បារាំង៖ ភាពប្រទាំងប្រទឹស ក្នុងបក្សប្រធានាធិបតី មួយថ្ងៃមុនលោកម៉ាក្រុង ចូលកាន់តំណែង
ថ្ងៃអាទិត្យទី១៤ ឧសភានេះ គឺជាថ្ងៃដែលប្រធានាធិបតីបារាំងថ្មី លោក អេម៉ានុយអែល ម៉ាក្រុង ត្រូវចូលកាន់មុខតំណែងជាផ្លូវការ។ ទន្ទឹមគ្នានេះ គណបក្សនយោបាយបារាំងទាំងអស់ កំពុងតែរៀបចំបញ្ជីឈ្មោះ បេក្ខជនសមាជិកសភា រៀងៗខ្លួន ព្រោះការបោះឆ្នោតសភា នឹងមកដល់ នៅថ្ងៃទី១១ មិថុនា នេះ។ ក៏ប៉ុន្តែ គណបក្សរបស់លោកម៉ាក្រុង កំពុងតែឈឺក្បាល ជាមួយនឹងភាពប្រទាំងប្រទឹសជាច្រើន ដែលទាក់ទងទៅនឹងបញ្ជីឈ្មោះនេះ។ គណបក្សលោកម៉ាក្រុង ដែលជាគណបក្សថ្មីនោះ កំពុងតែប្រមែរប្រមូល បេក្ខជនសមាជិកសភា មកពីគ្រប់បក្ស ដើម្បីឲ្យមានសំលេងភាគច្រើន នៅក្នុងសភា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២០
មួយថ្ងៃមុនចូលកាន់តំណែងជាផ្លូវការ លោកអេម៉ានុយអ៊ែល ម៉ាក្រុង ត្រូវដោះស្រាយបញ្ហាក្នុងបក្ស ទាក់ទិន ទៅនឹងបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតសភា។ បេសកកម្មចំបងបំផុតរបស់គណបក្ស La République en marche របស់លោកម៉ាក្រុងនាពេលនេះ គឺធ្វើយ៉ាងណាយកឈ្នះឲ្យបានសម្លេងភាគច្រើនក្នុងសភា នៅក្នុងការបោះឆ្នោត ដែលមកដល់ នៅថ្ងៃទី១១មិថុនា ខាងមុខនេះ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ គណបក្ស La République en marche បានប្រកាសបញ្ជីឈ្មោះ ដែលមានបេក្ខជនចំនួន៤២៨នាក់ ក្នុងចំណោមចំនួនបេក្ខភាពសុរបចំនួន៥៧៧។ ក៏ប៉ុន្តែ បញ្ជីឈ្មោះនេះ ត្រូវបានគេរិះគន់ ព្រោះវាពោរពេញទៅដោយកំហុស និងការភ័ន្តច្រឡំ។ ក្រុមបក្សដែលចេញមុខរិះគន់នោះ គឺបក្ស MoDem របស់លោក ហ្វ្រង់ស័រ បៃរូ ដែលជាបក្សតែមួយគត់ ដែលបានចុះហត្ថលេខាធ្វើសម្ព័ន្ធមិត្តនយោបាយ ជាមួយនឹងបក្សលោកម៉ាក្រុង។
គណបក្សរបស់លោកបៃរូ មានការមិនសុខចិត្ត នៅពេលឃើញបញ្ជីឈ្មោះនេះ មានឈ្មោះបេក្ខជនដែលមកពីបក្សខ្លួន ប្រមាណតែជាង៤០នាក់ ខុសពីអ្វីដែលខ្លួនបានទាមទារ ពោលគឺជាងមួយរយនាក់។ តែយ៉ាងណា ថ្នាក់ដឹកនាំ បក្សទាំងពីរនេះ បានជួបប្រជុំគ្នាភ្លាមៗ ដើម្បីដោះស្រាយបញ្ហា។ នៅល្ងាចថ្ងៃសុក្រ លោកហ្វ្រង់ស័រ បៃរូ បានបញ្ជាក់ថា បក្សលោក និងបក្សរបស់លោកប្រធានាធិបតី ទើបតែបានស្រុះស្រួលគ្នា ម្នាក់បន្តិច ដោយបានកំណត់បាននូវការត្រូវរូវគ្នា ដើម្បីកសាងទំនុកចិត្តនឹងគ្នា ឲ្យបានរឹងមាំ និងមានសមភាព។
សូមបញ្ជាក់ថា បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតសភា ត្រូវធ្វើដោយប្រយ័ត្នប្រយែងបំផុត ដោយត្រូវដាក់បេក្ខជន ដែលអាចមានសង្ឃឹមឈ្នះច្រើន នៅតាមមណ្ឌលនីមួយ។ ដោយសារតែបក្សរបស់លោកម៉ាក្រុង ជាបក្សថ្មី កកើតទើបតែបានមួយឆ្នាំ ការរៀបចំបញ្ជីឈ្មោះសមាជិកសភានេះ គឺមានការលំបាកណាស់។ ជាងនេះទៅទៀត បក្សលោកម៉ាក្រុង បានសន្យាថាដាក់មនុស្សថ្មីៗ តែទន្ទឹមគ្នានេះ បក្សនេះ ក៏ត្រូវការការចុះចូលពីសំណាក់សមាជិកសភា មកពីគណបក្សធំៗផ្សេងទៀតដែរ។
យ៉ាងណាមិញ មានសមាជិកសភា មកពីគណបក្សសង្គមនិយមប្រមាណជា១៦នាក់ ដែលបានចុះចូល ហើយឈរឈ្មោះក្នុងបញ្ជីរបស់បក្សលោកម៉ាក្រុង។ ក្រៅពីនេះ ក៏នៅមានសមាជិកសភា របស់បក្សស្តាំនិយមួយចំនួនទៀតដែរ ដែលបានប្រកាសថាគេ អាចសុខចិត្តធ្វើការចុះចូល រឺធ្វើការជាមួយបក្សប្រធានាធិបតី បើសិនជាមានការត្រូវរូវគ្នា។ ដោយឡែក មន្ត្រីដឹកនាំបក្សស្តាំនិយម បានរិះគន់បក្សលោកម៉ាក្រុង ថាកំពុងបំភ័នភ្នែកប្រជាជន ដោយសន្យាថាខ្លួន នឹងធ្វើនយោបាយបែបថ្មីជាមួយមនុស្សថ្មី តែធាតុពិតបក្សនេះបានដាក់បញ្ចូលមនុស្សចាស់ៗ របស់បក្សសង្គមនិយមដដែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ