អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ម៉ូស្គូនឹងទាមទារ​លុះទាល់តែ​​ស.រ.អា.​​បង្វែរ​ពលរដ្​ឋ​រុស្ស៊ី​មកឲ្យ​រុស្ស៊ីវិញ​

នេះជាប្រតិកម្ម​បញ្ចេញ​យ៉ាងពុះ​ខ្ជោល​ព្រឹកមិញ​ដោយ​អ្នកនាំពាក្យ​ផ្លូវការ​របស់​ក្រសួង​ការបរទេស​រុស្ស៊ី​លោក ​Alexandre ​Loukachevich ​ទល់នឹង​សេចក្តី​វិនិច្ឆ័យ​ជាឯកច្ឆន្ទ​យប់មិញ​ របស់​ប្រជាចៅក្រម​អាមេរិកាំង​ចំនួន​១២នាក់​ថា​ពលរដ្ឋ​រុស្ស៊ី​ឈ្មោះ Viktor Bout ​ដែល​ទទួល​រហ័សនាម​ជា ​“ឈ្មួញមរណៈ” ​ត្រូវជាប់​ទោស​ពិរុទ្ធ​មែន​ ចំពោះ​ការចោទ​ប្រកាន់​៤ករណី​ដែលក្នុង​ករណី​នីមួយៗ​អាច​ត្រូវ​តុលាការ​អាមេរិក​កាត់ទោស​ឲ្យជាប់​គុក​ដល់២៥ឆ្នាំ។

​ពលរដ្ឋ​​រុស្ស៊ី​ឈ្មោះ​ Viktor Bout ​​ដែល​មាន​​រហ័សនាម​​ជា ​​“ឈ្មួញមរណៈ” ​ជាប់​ទោស​​ពិរុទ្ធ​ក្នុងការ​ចោទ​ប្រកាន់​​៤ករណី​​
​ពលរដ្ឋ​​រុស្ស៊ី​ឈ្មោះ​ Viktor Bout ​​ដែល​មាន​​រហ័សនាម​​ជា ​​“ឈ្មួញមរណៈ” ​ជាប់​ទោស​​ពិរុទ្ធ​ក្នុងការ​ចោទ​ប្រកាន់​​៤ករណី​​ ©​ NICOLAS ASFOURI / AFP
ផ្សាយពាណិជ្ជកម្ម

ការចោទ​ប្រកាន់​៤ករណីនេះ ​គឺសុទ្ធតែ​ជាការ​សមគំនិត​ដ៏ឧក្រិដ្ឋ​ ៖​

ទី១-​ដើម្បី​ធ្វើឃាត​ប្រជា​ពលរដ្ឋ​អាមេរិក។
ទី២-​ដើម្បីធ្វើឃាត​ពួក​មន្ត្រី​ដែល​បម្រើ​កិច្ចការ​រដ្ឋ។
ទី៣-​ដើម្បី​រកឲ្យបាន​ហើយយក​ទៅលក់​គឺកាំជ្រួច​ការពារ​ដែន​អាកាស។
ទី៤-​គឺ​ដើម្បី​បំពាក់​អាវុធ​ដល់​ពួក​ក្រុម​ភេរវជន។

ដោយហេតុថា​ចំពោះ​ករណី​នីមួយៗ​ខាងលើ​ឈ្មោះ ​Viktor Bout​ ដែល​សព្វថ្ងៃ​អាយុ​៤៤ឆ្នាំ​ទៅហើយ​អាច​ធ្លាក់ខ្លួន​ជាប់គុក​ដល់២៥ឆ្នាំ ​បានជា​ទោស​សរុប​របស់​គាត់​គឺ​ត្រូវជាប់​ពន្ធនាគារ​ពី២៥ឆ្នាំ​ លុះ​រហូត​ដល់​មួយជីវិត​តែម្តង។

ជាការ​កត់​សម្គាល់​ សេចក្តី​វិនិច្ឆ័យ​ដែលថា​ពលរដ្ឋ​រុស្ស៊ី​ឈ្មោះ Viktor Bout ​ត្រូវតែ​មានទោស​ចំពោះ​ករណី​ទាំង៤នោះ​ គឺ​អនុម័ត​យក​ជាឯកច្ឆន្ទ​ដោយ​ប្រជាចៅក្រម​១២នាក់​ដែលមាន​ជ្រើស​តាំងឡើង​ពីក្នុង​ចំណោម​អ្នកស្រុក​សាមញ្ញ​អាមេរិកាំង​ ក្រោយពី​គេបាន​សិក្សា​ទៅលើ​ភស្តុតាង​ដាក់ចេញ​ដោយ​អាជ្ញាធរ​ស.រ.អា.។​ បន្ទាប់​មក​ ដោយសំអាង​លើ​សេចក្តី​វិនិច្ឆ័យនេះ ​តាម​សំដី​ចៅក្រម​សហព័ន្ធ​តុលាការ​អាមេរិក​នឹងប្រកាស​សាលក្រម​កាត់ទោស​ផ្ទាល់​គឺក្នុង​៣ខែទៀត​ នៅថ្ងៃទី​៨កុម្ភៈ​ឆ្នាំក្រោយ។ ​ហើយក្នុង​១ខែ​ទៅមុខ​ គឺទៅ​ទល់ថ្ងៃ​ទី២​ធ្នូ​ មេធាវី​របស់​ Viktor Bout ​អាចដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍។​ ឈ្មោះ Viktor Bout​ ដែលជា​អាជីវករ​រុស្ស៊ី​ធ្លាប់មាន​យន្តហោះ​រកស៊ី​ដឹកជញ្ជូន​បាន​បដិសេធ​ដាច់អហង្ការ​ការចោទ​ប្រកាន់​ទាំងនោះ​លើរូបគាត់។

ក្រសួង​ការបរទេស​រុស្ស៊ី​ក្នុងប្រតិកម្ម​ខ្លួន​ថ្ងៃនេះ​ រំលឹកថា​ពលរដ្ឋ​រុស្ស៊ី​Viktor Bout ​ដែលកាល​ពី​ខែមីនា​ឆ្នាំ២០០៨​បាន​ត្រូវ​ឃាត់ខ្លួន​ដោយអាជ្ញាធរ​ថៃ​ រួច​បន្ទាប់មក​បញ្ជូន​ទៅ​ស.រ.អា.​នៅខែ​វិច្ឆិកា​ឆ្នាំ២០១០​ គឺនៅ​ក្រោម​សម្ពាធ​នយោបាយ​មិនធ្លាប់​មាន​ដូច​ពីខាង​ទីក្រុង​វ៉ាស៊ីនតោន​តែម្តង។​ ក្រសួង​ការបរទេស​រុស្ស៊ី ​ចាត់ទុក​ជាការ​មិនអាច​ទទួល​យកបាន​ជាដាច់ខាត​” ប្រតិបត្តិការ “​ចាប់​ពង្រត់​ពលរដ្ឋ​ជាតិ​ផ្សេង​ដោយមាន​ការ​ចូលរួម​នៃពួក​ចារកិច្ច​អាមេរិកាំង​បន្ទាប់​មក​ សួរ​ចម្លើយ​គាត់​ដោយ​ប្រើវិធី​បង្ក្រាប​គាត់​តាម​ផ្លូវរូបកាយ​ផង​ ចិត្តសាស្ត្រ​ផង​ ហេតុដែល​ផ្ទុយ​នឹងច្បាប់​អន្តរជាតិ ​ផ្ទុយនឹង​កាតព្វកិច្ច​អន្តរជាតិ​របស់​ស.រ.អា.​ផ្ទាល់។

ក្រសួង​ការបរទេស​រុស្ស៊ី​នឹងបន្ត​ចាត់វិធានការ​សព្វបែប​យ៉ាង​ ដើម្បី​ធានា​នូវ​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​លោក​ Viktor Bout ក្នុង​ឋានៈ​ជាពលរដ្ឋ​រុស្ស៊ី​លុះទាល់តែ​បង្វែរ​រូបគាត់​មក​ប្រទេស​រុស្ស៊ីវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ