អានតួអត្ថបទ
បារាំង-កាតារ

លោកប្រធានាធិបតី​​បារាំងបំពេញ​ទស្សនកិច្ច​​ ផ្លូវការ​នៅ​កាតារ

លោក​ប្រធានាធិបតី​បារាំង​ នឹង​អញ្ជើញ​ទៅ​ដល់​ប្រទេស​កាតារ នៅល្ងាច​ថ្ងៃ​សៅរ៍ទី ២២​មិថុនា ​នេះ។ ទស្សនកិច្ច​ផ្លូវការ​ រយៈ​ពេលខ្លី​​នេះ នឹង​ឧទ្ទិស​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច​បារាំង-កាតារ ដោយ​សង្ឃឹម​ថា​នឹង​អាច​ប្រមូល​បាន​កិច្ច​សន្យា​​ដ៏​ច្រើន​បំផុត​ជាមួយ​ប្រទេស​ជង្រុក​ប្រេងកាត​មួយនេះ។ បន្ទាប់​មក​ លោកប្រធានាធិបតី​បារាំង​នឹង​បន្ត​ដំណើរ​ទៅ​ប្រទេស​ហ្ស័កដានី។ 

លោក​ប្រធានាធិបតី​បារាំង François Hollande ថ្ងៃទី ១៤​ មិថុនា ២០១៣
លោក​ប្រធានាធិបតី​បារាំង François Hollande ថ្ងៃទី ១៤​ មិថុនា ២០១៣ Reuters / Platiau
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ពីរ​ថ្ងៃនៅ​កាតារ លោក​ប្រធានាធិបតី​បារាំង​នឹង​ត្រូវ​ ជួប​ធ្វើ​គារកិច្ច​ពី​សំណាក់​ឥស្សរជន​នយោបាយ​គ្រប់ជាន់​ថ្នាក់​របស់​កាតារ​។ កាលពី​ឆ្នាំ​ទៅ​ លោក​ហ្វ្រង់ស័រ​ហូឡង់​បាន​អញ្ជើញ​មក​កាន់​តំបន់​នេះ​ម្តង​ហើយ​តែ​មិន​បាន​ឆ្លង​កាត់​ក្រុង​ដូហា​ទេ។

 
កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ ផ្តោត​ទាំង​ស្រុង​ទៅ​លើ​វិស័យ​វិនិយោគ​សេដ្ឋកិច្ច​។ ហេតុ​ដូច្នេះ​ហើយទើប​គេ​ឃើញ​មាន​ថៅកែ​ក្រុមហ៊ុន​បារាំង​គ្រាក់ៗ​ជា​ច្រើន​រូប​អប​ដំណើរ​ប្រធានាធិបតី​នាពេល​នេះ។ ក្រុមហ៊ុន​បារាំង​សង្ឃឹម​ថា​នឹង​អាច​ទាក់ទាញ​រក​បាន​កិច្ច​សន្យា​ធំៗ មាន​ជា​អាទិ៍​​ការ​សាងសង់​​រថភ្លើង​ក្រោម​ដី​នៅ​ក្រុង​ដូហា រថភ្លើង​ក្នុង​ក្រុង Traimway។ ក្រុមហ៊ុន​តូតាល់​បារាំង មាន​វិនិយោគ​ស្រាប់​ទៅ​ហើយ​នៅ​កាតារ​នេះ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៥ពាន់​លាន​អឺរ៉ូ។ ប៉ុន្តែ​សំណុំ​រឿង​ដ៏​ធំ​សំខាន់​​បំផុត​ និង​ជា​យុទ្ធសាស្ត្រ​នោះ គឺ​ទំនង​ការ​លក់​យន្ត​ហោះ​ប្រដេញ​​ Rafale។

ការផ្តោះប្តូរ​ ​សេដ្ឋកិច្ច​និង​យោធា រវាង​កាតារ​និង​បារាំង នា​រយៈ​ពេល​ចុងក្រោយ​នេះ ​ហាក់​ដូច​​គ្មាន​ដែន​កំណត់​ រហូត​ចង់​ក្លាយ​ទៅ​ជា​រឿង​អាស្រូវ​ផង​។ ប្រទេសកាតារ​ក៏​បាន​ចូល​ធ្វើ​វិនិយោគ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដែរ​នៅ​បារាំង​ ដោយ​ប្រមូល​ទិញ​ទាំង​សណ្ឋាគារ​ធំៗ និង​ក្លឹប​កីឡាបាល់ទាត់​ប៉ារីស​Saint Germainទៀត។ ប៉ុន្តែ​ទោះ​ជា​ទំហំ​ពាណិជ្ជកម្ម​ធំ​ធេង និង​មាន​ការ​ស្វាគមន៍​ជានិច្ច​ក៏​ដោយ ក៏សំណុំ​រឿង​ការទូត វិបត្តិ​ស៊ីរី មិន​ត្រូវ​បាន​​ បារាំង​និង​កាតារ មើល​រំលង​ឡើយ ព្រោះ​ថា​ ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​​ បារាំង​នៅ​កាតារ ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ដែលក្រុង​ដូហា​ ទទួល​រៀប​ចំ​ជំនួប​ប្រជុំ​ប្រទេស​ជា​មិត្ត​របស់​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ