អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភេរវកម្មនៅ​Nice៖ ​ឃាតករ​មាន​អ្ន​ក​ផ្សំ​គំនិត​ច្រើន ​ហើយ​បាន​រៀបចំ​ទុក​មុន​ជា​យូរខែ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាងមួយ​សប្តាហ៍​ ដែល​ហេតុការណ៍​ភេរវកម្ម​ដ៏​សាហាវ​ បាន​កើតឡើង​នៅ​ទីក្រុង​នីស ​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង ​ដែល​ឃាតករ​ម្នាក់ ​បាន​បើក​រថយន្ត​បុក​សម្លាប់​មនុស្ស​៨៥​នាក់។ មក​ដល់​ថ្ងៃ​នេះ ​ការ​ស៊ើប​អង្កេត ​កំពុង​ខិត​ទៅមុខ ​ហើយ​បាន​បង្ហាញ​ឲ្យ​ដឹង​អំពី​ការ​រៀបចំ​គ្រោង​ទុក​ជាមុន​រាប់ខែ ​របស់​ឃាតករ​ ព្រមទាំង​មាន​ការ​ចូលរួម​ផ្សំ​គំនិត ​ពី​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ មនុស្ស៥​នាក់ ​ដែល​ជាប់​ចោទថា​បាន​ផ្សំគំនិត ​ត្រូវបាន​ចាប់​ខ្លួន ​ ហើយ​នគរបាល​បារាំង ​បាន​ធ្វើការ​សន្និដ្ឋាន​ច្រើន​ចំណុច ​ទាក់ទិន​នឹង​ចេតនា​គិត​ទុក​ជាមុន​របស់​ឃាតករ ​ ព្រមទាំង​បក្សពួក។

ទង់ជាតិបារាំងតាមមាត់សមុទ្រ​ក្រុង​នីស បង្ហូត​តែពាក់​កណ្តាល​ ដើម្បីកាន់ទុក្ខ​អ្នកស្លាប់​ដោយភេរវកម្ម ​នៅទីក្រុង​នីស
ទង់ជាតិបារាំងតាមមាត់សមុទ្រ​ក្រុង​នីស បង្ហូត​តែពាក់​កណ្តាល​ ដើម្បីកាន់ទុក្ខ​អ្នកស្លាប់​ដោយភេរវកម្ម ​នៅទីក្រុង​នីស REUTERS/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

៨ថ្ងៃ​មក​នេះ ​ការ​ស៊ើប​អង្កេត​របស់​នគរបាល​បារាំង ​ បាន​ខិត​ទៅ​មុខ​ច្រើន​ណាស់។ អ្វី​ដែល​នគរបាល​បារាំង​ព្យាយាម​ចង់ដឹង​នោះ ​គឺថាតើ​ភេវកម្ម ​ដែល​បង្ករ​ដោយ​ជន​ឈ្មោះ ​Mohamed Lahouaiej Bouhlel​ មាន​លក្ខណៈ​គិតទុក​ជាមុន​កម្រឹត​ណា ​ហើយ​តើ​អំពើ​ឧក្រិដ្ឋ​នេះ ​មាន​មនុស្ស​ប៉ុន្មាន​អ្នក​នៅ​ពីក្រោយ​ រឺមួយ​ក៏​ជននេះ ​ ធ្វើតែ​ម្នាក់​ឯង។ ហើយ​អ្វី​ដែល​សំខាន់​នោះ ​គេ​ចង់​ដឹង​ថា ​តើ​ជន​នេះ​ មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​កម្រឹត​ណា​ដែរ។

ភេរវកម្ម​ដែល​បាន​គ្រោង​ទុក​មុន​រាប់ខែ​ ជាមួយ​ជន​ផ្សំគំនិត​ច្រើននាក់៖

លោក François Molins ​រដ្ឋអាជ្ញា​បារាំង ធ្វើសន្និសីទ​កាសែត​​បង្ហាញ​​ពី​លទ្ធផល​​ស៊ើបអង្កេត
លោក François Molins ​រដ្ឋអាជ្ញា​បារាំង ធ្វើសន្និសីទ​កាសែត​​បង្ហាញ​​ពី​លទ្ធផល​​ស៊ើបអង្កេត FRANCOIS GUILLOT / AFP

យោង​តាម​ការ​ធ្វើ​សន្និសិទ​កាសែត ​របស់​លោក ​ François Molins ​រដ្ឋអាជ្ញា​ទទួល​បន្ទុក​ស៊ើប​អង្កេត​ករណី​នេះ​ បាន​ឲ្យ​ដឹង​ថា ​ក្រុម​ការងារ​ស៊ើប​អង្កេត​បាន​ធ្វើ​ការ​សន្និដ្ឋាន​ ដោយ​មាន​ភស្តុតាង​ជា​សំអាង​ថា ​ជន​ដៃដល់ ​មិនមែន​សម្រេច​ភេរវកម្ម​នេះ​តែ​ម្នាក់ឯង​ទេ ​គឺ​មាន​ជន​សមគំនិត​ រឺ​អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន​៥នាក់​ទៀត។ ជន​ទាំង​៥នាក់​នេះ ​ កំពុង​ត្រូវ​បាន​នគរបាល​ឃុំខ្លួន ​ដើម្បី​សាកសួរ​លម្អិត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​យោង​តាម​ការ​ពិនិត្យ​ទៅ​លើ​ការ​ឆ្លងឆ្លើយ​សារ​តាម​ទូរស័ព្ទ ​រវាង​ជន​ដៃដល់ ​និង​បក្ស​ពួក​ផ្សំ​គំនិត​បាន​បង្ហាញ​ថា ​ ភេរវកម្ម​នេះ ​ត្រូវ​បាន​ជន​ដៃដល់ ​គិត​គ្រោង​ទុក​ ​ជា​យូរ​ខែ​មក​ហើយ ​មិនមែន​ទើប​តែ​ថ្មីៗ​នេះទេ។

តុលាការ​បារាំង​កំពុង​ឃុំខ្លួន ​និង​ចោទ​ពី​បទ​ចូលរួម​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម​  លើ​មនុស្ស​៥នាក់ ​ប្រុស​៤នាក់​ស្រី​ម្នាក់។ ជន​ទីមួយ​ឈ្មោះ ​Ramzi​ អាយុ​២១ឆ្នាំ ​ជា​ជនជាតិ​បារាំង​កើត​នៅ​ទីក្រុង​នីស ​តែ​មាន​ឪពុកម្តាយ​ជាជនជាតិ​ទុយណេហ្ស៊ី ​ដូច​ជន​ដៃដល់​ដែរ។ ជន​ទីពីរ​ឈ្មោះ​ Chokri ​ជា​ជនជាតិ​ទុយណេហ្ស៊ី ​អាយុ​៣៧​ឆ្នាំ។ ជន​ទីបី​ឈ្មោះ ​Mohamed Walid ​ជនជាតិ​បារាំង ​ដើម​កំណើត​ទុយណេហ្ស៊ី ​អាយុ​៤០ឆ្នាំ។

មនុស្ស​ពីរ​នាក់​ទៀត ​គឺ​ជា​ប្តីប្រពន្ធ​នឹងគ្នា ​ជា​ជនជាតិ​អាល់បានី ​ដែល​ត្រូវ​នគរបាល​ចោទ​ពី​បទ​ជួញដូរ​អាវុធ​ខុសច្បាប់ ​ព្រមទាំង​ផ្គត់ផ្គង់​អាវុធ​ចូលរួម​ក្នុង​អំពើ​ភេរវកម្ម។ គឺ២​នាក់​ប្តី​ប្រពន្ធ​នេះ​ហើយ ​ដែល​ជា​អ្នក​ផ្តល់​កាំភ្លើង​ខ្លី​ទៅឲ្យ​ជន​ដៃដល់ ​ដែល​ជនដៃដល់​បាន​ប្រើ ​ ក្នុង​ការ​បាញ់​តបត​ជាមួយ​សមត្ថកិច្ច ​នៅថ្ងៃ​កើត​ហេតុ។ ក្នុង​ចំណោម​ជន​ទាំង​៥​នាក់​នេះ ​លើក​លែង​តែ​ជន​ឈ្មោះ ​Ramzi ​ដែល​ធ្លាប់​ត្រូវ​បាន​ជាប់​ទោស​៦ដង​ ពី​បទ​ឆក់ប្លន់​សាមញ្ញ ​ក្រៅពី​នោះ ​គឺ​ពុំមាន​នរណា​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​អ្វី​ទេ។

Chokri និងបក្សពួក ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ខែ​ក្រោយ”
នៅ​ថ្ងៃ​កើត​ហេតុ ​ថ្ងៃ​ទី១៤​កក្កដា ​វេលា​ម៉ោង​ប្រហែល ​៥ល្ងាច ​ ជន​ដៃដល់ ​Mohamed Lahouaiej Bouhlel​ បាន​ផ្ញើរសារ​តាម​ទូរស័ព្ទ​ទៅ​ឈ្មោះ ​Ramzi​ ដោយ​សរសេរ​ថា​ “Chokri ​និង​គ្នា​គាត់ ​ ត្រៀម​ខ្លួន​រួចរាល់​ហើយ ​សម្រាប់​ខែ​ក្រោយ ​ ឥឡូវ​ពួក​គេ​កំពុង​ស្នាក់នៅ​​ផ្ទះ​របស់​Walid”។ បន្ទាប់​មក​ទៀត ​ នៅ​ម៉ោង​១០ ​និង២៧​នាទី ​យប់​ ប្រមាណ​១៥នាទី​ មុន​ពេល​ធ្វើ​សកម្មភាព​បើក​ឡាន​ទៅ​បុក​សម្លាប់​មនុស្ស ​ជនដៃដល់ ​បាន​ផ្ញើរសារ​ទៅ ​ជន​ឈ្មោះ ​Ramzi​ ម្តងទៀត ​ដោយ​សរសេរ​ថា “​ យើង​ចង់​ប្រាប់​ឯង​ថា ​កាំភ្លើង​ខ្លី​ដែល​ឯង​យក​មក​ឲ្យ​យើង​ពី​ម្សិល ​ប្រើស្រួល​ណាស់។ អញ្ចឹង​ឯង​ទៅ​យក ​៥ដើម​ទៀត​មក​ ដើម្បី​ទុក​ឲ្យ​ Chokri​ និង​គ្នា​គាត់​ប្រើ”។

យោងតាម​សារ​ទាំងពីរ​នេះ ​សមត្ថកិច្ច​សង្ស័យថា​ ជន​ឈ្មោះ​Chokri​ និង​បក្សពួក ​មាន​គម្រោង​ធ្វើ​សកម្មភាព​មួយ​ទៀត ​នៅ​ខែ​ក្រោយ។ ដោយឡែក ​ជន​ឈ្មោះ​Ramzi​ បាន​សារភាព ​ប្រាប់​ពី​កន្លែង​លាក់​អាវុធ​AK ​មួយដើម​ទៀត​ផង​ដែរ។

ដោយ​ពិនិត្យ​នៅក្នុង​ទូរស័ព្ទ​របស់​ជនដៃដល់ ​គេ​ឃើញ​មាន​រូបថត​របស់​ជន​ដៃដល់​ ថត​ជាមួយ​នឹង​ជនឈ្មោះ​Walid​ ថត​នៅ​ក្នុង​រថយន្ត​ដែល​វា​ប្រើ​ក្នុង​ការ​ធ្វើ​ភេរវកម្ម។ រូបថត​ទាំងនោះ​ថត​នៅ​រវាង​ថ្ងៃ​ទី​១១ ​និង​១៣​កក្កដា។ ហើយ​បន្ទាប់​មក ​នៅ​ស្អែក​ព្រឹក ​ក្រោយថ្ងៃ​ភេរវកម្ម​មួយ​ថ្ងៃ ​ជន​ឈ្មោះ​Walid ​នេះ ​ថែម​ទាំង​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ​ហើយ​បាន​យក​ទូរស័ព្ទ​ថត​ទិដ្ឋភាព​នៅ​ទីនោះ​ទៀត​ផង។

“កាត់ហ្រ្វាំង​ឡាន​ចោល ​ហើយ​បើក​បុក​ឲ្យ​ខ្ទេច ​ចាំ​អញ្ញ​អ្នក​ឈរ​មើល!”
ជន​ឈ្មោះ ​Chokri ​បាន​ផ្ញើរ​សារ​ក្នុង​Facebook ​ទៅ​ជន​ដៃដល់ ​កាល​ពី​ថ្ងៃ​ទី​៤ ​ខែមេសា ​ដោយ​សរសេរ​បង្គាប់​ឲ្យ​ជន​ដៃដល់ ​ដាក់​ដែក​ក្នុង​ឡាន​២ពាន់​តោន ​ហើយ​កាត់​ហ្រ្វាំង​ឡាន​ចោល​ រួច​បើក​បុក​ឲ្យ​ខ្ទេច​ ចាំវា​អ្នក​ឈរ​មើល។ បន្ទាប់​មក​ទៀត ​យោង​តាម​រូបភាព​កាម៉េរ៉ា​សុវត្ថិភាព ​មុនថ្ងៃ​កើត​ហេតុ​២​ថ្ងៃ ​ជនឈ្មោះ​Chokri ​បាន​ជិះ​រថយន្ត​បង្ករហេតុ​ជាមួយ​ជន​ដៃដល់ ​បើក​កាត់​កន្លែង​កើតហេតុ​ទៀតផង ​ដើម្បីប្រមើល​មើល​ស្ថានការណ៍​ជាមុន។

ភស្តុតាង ​និង​ព័ត៌មាន​លម្អិត​ មាន​នៅ​ក្នុង​ទូរស័ព្ទ​របស់​ជន​ដៃដល់​សឹង​តែ​ទាំង​អស់។ ទាំងអស់​នេះ​ បង្ហាញ​ថា ​ជន​ដៃដល់​ ធ្លាប់​បាន​ទៅ​ចូលរួម​មើល​ពិធី​បាញ់​កាំជ្រួច ​និង​ការ​ប្រគុំតន្ត្រី​នៅ​មាត់​សមុទ្រ​ទីក្រុង​នីស ​ជាច្រើន​ដង ​ មុននឹង​បាន​បែក​គំនិត​ធ្វើ​ភេរវកម្ម​ សម្លាប់​មនុស្ស​ក្នុង​ឱកាស​បែប​នេះ។
 
ជនដៃដល់​ ជាអ្នក​គាំទ្រ​នឹង​ទ្រឹស្តី​អ៊ីស្លាម​ជ្រុល​និយម​របស់​ពួក​ជីហាដ
គេ​នៅមិន​ទាន់​មាន​ការ​សន្និដ្ឋាន​ច្បាស់លាស់​នៅឡើយ​ទេ​ ​ថា​ជន​ដៃដល់​មាន​ជាប់​ទាក់ទង​នឹង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​កម្រឹត​ណា។ ថ្វីត្បិត​តែ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​ចេញ​មុខ​មក​ទទួល​ខុសត្រូវ​មែន ​តែ​មិនមែន​មាន​ន័យ​ថា ​ភេរវកម្ម​នេះ ​ គឺ​ជា​ការ​បញ្ជារ​ដោយ​ផ្ទាល់​ពី​ក្រុម​នេះ​ទេ។ ជន​ដៃដល់​ ព្រមទាំង​បក្សពួក ​ អាច​សម្រេច​ធ្វើ​ភេរវកម្ម​នេះ​ ដាច់​ដោយឡែក ​ តែ​ដោយ​យោង​តាម​ការ​អំពាវនាវ​របស់​ពួក​ជីហាដ។

បើ​ពិនិត្យ​លើ​ភស្តុតាង ​នានា ​ដែល​រឹប​អូស​បាន ​ ក្នុង​ចំណោម​ជន​សម​គំនិត​ទាំងអស់​ខាង​លើ​ មាន​ម្នាក់​ដែល​ស្និត​នឹង​ជន​ដៃដល់​ជាងគេ​ គឺ​ឈ្មោះ​Walid។ ជន​ទាំងពីរ​នាក់​នេះ ​ស្គាល់គ្នា​១៥​ឆ្នាំហើយ។ ហើយ​ជនទាំង​ពីរ​នាក់​នេះ ​ បើ​ទោះ​បី​ជា​គ្មាន​ភស្តុតាង​បញ្ជាក់​ថា​វា​ជា​កូនចៅ​របស់​ពួក​ជីហាដ ​ ​តែ​ភស្តុតាង​បញ្ជាក់​ថា ​ជន​ទាំងពីរ​នាក់​នេះ ​ ជា​អ្នក​ស្រលាញ់​គាំទ្រ​ដល់​ទ្រឹស្តី​អ៊ីស្លាម​ជ្រុល​និយម ​ របស់​ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។

កាលពីថ្ងៃ​ទី១០​ មករា​ ២០១៥ ​ក្រោយ​ថ្ងៃ​ភេរវកម្ម​នៅ​ស្នាក់​ការ​កាសែត ​Charlie Hebdo​ ៣ថ្ងៃ ​ជន​ឈ្មោះ ​Walid​ បាន​ផ្ញើរសារ​ទៅ​កាន់​ជន​ដៃដល់ ​Mohamed Lahouaiej Bouhlel ​ដោយ​សរសេរ​ថា​ ខ្លួន​មិនមែន ​Charlie​ទេ ​ ហើយ​វា​សប្បាយ​ចិត្ត​ណាស់ ​ដែល​ទាហាន​របស់​ព្រះអាឡា ​បាន​មក​បញ្ចប់​បេសកកម្ម​នេះ។ យោងតាម​សារ​នេះ ​ យើង​ឃើញ​ថា ​ជន​ទាំងពីរ​មាន​ទំនាក់​ទំនង​ស្គាល់ចិត្ត​គ្នា​យ៉ាង​ស្អិត​រមួត ​ ហើយ​ដឹងទៅ​វិញ​ទៅមក ​អំពី​ជំនឿ​អ៊ីស្លាម​ជ្រុលនិយម​រៀងៗ​ខ្លួន។

ការងារ​ចំបង​របស់​អាជ្ញាធរ​បារាំង​នាពេល​នេះ ​ គឺ​​ធ្វើ​យ៉ាង​ណា ​ទប់​ស្កាត់​អំពើ​ភេរវកម្ម​របៀបនេះ​ ទៅថ្ងៃ​មុខ​ទៀត។ មនុស្ស​ប្រភេទ​នេះ ​និង​បក្សពួក​ជ្រុល​និយម​បែប​នេះ ​នៅ​មាន​ច្រើន​ពាសពេញ​ប្រទេស​បារាំង។ ប្រជាជន​បារាំង​កាន់តែ​អត់​ទ្រាំ​លែង​បាន​ហើយ ​ ចំពោះ​ចំណាត់ការ​ដែល​គ្មាន​ប្រសិទ្ធិភាព​ ម្តង​ជា​ពីរ​ដង​របស់​រដ្ឋាភិបាល​បារាំង។ ប្រជាជន​ចោទ​រដ្ឋាភិបាល ​ថា​បាន​តែ​មាត់​ តែ​ភេរវកម្ម​កើតឡើង​ជា​បន្ត​បន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ