អានតួអត្ថបទ

ប្រឈមនឹងការខ្វះទ័ព អ៊ុយក្រែន​អនុម័តច្បាប់រើសទ័ពក្នុងចំណោមអ្នកទោសជាប់ពន្ធនាគារ

ទាល់តម្រិះ ខ្វះទ័ព​នៅក្នុងសមរភូមិ សភាអ៊ុយក្រែន​បាន​បោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ថ្មីដែលអនុញ្ញាត​បើកផ្លូវ​ឲ្យ​គេរើសទ័ព​នៅក្នុង​ចំណោមអ្នកទោស ជាប់ពន្ធនាគារ។ នៅចំពោះមុខ​​សត្រូវដែលមានប្រៀបទាំងកម្លាំងទ័ព និងសព្វាវុធ​ដូចជា​រុស្ស៊ី អ៊ុយក្រែន​បាន​ធ្វើវិសោធនកម្ម​ច្បាប់ ដើម្បីអាច​ទ័ពបន្ថែម មុននឹង​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​កាលពីថ្ងៃពុធទី ៨ ឧសភា ដើម្បី​រើសទ័ព​ក្នុង​ពន្ធនាគារ។

ទាហានអ៊ុយក្រែន​ប្រើកាំភ្លើងធំដែលអាមេរិកផ្តល់ឲ្យនៅខេត្ត​Kherson
ទាហានអ៊ុយក្រែន​ប្រើកាំភ្លើងធំដែលអាមេរិកផ្តល់ឲ្យនៅខេត្ត​Kherson AP - LIBKOS
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៊ីជាង​២ឆ្នាំមកនេះ អ៊ុយក្រែន​ឈានចូលដំណាក់កាលមួយ ​ខ្វះទាំងអាវុធ និងទាហាន​ដើម្បី​ប្រយុទ្ធតស៊ូ​នឹង​រុស្ស៊ី ដែលមាន​កម្លាំងខ្លាំងទាំងចំនួនទ័ព និង​សព្វាវុធ។ នៅ​ខែ​មេសា​កន្លងទៅ អ៊ុយក្រែន​បាន​អនុម័តច្បាប់​ដ៏ចម្រូងចម្រាសដើម្បី​សម្រួល​ដល់​ការរើសទ័ព និង​ងាយ​ដាក់ទោស​អ្នកដែល​រត់គេចវេស​ពីកាតព្វយោធា។ ច្បាប់ថ្មី​នៅបាន​ទម្លាក់អាយុ​ ចូលបម្រើកងទ័ព ពី​២៧ មក​នៅ​ឆ្នាំ ២៥ឆ្នាំ នៅក្នុង​គោលបំណងរើស​បញ្ចូល​ទ័ព​ឲ្យបាន​ច្រើនបំផុត​ដើម្បីទប់ទល់​នឹង​រុស្ស៊ី ប៉ុន្តែ ហាក់​មិន​សូវ​មាន​ប្រសិទ្ធិភាព។

នៅ​ដើមដំបូងនៃ​សង្រ្គាមឈ្លានពាន​របស់រុស្ស៊ី ប្រជាជន​អ៊ុយក្រែន​ ធ្លាប់ពុះកញ្ច្រោល​ដោយ​គំនិត​ស្នេហាជាតិ ការពារ​មាតុភូមិ ស្ម័គ្រចិត្ត ស្រុះគ្នា​កាន់អាវុធ រហូតធ្វើ​ឲ្យ​ចំនួន​ទ័ពអ៊ុយក្រែន​បាន​កើនឡើង​យ៉ាងលឿនស្លេវ ពីជាង ២សែននាក់ (២៦០ ០០០) ទៅ ជាង​៧សែននាក់។ ប៉ុន្តែ នៅ​ជាង​២ឆ្នាំ​នៃ​សង្រ្គាម​វាយប្រហារ​យ៉ាងចាស់ដៃ​របស់​រុស្ស៊ី​ ដែល​សម្លាប់ទាហាន​អ៊ុយក្រែន យ៉ាងហោច ជាង ៣ម៉ឺននាក់ (តាម​ការអះអាង​របស់​ប្រធានាធិបតី​អ៊ុយក្រែន និង​ជាង ៧ម៉ឺននាក់ និង​របួសជាង ១សែននាក់ តាម​កាសែត​អាមេរិក ) បានធ្វើ​ឲ្យប្រជាជន​អ៊ុយក្រែនលែង​មានទឹកចិត្ត​ចង់ចូលបម្រើទ័ព។ ហេតុផល​ទី១ គឺអំពើពុករលួយ ទី២ គឺ​ភាពមិនច្បាស់លាស់​របស់​ច្បាប់ថ្មី ដែលមិនបាន​បញ្ជាក់ពីរយៈពេល​ ដែលគេត្រូវ​ឈរនៅ​ជួរមុខ​ក្នុងសមរភូមិ។ ​ទាហាន​អ៊ុយក្រែន​ភាគច្រើន​ ប្រយុទ្ធជាប់រហូត​នៅក្នុង​​សង្រ្គាមជាង២ឆ្នាំមកនេះ ហត់នឿយខ្លាំង គ្មានពេល​ឈប់សម្រាក ត្រលប់មកលេងគ្រួសារ ដោយសារតែ​​គ្មានទ័ពថ្មីមកជំនួស។​

ជួបការលំបាក​ក្នុងការរើសទ័ពក្នុង​ចំណោម​ប្រជាជន​អ៊ុយក្រែន​ជាទូទៅ សភាអ៊ុយក្រែន នៅថ្ងៃ​ពុធ​កន្លងទៅ បាន​អនុម័ត​សេចក្តីព្រាងច្បាប់ថ្មី ដែល​អនុញ្ញាត​ឲ្យគេ​រើសទ័ពនៅតាម​ពន្ធនាគារ។

អ៊ុយក្រែន​កំពុង​ដើរតាម​ផ្លូវ​របស់​រុស្ស៊ី នៅពេល​ក្រុមហ៊ុនទាហានស៊ីឈ្នួល​រុស្ស៊ី ​វ៉ាក់ណែរ បានរើសទ័ព​នៅក្នុង​ចំណោម​​អ្នកទោសរុស្ស៊ី ដើម្បី​យក​ទៅ​ប្រយុទ្ធក្នុងសមរភូមិ​ក្តៅ​។ កាលណោះ ក្រុមហ៊ុន​វ៉ាក់ណែរ​បាន​រងការរិះគន់​ខ្លាំងក្នុង​ចំណោម​ប្រជាជន​រុស្ស៊ីផ្ទាល់​តែម្តង ក្នុងហេតុផល​ថា គេ​ផ្តល់​សេរីភាព និង​លាភសក្តារៈ​ដល់​អ្នកទោស ដែលតាម​ធ្លាប់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដូចជា​សម្លាប់​មនុស្ស​ជាដើម។

នៅ​អ៊ុយក្រែនឯណោះវិញ ដើម្បី​ជៀសវាង បង្ការ​ពាក្យរិះគន់ សេចក្តីព្រាងច្បាប់ថ្មី​របស់​អ៊ុយក្រែន​សំដៅ​រើសអ្នកទោស​ទាំងឡាយ​ណា​ដែលជិត​រួចទោស និង​ដោយ​ឈរ​លើ​ការស្ម័គ្រចិត្ត។ បើតាម​ការពន្យល់​របស់​អ្នកតំណាងរាស្រ្ត​អ៊ុយក្រែន លោកស្រី Chouliak មានតែអ្នកទោស​ដែលនៅ​សល់​ការអនុវត្តទោស​ក្រោម​៣ឆ្នាំ ប៉ុណ្ណោះដែលអាច​ចូលបម្រើទ័ព នោះបើសិន​ពួកគេ​ស្ម័គ្រចិត្ត មានកាយសម្បទារ​គ្រប់គ្រាន់ និង​មានការយល់ព្រមព្រៀង​ពី​ក្រសួងការពារជាតិ។

ក្រៅពីនោះ អ្នកទោសដែល​ធ្លាប់​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ​សម្លាប់​មនុស្ស​ចាប់ពី ២នាក់ឡើងទៅ ប្រព្រឹត្តអំពើហិង្សា​ផ្លូវភេទ ប្រព្រឹត្ត​អំពើពុករលួយ ឬ​រំលោភច្បាប់សន្តិសុខជាតិជា​ដើម​ នឹងត្រូវរួចផុត​ពីកំណែនទ័ពអ៊ុយក្រែន។

បើតាមការពន្យល់​របស់​អ្នកតំណាងរាស្រ្ត​ដែលជា​អ្នកស្នើច្បាប់ខាងលើ អ្នកទោស​ដែល​ស្ម័គ្រចិត្ត​ចូលបម្រើទ័ព នឹងទទួលបាន​មកវិញ សិទ្ធិសេរីភាព ដូចជា​ការដោះលែង​ជាមួយលក្ខខណ្ឌ ហើយ​និងត្រូវ​បញ្ចូល​ក្នុងកម្លាំងទ័ពពិសេស​របស់អ៊ុយក្រែន។ ប៉ុន្តែ អង្គការ​ការពា​រអ្នកទោស​អ៊ុយក្រែនវិញ វាយតម្លៃថា សេចក្តីច្បាប់ថ្មី​មាន​លក្ខណៈរើសអើង ព្រោះថា មិន​បាន​ចែងច្បាស់​ពី​ពេលវេលា​ឲ្យ​អ្នកទោស​ទាំងនោះ​បាន​ឈប់សម្រាកទាល់សោះ។ ប្រធាន​អង្គការ​ការពារ​អ្នកទោស​អ៊ុយក្រែន​ព្រួយបារម្ភថា អ្នកទោស​ទាំងនោះនឹង​ត្រូវ​ប្រយុទ្ធរហូត​ដល់​ថ្ងៃចប់សង្រ្គាម ដែលមិនខុសអ្វីពីការជាប់ទោស​ដ៏យូរអង្វែង គ្មានថ្ងៃចេញនោះទេ។ មួយវិញ គេ​ខ្លាចថា ​អ្នកទោស​អ៊ុយក្រែន​អាច​មានវាសនា​អាក្រក់​ដូច​អ្នកទោស​​រុស្ស៊ី​ដែល​ក្រុមវ៉ាក់ណែរ​យក​ទៅ​ដាក់​នៅជួរមុខ ដើម្បីរាំងគ្រាប់ ពាំងការពារ​​​ទាហាន​រុស្ស៊ី នៅក្នុង​​សមរភូមិប្រយុទ្ធ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ