អានតួអត្ថបទ
រុស្ស៊ី-ទួរគី

ទស្សនកិច្ច​ប្រមុខរដ្ឋ​រុស្ស៊ី ​លោក Medvedev​ នៅ​ប្រទេស​ទួរគី​

ក្នុង​ប្រវត្តិ​នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ដែល​ឆ្នាំនេះ​គំរប់​បាន​៩០ឆ្នាំ។ទស្សនកិច្ច​ប្រមុខរដ្ឋ​រុស្ស៊ី​លើកនេះ ​គឺជា​លើកទី២​បន្ទាប់​ពី​ទស្សនកិច្ច​ធ្វើក្នុង​ឆ្នាំ២០០៤​​ ដោយ​ប្រធានា​ធិបតី​រុស្ស៊ី​លើកមុន​គឺ​លោក​Poutine។​​ ​នាកិច្ច​ចរចា​ថ្ងៃនេះ​ នៅក្រុង​ Ankara​ រវាង​លោក​ប្រធានា​ធិបតី​រុស្ស៊ី Medvedev និង​ថ្នាក់​ដឹកនាំ​កំពូល​ទួរគី​ សាច់រឿង​ធំ​ចំបង​គឺ​ វិស័យ​ពាណិជ្ជកម្ម​និង​ថាមពល។​ ជាលទ្ធផល​នៃ​កិច្ចចរចា​គូ​ភាគី​គ្រោង​ចុះ​ហត្ថលេខា​លើ​ឯកសារ​រួម​មិនតិច​ជាង​២៥ច្បាប់​ឡើយ​​ បូក​ទាំង​លើ​វិស័យ​ដឹក​ជញ្ជូន​ កសិកម្ម​ ថាមពល​ អប់រំ​ និង​ទេសចរណ៍។

លោក​ប្រធានា​ធិបតី​រុស្ស៊ី​Medvedev​
លោក​ប្រធានា​ធិបតី​រុស្ស៊ី​Medvedev​ ©AFP / Vladimir Rodionov
ផ្សាយពាណិជ្ជកម្ម

02:52

សេចក្តីរាយការណ៍របស់​ កែវ​ ឆាយា

កែវ ឆាយា

ជាបឋម​ គួរ​រំលឹក​ថា ​ពិតជា​ចេញពី​ដែនដី​ប្រទេស​ទួរគី​នេះឯង​ ជា​សមាជិក​បក្សសម្ពន្ធ​ OTAN ​តាំងពី​ឆ្នាំ១៩៥២​មក​ ដែល​ស.រ.អា.​ កាល​ក្នុង​ឆ្នាំ ១៩៦២​ បាន​បង្ខំ​ចិត្ត​រុះរើ​ចេញ​ទៅវិញ​នូវ​កាំជ្រួច​មីស៊ីល​ទាំង​អម្បាល់​មាណ​ដែល​មាន​តម្រង់​មក​លើ​សហភាព​សូវៀត​ ជា​ថ្នូរ​នឹង​ការដក​ចេញ​ពី​ប្រទេស​គុយបា ​ដែរ​ នូវ​កាំជ្រួច​មីស៊ីល​ទាំង​អម្បាល​ម៉ាណ​របស់​សហភាព​សូវៀត​ដែល​មាន​តំរង់​ទៅលើ​ស.រ.អា​. ដើម្បី​ខ័ណ្ឌ​បញ្ចប់​ទៅ​វិបត្តិ​ធ្ងន់ធ្ងរ​ដល់កំរិត​វិះៗ​ផ្ទុះ​ឡើង​ជា​សង្គ្រាម​លោក​​លើក​ទី៣​តែម្តង។

 
លុះក្រោយ​ពី​សហភាព​សូវៀត​រលាយ​បាត់​ទៅ​ក្នុង​ឆ្នាំ១៩៩១​ប្រទេស​រុស្ស៊ី​សម័យ​ថ្មី​​ដែល​លើក​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ខ្ពស់​ជាង​មនោគមវិជ្ជា ​បាន​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​-សេដ្ឋកិច្ច​យ៉ាង​ផុស​ផុល​ជាមួយ​ប្រទេស​ទួរគី​នេះ ​ដែល​អំណោយ​ផល​ណាស់​ សំរាប់​​ប្រជា​ពលរដ្ឋ​រុស្ស៊ី​ដែល​នាំ​គ្នា​ធ្វើ​ដំណើរ​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​សម្រាក​ ក៍​ដូចជា​ទៅទិញ​ទំនិញ​យកមក​បោះដុំ​ឲ្យ​ឈ្មួញ​ដែល​លក់​រាយ។​ ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំ ​ចំនួន​អ្នកទេសចរ​រុស្ស៊ី​ចេះតែ​កើនឡើង​ ហើយ​ក្នុង​ឆ្នាំមុន​កើនដល់​ជាង​២លាន​៥សែ​នាក់។​ ចាញ់​តែ​ប្រទេស​អាល្លឺម៉ង់​ប៉ុណ្ណោះ​ខាង​ចំនួន​ទេសចរ​ដែល​ទៅ​សម្រាក​នៅទួរគី។​ ខាង​ទំហំ​ពាណិជ្ជកម្ម​ជួញ​ដោយ​ឯកជន​គឺ​ស្មើនឹង​ទំហំ​ជួញ​រវាង​រដ្ឋ​និង​រដ្ឋ​ ដោយ​ឆ្នាំមុន​មាន​ទឺកប្រាក់ ​២០.០០០ លាន $។​ ហើយ​នាកិច្ច​ចរចា​ថ្ងៃនេះ​ គូភាគី​ដាក់​ទិស​ថា ក្នុង​៥ឆ្នាំ​ទៅមុខ​បង្កើន​វាឲ្យ​បាន​៥ដង​​រហូត​ដល់​១០០.០០០លាន$​ក្នុង​១ឆ្នាំ។

ខាង​វិស័យ​ថាមពល​គូភាគី​គ្រោងចុះ​ជា​កិច្ច​ព្រមព្រៀង​ដើម្បី​ឲ្យ​រុស្ស៊ី​សង់​នៅ​ប្រទេស​ទួរគី​គឺ​ស្ថានីយ​អគ្គិសនី​ទី១​សំរាប់​ប្រទេស​នេះ​ដែល​ដើរ​ដោយ​ប្រតិករ​នុយក្លេអ៊ែរ​ចំនួន​៤​មាន​កម្លាំង​ភ្លើង​សរុប​៥.០០០ Megawatt។​ មិនតែ​ប៉ុណ្ណោះ​ទួរគី​ទិញ​ពី​រុស្ស៊ី​នូវ​ឧស័្មន​ធម្មជាតិ​ដល់​ទៅ​៨០%​នៃ​តម្រូវការ​ខ្លួន​ដោយ​ទទួល​វា​តាម​បំពង់​បង្ហូរ​ឈ្មោះ​ Blue Stream ​លូន​ចេញ​ពីប្រទេស​រុស្ស៊ីតាមបាតសមុទ្ទខ្មៅ ទៅកាន់ប្រទេសទួរគី វា​ដំណើរ​ការ​ពី​ឆ្នាំ​២០០០​មក​បង្ហូរ​ទៅក្នុង​១ឆ្នាំៗ​ឧស្ម័ន​បរិមាណ​១៦.០០០លានម

នាកិច្ច​ចរចា​ថ្ងៃនេះ គូ​ភាគី​គ្រោង​ព្រមព្រៀង​គ្នា​ឲ្យ​បាន​ដាច់​ស្រេច​ដើម្បី​បន្លាយ​ការ​សង់​បំពង់​នោះ​បន្ត​ទៅ​កាន់​ប្រទេសI​srael និង​ប្រទេស​ឯទៀត​នៃ​តំបន់​ដើម​បូព៌ា​លុះ​បង្កើន​បរិមាណ​បង្ហូរ​នោះ​ជា​២ដង​ដល់​៣២.០០០លានម៣​ក្នុង១ឆ្នាំ។​ បំពង់ថ្មី​នេះ​នឹង​មាន​ឈ្មោះ​ថា​ Blue Stream​ទី២។ ​នៅមាន​បំពង់​បង្ហូរ​ឧស្ម័ន​រុស្ស៊ី​មួយ​ទៀត​ឈ្មោះ South​Stream​ ដែល​ចុង​ឆ្នាំមុន​បាន​ទទួល​ការ​អនុញ្ញាត​ទៅហើយ​ឲ្យ​សង់ឆ្លង​កាត់​ដែនទឹក​សេដ្ឋកិច្ច​របស់​ទួរគី​ឆ្ពោះ​ទៅកាន់​បណ្តា​ប្រទេស​អឺរ៉ុប​ខាងត្បូង​ វានឹង​សង់រួច​ក្នុង​ឆ្នាំ​២០១៥។​ មុននឹង​ផ្តើម​ទស្សនកិច្ច​ថ្ងៃនេះ លោក​ប្រធានា​ធិបតី​Medvedev ​បាន​កត់​សំគាល់​ថា​ ទំនាក់​ទំនង​រវាង​រុស្ស៊ី​និង​ទួរគី​កំពុង​វិវឌ្ឍ​ទៅរក​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​នឹងគ្នា៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ