អឺរ៉ុបខំរកវីធី បន្តធ្វើជំនួញជាមួយអ៊ីរ៉ង់ ហើយគេចពីទណ្ឌកម្មរបស់អាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២៥
អង្គភាពពិសេសមួយ ត្រូវបានបង្កើតឡើង ដោយបារាំង អាល្លឺម៉ង់ និងអង់គ្លេស ដើម្បីជួយក្រុមហ៊ុនអឺរ៉ុប ក្នុងការធ្វើជំនួញជាមួយនឹងអ៊ីរ៉ង់។ អង្គភាពពិសេសនេះ ត្រូវធ្វើយ៉ាងណា ជួយរៀបចំការដោះដូរពាណិជ្ជកម្ម ដោយចៀសកុំឲ្យជាប់នឺងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ដែលបានដាក់ទៅលើអ៊ីរ៉ង់។ តាមរយៈការបង្កើតអង្គភាព និងយន្តការពិសេសនេះ អឺរ៉ុបមានបំណង ប្រាប់ទៅអ៊ីរ៉ង់ថា អឺរ៉ុបមិនមានជំហរដូចអាមេរិកទេ ហើយអឺរ៉ុបប្តេជ្ញាធ្វើគ្រប់យ៉ាង ឲ្យអ៊ីរ៉ង់បន្តគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឲ្យបានខ្ជាប់ខ្ជួន។
ទិញលក់ទំនិញ ដោយមិនប្រើសាច់ប្រាក់ទូទាត់
អង្គភាពនេះ មានឈ្មោះថា Instex (Instrument In Support of Trade Exchanges)។ អង្គភាពនេះ ចុះបញ្ជីរ និងមានទីតាំងនៅបារាំង ហើយដឹកនាំដោយអ្នកជំនាញធនាគារដ៏ល្បីម្នាក់ជាជនជាតិអាល្លឺម៉ង់ ម្នាក់ឈ្មោះ Per Fisher។ ចំណែកការគ្រប់គ្រងឥណ្ឌទានទាំងស្រុង ត្រូវឆ្លងកាត់ទីក្រុងឡុងដ៏ប្រទេសអង់គ្លេស។ សហភាពអឺរ៉ុប ជាអ្នកធានាការពារនៅពីក្រោយ។
ការបង្កើតអង្គភាពពិសេសនេះ បានឆ្លងកាត់ការប្រជុំពិភាក្សា រវាងអ្នកជំនាញនៅអឺរ៉ុប និងប្រទេសទាំង៣នេះ ជាច្រើនខែមកហើយ។ ការស្មុគស្មាញមិនមែនមានត្រឹមតែការបង្កើតទេ តែដំណើរការរបស់ស្ថាប័នពិសេសនេះ ក៏មានការស្មុគស្មាញដែរ។
អ្នកបច្ចេកទេសហិរញ្ញវត្ថុ ពន្យល់ថា អង្គភាពនេះ មានតួនាទីធ្វើយ៉ាងណា កុំឲ្យមានការផ្ទេរជាសាច់ប្រាក់ ដើម្បីទូទាត់ ការនាំចេញឬនាំចូល ជាមួយអ៊ីរ៉ង់ឲ្យសោះ។ បើមានការទូទាត់សាច់ប្រាក់ នោះវាត្រូវឆ្លងកាត់ធនាគារ។ នោះមានន័យថា ធនាគារនឹងជាប់ទណ្ឌកម្មអាមេរិកជាក់ជាមិនខាន ដោយសារតែហ៊ានរកស៊ីទាក់ទងនឹងអ៊ីរ៉ង់។
អង្គភាពពិសេស ដែលគេបង្កើតនេះ ដើរតួជាអ្នកបង្កើតកញ្ចប់ឥណ្ឌទានមួយ សម្រាប់យកទៅដោះដូរគ្នារវាងក្រុមហ៊ុនអ៊ីរ៉ង់ និងក្រុមហ៊ុនផ្សេងៗនៅអឺរ៉ុប។ ឧទាហរណ៍ងាយយល់ គឺថា ក្រុមហ៊ុនមួយនៅអ៊ីរ៉ងនាំចេញក្រណាត់ លក់ឲ្យក្រុមហ៊ុនមួយនៅបារាំង។ ពុំមានការទូទាត់សាច់ប្រាក់ណាមួយទេ គឺមានតែការបង្កើតឥណ្ឌទានមួយ រៀបចំដោយអង្គភាព Instex។ បន្ទាប់មកទៀត ពេលអ៊ីរ៉ង់ ត្រូវការទិញថ្នាំពេទ្យពីបារាំងវិញ គឺគេអាចយកឥណ្ឌទាននោះទៅដូរ។ ធ្វើដូចនេះ គឺពុំមានការទូទាច់ជាសាច់ប្រាក់ ដោយឆ្លងកាត់ធនាគារទេ។
ផលវិជ្ជមានតិចណាស់ ដល់សេដ្ឋកិច្ចអ៊ីរ៉ង់
តាមពិតទៅ យន្តការពិសេសនេះ មានតំលៃជានិម្មិតរូបច្រើនជាងលទ្ធផលវិជ្ជមានជាក់ស្តែង។ យោងតាមប្រភពពីមន្ត្រីសហភាពអឺរ៉ុប បានឲ្យដឹងថា អង្គភាពInstex នេះ នឹងចាត់ចែត តែការដោះដូរពាណិជ្ជកម្ម របស់ក្រុមហ៊ុនធនតូច និងធនមធ្យមប៉ុណ្ណោះ។ ហើយមានវិស័យធំៗ ប្រមាណតែ២ប៉ុណ្ណោះ ដែលពាក់ព័ន្ធ គឺវិស័យកសិឧស្សាហកម្ម និងវិស័យឱសថសាស្ត្រ។ វិស័យទាំង២នេះ មិនជាប់ទណ្ឌកម្មអាមេរិកទេ ក៏ប៉ុន្តែ សកម្មភាពនាំចេញនាំចូល ត្រូវជាប់គាំង ដោយសារតែធនាគារ គ្មាននរណាហ៊ានចេញមុខទទួលរ៉ាប់រងការទូទាត់។ ចំណែកវិស័យប្រេងកាត និងឧស្ម័នហ្កាសធម្មជាតិ ដែលសុទ្ធតែជំនួញធំៗ មិនអាចយកមកចាត់ចែង ក្នុងយន្តការពិសេសនេះបានទេ។
អគ្គនាយកសហជីពនិយោជកបារាំង បានលើកឡើងថា ផលវិជ្ជមានមកក្នុងសេដ្ឋកិច្ច មានតិចណាស់។ ជាងនេះទៅទៀត អង្គភាពនេះ ត្រូវតែធានាធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនទាំងអស់ ទុកចិត្តបានថា ការធ្វើជំនួញ ដោយឆ្លងកាត់យន្តការពិសេសនេះ គឺមានសុវត្ថិភាពផ្នែកច្បាប់ត្រឹមត្រូវ និងមិនមានបញ្ហាណាមួយ ទៅថ្ងៃខាងមុខ។
ថ្នមចិត្តអ៊ីរ៉ង់ ឲ្យបន្តគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
តាមរយៈ ការបង្កើតអង្គភាពពិសេសនេះ អឺរ៉ុប ចង់ប្រាប់ទៅអ៊ីរ៉ង់ថា អឺរ៉ុបប្រឹងប្រែង ធ្វើគ្រប់យ៉ាង ដើម្បីជួយសេដ្ឋកិច្ចអ៊ីរ៉ង់ ឲ្យមានដង្ហើម បើទោះបីជាត្រូវប្រថុយគ្រោះថ្នាក់ ប្រឈមនឹងទណ្ឌកម្មរបស់អាមេរិកក៏ដោយ។ តែវាមិនមែនជារឿងងាយធ្វើប៉ុន្មានទេ។
សួរថា តើការបង្កើតអង្គភាពពិសេស ដែលចាត់ចែងតែការដោះដូរពាណិជ្ជកម្មរបស់ក្រុមហ៊ុនធនតូច ធនមធ្យម ហើយតែក្នុងវិស័យកសិឧស្សាហកម្ម និងថ្នាំពេទ្យនេះ វាគ្រប់គ្រាន់ទេ? ចំលើយ គឺថាមិនគ្រប់គ្រាន់ទេ។ វិស័យចំបង ដែលអ៊ីរ៉ង់ត្រូវការ ហើយផ្តល់ប្រាក់កំរៃដល់អ៊ីរ៉ង់ បំផុតនោះ គឺការនាំចេញប្រេងកាត និងឧស្ម័នធម្មជាតិ។ នៅមុនឆ្នាំ២០១៧ ពោលគឺមុនលោកដូណាល់ ត្រាំ ចុះហត្ថលេខា ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បណ្តាប្រទេសអឺរ៉ុប ទិញប្រេងពីអ៊ីរ៉ង់ សឹងតែ៩០%។ តែបច្ចុប្បន្ននេះ មាននៅសល់តិចតួចបំផុត។ ក្រុមហ៊ុនធំៗ ដូចជាTotalជាដើម បានដកខ្លួនចេញ មិនហ៊ានទិញប្រេងអ៊ីរ៉ង់ទេ។
លោកហាសាន់ រ៉ូហាននី ទទួលសំពាធផ្ទៃក្នុង
បញ្ហាលំបាកផ្នែកសេដ្ឋកិច្ចនេះ កំពុងធ្វើឲ្យរដ្ឋាភិបាលលោកហាសាន់ រ៉ូហានី ទទួលសំពាធខ្លាំងណាស់។ នៅអ៊ីរ៉ង់ មានមេដឹកនាំ ដែលស្និទនឹងលោកអាយ៉ាតូឡា អាលី ខាមឺណី ជាច្រើននាក់ ដែលរិះគន់ គោលនយោបាយឱនក្បាលដាក់លោកខាងលិច របស់លោកហាសាន រ៉ូហានី។ ដូច្នេះ មិនយូរមិនឆាប់ បើនៅតែគ្មានអ្វីប្រសើរដល់សេដ្ឋកិច្ចអ៊ីរ៉ង់ ភាគីអ៊ីរ៉ង់ប្រាកដជាទ្រាំលែងបានតទៅទៀត ហើយអាចបង្ខំ ឲ្យលោកហាសាន់ រ៉ូហានី សម្រេចដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នេះដែរ។ ពេលនោះកម្មវិធីផលិតនុយក្លេអ៊ែរ អាចចាប់ផ្តើមឡើងវិញ។
ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីការបរទេសបារាំង ក៏បានទទួលស្គាល់ដែរថា ភាគីអឺរ៉ុប យល់ពីការលំបាក របស់លោកប្រធានាធិបតីអ៊ីរ៉ង់។ ហេតុដូច្នេះហើយ បានជាអ្នកជំនាញរបស់អឺរ៉ុប កំពុងពិចារណាបន្ថែមទៀត ក្នុងការរកវិធីជួយអ៊ីរ៉ង់ ឲ្យអាចនាំប្រេងចេញទៅលក់ ដោយធ្វើយ៉ាងណា ចៀសវាង កុំឲ្យមានការទូទាត់សាច់ប្រាក់ ឆ្លងកាត់ធនាគារ។
សម្រាប់ពេលនេះ យើងសង្កេតឃើញថា ភាគីអ៊ីរ៉ង់ បានអបអរ នឹងការប្តេជ្ញារបស់អឺរ៉ុប។ តែសួរថា តើវានឹងស្ថិតស្ថេរ បានដល់ពេលណា? ព្រោះថា ក្រៅតែពី សំណុំរឿងនុយក្លេអ៊ែរនេះ ប្រទេសអឺរ៉ុបខ្លះ មិនសូវជាពេញចិត្តប៉ុន្មាននឹងអ៊ីរ៉ង់ទេ។ ដូច្នេះ ថាមិនត្រូវ ថ្ងៃណាមួយ ភាគីនីមួយៗ នឹងអស់អំណត់រៀងៗខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ