរវកម្ម ​តុលាការ​ឃុំខ្លួន​តែ​២០%​ប៉ុណ្ណោះ។

១៦៩នាក់ កំពុង​ជាប់ឃុំប​ណ្តោះអាសន្ន និង​៩៩នាក់​នៅ​ក្រៅឃុំ៖
រាល់ថ្ងៃ​នេះ ​បើតាម​តួលេខ​ពី​មន្ទីរ​អយ្យកា​ក្រុង​ប៉ារីស​ គឺ​មាន​មនុស្ស​ទាំងអស់ ​៥៥៣នា​ក់ ​ដែល​ជា​ជន​សង្ស័យ​ អ្នក​ខ្លះ​ត្រលប់​មក​ពី​ស៊ីរី​និ​ងអ៊ីរ៉ាក់ ​ឯអ្នក​ខ្លះ​គ្រាន់​តែ​មាន​បំណង​ចង់រត់​ទៅ​ប្រទេស​ទាំងពីរ​នេះ។ មនុស្ស​ទាំង​៥៥៣​នាក់​នេះ ​ គឺត្រូវ​បាន​ស្ថិត​នៅ​ក្នុង​ការ​តាមដាន​ របស់​អាជ្ញាធរ។ ក្នុង​ចំណោម​៥៥៣​នាក់​នេះ ​ ​គឺ​មាន​២៦៨ ​ត្រូវ​បាន​បញ្ជូន​ឈ្មោះទៅ​តុលាការ​រួចរាល់​ហើយ ​ដោយ​មាន​៤៩​នាក់ ​កំពុង​រងចាំ​សវនាកា​កាត់ទោស ​ហើយ​៧១​នាក់​ ទៀត​ត្រូវ​បាន​កាត់​ទោស​រួចរាល់​ហើយ។

ក្នុង​ចំណោម​២៦៨​នាក់​ នេះ​ ​គឺ​មាន​១៦៩​នាក់​ត្រូវ​គេ​ដាក់​ក្នុង​ឃុំ​បណ្តោះអាសន្ន ​ និង​៩៩​នាក់​ផ្សេង​ទៀត​ ត្រូវ​ចៅក្រម​សម្រេច​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ត្រួត​ពិនិត្យ​ឃ្លាំមើល។ ការដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ​ឃ្លាំមើល​នេះ ​មានន័យ​ថា​គឺ​ជន​សង្ស័យ ​ស្ថិតនៅ​ក្រៅ​ឃុំ ​ដោយ​តុលាការ​តម្រូវ​ឲ្យ​ជននេះ ​នៅ​សំងំ​ក្នុង​ផ្ទះ ​ដោយ​មាន​ពាក់​ឧបករណ៍​តាម​ដាន​អេឡិចត្រូនិច ​ដើម្បី​កុំឲ្យ​ជន​សង្ស័យ​រត់​ទៅណា។ ក្នុង​ករណី​ខ្លះ​ ជន​សង្ស័យ​មាន​កាតព្វកិច្ច​បង្ហាញ​ខ្លួន ​ ​នៅ​អធិការដ្ឋាន​នគរបាល ​មួយថ្ងៃ​ម្តង​ រឺ​មួយ​អាទិត្យ​៣ដង​ជាដើម។

យ៉ាងណាមិញ ​ ឃាតករ​ទីមួយ​ឈ្មោះ ​Adel Kermiche ​គឺ​ស្ថិត​ក្នុង​ករណី​នេះ ​ដែល​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ ​ដោយ​មាន​ពាក់​ឧបករណ៍​តាម​ដាន​អេឡិច​ត្រូនិក។ តែជននេះ ​មាន​សិទ្ធិ​ចេញ​មក​ខាងក្រៅ​ផ្ទះបាន​ នៅ​ចន្លោះ​ពីម៉ោង​៨និង​៣០​នាទី ​ព្រឹក​ រហូត​ ១២​និង​៣០​នាទី​ថ្ងៃត្រង់។ ពោល​គឺពេល​នេះ​ឯង​ ដែល​ភេរវជន​នេះ ​បាន​ឆ្លៀត​ឱកាស ​ទៅធ្វើ​សកម្មភាព​កាល​ពី​ថ្ងៃ​ទី​២៦​កក្កដា​ ជាមួយ​បក្សពួក​ជីហាត​របស់​ខ្លួន។

ត្រឹមតែ​បាន​ធ្វើដំណើរ ​រឺ​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ស៊ីរី ​និង​អ៊ីរ៉ាក់ ​គឺ​វា​មិន​ខុស​ច្បាប់​ទេ!

ប្រធានាធិបតី​បារាំង កោះ​ប្រជុំ​គណរដ្ឋមន្ត្រី​​បន្ទាន់ ដើម្បី​ឆ្លើយតប​ការ​​គំរាម​កំហែង​​ភេរវកម្ម
ប្រធានាធិបតី​បារាំង កោះ​ប្រជុំ​គណរដ្ឋមន្ត្រី​​បន្ទាន់ ដើម្បី​ឆ្លើយតប​ការ​​គំរាម​កំហែង​​ភេរវកម្ម REUTERS/Bertrand Guay/Pool

ជាគោលការ​មូលដ្ឋាន​ច្បាប់ ​គឺ​មនុស្ស​ម្នាក់​នៅ​តែ​ជា​មនុស្ស​គ្មាន​ទោស​ គ្មាន​កំហុស ​ដ៏រាប​ណា ​គ្មាន​ភស្តុតាង​ និង​គ្មានការ​សម្រេច​ទោស​ជា​ផ្លូវការ។ ចំពោះ​ករណីបទ​ល្មើស​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​ភេរវកម្ម​ គឺ​មាន​លក្ខខណ្ឌ​ជាច្រើន ​ ដែល​ចៅក្រម​ត្រូវធ្វើ​ការ​ថ្លឹងថ្លែង ​មុន​នឹង​សម្រេច​ឃុំខ្លួន​ជន​សង្ស័យ។

 
អ្វីដែល​សំខាន់​គឺ​ថា ​ ការ​ដែល​មនុស្ស​ម្នាក់ ​ដោយ​គ្រាន់តែ​បាន​ធ្វើ​ដំណើរ​ ​រឺ​ក៏​មាន​បំណង​ធ្វើ​ដំណើរ​ ទៅ​ប្រទេស​ស៊ីរី​ និង​អ៊ីរ៉ាក់ ​គឺវា​មិនមែន​ជា​រឿង​មួយ​ខុស​ច្បាប់​ទេ។ មនុស្សណា​ក៏​មាន​សិទ្ធិ​ដើរហើរ ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​តាមចិត្ត។ ដូច្នេះ​តុលាការ​ត្រូវ​ពិចារណាលើ​ចំណុច​ជាច្រើន ​ ដើម្បី​ដាក់​បន្ទុក​លើ​ជន​ម្នាក់​នោះ ​ថា​ពិត​ជា​មាន​បំណង​ចូលទៅ​ធ្វើ​ជីហាត ​នៅ​ស៊ីរី ​និង​អ៊ីរ៉ាក់ ​ហើយ​បើ​ក្នុង​ករណី​ត្រលប់​មក​វិញ ​ តុលាការ​ត្រូវ​ថ្លឹងថ្លែង​ទៀត​ ថា​ ជន​នោះ​អាច​បង្ក​គ្រោះថ្នាក់​អ្វី​ខ្លះ ? តើ​ជននោះ ​នៅ​តែ​មាន​ទំនាក់ទំនង​នឹង​ពួក​ភេរវកម្ម​ជីហាត ​រឺមួយ​ក៏​ជន​នេះ ​មាន​បំណង​កែខ្លួន​ ត្រលប់​មក​រក​ក្រុម​គ្រួសារ​វិញ​ រឺ​យ៉ាងណា។ ចំណុច​ទាំង​អស់​នេះហើយ ​ ដែល​ធ្វើ​ឲ្យ​ចំណាត់ការ​មាន​ការ​យឺតយ៉ាវ ​ហើយជា​ពិសេស ​សម្រាប់​អ្នក​ច្បាប់ ​និង​អង្គ​ចៅក្រម​បារាំង ​ដែល​ស្រលាញ់​ការពារ​យុត្តិធម៌ ​ គឺ​គេ​មិន​អាច​ធ្វេស​ប្រហែស ​ធ្វើឲ្យ​តែ​រួច​ពី​ដៃ​បាន​ទេ។

ប៉ុន្តែយ៉ាង​ណា​ក៏ដោយ​ ប្រឈមមុខ​នឹង​ករណី​ភេរវកម្ម​លើក​នេះ ​ អ្នក​ច្បាប់​ និង​អ្នក​នយោបាយ​​បារាំង​កំពុង​តែ​ពិចារណា ​ថាត្រូវ​ធ្វើយ៉ាង​ណាដាក់​ច្បាប់​ឲ្យ​តឹង​ ដើម្បី​ទប់ស្កាត់​អំពើ​ភេរវកម្ម ​ ​តែដោយ​ត្រូវ​តែ​បន្ត​គោរព​គោលការ​គ្រិះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​បារាំង។ លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង ​បាន​បញញ្ជាក់​ពី​ជំហរ​គាត់​ថា គេ​មិន​អាច​រំលោភ​រដ្ឋធម្មនុញ្ញ ​រំលោភ​គោលការ​នីតិរដ្ឋ​ ដោយ​យក​លេស​ថា​ដើម្បី​ការពារ​នីតិរដ្ឋ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ