អានតួអត្ថបទ

លោកស្រី​មែរគែល អំពាវនាវ​ឲ្យ​រួមគ្នា​កាត់​បន្ថយ​អាវុធ រាប់ទាំង​ចិន​ រុស្ស៊ី ​អាមេរិក ​និង​អឺរ៉ុប

លោកស្រីអង់ហ្គេឡា មែរគែល​ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានអំពាវនាវ នៅថ្ងៃសៅរ៍ ទី១៦កុម្ភៈថា ត្រូវតែប្រឹងប្រែង ក្នុងការកាត់បន្ថយគ្រឿងសព្វាវុធទាំងអស់គ្នា​ ដោយរាប់បញ្ចូលទាំងចិន រុស្ស៊ី សហរដ្ឋ​អាមេរិក និងអឺរ៉ុបផង។ ការថ្លែងអំពាវនាវនេះ គឺលោកស្រីបានធ្វើនៅក្នុងឱកាស បើកសន្និសីទអន្តរជាតិ ស្តីពីកត្តាសន្តិសុខ ដែលបានបើកទ្វារនៅទីក្រុមមុយនិច។

លោកស្រី Angela Merkel និយាយក្នុងសន្និសីទ Munich Security Conference។ ថ្ងៃទី​១៦ កុម្ភៈ ២០១៩
លោកស្រី Angela Merkel និយាយក្នុងសន្និសីទ Munich Security Conference។ ថ្ងៃទី​១៦ កុម្ភៈ ២០១៩ REUTERS/Andreas Gebert
ផ្សាយពាណិជ្ជកម្ម

ការកាត់បន្ថយគ្រឿងសព្វាវុធ គឺជារឿងដែលទាក់ទងនឹងយើងទាំងអស់គ្នា។ ពួកយើងនឹងសប្បាយចិត្ត ប្រសិន​បើ​ការចរចា ស្តីពីការកាត់បន្ថយគ្រឿងសព្វាវុធនេះ ត្រូវបានលើកមកនិយាយគ្នា មិនមែនតែត្រឹមរវាង អឺរ៉ុប និងអាមេរិកទេ តែត្រូវរាប់ទាំងចិន ព្រមទាំងរុស្ស៊ីផងដែរ។ នេះគឺជាប្រសាសន៍ អំពាវនាវ របស់លោកស្រីអង់ហ្គេឡា មែរគែល អធិកាបតីអាល្លឺម៉ង់។

សម្តីអំពាវនាវ របស់លោកស្រីមែរគែលនេះ បានឆ្លុះបញ្ចាំង អំពីការព្រួយបារម្ភ របស់លោកស្រី ក៏ដូចជារបស់សហភាពអឺរ៉ុប ស្តីពីការពង្រឹងសមត្ថភាពសព្វាវុធ របស់ចិន និងរុស្ស៊ី ដែលកាន់តែខ្លាំងឡើងៗជាលំដាប់ គួរឲ្យ​ព្រួយ​បារម្ភ។

យ៉ាងណាមិញ សហរដ្ឋអាមេរិក បានសម្រេចដកខ្លួនចេញពីសន្ធិសញ្ញាដកអាវុធមីស៊ីលកម្លាំងមធ្យម INF ដែលខ្លួនបានចុះជាមួយរុស្ស៊ី កាលពីឆ្នាំ១៩៨៧។ អាមេរិក បាន​ចោទ​រុស្ស៊ី ថាបានបំពានសន្ធិសញ្ញានេះ តាមរយៈការបង្កើនការផលិត និងការដាក់បញ្ឈរ ប្រព័ន្ធ​មីស៊ីលជាច្រើន នៅតាមព្រំដែនជាមួយអឺរ៉ុប។ អាមេរិក ដែលមានការគាំទ្រពីអូតង់ផងនោះ បានអះអាងថា មិនមែនតែអាមេរិកទេ ដែលមានភស្តុតាង សូម្បី​ប្រទេសសមាជិកអូតង់ផ្សេងទៀត ក៏មានភស្តុតាង​ បញ្ជាក់ថារុស្ស៊ី បានបំពាន​សន្ធិសញ្ញាឆ្នាំ១៩៨៧ដែរ។

សម្រាប់សហភាពអឺរ៉ុប ការដកខ្លួនឈប់គោរពសន្ធិសញ្ញាឆ្នាំ១៩៨៧ គឺជារឿងមួយគួរឲ្យព្រួយបារម្ភមែនហើយ ព្រោះវានឹងបើកដៃ ឲ្យម្ខាងៗ គឺរុស្ស៊ី​ និងសហរដ្ឋអាមេរិក មានឱកាសដំឡើង ឬបន្ថែមអាវុធ រៀងៗខ្លួន។ ការចរចានិយាយគ្នា ត្រូវតែចាប់ផ្តើម។ ក៏ប៉ុន្តែដើម្បីឲ្យអនាគតនៃចក្ខុវិស័យ កាត់បន្ថយអាវុធនេះ កាន់តែមានសុក្រិត្យភាព និងវិសាលភាពទូលាយ គឺគេត្រូវតែរាប់ចិនចូលជាមួយ ដើម្បីចរចាគ្នា។ យោងតាមមន្ត្រីជំនាញរបស់អូតង់ ចិនមានកម្លាំងសព្វាវុធ កើនឡើងខ្លាំងណាស់។

យ៉ាងណាមិញ ការដកខ្លួនរបស់អាមេរិក ចេញពីសន្ធិសញ្ញាឆ្នាំ១៩៨៧ មួយផ្នែកក៏ដោយសារតែអាមេរិកសម្លឹងឃើញថា ចិនកំពុងពង្រឹងសមត្ថភាពអាវុធ ខណៈដែលអេមេរិកវិញ ត្រូវជាប់ខ្នោះដោយសារសន្ធិសញ្ញា​នេះ ជាមួយរុស្ស៊ី។ អ្វីដែលធ្វើឲ្យគេបារម្ភមួយទៀតនោះ គឺវាសនាអនាគត នៃសន្ធិសញ្ញា NEW START ចុះនៅឆ្នាំ២០១០ ស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ រវាងអាមេរិក និងរុស្ស៊ី។ បើម្នាក់ៗនាំគ្នាដកខ្លួនចេញ នោះការប្រណាំងប្រជែងគ្នាផ្នែកអាវុធមីស៊ីល និងនុយក្លេអ៊ែរ នឹងក្លាយជាល្បែងមួយដ៏គ្រោះថ្នាក់បំផុត សម្រាប់ពិភពលោកយើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ