អានតួអត្ថបទ
អង្គការ​សហប្រជាជាតិ

ក្រុមប្រឹក្សា​សន្តិសុខ​ចេញ​សេចក្តី​សម្រេច កាត់​ផ្តាច់​ប្រភព​ចំណូល​របស់​ជីហាត រដ្ឋអ៊ីស្លាម

សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ បាន​មូលមតិ គ្នា ជា​ឯកច្ឆន្ទ បោះឆ្នោត​សេចក្តី​សម្រេច លើ​វិធានការ​បិទខ្ទប់​ប្រាក់ចំណូល​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ សេចក្តី​សម្រេច​បាន​អំពាវនាវ​ឲ្យ​គ្រប់ប្រទេស​ចូលរួម​យ៉ាង​សកម្ម ដើម្បី កាត់ផ្តាច់​ប្រភព​ហិរញ្ញវត្ថុ ដែល​ក្រុមជីហាត​យកទៅប្រើ​ដើម្បី​ធ្វើ​សង្រ្គាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ 

អ្នកតំណាង​របស់​ប្រទេស​ទាំង​១៥ សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​លើក​ដៃ គ្រប់គ្នា បោះឆ្នោត​លើ​សេចក្តី​សម្រេច​ដែល​មាន​គោលដៅ​បិទខ្ទប់​ប្រភព​ចំណូល​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ថ្ងៃទី ១៧​ធ្នូ ២០១៥
អ្នកតំណាង​របស់​ប្រទេស​ទាំង​១៥ សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​លើក​ដៃ គ្រប់គ្នា បោះឆ្នោត​លើ​សេចក្តី​សម្រេច​ដែល​មាន​គោលដៅ​បិទខ្ទប់​ប្រភព​ចំណូល​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ថ្ងៃទី ១៧​ធ្នូ ២០១៥ REUTERS/Mike Segar
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​១៥ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​បោះឆ្នោត ជា​ឯកច្ឆ័ន្ទ សេចក្តី​សម្រេច លើ​វិធានការ​កាត់ផ្តាច់​ប្រភព​ហិរញ្ញវត្ថុ​របស់​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម។

 
ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម មាន​ប្រភព​ហិរញ្ញវត្ថុ​បាន​មក​ពី​ការបូម​លក់ប្រេង គាស់ លក់​វត្ថុ​បុរាណ យក​ពន្ធ​ពី​ប្រជាជន ហើយ​និង ចាប់​ជំរិត​មនុស្ស យកលុយ។ ការសិក្សា​ចុងក្រោយ​បាន​បង្ហាញ​ថា ក្រុមជីហាត រដ្ឋអ៊ីស្លាម រកប្រាក់​ចំណូល​បាន​ប្រមាណ ៨០​លាន​ដុល្លារ ក្នុង​មួយខែៗ រហូត​ធ្វើ​ឲ្យក្រុមនេះមាន​ទ្រព្យសម្បត្តិ​ច្រើនជាង​ក្រុមភេរវនិយម ក្នុង​ពិភពលោក ប្រមាណ ២,៣ពាន់​លាន​ដុល្លារ។ ជាមួយ​នឹង​លុយ​រាប់​លាន​នេះ ក្រុមជីហាត អាច​ទិញ​អាវុធ ជួល​ទាហាន​ស៊ីឈ្នួល​ឲ្យ​ធ្វើ​សង្រ្គាម​សម្រាប់​ក្រុមខ្លួន បាន​ដោយ​រំភើយ។

ដើម្បី​ធ្វើ​ឲ្យ​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម ចុះខ្សោយ មធ្យោបាយ​មានតែមួយ គឺ កាត់ផ្តាច់​ប្រភពចំណូល​របស់​ក្រុមនេះ​ជាមុន​សិន។ យើងដឹង​ហើយ​ថា តាំង​ពី​ដើម​ឆ្នាំ​នេះ ទាំង​យន្តហោះ​ចម្បាំង​អាមេរិក និង​រុស្ស៊ី ដែល​បើក​ការវាយប្រហារ​ទៅលើ​ក្រុមជីហាត​នៅ​ស៊ីរី បាន​បាញ់​បំផ្លាញ​រថយន្ត​ដឹកប្រេង និង​ទីតាំង​រោងចក្រ​ចម្រាញ់​ប្រេង​របស់​ក្រុមជីហាត​បាន​ជាច្រើន​កន្លែង។ ក្រសួងការពារ​ជាតិ​អាមេរិក​បាន​អះអាង​ថា គេ​បាន​បាញ់​បំផ្លាញ​រថយន្ត​ដឹកប្រេង​របស់​ក្រុមជីហាត ប្រមាណ ៤០០​គ្រឿង ចំណែក​រុស្ស៊ី វិញ បាន​និយាយ​ថា​ខ្លួន​បាន​បំផ្លាញ​ដល់​ទៅ ១ពាន់គ្រឿង។

ការបាញ់​បំផ្លាញ​រថយន្ត​ដឹកប្រេង និង​រោងចក្រ​ចម្រាញ់ប្រេង​បាន​ប៉ះពាល់​កញ្ចប់​លុយ​មួយផ្នែក របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ប៉ុន្តែ មិនទាំង​ស្រុង​នោះទេ។ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​ស្នើឡើង​ដោយ​ភាគី រុស្ស៊ី និង​អាមេរិក មាន​គោលដៅ ​កាត់​បំផ្លាញ​ទាំង​ស្រុង​ប្រភព​ចំណូល​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​តែម្តង។ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ទាមទារឲ្យ​គ្រប់​ប្រទេស ចូលរួម យ៉ាង​ស្វាហាប់​បំផុត ដើម្បី បិទ​ខ្ទប់​ប្រភព​លុយ​របស់​ក្រុមជីហាត។

នៅក្នុង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ គេ​មាន​វិធានការ​រឹតបន្តឹង លើ​ការលក់​ប្រេង​ខុសច្បាប់ ការជួញដូរ​វត្ថុបុរាណ និង​ការបង់ប្រាក់​ទៅ​ឲ្យ​ក្រុមជីហាត​អង្គការ​ដើម្បី​ជាថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង។ សេចក្តី​សម្រេច របស់​ក្រុមប្រឹក្សា បាន​ចែង​ផងដែរ​ពី​ការដាក់​ទណ្ឌកម្ម ឬ​ផ្អឹប​ទ្រព្យសម្បត្តិ​របស់​បុគ្គល ឬ​ស្ថាប័ន​ដែល​បាន​ទិញប្រេង ឬ​វត្ថុបុរណា​ខុសច្បាប់ ពី​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ លើសពីនោះ សេចក្តីសម្រេច​នឹង​លាតសន្ធឹង​ផងដែរ​ទៅលើ​ការដាក់​ទណ្ឌកម្ម អ្នក​ដែលគាំទ្រ​ផ្តល់​ហិរញ្ញវត្ថុ ជួយលុយ​ដោយ​ផ្ទាល់​ដល់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ធ្លាប់​ចេញ​សេចក្តី​សម្រេច​មួយ កាលពី​ខែ​កុម្ភៈ កន្លងទៅ ដើម្បី ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ដែល​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​ជីហាត តាមរយៈ ការទិញប្រេង​រត់ពន្ធ និង​វត្ថុបុរាណ ដែល​លួចគាស់នៅក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។

នៅក្នុង​សេចក្តី​សម្រេច​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បំពេញ​បន្ថែម​ទៅលើ​សេចក្តីសម្រេច​មុនៗ គេ​បាន​ចែងថា ប្រទេស​នីមួយៗ មាន​រយៈពេល ៣​ខែ ដើម្បី​ស្នើ​វិធានការ​ដែល​គេ​ត្រូវ​ធ្វើ ដើម្បី​ទប់ស្កាត់​លំហូរ​លុយទៅក្នុងដៃ​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម។ អង្គការ​សហប្រជាជាតិ​មាន​រយៈពេល ៤៥​ថ្ងៃ ដើម្បី​កសាង​អត្ថបទ​យុទ្ធសាស្រ្ត ដែល​និយាយ​ពីការគំរាមកំហែង​របស់ក្រុមជីហាត និង​ប្រាក់ចំណូល​របស់ក្រុមនេះ។

តើ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​លក់​ប្រេង​ទៅ​ឲ្យ​អ្នកណា​ខ្លះ?
ហ្សកដានី តួកគី ស៊ីរី និង​អ៊ីរ៉ាក់ ជាអតិថិជន​ទិញប្រេង​ពី​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ដោយសារ​តែ​សកម្មភាព​លក់​ប្រេង​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ខុសច្បាប់ ដូច្នេះ ប្រេង​ដែល​លក់​ទៅ​ប្រទេស​ទាំង​នោះ គឺ​ធ្វើឡើង​ក្នុង​រូបភាព​ប្រេង​រត់គេច​ពន្ធ។ នៅពេល​វាយ​ចូល​កាន់កាប់​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់ គេ​វាយតម្លៃថា ក្រុមជីហាត​គ្រប់គ្រង​អណ្តូងប្រេង ៨០ភាគរយ​របស់​ស៊ីរី និង​១០ភាគរយ​នៅ​អ៊ីរ៉ាក់។ ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក និង​យន្តហោះ​ចម្បាំង​រុស្ស៊ី នៅ​ប៉ុន្មាន​ខែ​ចុងក្រោយនេះ បាន​ធ្វើ​ឲ្យ​ក្រុមជីហាត​បាត់បង់ កន្លែង​បូមប្រេង​របស់ខ្លួន ពី​ជាង ៣០​កន្លែង មក​នៅ​ត្រឹម​ជាង ១០​កន្លែង​តែប៉ុណ្ណោះ។

ទាំង​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ធ្វើការ​ប្រមូលផ្តុំ​សកម្មភាព​បូម និង​លក់​ប្រេង។ ក្រុមជីហាត​អាចបូម លក់​ដោយ​ខ្លួន​ឯង​ទៅទីផ្សារ​ងងឹត​នៅ​តួកគី ឬ ហ្សកដានី ឬ​ក្រុមនេះ​អាច​លក់​បន្ត​ទៅ​ឲ្យ​ប្រជាជន​ស៊ីរី ឬ​អ៊ីរ៉ាក់ ដែល​ដឹក​តាម​ថ្មើរ​ជើង យក​ទៅលក់​នៅ​តួកគី ឬនៅ​ស៊ីរី និង​អ៊ីរ៉ាក់​តែម្តង។

ទាំង​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ ក្រុមជីហាត​លក់​ប្រេង​របស់ខ្លួន ទៅ​ឲ្យ​ទាហាន​រដ្ឋាភិបាល និង​ក្រុមប្រឆាំង​ស៊ីរី។ ស្តាប់ទៅ ដូចជា​ចម្លែក​បន្តិច ដែល​ក្រុមជីហាត​លក់​ប្រេង​ទៅ​ឲ្យ​គូសត្រូវ​របស់ខ្លួន។ ប៉ុន្តែ ដោយ​​ពិត​ទៅ​គ្មាន​អ្វី​ចម្លែក​ទេ ព្រោះថា រដ្ឋាភិបាល​ស៊ីរី ត្រូវការ​ប្រេង​ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី។ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ទើប​តែ​បានផ្អឹប​ទ្រព្យ​សម្បត្តិ​មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ស៊ីរី​ម្នាក់ ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ ទិញប្រេង​ពី​ក្រុមជីហាត រដ្ឋអ៊ីស្លាម។

នៅ​ខាង​ក្រុមប្រឆាំង​ស៊ីរី​ គេ​ត្រូវ​ការប្រេង​ដើម្បី ចាក់បំពេញ​រថយន្ត​ដឹកទាហាន​ធ្វើ​សង្រ្គាម។ ប្រាក់​ចំនូល​បាន​មក​ពីការលក់​ប្រេង ឬ​វត្ថុបុរាណ​គឺ​សំខាន់​ណាស់ សម្រាប់ទ្រទ្រង់​សេដ្ឋកិច្ច​របស់ខ្លួន ក្រុមជីហាត ត្រូវតែ​លក់​ប្រេងឲ្យ​បាន​ច្រើន នោះទោះបីជា​អ្នកទិញ ជា​សត្រូវ​របស់ខ្លួន​ក៏ដោយ។

តួកគី​កំពុង​ត្រូវ​គេ​ចង្អុលមុខ ដោយសារ​តែ​ជំហរ​មិន​ច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត រដ្ឋអ៊ីស្លាម
ការសិក្សា និង​ព័ត៌មាន​ជាច្រើន​បាន​បង្ហាញ​ថា មួយផ្នែក​ធំ​ប្រេង​លក់​ដោយ​ក្រុមជីហាត​ត្រូវ​នាំ​ទៅ​ចម្រាញ់ និង​លក់​ក្នុង​ទីផ្សារ​ងងឹត នៅភាគខាងជើង​ស៊ីរី និង​ក្នុង​ទឹកដី​តួកគី។ នៅក្រោយ​ពេល​តួកគី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី លោក​ប្រធានាធិបតី​ពូទីន​ថែម​ទាំង​លើក​បង្ហាញ​ភស្តុតាង ដែល ថា កូនប្រុស និង​ក្រុម​គ្រួសារ​របស់លោក​ប្រធានាធិបតី​តួកគី កំពុង​រកស៊ី​មាន​បាន នឹង​ការធ្វើ​ជំនួញ ទិញ​ប្រេង រត់​ពន្ធ​ពីក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ប្រធានាធិបតី​តួកគីលោក​អ៊ែរដូហ្កាន​បាន​រុញច្រាន​ចោល​​ការចោទ​ប្រកាន់។ ប៉ុន្តែ ការពិត​នៅតែ​ការពិត តួកគី​រស់បាន​ដោយសារ​ការនាំចូល​ប្រេង​ពី​បរទេស។ ដូច្នេះ ចង់ មិន​ចង់ រដ្ឋាភិបាល​តួកគី ទោះបី​មិន​បាន​ប្រព្រឹត្ត​ដោយ​ខ្លួនឯង ប៉ុន្តែ បាន​បិទ​ភ្នែក ឲ្យ​មាន​ការហូរចូល​ប្រេង​រត់ពន្ធ​ក្នុង​ទឹកដី​តួកគី។ ប្រេង​បាន​មក​ពី​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​មាន​តម្លៃ​ថោក មហាសែន​ថោក គឺ​ប្រមាណ​តែ ១២​ដុល្លារ ប៉ុណ្ណោះ​ក្នុង​មួយ​ធុង នៅពេល​ប្រេងឆៅ​នៅ​ទីផ្សារ​អន្តរជាតិ មាន​តម្លៃ​ប្រមាណ ៤៥​ដុល្លារ ក្នុង​មួយធុង។

មន្រ្តី​ហិរញ្ញវត្ថុ​អាមេរិកាំង​ដែល​ដឹកនាំ​ការប្រជុំ​ពី​ម្សិលមិញ បាន​សង្កត់​ធ្ងន់ថា គ្រប់​ប្រទេស ត្រូវតែ​ចាត់​សកម្មភាព​ផ្តល់​លុយ​ទៅ​ឲ្យ​ក្រុមជីហាត ថា បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ នៅក្នុង​ច្បាប់​ជាតិ​របស់ពួកគេ។ ចំណែក​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​បារាំង​វិញ សង្ឃឹម​ចង់​បាន​ការដាក់​សំពាធ​ថ្នាក់​អន្តរជាតិ ដើម្បី​បិទ​ខ្ទប់​ប្រភព​លុយ​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តាម​លោក​រដ្ឋមន្រ្តី​បារាំង Michel Sapin ក្រុមសកម្ម​ហិរញ្ញវត្ថុ ដែល​ជា​ស្ថាប័ន​អន្តររដ្ឋាភិបាល និង​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស នឹង​រៀបចំ​បង្កើត​បញ្ជីរ​ប្រទេស​ដែល​មិន​សូវ​ចង់​ចូលរួម​ប្រយុទ្ធ ប្រឆាំង​ប្រភព​ចំនូល​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តាម​រយៈបញ្ជី​ចំណាត់ថ្នាក់​យ៉ាងដូច្នេះ ប្រទេស​ដែល​មាន​ជាប់ពាក់ព័ន្ធ ប៉ុន្តែ មិន​សូវ​សកម្ម​ខ្លាំង​ក្នុង​រឿង​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជីហាត នឹង​ត្រូវ​ក្រើនរំលឹក​ឲ្យ​បង្កើន​សកម្មភាព​របស់ខ្លួន បើ​មិន​ដូច្នោះ​ទេ គេ​នឹង​អាច​រង​ការដាក់​ទណ្ឌកម្ម​ជា​មិនខាន៕

កិច្ចប្រជុំ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ស៊ីរី
នៅ​ថ្ងៃ​សុក្រ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បើក​កិច្ចប្រជុំ​ ដើម្បី​រកច្រក​ចេញ​នយោបាយ​សម្រាប់​វិបត្តិ​ស៊ីរី។ ប្រទេស​ចំនួន ១៧ រួម​ទាំង​ស្ថាប័ន​អន្តរជាតិ​ចំនួន បី គឺ អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប និង​សម្ព័ន្ធ​អារ៉ាប់​នឹង​ពិភាក្សា​គ្នា​ដើម្បី​ស្វែងរក​ផែនការ​សន្តិភាព​នៅ​ស៊ីរី។ ជោគ​វាសនា​របស់​ប្រធានាធិបតី​ស៊ីរី នៅក្នុង​នយោបាយ​អន្តរកាល​នៅ​ស៊ីរី នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស ខ្វែងគំនិត​គ្នា រវាង​ភាគី អាមេរិក អារ៉ាប៊ី សាអូឌីត ដែល​ជា​ក្រុម​ប្រទេស​គាំទ្រ​ក្រុម​ប្រឆាំង​ស៊ីរី ហើយ​និង​ក្រុម​ប្រទេស​ដែល​គាំទ្រ​លោក​បាស្ហា អាល់​អាសាដ ដូចជា​រុស្ស៊ី និង​អ៊ីរ៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ