អានតួអត្ថបទ
ជម្លោះ​​អ៊ីស្រាអែល​-ក្រុមហាម៉ាស

មេចារកិច្ចអាមេរិកនិងមេក្រុម​ហាម៉ាស​ជួប​​ចរចាជាថ្មីនៅអេហ្ស៊ីបដើម្បី​​រក​បទ​ឈប់​បាញ់​​នៅ​ហ្កាហ្សា

ប្រទេស​អេហ្ស៊ីប បា​នបញ្ជាក់​ថាគណៈ​ប្រតិភូ​ក្រុម​ហាម៉ាស បាន​មកដល់​រដ្ឋធានី​គែរ នៅថ្ងៃ​សៅរ៍ ទី​៤ឧសភា​​  ដើម្បី​ពិភាក្សា​ចំពោះ​សំណើចរចា​ ដែល​អ៊ីស្រាអែលបាន​សម្រេច​យល់ព្រម។ ចំណែក​​សហរដ្ឋអាមេរិកសម្ព័ន្ធមិត្ត​អ៊ីស្រាអែល គឺតំណាង​ដោយ​ប្រធាន​ក្រុម​ចារកិច្ច​ស៊ីអាយអេ ដែល​បានអញ្ជើញ​​ទៅ​ដល់​ប្រទេស​អេហ្ស៊ីប តាំងតែពី​ល្ងាច​ថ្ងៃសុក្រ​មកម្ល៉េះ។ ជាមួយ​គ្នា​នេះដែរ ប្រមុខ​ទូត​អាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន​ថ្លែងក្នុង​វេទិកាមួយ​ ​នៅ​រដ្ឋ​អារីហ្សូណា ថា លើក​នេះ សំណើនិងការ​សន្យាព្រមព្រៀង​របស់​អ៊ីស្រាអែល ល្អខ្លាំងណាស់។​​​​

ទិដ្ឋភាពក្មេង​ៗជុំគ្នា លើគំនរបាក់បែក​ ​​ក្នុង​ក្រុង​ហ្កាហ្សា នាពាក់កណ្តាលខែមេសា ២០២៤។
ទិដ្ឋភាពក្មេង​ៗជុំគ្នា លើគំនរបាក់បែក​ ​​ក្នុង​ក្រុង​ហ្កាហ្សា នាពាក់កណ្តាលខែមេសា ២០២៤។ REUTERS - Mahmoud Issa
ផ្សាយពាណិជ្ជកម្ម

ក្នុងជម្លោះ​​សង្គ្រាមនៅ​ហ្កាហ្សា ​អន្តរការី​ក្នុងការ​ចរចា​​បទឈប់​បាញ់រ​វាង​អ៊ីស្រាអែល​និងក្រុម​ហាម៉ាស មាន​៣ប្រទេស​សំខាន់ គឺ​អេហ្ស៊ីប កាតារ និងសហ​រដ្ឋអាមេរិក​។ បន្ទាប់ពី​ចរចាមិនបាន​សម្រេច​ជា​ច្រើន​ដង​នៅ​កាតាររួច​មក​ ពេលនេះ​ គេប្តូរ​កន្លែងទៅ​អេហ្ស៊ីប​ម្តង។​ ប្រភពពី​អេហ្ស៊ីបបាន​បញ្ជាក់នៅថ្ងៃ​សៅរ៍ ថា លោក Khalil al-Hayya មេធំ​​ទី២​របស់​ក្រុមហាម៉ាស​ ​ដែល​កាន់ក្តាប់​កិច្ចការ​ផ្នែក​នយោបាយ​របស់​ចលនា​អ៊ីស្លាម​ប៉ាឡេស្ទីន បាន​ចេញដំណើរមកដល់​ក្រុង​គែរ។ ក្រុងគែរ ជាទី​ដែល លោក William Burns មេ​ក្រុម​ចារកិច្ចអាមេរិក​ ​ស៊ីអាយអេ មាន​វត្តមាន​​រង់ចាំស្រេច​ ​តាំងពីល្ងាច​ថ្ងៃសុក្រ​។

ប្រភព​ស្និទ្ធ​នឹង​ក្រុម​ប្រទេស​សម្របសម្រួល​ក្នុងការ​ចរចាគ្នាគ្រានេះ​ បានឲ្យដឹង​ថា ក្នុង​កិច្ច​ពិភាក្សា​កាលពីសប្តាហ៍​មុន​ ភាគី​អ៊ីស្រាអែល បាន​យល់​ព្រម​ចំពោះ​សំណើ​ដោះដូរ​ចំណាប់​ខ្មាំង​អ៊ីស្រា​អែល​ យ៉ាង​ហោច ជាង​ ៤០នាក់ ជាថ្នូរ​នឹង​អ្នក​ទោស​ប៉ាឡេស្ទីន​ ក្នុង​ចំនួន​ប្រហាក់ប្រហែលគ្នា ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​ធនាគារ​អ៊ីស្រាអែល​។​ ចំណុច​ទី១ទៀត​ អ៊ីស្រាអែល​យល់ព្រម​ឈប់​បាញ់​មួយ​រយៈ ហើយ​និង​ អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរផ្លាស់ទី នៅ​​ប៉ែក​ខាង​ជើង និង​ខាងត្បូង​​តំបន់​ហ្កាហ្សា។ មិន​តែប៉ុណ្ណោះ អ៊ីស្រាអែល ក៏សន្យា​ថា​នឹង​ដកកង​ទ័ព​ចេញ​មួយ​ចំនួន​ផង។​

ប្រមុខ​ទូត​អាមេរិក លោក អង់តូនី ប្ល៊ីងកិន ដែល​បាន​ទៅ​ប​ញ្ចុះ​​បញ្ចូល​អ៊ីស្រាអែល ក្នុងសប្តាហ៍​នេះ បាន​ប្រកាស​ថា សំណើ​និងការ​សន្យា​របស់​អ៊ីស្រាអែល​ ល្អ​ខ្លាំង និងបង្ហាញ​ពី​សន្តាន​ចិត្ត​ល្អ របស់​អ៊ីស្រាអែល។ ​ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ថែមទាំង​ព្រលយ​ពាក្យ​ដែរ​ថា គឺ​​មានតែ​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាសតែមួយ​ប៉ុណ្ណោះ ដែល​ជា​បញ្ហា​លំបាក​ជាឧបសគ្គ​ចំពោះ​​ពលរដ្ឋប៉ាឡេស្ទីន និង​ឧបសគ្គចំពោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់នៅ​ហ្កាហ្សា។​​

​កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ បាន​ព្រមានបន្ថែមទៀត​​ថា​នឹង​ប្រើគ្រប់​មធ្យោបាយដែល​ចាំបាច់ ​ដើម្បី​វាយផ្តាច់​យកជ័យ​ជម្នះ និងផ្ចាញ់​គូសត្រូវ​ឲ្យបាន​ រួម​ទាំង​សត្រូវ​នៅ​តំបន់​រ៉ាហ្វាហ៍​ ផង​។ សម្តីដូច្នេះត្រូវ ​ក្រុម​ហាម៉ាស វាយបកទៅវិញ​នៅ​ថ្ងៃ​សុក្រ ដោយ​ចាត់ទុកលោក ​នេតាន់យ៉ាហ៊ូ ថា​កំពុង​តែ​ចង់​បំផ្លាញ​ការ​ខិតខំ​ប្រឹង​ប្រែង​​ចរចាគ្នា​​ឲ្យ​ឈាន​ទៅរក​បទ​ឈប់បាញ់​ ហើយ​និងនាំឲ្យ​មាន​មន្ទិលសង្ស័យ​ចំពោះ​កិច្ចព្រមព្រៀង​ដោះដូរ​ចំណាប់​ខ្មាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ