អានតួអត្ថបទ

អារ៉ាប៊ីសាអូឌីត​បង្កើត​សម្ព័ន្ធអ៊ីស្លាម​ប្រឆាំង​ភេរវកម្ម ចំ​ពេល​អាមេរិក​ចង់​ពឹង​​ទ័ព​ថ្មើរ​ជើង​តំបន់​

ដើម្បីការពារ​តុល្យការអាមេរិក​ក្នុងសង្គ្រាម​ប្រឆាំង​ភេរវនិយម លោក ​អូបាម៉ា បាន​បើក​ប្រជុំ​ក្រុមបឹក្សាសន្តិសុខ​​នៅ​មន្ទីរ​បញ្ចកោណ ដ៏​កម្រ​មួយ នៅ​ល្ងាច​ថ្ងៃចន្ទ​ទី ១៤ ធ្នូ​ម្សិលមិញ។ ក្នុង​ពេល​ដែល​លោកអូបាម៉ា ​លម្អិត​អំពី​យុទ្ធសាស្ត្រ​អាមេរិក និង​សម្ព័ន្ធ​អន្តរជាតិ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាមនៅ​ស៊ីរី និង​អ៊ីរ៉ាក់ ប្រទេស​អារ៉ាប៊ីសាអូឌីត ក៏​បាន​ប្រកាស​​​បង្កើត​សម្ព័ន្ធអារ៉ាប ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម ដែល​មាន​ប្រទេស​អ៊ីស្លាម​ចំនួន​៣៤​ចូល​រួម​ លើក​លែង​តែ​អ៊ីរ៉ង់។

ព្រះ​អង្គម្ចាស់ Mohammed bin Salman រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អារ៉ាប៊ីសាអូឌីត ប្រកាស​បង្កើត​សម្ព័ន្ធ​អារ៉ាប ប្រឆាំងភេរវកម្ម
ព្រះ​អង្គម្ចាស់ Mohammed bin Salman រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អារ៉ាប៊ីសាអូឌីត ប្រកាស​បង្កើត​សម្ព័ន្ធ​អារ៉ាប ប្រឆាំងភេរវកម្ម REUTERS
ផ្សាយពាណិជ្ជកម្ម

“យើង​នឹង​វាយ​ពួក​ភេរវជន​ឱ្យ​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំងអស់ » នេះ​គឺ​ជា​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី អូបាម៉ា។ នេះ​គឺ​ពិត​ជា​ឃ្លា ដែល​មាន​បំណង​ចង់​ធានា​រ៉ាប់រង​ពលរដ្ឋ​អាមេរិក​ និង​ដើម្បី​ប្តូរ​ទំនោរ​មតិ​សាធារណៈ។ ព្រោះ​សូម​បញ្ជាក់​ថា នៅ​ក្នុង​ការ​ស្ទង់​មតិ​ចុងក្រោយ នៅ​អាមេរិក កាលពី​ដើម​ខែ​ធ្នូ ក្រោយ​ពី​ហេតុការណ៍​ភេរវកម្ម​នៅ​ប៉ារីស​ តែ​​មុន​ភេរវកម្ម​នៅ​San Bernadino ​ បាន​បង្ហាញ​ថា​ពល​រដ្ឋ​អាមេរិក​បាត់​ទំនុក​ចិត្តច្រើន​​​លើ​យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី ដោយ​មាន​ពលរដ្ឋ​តែ​៣៨%​ គាំទ្រ​បន្ទាត់​នយោបាយ​លោក​អូបាម៉ា ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។

ថ្វី​បើ​លោក​អូបាម៉ា មិន​បាន​ផ្តល់​ព័ត៌មាន​​​ថ្មី លើស​ពី​អ្វី ដែលគេ​​ធ្លាប់​ដឹង​ពី​មុនមក​មែន​ ប៉ុន្តែ​​យប់​មិញ​នេះ លោក​អូបាម៉ា បាន​ផ្តល់​ព័ត៌មាន​លម្អិត​ច្រើន។ លោក​បាន​បញ្ជាក់​ពី​ការ​​ស្លាប់​របស់​ ជីហាធី ចន ភេរវជន​ជាតិ​អង់គ្លេស ដែលបាន​​ថត​ការ​ធ្វើ​ឃាត​ចំណាប់​ខ្មាំង​អឺរ៉ុប និង​បាន​រៀប​រាប់​អំពី​ការ​រុល​ទៅ​មុខ​របស់​កម្លាំង​សម្ព័ន្ធមិត្ត ដោយ​បាន​ធ្វើ​ អង្គការ​រដ្ឋ​អ៊ីស្លាម បាន​បាត់​បង់​ទឹក​ដី​ អស់​រាប់​ពាន់​គីឡូម៉ែត្រ​ការ៉េ នៅ​ស៊ីរី និង​៤០%​នៅ​អ៊ីរ៉ាក់។ ហើយ​​​ការ​ចាញ់ នឹង​មាន​​ជា​បន្ត​បន្ទាប់​ទៀត។
 

លោក អូបាម៉ា ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ នៅ​មន្ទីរ​បញ្ចកោណ ថ្ងៃទី ១៤ ធ្នូ ២០១៥
លោក អូបាម៉ា ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ នៅ​មន្ទីរ​បញ្ចកោណ ថ្ងៃទី ១៤ ធ្នូ ២០១៥ REUTERS/Carlos Barria

លោកអូបាម៉ា បាន​ធ្លោយ​សម្តី​​បែប​យោធា​ គំរាម​ថា មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម មិន​អាច​លាក់​ខ្លួន​បាន​ទៀត​ទេ ! ព្រោះ​​ដល់​វេនហើយ។ ប្រតិបត្តិការ​ផ្លូវអាកាស​លើក​ក្រោយ​គឺ​សំដៅ លើ អាប៊ូ សៃយាហ្វ រដ្ឋ​មន្ត្រី​ក្រសួង​ប្រេងកាត ឬ​ក៏ ជូណាអ៊ីត ហ៊ូសេន អ្នក​ជ្រើស​រើស​ជនជីហាត​​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ...

អ្វី​ដែល​សំខាន់​ជាង​គេ​បំផុត គឺ​អាមេរិក​បាន​ទទួល​ស្គាល់​ថា​សង្គ្រាម​ប្រឆាំង​អង្គការ​រដ្ឋ​អ៊ីស្លាម​ លំបាកបន្តិច​ តែចង់​ប្រឹង​​កម្ចាត់​​​ឱ្យ​បាន​កាន់​តែ​លឿន កាន់​តែ​ឆាប់ ដោយ​មាន​រំពឹង​មិន​អាច​ខ្វះ​បាន​លើ​សម្ព័ន្ធ​មិត្ត​ នៅ​ក្នុង​តំបន់​ផ្ទាល់ ជា​ពិសេស​លើ​ក្រុម​ប្រទេស​ដែល​បាន​ចូល​រួម​ ក្នុង​ប្រតិបត្តិការ​វាយប្រហារ​តាម​ផ្លូវ​អាកាស។

ដើម្បី​បញ្ជាក់​អំពី​ភាព​ចាំបាច់​នេះ​ លោក​អូបាម៉ា បាន​បញ្ជូន​ ​រដ្ឋមន្ត្រីការបរទេស​ មក​បារាំង​និង​រុស្ស៊ី ដើម្បី​​ស្វែង​រក​ដំណោះស្រាយ​នយោបាយតាម​ផ្លូវការទូត។ ឯរដ្ឋមន្ត្រីការពារជាតិ​អាមេរិក ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​​តំបន់​ដើម​បូព៌ា ​ដើម្បី​ស្វែង​រក​ការគាំទ្រ​ពី​ពិភពអារ៉ាប ដើម្បី​​បញ្ចុះ​បញ្ចូល​ឱ្យ​ប្រទេស​ក្នុង​តំបន់​នេះ ប្រមូល​ទ័ព​ថ្មើរ ទៅ​ប្រយុទ្ធ​យក​ឈ្នះ​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម។

​​អារ៉ាប៊ីសាអូឌីត ប្រកាស​បង្កើត​​សម្ព័ន្ធ​អារ៉ាប​ ៣៤​ប្រទេស​ប្រឆាំង​ភេរវកម្ម

​ការ​បង្កើត​សម្ព័ន្ធ​អារ៉ាប​ប្រឆាំង​ភេរវនិយម គឺ​ជាដំណឹង​ល្អ និង​ជា​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ព្រោះ​តាំង​ដើម​មក រាជាណាចក្រ​​​អារ៉ាប៊ីសាអូឌីត គឺ​ជា​ប្រទេស​ប្រកាន់​អ៊ីស្លាមតឹង​តែង និង​ត្រូវ​បាន​បស្ចឹមលោក ចោទ​ថា ស្ពឹក​ស្រពន់​ចំពោះការ​គំរាមកំហែង​ភេរវកម្ម។ ប្រមុខ​ដឹកនាំ​ ​នៅ​អឺរ៉ុប​ និង អាមេរិក​ខ្លះ​ បាន​ថែម​ទាំង​ធ្លាប់​ចោទ​ក្រុង​រីយ៉ាត ថា​ជា​អ្នក​ឧបត្ថម្ភ ផ្តល់​ហិរញ្ញវត្ថុ​ដល់​វិហារ​អ៊ីស្លាម ដល់​ក្រុម​អ៊ីស្លាមជ្រុលនិយម​ទៀត​ផង។

តែ​នៅ​ថ្ងៃ​នេះ អារ៉ាប៊ីសាអូឌីត ដែល​ជា​មេ​ដឹកនាំ​​ក្រុម​សម្ព័ន្ធ​អារ៉ាប​ប្រឆាំង​នឹង​ពួក​ឈីអ៊ីត នៅ​យ៉េមែន និង​ដែល​មាន​ចំណែក​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​ប្រកាស​បង្កើត​សម្ព័ន្ធ​អារ៉ាបមួយ ប្រមូល​ផ្តុំ​​​ប្រទេស​អ៊ីស្លាម ៣៤ប្រទេស​
- តំបន់​ដើម​បូព៌ា ក្រុមប្រទេស​អារ៉ាប ៖  អារ៉ាប៊ីសាអូឌីត​ ហ្ស័កដានី​ អេមីរ៉ាតអារ៉ាបរួម​ បារ៉ែន​ ទុយនីស៊ី​ ជីប៉ូទី​ ស៊ូដង់​ សូម៉ាលី ប៉ាឡេស្ទីន កូម័រ កាតា កូវ៉ែត លីបង់ លីប៊ី  តួកគី​អេហ្ស៊ីប​ ម៉ារ៉ុក​ ម៉ូរីតានី​ យ៉េមែន។
- អាហ្វ្រិក ៖ បេណាំង ឆាដ តូហ្គោ សេណេហ្កាល់ សៀរ៉ាឡេអូន ហ្កាបុង ហ្គីណេ កូដឌីវ័រ  ម៉ាលី  នីហ្សេ  នីហ្សេរីយ៉ា
- អាស៊ី ៖ ប៉ាគីស្ថាន អាហ្វហ្កានីស្ថាន បង់ក្លាដែស ឥណ្ឌូណេស៊ី  ម៉ាឡេស៊ី ម៉ាល់ឌីវ និង​បណ្តាប្រទេស​ជា​សមាជិក អង្គការ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម... លើក​លែង​តែ ស៊ីរី អ៊ីរ៉ាក់ និង​អ៊ីរ៉ង់។

​កម្មវត្ថុ​ចម្បង​របស់សម្ព័ន្ធ​ គឺ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម ទាំង​តាម​ផ្លូវ​យោធា មនោគមវិជ្ជា និង​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន បន្ថែម​ពី​លើ​ការ​ខិត​ខំប្រឹង​ប្រែង​រក្សា​សន្តិសុខ។ សម្ព័ន្ធ​អារ៉ាប នឹង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​រាល់​គ្រប់​ទម្រង់ គ្រប់​អង្គការ​​​ភេរវនិយម។ នេះ​បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​អារ៉ាប៊ីសាអូឌីត នៅ​ចំពោះ​សំណួរ​ថាតើ​សម្ព័ន្ធ​អារ៉ាបថ្មី​នេះ នឹង​​​ឧទ្ទិសបេសកកម្ម​​​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ឬ។ ​

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ បើ​តាម​អារ៉ាប៊ីសាអូឌីត សម្ព័ន្ធ​អារ៉ាប​ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅក្រុង​រីយ៉ាដ និង​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីតនេះ គឺ​ជា​សក្ខីកម្ម​បញ្ជាក់​ថា​ពិភព​អារ៉ាប​មាន​ឆន្ទៈ​ ​ និង​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​ពិភពលោក ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ