សភាអឺរ៉ុបទាមទារឲ្យបញ្ឈប់ការលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត
សភាអឺរ៉ុបបានប្រជុំសម្រេចអនុម័តអនុសាសន៍មួយ កាលពីថ្ងៃព្រហស្បតិ៍ទី២៥ កុម្ភៈ ទាមទារឲ្យសហភាពអឺរ៉ុបប្រកាន់គោលជំហរ សម្រេចឲ្យបាននូវការដាក់ទណ្ឌកម្មរួមទៅលើអារ៉ាប៊ីសាអូឌីត តាមរយៈការបញ្ឈប់ឲ្យមានការលក់គ្រឿងសព្វាវុធ ទៅឲ្យប្រទេសនេះ។ សេចក្តីសម្រេចរបស់សភាអឺរ៉ុប គឺធ្វើឡើងដោយសំដៅទៅដល់ការប្រើកម្លាំងទម្លាក់គ្រាប់បែក របស់អារ៉ាប៊ីសាអូឌីត ទៅលើប្រទេសយេមែន ចាប់តាំងពីខែមីនា ឆ្នាំ២០១៥មក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣១
អង្គសភាពេញអង្គរបស់សភាអឺរ៉ុប ដែលបានធ្វើឡើងនៅទីក្រុងព្រុយសែល កាលពីថ្ងៃទី២៥ កុម្ភៈ បានសម្រេចអនុសាស្ត្រមួយ សំដៅដាក់ទណ្ឌកម្មលើអារ៉ាប៊ីសាអូឌីត ដោយបញ្ឈប់ការលក់អាវុធគ្រប់ប្រភេទ ទៅឲ្យប្រទេសនេះ។ សមាជិកសភាអឺរ៉ុប ស្ទើរតែទាំងអស់ ដែលបានបោះឆ្នោតយល់ព្រម បានទាមទារ ដោយផ្ទាល់ ទៅលោកស្រី Frederica Mogherini ប្រមុខដឹកនាំការទូតរបស់សហភាពអឺរ៉ុប ឲ្យចេញជាបទបញ្ជារួមមួយ សំដៅប្រាប់ប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ ឲ្យឈប់លក់គ្រឿងសព្វាវុធទៅឲ្យប្រទេសអារ៉ាប៊ីសាអូឌីត។
តាមរយៈសេចក្តីសម្រេចនេះ សភាអឺរ៉ុបបានសម្រេចថ្កោលទោសជាផ្លូវការទៅលើអារ៉ាប៊ីសាអូឌីត ដែលបានដឹកនាំសម្ព័ន្ធមិត្តអារ៉ាប់ ធ្វើការទំលាក់គ្រាប់បែក និងបិទច្រកចេញចូលសមុទ្រ នៅប្រទេសយេមែន។ ប្រជាជនស្លូតត្រង់រាប់ពាន់នាក់ បានស្លាប់ដោយសារតែទង្វើនេះ។
សូមបញ្ជាក់ថា ចាប់តាំងពីខែមីនាឆ្នាំ២០១៥មក អារ៉ាប៊ីសាអូឌីត បានដឹកនាំក្រុមសម័្ពន្ធមិត្តប្រទេសអារ៉ាប់ស៊ុនីត ដើម្បីធ្វើសង្រ្គាមបង្រ្កាបក្រុមឧទ្ទាមហ៊ូទី នៅយេមែន។ ក្រុមឧទ្ទាមហ៊ូទី ជាក្រុមអ៊ីស្លាមនិកាយឈីអ៊ីត ហើយត្រូវអារ៉ាប៊ីសាអូឌីត ចោទថាជាកូនអុករបស់អ៊ីរ៉ង់។ ថ្វីត្បិតតែមិនសូវមានគេចាប់អារម្មណ៍ ដូចសង្រ្គាមនៅស៊ីរី តែសង្រ្គាមនៅយេមែន ក៏មានអ្នកស្លាប់មិនតិចដែរ។ យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ គឺមានអ្នកស្លាប់ចំនួនជាង៦ពាន់នាក់ ហើយជាងពាក់កណ្តាលគឺសុទ្ធជាប្រជាជនស្លូតត្រង់ និងអ្នករបួសជាង៣សែននាក់ទៀត។
របាយការណ៍ជាច្រើនបានបង្ហាញថា អារ៉ាប៊ីសាអូឌីត បានធ្វើការទម្លាក់គ្រាប់បែកប្រភេទ គ្រាប់មេ ដែលមានផ្ទុកកូនគ្រាប់ជាច្រើននៅពីក្នុង (BASM)។ គ្រាប់ប្រភេទនេះត្រូវបានអារ៉ាប៊ីសាអូឌីតទម្លាក់ នៅតាមតំបន់ជាច្រើន ដែលមានផ្ទះប្រជាជនសាមញ្ញរស់នៅ ដែលជាហេតុបង្ករឲ្យស្លាប់ជីវិតប្រជាជនស៊ីវិលភាគច្រើន។ យ៉ាងណាមិញ លោកបាន គីមូន អគ្គលេខាធិកាអង្គការសហប្រជាជាតិ ធ្លាប់បានក្រើនរំលឹកអារ៉ាប៊ីសាអូឌីត ឲ្យមានការប្រុងប្រយ័ត្នព្រោះអំពើនេះអាចចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម។
សហរដ្ឋអាមេរិក មេផ្គត់ផ្គង់អាវុធឲ្យអារ៉ាប៊ីសាអូឌីត៖
សូមបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក ជាប្រទេសធំជាងគេទីមួយ ដែលផ្គត់ផ្គង់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត។ យោងតាមតួលេខរបស់សភាជាន់ខ្ពស់អាមេរិក កិច្ចសន្យាលក់អាវុធរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត ពីឆ្នាំ២០១០ ដល់២០១៤ គឺមានទឹកប្រាក់ប្រមាណជា៩០ពាន់លានដុល្លារ។
ក្រៅពីសហរដ្ឋអាមេរិក ក៏នៅមានប្រទេសសមាជិកសហភាពអឺរ៉ុបផងដែរ ដែលរកស៊ីជាមួយអារ៉ាប៊ីសាអូឌីត។ បើយោងតាមរបាយការណ៍របស់ អង្គការAVAAZ ប្រទេសអង់គ្លេសបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ដើម្បីលក់យន្តហោះចម្បាំង និងគ្រាប់បែកបញ្ជាដោយតេឡេកុម្មង់ប្រភេទ Paveway ទៅឲ្យអារ៉ាប៊ីសាអូឌីត។ ចំណែកបារាំងក៏បានចុះហត្ថលេខាជាមួយអារ៉ាប៊ីសាអូឌីត កាលពីខែតុលា ឆ្នាំ២០១៥ លក់សម្ភារៈបរិក្ខា និងគ្រឿងសព្វាវុធ ដែលគិតជាទឹកប្រាក់ស្មើនឹង១០ពាន់លានដុល្លារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ