អានតួអត្ថបទ
រុស្ស៊ី-សហភាពអឺរ៉ុប

សហភាពអឺរ៉ុប សម្រេច​បន្ត​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​រយៈពេល​៦ខែ​ទៀត

ក្នុង​សំណុំ​រឿង​វិបត្តិ​អ៊ុយក្រែន​ និង​រុស្ស៊ី​ សហភាព​អឺរ៉ុប​ បាន​សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ លើ​រុស្ស៊ី​រយៈពេល​៦ខែ ​បន្ថែម​ទៀត​ បើ​ទោះ​បី​ជា​មាន​ការអំពាវនាវ​ ឲ្យ​មាន​បន្ទន់​ឥរិយាបថ​ បន្ធូ​បន្ថយ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ​យ៉ាងណា​ក៏​ដោយ។ ជា​ការ​ឆ្លើយតប​ នឹង​ទណ្ឌកម្ម​ទាំងនេះ ​ រុស្ស៊ី​ក៏​បាន​ហាម​ឃាត់​ការ​នាំចូល​ផលិតផល​កសិកម្ម​របស់​អឺរ៉ុប​វិញ​ដែរ។

ស្នាក់ការគណកម្មការអឺរ៉ុប នៅក្រុងព្រុចសែល
ស្នាក់ការគណកម្មការអឺរ៉ុប នៅក្រុងព្រុចសែល REUTERS/Vincent Kessler
ផ្សាយពាណិជ្ជកម្ម

សមាជិក​ទាំង២៨ ​នៃ​សហភាព​អឺរ៉ុប ​បាន​សម្រេច​រួមគ្នា ​នៅ​ទីក្រុង​ព្រុចសែល ​ថា​ត្រូវ​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​រុស្ស៊ី​រយៈពេល​៦ខែ​ទៀត ​ ពោល​គឺ​ចាប់​ពី​ខែ​កក្កដា ​រហូត​ដល់​តំណាច់ខែ​មករា​ ឆ្នាំ​ក្រោយ​។ ទណ្ឌកម្ម​សេដ្ឋកិច្ច​នេះ​ គឺ​មាន​ជាប់​ពាក់ព័ន្ធ​ជា​អាទិ៍ ​ធនាគារ​របស់​រុស្ស៊ី ​ក្រុមហ៊ុន​នាំចេញ ​នាំចូល​ប្រេង​របស់​រុស្ស៊ី ​ព្រមទាំង​ក្រុមហ៊ុន​ផលិត​សម្ភារៈសិក​របស់​រុស្ស៊ី​ជាដើម។​ មិនត្រឹម​តែ​ប៉ុណ្ណោះ ​ ជនជាតិ​រុស្ស៊ី​ចំនួន​ជិត​១៥០​នាក់​ ដែល​អ្នក​ខ្លះ​ជា​មន្ត្រី​និង​ជា​ថៅកែ​ធំៗ ​ដែល​ស្និទ​នឹង​លោក​ពូទីន​ ក៏​ជាប់​នៅ​ក្នុង​បញ្ជីរខ្មៅ​របស់​សហភាព​អឺរ៉ុប​ ហើយ​ត្រូវ​អឺរ៉ុប ​ហាម​មិន​ឲ្យ​ចូល​ដី​អឺរ៉ុប​ទេ។

 
គួរ​រំលឹក​ថា ​ទណ្ឌកម្ម​នេះ ​ ​គឺ​សហភាព​អឺរ៉ុប ​ បាន​ដាក់​ទៅ​លើ​រុស្ស៊ី​នៅ​ចុង​ឆ្នាំ​២០១៤ ​ដើម្បី​ជា​ការ​ស្តីបន្ទោស​ ទៅលើ​រុស្ស៊ី​ដែល​បាន​លូកដៃ​ បញ្ឆេះ​សង្រ្គាម​បំបែក​ទឹកដី ​ នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។ បារាំង​ និង​អាល្លឺម៉ង់ ​បាន​ព្យាយាម​នាំ​ភាគី​ទាំងអស់ ​មក​កាន់​តុចរចា ​ដោយ​បាន​សម្រេច​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ ទីក្រុង​មីនស្គ៍។ យោង​តាម​កិច្ចព្រមព្រៀង​នេះ ​ រុស្ស៊ី​ត្រូវ​តែ​គោរព​បទ​ឈប់បាញ់ ​ និង​អនុញ្ញាត​ឲ្យ​មាន​ការ​វិល​ត្រលប់​មក​រក​សន្តិភាព​ នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​វិញ។

ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី ​ក្នុង​ឆ្នាំ​២០១៥​ និង​ដើម​ឆ្នាំ​២០១៦​នេះ ​ ជួប​បញ្ហា​លំបាក​យ៉ាងខ្លាំង។​ ជា​ការ​សងសឹក​ រុស្ស៊ី​ក៏​បាន​ហាម​ឃាត់​ការ​នាំចូល​ផលិតផល​កសិកម្ម ​បន្លែ​ផ្លែឈើ ​ទឹកដោះគោ​ជាដើម ​របស់​សហភាព​អឺរ៉ុប។

ដោយឡែក ​លោក​បេត្រូ ប៉ូរ៉ូឆិនកូ ​ប្រធានាធិបតី​អ៊ុយក្រែន ​ដែល​កំពុង​តែ​មាន​វត្តមាន​នៅ​ទីក្រុង​ប៉ារីស​ បាន​មាន​ប្រសាសន៍​ថា ​ ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី ​គឺ​ជា​វិធី​តែ​មួយ​គត់​ ​ ដើម្បី​ដាក់​ពិន័យ​លើ​រុស្ស៊ី ​ ហើយ​ហាម​កុំ​ឲ្យ​រុស្ស៊ី ​មក​បង្ករ​ចលាចល​នយោបាយ ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ទៀត។

តែ​យ៉ាងណា​ក៏​ដោយ ​ លោក​ហ្សង់ម៉ាក អេរ៉ូ ​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ទី​ ២០​ មិថុនា​ថា ​ គេ​គួរ​ចាប់ផ្តើម​ពិចារណា​អំពី​ការ​ដកទណ្ឌកម្ម​ ដើម្បី​ជា​នា​គ្នា​ជាមួយ​រុស្ស៊ី​វិញ ​ នៅ​ដំណាច់​ឆ្នាំ​២០១៦​នេះ។ ចំណែក​លោករដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ ​ធ្លាប់​បាន​បញ្ជាក់​ថា ​អាល្លឺម៉ង់ ​មិន​ប្រឆាំង​ទេ ​ក្នុង​ការ​ដកទណ្ឌកម្ម​ ជា​តំណាក់ ​បន្តិច​ម្តងៗ​ ពី​រុស្ស៊ី។

យ៉ាងណាមិញ ​លោក ហ្សង់ក្លូដ ជុងគើ​ ប្រធាន​គណកម្មការ​អឺរ៉ុប​ ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​សាំង ​បេតេស្បួរក៍ ​កាល​ពី​ដើម​ខែ​មិថុនា ​ បាន​មាន​ប្រសាសន៍​ថា ​ វិធី​តែមួយ​គត់​ដើម្បី​ឲ្យ​រុស៊្សី ​និង​អឺរ៉ុប​មើល​មុខ​គ្នា​ត្រង់​វិញ ​គឺ​ត្រូវ​តែ​លុប​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំង​សង​ខាងចោល។ ចំណែក​លោក ​ប្រធានាធិបតីរុស្ស៊ី​បាន​ឆ្លើយ​តប​ថា ​ ខាង​រុស្ស៊ី​គេ​មិន​មាន​ចិត្ត​ប្រកាន់​ខឹង​គំគួន​នឹង​សហភាព​អឺរ៉ុប​ទេ ​ ​តែ​ការ​ដកទណ្ឌកម្ម​ត្រូវធ្វើ​ទាំង​សងខាង​មិនមែន​រុស្ស៊ី​តែ​ម្នាក់​ឯង​ទេ។

យ៉ាងណា​ក៏ដោយ​ ក្រុម​ការងារ​បារាំង ​និង​អាល្លឺម៉ង់ ​នឹង​ត្រូវ​ប្រគល់​របាយការណ៍​ស្តីពី​ការ​គោរព​អនុវត្តន៍​កិច្ច​ព្រមព្រៀង​ទីក្រុង​មីនស្គ៍ ​នៅ​ដំណាច់​ឆ្នាំ​២០១៦​នេះ ​ ហើយ​យោង​តាម​របាយការណ៍​នេះ ​ទើប​គេ​សម្រេច​ថាត្រូវ​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​ រឺត្រូវ​លប់​វា​ចោល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ