អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង់គ្លេស និង​អេស្ប៉ាញ​ឈ្លោះ​គ្នា ដោយសារ​ដី​ជ្រោយ​ទំហំ​៧​គីឡូម៉ែត្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​​នេះ​ វិបត្តិ​ការទូត​រវាង​អង់គ្លេស និង​អេស្ប៉ាញ កាន់តែ​តានតឹង​ឡើងៗ។ កាលពី​ថ្ងៃ​ចន្ទ ទី ១២ អង់គ្លេស​ព្រមាន​ថា នឹង​តវ៉ា​ផ្លូវច្បាប់​ទៅ​គណៈកម្មាធិការ​​អឺរ៉ុប ដើម្បី​​ទាមទារ​ឲ្យ​គេ​ថ្កោលទោស​​អេស្ប៉ាញ ពីរឿងដែល​អេស្ប៉ាញ​បិទ​សិទ្ធិ​ធ្វើដំណើរ​នៅ​អឺរ៉ុប។

អ្នកទេសចរ​ថត​រូប​នៅ​​Gibraltar ដែល​ជា​ទីក្រុង​របស់​អង់គ្លេស ប៉ុន្តែ ស្ថិតនៅក្នុង​ទឹកដី​របស់​អេស្ប៉ាញ
អ្នកទេសចរ​ថត​រូប​នៅ​​Gibraltar ដែល​ជា​ទីក្រុង​របស់​អង់គ្លេស ប៉ុន្តែ ស្ថិតនៅក្នុង​ទឹកដី​របស់​អេស្ប៉ាញ ©Reuters
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ថ្ងៃ​មកហើយ រដ្ឋាភិបាល​អេស្ប៉ាញ​បាន​ចេញ​បញ្ជា​ឲ្យ​គេ​ចាប់​ត្រួតពិនិត្យ​លើ​រថយន្ត​ដែល​បើកឆ្លងកាត់​ព្រំដែន​អេស្ប៉ាញ ​ដើម្បី ​ចេញឬ ចូល ទៅ​ទីក្រុង​ Gibraltar។ ​ Gibraltar ទីក្រុង​ស្វយ័ត​ ដែល​​ជា​ទឹកដី​​របស់​ចក្រភព​​អង់គ្លេសនៅបរទេស ប៉ុន្តែ ​ស្ថិត​លើ​ដីជ្រោយ នៅក្នុងទឹកដី​​ប្រទេស​អេស្ប៉ាញ។ ការចាប់​ឆែកឆេរ​ដែល​មិន​ធ្លាប់​មាន​ពីមុន​បាន​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង កាលពី​ថ្ងៃ​ចុងសប្តាហ៍​កន្លងទៅ និង​បាន​បង្ក​ឲ្យ​មា​ន​ការក្តៅក្រហាយ​ពី​ប្រជាជន​Gibraltar។ ទីក្រុង​ម៉ាដ្រីឌ​បាន​ពន្យល់ថា សកម្មភាព​ឆែកឆេរ​ធ្វើឡើង​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការលួចជួញដូរ​ខុសច្បាប់​ដែល​សំបូរ​កើតមាន​នៅ​ទីក្រុង​ Gibraltar។

 
រឿងនេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​មិន​សប្បាយចិត្ត​យ៉ាងខ្លាំង។ ជម្លោះ​ពាក្យ​សំដី​បាន​កើតមាន​ជាបន្តបន្ទាប់រវាង​រដ្ឋាភិបាល​អង់គ្លេស និង​អេស្ប៉ាញ ចាប់តាំងពីដើម​ខែ​សីហា។ ​នាយក​រដ្ឋមន្រ្តី​​អង់គ្លេសធ្លាប់​បាន​ទូរស័ព្ទទៅ​សមភាគី​អេស្ប៉ាញ​របស់លោក ដោយ​ព្រមាន​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​អេស្ប៉ាញ នឹង​អាច​បំផ្លាញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

ក្រៅតែ​ពី​វិធានការ​ចាប់ឆែកឆេរ រដ្ឋាភិបាល​អេស្ប៉ាញ​គ្រោងផងដែរ​ នឹង​យក​ថ្លៃពន្ធ​ផ្លូវប្រមាណ ៥០​អឺរ៉ូ លើ​រថយន្ត​ដែល​បើក​ឆ្លងកាត់​ព្រំដែនអេស្ប៉ាញ។ មួយវិញទៀត អេស្ប៉ាញ​គ្រោងនឹង​​ហាមមិន​ឲ្យ​ យន្តហោះ​ដែល​ចុះចត​លើ​ដីជ្រោយ​ដី​របស់​អង់គ្លេស Gibraltar ប្រើប្រាស់​ដែន​អាកាស​​អេស្ប៉ាញ។  នៅមាន​វិធានការ​មួយចំនួន​ទៀតដែរ ដែល​អេស្ប៉ាញ​គ្រោង​នឹង​អនុវត្ត​ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ស្វយ័ត​ Gibraltar របស់​អង់គ្លេស ដូចជាការដំឡើង​ពន្ធ​លើ​អ្នកវិនិយោគ​ Gibraltar ដែល​មាន​អចលនទ្រព្យ ឬ មុខរបរ​រកស៊ី នៅ​ទឹកដី​អេស្ប៉ាញ។

​រដ្ឋាភិបាល​អេស្ប៉ាញ ចាប់ផ្តើម​គាបសង្កត់​លើ​​​រដ្ឋាភិបាល​ស្វយ័ត Gibraltar ប​ន្ទាប់ពី​ Gibraltar បាន​ទម្លាក់ថ្ម​បេតុង ៧០​ដុំ ទៅក្នុង​ទឹកសមុទ្រ ក្បែរ​ទីក្រុង​របស់ខ្លួន ដើម្បី​បង្កើត​ជម្រក​សិប្បនិមិត្តមួយ​សម្រាប់​សត្វសមុទ្រ។ ប៉ុន្តែ អាជ្ញាធរ​​អេស្ប៉ាញ​យល់ថា ធ្វើ​ដូច្នេះ​គឺ​បំផ្លាញ​ផលរបរ​របស់​អ្នកនេសាទ​អេស្ប៉ាញ។ អ្នកនេសាទ​អេស្ប៉ាញ​មិន​អាច​ចូល​ទៅ​នេសាទ នៅ​ម្តុំ​ដីជ្រោយ​ Gibraltar​បាន​ដូចមុន។

រដ្ឋមន្រ្តី​ក្រសួងការបរទេស​អេស្ប៉ាញ​វិញ​បាន​ពន្យល់ថា ​ពន្ធ​ផ្លូវតម្លៃ ៥០​អឺរ៉ូ ដែល​រដ្ឋាភិបាល​ប្រុង​នឹង​យក ពី​រថយន្ត​បើកឆ្លងកាត់​ព្រំដែន​ចូល​ទៅGibraltar  គឺ​ដើម្បី​យក​ទៅ​ប៉ះប៉ូវ ថ្លៃ​ខូចខាត និង​ផ្គត់ផ្គង់​ជីវភាព​របស់​អ្នកនេសាទអេស្ប៉ាញ​ដែល​រងគ្រោះ ដោយ​វិធានការ​ទម្លាក់ថ្ម​របស់​រដ្ឋាភិបាល​ Gibraltar។

ក្នុង​ស្ថានភាព​ដែល​កាន់តែ​តានតឹង នាវា​ចម្បាំង​អង់គ្លេស នឹង​ធ្វើ​ដំណើរ​ទៅកាន់​ជ្រោយ Gibraltar។ សម្រាប់​​រដ្ឋាភិបាល​ Gibraltar វត្តមាន​នាវា​ចម្បាំង​របស់​អង់គ្លេស បញ្ជាក់​ពី​ការគាំទ្រ និងការការពារទឹកដី​​​របស់​រដ្ឋាភិបាលអង់គ្លេស​​។ ប៉ុន្តែ រដ្ឋាភិបាល​ទាំងពីរ គឺ​អង់គ្លេស និង​អេស្ប៉ាញ​​ព្យាយាម​ពន្យល់ថា វត្តមាន​របស់​នាវាចម្បាំង អង់គ្លេស នៅ​ Gibraltar គឺ​ជា​លំហាត់​យោធា ដែល​ធ្លាប់តែ​មាន​ជាប្រចាំ​តែប៉ុណ្ណោះ។

នាវា​ចម្បាំង​អង់គ្លេស​ធ្វើ​ដំណើរ​ទៅ​Gibraltar
នាវា​ចម្បាំង​អង់គ្លេស​ធ្វើ​ដំណើរ​ទៅ​Gibraltar ©REUTERS/Toby Melville

អេស្ប៉ាញ​ចង់​ទាមទារ​ទឹកដី​របស់ខ្លួន​ពី អង់គ្លេស​វិញ
វិបត្តិ​នៅ​ Gibraltar គឺ​គ្រាន់​តែ​ជា​ផ្កាភ្លើង ដែល​ធ្វើ​ឲ្យ​រងើកភ្លើង គឺ​​ជម្លោះ​ ​ដណ្តើម​ទឹកដីដ៏​យូរអង្វែង រវាង​អង់គ្លេស និង​អេស្ប៉ាញ​ ឲ្យ​ចាប់​ឆេះ​ឡើង​វិញ​ តែប៉ុណ្ណោះ។ រដ្ឋាភិបាល​​​អេស្ប៉ាញ​សំលឹង​ចង់​ក្តោបក្តាប់​ យក​Gibraltar គ្រប់គ្រង​​ក្នុង​ដៃ​របស់ខ្លួនវិញ។ អេស្ប៉ាញ​ចង់​ទាមទារ​ Gibraltar​ពីអង់គ្លេស ដែល​ខ្លួន​បាន​បាត់បង់​​ទៅ​ក្នុង​ដៃ​របស់​​ចក្រភព​អង់គ្លេស ទៅតាម​សន្ធិសញ្ញាUtrechtចុះ​ឆ្នាំ ១៧១៣។ ក្នុង​សន្ធិសញ្ញាគេ រាប់​បញ្ចូល​​តាំងពី​ដីនៅ​ទីក្រុង រាជវាំង Gibraltar និង​កំពង់ផែ ប៉ុន្តែ វា​មិន​បាន​ចែង​ពី​​ដែនទឹក​ដែល​អង់គ្លេស​ទទួល​បាន​នោះទេ។ ការមិនកំណត់​ដែនទឹក​បាន​ធ្វើ​​ឲ្យ​រដ្ឋាភិបាល​ Gibraltar បិទ ហាម​​មិន​ឲ្យ​អ្នកនេសាទ​អេស្ប៉ាញ​ចូល​ទៅនេសាទ​ក្នុង​ដែនទឹក​ជិត​ទឹកដី​របស់ខ្លួន​។

លោករដ្ឋមន្រ្តីការបរទេស​អេស្ប៉ាញ​បាន​និយាយប្រាប់​អ្នកកាសែត​ក្នុងស្រុក នៅថ្ងៃ​អាទិត្យ​ថា រដ្ឋាភិបាល​អេស្ប៉ាញ​គ្រោង​នឹង​ដាក់ពាក្យ​បណ្តឹង​ទៅក្រុមប្រឹក្សា​សន្តិសុខ​របស់​​អង្គការ​សហប្រជាជាតិ ដើម្បី​សើរើ​ និង​ទាមទារ​ ​ដែន​អធិបតេយ្យភាព​របស់​អេស្ប៉ាញពី​អង់គ្លេសមក​​​វិញ។ អេស្ប៉ាញ​សង្ឃឹម​ទទួល​បាន​ការគាំទ្រ​ និង​កៀកស្មា​ជាមួយ ​អាហ្សង់ទីន ពេលនេះ ជា​សមាជិក​មិន​អចិន្រ្តៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។ ត្រូវដឹងថា អាហ្សង់ទីន បាន​​រងគ្រោះ​បាត់បង់​កោះ Malouine ដែល​អង់គ្លេស​វាយដណ្តើម​យក​ទៅគ្រប់គ្រង នៅឆ្នាំ ១៩៨២។

កាលពីថ្ងៃចន្ទ​ទី ១២ សីហា ព្រះមហាក្សត្រីយានី Elisabeth​​បាន​ថ្លែងព្រះសុន្ទរកថា ថា ព្រះអង្គ​នឹង​​ការពារសិទ្ធិ​របស់​ប្រជាជន ដែលរស់នៅ​នៅ​ទីក្រុង​ Gibraltar និង​នៅ​កោះ Malouine ដែល​ជាទឹកដី​របស់​អង់គ្លេស​។ នេះ​ជា​លើក​ទីមួយ ក្នុង​រយៈពេល ១០ឆ្នាំ ដែល​ព្រះមហាក្សត្រីយានី​អង់គ្លេស​ចេញ​ព្រះភ័ក្រ្ត​ ថ្លែង​ទាក់ទង​​នឹង​អធិបតេយ្យភាព​​របស់ចក្រភព​​អង់គ្លេស។

ទឹកដី Gibraltar ដែល​មានឈ្មោះ​​មួយទៀតថា Rocher មាន​ទំហំ​ដីតូច​ណាស់ គឺ​តែ ៧​គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​រស់នៅ​ប្រមាណ​៣ម៉ឺននាក់។ Gibraltar​ជា​ទីក្រុង​តូចមែន ប៉ុន្តែ វា​មាន​សក្តានុពល​ខ្លាំង ខាងផ្នែកសេដ្ឋកិច្ច ដោយសារ​តែ​វា​ស្ថិតនៅ​​ជាប់សមុទ្រ ជា​កំពង់ផែ​ឆ្លងកាត់​របស់​កប៉ាល់​ទំនិញ​នានា​ដែល​ឆ្លង​កាត់ពី​មហាសមុទ្រ​អាត្លង់ទិក​ទៅក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។​

Gibraltar ជាទឹកដី​របស់​អង់គ្លេស​មែន ប៉ុន្តែ សេដ្ឋកិច្ច​របស់​​ Gibraltar​មិនពឹងផ្អែក​ទៅលើ​អង់គ្លេស ហើយ Gibraltar ក៏មិន​បង់ពន្ធ​ទៅឲ្យ​រដ្ឋាភិបាល​អង់គ្លេសដែរ។ សេដ្ឋកិច្ច​ Gibraltar​ពឹងផ្អែក​លើ​កំពង់ផែ ធនាគារ ទេសចរណ៍ និង​នេសាទ។ ក្នុង​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​របស់​អង់គ្លេស​មាន​ត្រឹម​តែ ០,២ភាគរយ ហើយ​អេស្ប៉ាញ​វិញ​ធ្លាក់ចុះ១,៤ភាគរយ សេដ្ឋកិច្ច​របស់​ Gibraltar​កើនឡើង​ដល់​ទៅ ៧,៨ភាគរយ។ ចំនួន​អ្នកអត់ការងារ​ធ្វើ​មាន​ត្រឹម​តែ ២,៥ភាគរយ នៅពេល​តំបន់នៅក្បែរ Gibraltar​​ដែល​ស្ថិតក្រោម​រដ្ឋាភិបាល​អេស្ប៉ាញ​ជួប​វិបត្តិ​​​អ្នកអត់ការងារ​ធ្វើ ដែល​មាន​ដល់​ទៅ ៣៥​ភាគរយ។ រដ្ឋាភិបាល​អេស្ប៉ាញ​ចោទ​​ទីក្រុង​ Gibraltarគឺ​ជា​ជំរក​ឋានសួគ៌របស់​អ្នកលួចរត់គេច​ពីការបង់ពន្ធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ