អានតួអត្ថបទ
បារាំង-អង់គ្លេស-ភេរវកម្ម

នាយករដ្ឋមន្ត្រី​អង់គ្លេស​មក​ជួប​ប្រធានាធិបតី​បារាំង មើល​ការ​ប្រកួត​បាល់ទាត់ និង​និយាយ​ពីបញ្ហា​ភេរវកម្ម

លោកស្រី​​ តេរ៉េហ្សា ម៉េ ​នាយករដ្ឋមន្ត្រី​អង់គ្លេស ​នឹង​អញ្ជើញ​មក​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង ​ជា​ទី​ដែល​លោកស្រី ​នឹង​ត្រូវ​ទទួល​ជួប​ដោយ​លោក ​អេម៉ានុយអែល ​ម៉ាក្រុង ​ប្រធានាធិបតី​បារាំង។ ថ្នាក់​ដឹក​នាំ​ទាំង​ពីរ ​នឹង​អញ្ជើញ​ទៅ​បើក​ការ​ប្រកួត ​ជា​មិត្តភាព ​រវាង​ក្រុម​កីឡា​បាល់ទាត់​ជំរើស​ជាតិ​អង់គ្លេស ​និង​ជំរើសជាតិ​បារាំង។ ប៉ុន្តែ​កិច្ចការ​សំខាន់​ នៅ​ពីក្រោយ​ជំនួប​នេះ ​គឺការ​ពិភាក្សា​គ្នា ​ស្តីពី​យុទ្ធនាការ​ទប់​ស្កាត់​ ការ​សាបព្រួស​ចរន្ត​ភេរវកម្ម​និយម ​នៅលើ​បណ្តាញ​អ៊ីនធើនែត។ អង់គ្លេស ​និង​បារាំង​ បាន​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​ ​ដោយសារ​ភេរវកម្ម​ជា​បន្តបន្ទាប់ ​ក្នុង​ពេល​កន្លង​មក​នេះ។

Emmanuel Macron និង Theresa May ក្នុងឱកាស​កិច្ច​ប្រជុំ G7 នៅអ៊ីតាលី
Emmanuel Macron និង Theresa May ក្នុងឱកាស​កិច្ច​ប្រជុំ G7 នៅអ៊ីតាលី Reuters
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ទៅ​មើល​ការ​ប្រកួត​បាល់ទាត់​ រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង​និង​អង់គ្លេស ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​បារាំង ​នៅយប់​ថ្ងៃ​អង្គារ​ទី ​១៣ ​មិថុនា​នេះ ​ លោកស្រី​តេរ៉ាហ្សា​ ម៉េ ​និង​លោក អេម៉ានុយអែល ​ម៉ាក្រុង​ ត្រូវ​ជួប​និយាយ​គ្នា ​ដោះដូរ​យោបល់​គ្នា​ ស្តីពី​វិធាន​ការ​​ ទប់ស្កាត់​ការ​សាបព្រួស ​អូសទាញ ​មនុស្ស​តាម​បណ្តាញ ​អ៊ីនធើនែត ​ឲ្យធ្លាក់​ចូល​ទៅក្នុង​ចលនា​ជ្រុល​និយម​ភេរវកម្ម។

 
អ្នក​នាំពាក្យ​រដ្ឋាភិបាល​អង់គ្លេស​បាន​បញ្ជាក់​ថា ​សហប្រតិបត្តិការ​រវាង​បណ្តាញ​ស៊ើបការ​សម្ងាត់​អង់គ្លេស ​និង​បារាំង ​ស្ថិតនៅ​ក្នុង​កំរិត​មួយ​ល្អ​ប្រសើរ​ហើយ ​​នៅក្នុង​ការងារ​បោស​សំអាត​បណ្តាញ​ភេរវកម្ម​នេះ ​ក៏​ប៉ុន្តែ​អង់គ្លេស ​និង​បារាំង​ មាន​បំណង​ធ្វើការ​ជាមួយ​គ្នា ​ឲ្យ​បាន​ល្អ​ជាង​នេះទៀត​ នៅ​ក្នុង​ការ​ទប់ស្កាត់ ​ការ​​រីកសាយ​ភាយ​ទ្រឹស្តី​ជ្រុលនិយម​ភេរវកម្ម ​នៅលើ​អ៊ីនធើនែត។

លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស ​នឹង​លើក​ឡើង​អំពី​វិធានការ​មួយ​ចំនួន ​ ដើម្បី​ចាប់​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អ៊ីនធើនែត​ធំៗ ​ឬ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​បណ្តាញ​សង្គម​ ដូចជា​ Facebook ​Twitter​ ជាដើម ​ឲ្យ​ចូលរួម​ទប់ស្កាត់​ និង​លប់​បំបាត់​នូវ​សារ​ណា ​ដែល​មាន​ខ្លឹមសារ​ជ្រុល​និយម ​ឬ​ហិង្សា។ វា​គឺ​ជា​ការ​ទទួល​ខុសត្រូវ ​របស់​ក្រុមហ៊ុន​គ្រប់គ្រង​បណ្តាញ​អ៊ីនធើនែត ​ទាំង​នោះ។

សូម​រំលឹក​ថា ​ពេលថ្មីៗ​នេះ ​អង់គ្លេស​បាន​រង​អំពើ​ភេរវកម្ម​ពីរ​ជាប់គ្នា ​មួយ​នៅ​ក្រុង​Manchester​ កាល​ពី​ថ្ងៃ​ទី២២​ ឧសភា ​មាន​ស្លាប់​២២​នាក់ ​និង​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៣ ​មិថុនា ​នៅ​កណ្តាល​ទីក្រុង​ឡុងដ៍ ​ដែល​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់​៨​នាក់។ ចំណែក​បារាំង​វិញ​ បាន​បន្ត​បំបែក​បាន​គំរោង​ធ្វើ​ភេរវកម្ម​ជា​រឿយៗ។ បណ្តាញ​សង្គម​ Facebook ​និង ​Twitter ​ឬ​បណ្តាញ​អ៊ីនធើនែត​ជា​ទូទៅ ​គឺ​ជា​ជង្រុក​នៃ​ការ​សាបព្រួស​ចរន្ត​គំនិត​ជ្រុល​និយម។ ការ​សរសេរ​សារ​បញ្ចេញមតិ ​រឺ​រិះគន់ ​ដែល​មាន​ខ្លឹមសារ​ជ្រុល​និយម ​ពន្យុះ​ឲ្យ​ប្រើ​អំពើ​ហឹង្សា ​បាន​កើន​ឡើង​កាន់តែ​ខ្លាំង ​នៅតាម​បណ្តាញ​អ៊ីនធើនែត។

តែយ៉ាងណា ​ប្រតិបត្តិការ​ទប់ស្កាត់ ​ការ​រីក​សាយ​ភាយ​ នៃ​សារ​ដែល​មាន​ខ្លឹមសារ​ជ្រុល​និយម​ទាំង​នោះ ​នៅ​តាម​អ៊ីនធើនែត ​គឺ​មិនមែន​ជា​ការ​ងាយ​ឡើយ​ ហើយ​វា​ក៏អាច​ជា​កម្មវត្ថុ​នៃ​ការ​រិះគន់​ដែរ​ ដោយសារ​តែ​វា​អាច​ប៉ះពាល់​ ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ មិនមែន​ជា​តួនាទី​របស់​អាជ្ញាធរ​តែ​ម្នាក់ទេ​ ដែល​ត្រូវ​ទប់ស្កាត់ ​តែ​អ្នក​ប្រើប្រាស់​គ្រប់​គ្នា ​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ ​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ដើម្បី​កុំឲ្យ​ធ្លាក់​ចូល​ក្នុង​ការ​អូសទាញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ