អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិខាងកើត​អ៊ុយក្រែន៖ ជំនួប​កំពូល​នៅ​បារីស ដើម្បី​សាកល្បង​រក​ច្រកចេញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ថ្ងៃចន្ទទី៩ធ្នូ នៅទីក្រុងប៉ារីស មានជំនួបកំពូលមួយ ក្រោមអធិបតីភាព របស់លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងលោក​ស្រីអធិកាបតីអាល្លឺម៉ង់ អង់ហ្គេឡា មែរគែល ដើម្បីសាកល្បងរកផ្លូវដោះស្រាយវិបត្តិ នៅភាគខាងកើតអ៊ុយក្រែន ដែលជាប់គាំង​ប្រមាណ៥ឆ្នាំមកហើយ។ ក្នុងជំនួបកំពូលនេះ លោកពូទីន ប្រធានាធិបតីរុស្ស៊ី នឹងជួបនិយាយគ្នាដោយផ្ទាល់ ជាលើកដំបូង ជាមួយនឹងលោកប្រធានាធីបតីថ្មីរបស់អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី។ ក្របខណ្ឌនៃការចរចា ៤ភាគី អ៊ុយក្រែន រុស្ស៊ី ដោយមានបារាំងនិងអាល្លឺម៉ង់ ជាអ្នកសម្របសម្រួលនេះ ត្រូវ​បានផ្តួចផ្តើមឡើង កាលពីឆ្នាំ២០១៦ ក៏ប៉ុន្តែតាំងពីនោះមក មិនបាន​វិវឌ្ឍន៍ទៅមុខទាល់តែសោះ។

ប្រជាជនអ៊ុយក្រែន ជួបជុំ​បាតុកម្ម អំពាវនាវ​កុំឲ្យ​លោក​ប្រធានាធិបតី​អ៊ុយក្រែន ​ចុះញ៉មព្រមធ្វើសម្បទានឲ្យរុស្ស៊ី នៅក្នុងពេលប្រជុំនៅបារីស។  ទីក្រុងកៀវ ថ្ងៃទី​៨ធ្នូ ​២០១៩
ប្រជាជនអ៊ុយក្រែន ជួបជុំ​បាតុកម្ម អំពាវនាវ​កុំឲ្យ​លោក​ប្រធានាធិបតី​អ៊ុយក្រែន ​ចុះញ៉មព្រមធ្វើសម្បទានឲ្យរុស្ស៊ី នៅក្នុងពេលប្រជុំនៅបារីស។ ទីក្រុងកៀវ ថ្ងៃទី​៨ធ្នូ ​២០១៩ REUTERS/Valentyn Ogirenko
ផ្សាយពាណិជ្ជកម្ម

ខានប្រជុំ៣ឆ្នាំ

ការចរចារកសន្តិភាពភាគខាងកើត​អ៊ុយក្រែន ដែលគេដាក់ឈ្មោះថា “ទម្រង់ន័រម៉ង់ឌី” ​នេះ គឺជាការផ្តួចផ្តើម​របស់បារាំង និងអាល្លឺម៉ង់ ដើម្បីអូសទាញភាគីជម្លោះ រុស្ស៊ី និងអ៊ុយក្រែន ឲ្យមកចរចាគ្នា។ គំនិតនេះបានចាប់ផ្តើមកាលពីឆ្នាំ២០១៦ ដោយគេបានជួបប្រជុំគ្នា បានតែម្តងគត់ ដោយពុំបានលទ្ធផលអ្វីទាំងអស់ ព្រោះរុស្ស៊ី និងអ៊ុយក្រែនមានគោលជំហររឹងៗរៀងខ្លួន។

ដូចយើងដឹងហើយ វិបត្តិនៅភាគខាងកើតអ៊ុយក្រែន បានចាប់ផ្តើមនៅឆ្នាំ២០១៤ ដោយបានផ្តាច់ជីវិតមនុស្សមិនតិចជាង​១៣០០០នាក់ទេ។ ក្រុមឧទ្ទាមផ្តាច់ខ្លួនដែលមាន​រុស្ស៊ី​ជួយទំនុកបំរុង បានធ្វើសង្រ្គាមបំបែកទឹកដី ហើយមកទល់ពេលនេះ ថ្វីបើ​ការប្រយុទ្ធគ្នាបានស្ងាត់ទៅហើយ តែពុំទាន់មានការដោះស្រាយណាមួយ ឲ្យជាក់លាក់ យូរអង្វែងទេ។

នៅឆ្នាំ២០១៥ បារាំង និងអាល្លឺម៉ង់ បានអូសអ៊ុយក្រែន និងរុស្ស៊ី សម្រេចបាន​កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយនៅទីក្រុងមីនស្គ៍។ ប៉ុន្តែខ្លឹមសារមិននៃកិច្ចព្រមព្រៀងនេះ គ្មានភាគីណាគោរពទេ រហូតមកទល់ពេលនេះ។ សញ្ញាណវិជ្ជមានខ្លះ ដែលយើងអាចសង្កេតឃើញ នារយៈពេលចុងក្រោយនេះ មានដូចជា ការដោះដូរអ្នកទោសគ្នាទៅវិញទៅមក ម្ខាង៣៥នាក់កាលពីខែកញ្ញា។ ហើយចាប់ពីខែមិថុនា គេសង្កេតឃើញដែរ ថាភាគីទាំងសងខាង បានដកទ័ពរៀងៗខ្លួន នៅតាមតំបន់សមរភូមិ ក្នុងទឹកដីដុនបាស ដោយមានការត្រួតពិនិត្យ ពី​អង្គការដើម្បីសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប OSCE។

មន្ត្រីធ្វើការផ្ទាល់ជាមួយនឹងលោកប្រធានាធិបតីបារាំង ក្នុងសំណុំរឿងនេះ បានលើកឡើងក្នុងន័យសុទិដ្ឋិនិយមថា គេមានសញ្ញាណវិជ្ជមានច្រើន ដែលជម្រុញឲ្យគេរៀបចំជំនួបកំពូលនាពេលនេះ។ ដូចគ្នា​ដែរ មន្ត្រីការទូតអាល្លឺម៉ង់ បានលើកឡើងថា គេសង្ឃឹម​ថា​កិច្ចប្រជុំលើកនេះ នឹងផ្តល់សន្ទុះដល់ការប្រឹងប្រែងកសាងសន្តិភាព នៅតំបន់​​ដុនបាស ភាគខាងកើតអ៊ុយក្រែន។ ក៏ប៉ុន្តែ សួរថា តើសញ្ញាវិជ្ជមាន​ទាំងនោះ មានទំហំប៉ុណ្ណា យើងមិនអាចសន្និដ្ឋានបានទេ។

លោក ហ្សេឡិនស្គី ខុសពីលោក ប៉ូរ៉ូឆិនកូ

មានមតិខ្លះ បានដាក់ការសង្ឃឹម ទៅលើលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន ដែលខុសអ្នកមុន គឺលោក ប៉េត្រូ ប៉ូរូឆិនកូ ដែលមានគោលជំហរប្រឆាំងនឹងរុស្ស៊ីខ្លាំង។លោកវ៉ូឡូឌីមៀរ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន បាន​ផ្តល់សន្ទុះថ្មីដល់ការចរចាជាមួយនឹងរុស្ស៊ី។ យ៉ាងណាមិញ មួយផ្នែកនៃជ័យជំនះក្នុងការបោះឆ្នោតរបស់លោក គឺបានមកពីឆន្ទៈ ចង់បើកការចរចា ជាជាងការដំឡើងសរសៃក ភ្ជង់កាំភ្លើងដាក់រុស្ស៊ី។ មតិសាធារណៈអ៊ុយក្រែន ប្រមាណ​៧៥% គាំទ្រចំពោះបំណងចរចាជាមួយរុស្ស៊ីនេះ។

បើផ្អែកតាម​ក្រុមការងារអាល្លឺម៉ង់ គេលើកឡើងថា ចាប់តាំងពីលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ចូលកាន់តំណែងមក គេឃើញដំណើរការចរចា ទាក់ទងគ្នារវាងអ៊ុយក្រែន នឹងរុស្ស៊ី បានវិវឌ្ឍន៍ និងមានសន្ទុះគួរឲ្យ​សង្ឃឹម។ ភាគីបារាំង ក៏លើកឡើងដែរ ថា វិធីសាស្ត្ររបស់លោកប្រធានាធិបតីថ្មីអ៊ុយក្រែន គឺឆ្លៀតរកច្រកចូល​ ទោះបីជាចង្អៀតយ៉ាងណាក៏ដោយ ដើម្បី​ឲ្យលោកពូទីនផ្លាស់ប្តូរគោលជំហរជាក់ស្តែងខ្លះ។

គេចោទថាលោក ហ្សេឡិនស្គី អាចឆោតកាត់ដីឲ្យរុស្ស៊ី

រុស្ស៊ីព្រមវិលមកចរចានាពេលនេះ ក៏ប្រហែល​ជា គេចង់សាកល្បង ចង់តេស្តមើលគោលជំហររបស់ប្រធានាធិបតីថ្មី របស់អ៊ុយក្រែនដែរ។ រុស្ស៊ី ដឹងថាលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ជាមនុស្សថ្មី វ័យក្មេង ដែលមានបទពិសោធន៍នយោបាយ​តិចតួចណាស់។ ដូច្នេះ លោកលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី អាចមានជំហរទន់ជ្រាយ ងាយធ្វើតាមការចង់បានរបស់រុស្ស៊ី។

ដូច្នេះយើងឃើញថា កាលៈទេសៈនេះ មិនមែនជាការងាយប៉ុន្មានទេ សម្រាប់លោកប្រធានាធិបតីរបស់អ៊ុយក្រែន។ កុំភ្លេចថា លោកត្រូវស្ថិតក្រោមការកៀបសង្កត ពីសំណាក់​មតិសាធារណៈរបស់ប្រជាជនអ៊ុយក្រែន ព្រមទាំងអ្នកនយោបាយ​អ៊ុយក្រែនទាំងអស់។

កន្លងមក មានមតិជាច្រើន បានលើកឡើងថា លោក លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី មានអាយុត្រឹមតែ៤១ឆ្នាំ ជាអតីតារាកំប្លែង តារាសម្តែង មិនដែលធ្លាប់ធ្វើនយោបាយពីមុន​មក​សោះ​នោះ ច្បាស់ជាគ្មានសមត្ថភាព ទៅចរចាទល់មុខ ជាមួយនឹងលោកពូទីនបានទេ។ គេចោទថា ហេតុតែចង់បញ្ចប់សង្រ្គាមជាមួយរុស្ស៊ីពេក លោកលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី អាចនឹងឆោត ព្រមកាត់ដំបន់ដុនបាសឲ្យទៅរុស្ស៊ីមិនខាតទេ។

បន្ទាត់ក្រហម

ក្រុមបក្សនយោបាយធំៗទាំងអស់ របស់អ៊ុយក្រែន​ បានរួមគ្នាធ្វើលិខិតប្រកាសមួយ ដោយ​បាន​ដាក់បន្ទាត់ក្រហម ទាមទារឲ្យលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ត្រូវតែគោរព មិនត្រូវចុះញ៉មនឹងរុស្ស៊ីឲ្យសោះ។ បន្ទាត់ក្រហមនោះ គឺការទាមទារឲ្យបាន នូវការដកទ័ពរបស់រុស្ស៊ីទាំងស្រុង ចេញពីតំបន់ដុនបាស ហើយកងទ័ពអ៊ុយក្រែន ត្រូវឈានទៅដាក់តាំងនៅតាមបន្ទាត់ព្រំដែនវិញ។ ពុំនោះទេ នឹងគ្មានការបោះឆ្នោត​នៅតំបន់ដុនបាសជាដាច់ខាត។

ជាការពិត គេអាចថាលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី គ្មានបទពិសោធន៍ តែលោកមិនមែនជាមនុស្សល្ងង់ទេ។ ដោយដឹងពីការបារម្ភ របស់អ្នកនយោបាយ ក៏ដូចជារបស់ប្រជាជន កាលពីថ្ងៃទី​២ធ្នូ នៅចំពោះមុខអ្នកកាសែត លោកលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី បានប្រាប់ឲ្យដឹងមុន នូវបន្ទាត់ក្រហមរបស់គាត់ ដែលស្រដៀងគ្នានឹង ការទាមទាររបស់ក្រុមគណបក្សនយោបាយធំៗដែរ។

ជម្រើសផែនការទី២ បើរុស្ស៊ីនៅតែបិទផ្លូវ

លោក Mykola Kapitonenko សាស្ត្រាចារ្យនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិទីក្រុងកៀវ បានលើកឡើងថា លោកមិនគិតថា លោកលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ជាមនុស្សល្ងង់ឆោតនោះទេ។ លោកពន្យល់ថា លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ស្ថិតក្នុងគំនៀបទាំងសងខាង ណារុស្ស៊ីរឹតទទឹង ណាមតិសាធារណៈអ៊ុយក្រែន ដែលមិនចង់បាត់បង់ទឹកដី។ អ្វីដែលលោក លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី កំពុងព្យាយាមធ្វើ មិនមែន​ជាការកាត់ដីឲ្យរុស្ស៊ី ដោយឆោតល្ងង់នោះទេ តែគឺលោកកំពុងព្យាយាម​អូសទាញរុស្ស៊ី ឲ្យគោរព​កិច្ចព្រមព្រៀងទីក្រុងមីនស្គ៍ ដែលលោកប៉េត្រូ ប៉ូរ៉ូឆិនកូ ប្រធានាធិបតីអ៊ុយក្រែនមុន ជាអ្នកចុះហត្ថលេខា។

យ៉ាងណាមិញ លោក Andrii Yermak ទីប្រឹក្សាផ្ទាល់របស់ លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី បានអះអាងថា លោកប្រធានាធិបតីហ្សេឡិនស្គី នឹងប្រឹងប្រែងបិទបញ្ចប់សង្រ្គាមនៅតំបន់ភាគខាងកើត ដោយសន្តិវិធី ដោយមិនប្រើអាវុធ។ ប៉ុន្តែបើសិនជា​ រុស្ស៊ីនៅតែបិទទ្វារ នៅតែមិនព្រមគោរពកិច្ចព្រមព្រៀងទីក្រុងមីនស្គ៍ទេនោះ នោះអ៊ុយក្រែន នឹងអនុវត្តផែនការទី២មួយទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ