អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់​-​មហាអំណាច​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២០​មករា

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ច​ព្រម​ព្រៀង​បឋម​​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែល​សំដៅ​កំរិត​ការ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ ជា​ថ្នូរ​នឹង​​ការ​លើ​ក​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ នឹង​ត្រូវ​ផ្តើម​​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី ២០​មករា​២០១៤​នេះ​តទៅ​។ ការ​អនុវត្ត​ដែល​ជា​ដំណាក់​កាល​ដ៏​សំខាន់​​សម្រាប់​ជា​ឈ្នាន់​ឈាន​ឆ្ពោះ​ទៅ​ដល់​កិច្ចព្រមព្រៀម​ពេញ​លេញ​ បើ​ទោះ​បី​គ្រប់គ្នា​សុទ្ធ​តែ​ដឹង​ច្បាស់​ថា​ពិបាក​សម្រេច​​​យ៉ាង​ណា​ក៏​ដោយ។

អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់លោក Abbas  Araghchi អន្តរការី​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ
អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់លោក Abbas Araghchi អន្តរការី​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ ISNA
ផ្សាយពាណិជ្ជកម្ម

ជា​បឋម​ សូម​ជម្រាប​ជូន​ថា ទាំង​សហរដ្ឋ​អាមេរិក ទាំង​សហភាព​អឺរ៉ុប បាន​សម្តែង​ការ​អបអរ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជូន​ដំណឹង និង​កំណត់​កាល​បរិច្ឆេទ អនុវត្ត​កិច្ច​​ព្រមព្រៀង​​នុយក្លេអ៊ែរ ចាប់​ពី​ថ្ងៃ​ទី ២០​មករា​ សប្តាហ៍​ក្រោយ​នេះតទៅ។ ថ្វី​ដ្បិត​តែ​កិច្ច​ព្រមព្រៀង​បាន​ចុះ​ហត្ថលេខា​ជា​ប្រវត្តិសាស្ត្រ តាំង​ពី​ថ្ងៃ​ទី ២៤​វិច្ឆិកា ២០១៣​មែន ប៉ុន្តែ​ក្រុង​តេអេរ៉ង់ និង​ក្រុម​៦​ប្រទេស​(អាមេរិក បារាំង អង់គ្លេស រុស្ស៊ី ចិន និង​អាល្លឺម៉ង់) ដឹកនាំ​ដោយ​លោកស្រី កាទ្រីន អាស្តុន​ ប្រមុខការទូត​សហភាព​អឺរ៉ុប បន្ត​ចរចា​ឥត​ដាច់ តាំង​ពី​ពេល​នោះ​មក​រហូត​ដល់​យប់​មិញ ដើម្បី​កំណត់​ កំរិត​ពាក្យ​ពេចន៍​ ដែល​មាន​ចែងកិច្ចព្រមព្រៀង ឱ្យ​កាន់​តែ​ច្បាស់។

សូម​អាន ៖ ជា​ប្រវត្តិសាស្ត្រ ដែល​មាន​កិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់

នៅពេល​កិច្ចព្រមព្រៀង​បឋម​​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី ២០​មករា ភាគី​អ៊ីរ៉ង់ ត្រូវ​ចាប់​ផ្តើម​ ជា​លើក​ទី​មួយ ​ បំផ្លាញ​ធាតុអ៊ុយរ៉ានីញ៉ូមស្តុក​ទុក​​ដែល​ចម្រើនរួច​​ដល់​២០​ភាគរយ ពាក់កណ្តាល និង​ពាក់កណ្តាល​ទៀត នៅ​៦​ខែ​បន្ទាប់ ដោយ​បញ្ហា​បច្ចេកទេស និង​បន្ទាប់មក​ត្រូវ​រំសាយ​ហេដ្ឋារចនា​សម្ព័ន្ធ ដែល​នាំ​ដល់​សកម្មភាព​​ចម្រើន​ធាតុ​បាន។ ពោល​គឺ​ លក្ខខណ្ឌ​មួយ​ភាគ​ធំ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង ត្រូវ​ចាប់​អនុវត្ត​ភ្លាម។

 
ជា​ថ្នូរ​មក​វិញ ចាប់​ពី​​ថ្ងៃទី​១​កុម្ភៈ ធនធាន​អ៊ីរ៉ង់​ជាប់គាំង​នៅ​បរទេស​ នឹង​ត្រូវ​បើក​ទម្លាយ​ ជា​ដំណាក់ៗ សម្រាប់​រយៈពេល​១៨០​ថ្ងៃ។ អ៊ីរ៉ង់​នឹង​ទទួល​បានជា​លើក​ដំបូង​ ទឹក​ប្រាក់​៥៥០​លាន​ដុល្លារ​ ក្នុង​ចំណោម​ទឹក​ប្រាក់​បង្កក​ចំនួន​ជាង​៤​ពាន់​លាន​។ រហូត​ដល់​ថ្ងៃ​ចុងក្រោយ​តែម្តង​ទើប​អ៊ីរ៉ង់​បាន​លុយ​របស់​ខ្លួន​ទាំង​អស់​មក​វិញ​ ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​បឋម​ដូច្នោះ។

កិច្ច​ព្រមព្រៀងបឋម

-          បញ្ឈប់​ការ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ និង​រំសាយ​បច្ចេកវិទ្យា​ ដែល​នាំ​ដល់​ការ​ចម្រើន​​ធាតុ​អ៊ុយរ៉ានីញ៉ូម​ លើស​ពី​៥% ព្រោះ​សម្រាប់​​ប្រទេស​មហាអំណាច សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូមដែល​​​លើស​ពី​៥ភាគរយទៅ នឹង​ចាត់ចូល​ក្នុង​កម្មវិធីនុយក្លេអ៊ែរ​យោធា ប៉ុន្តែ​មិន​មែន​នុយក្លេអ៊ែរ​ស៊ីវិល។
-          បំផ្លាញ​ធាតុអ៊ុយរ៉ានីញ៉ូម​ដែល​​ចម្រើន​ដល់​២០​ភាគរយ​រួច
-          បញ្ឈប់​ការ​សាង​សង់​រោងចក្រ​សម្រាប់​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម និង​ ​រាល់​សកម្មភាព​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ រាប់​ទាំង​​​ម៉ាស៊ីនប្រតិករ​នៅ​ Arak​ផង។
-          មន្ត្រី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិមាន​ភារៈ​ចុះ​ធ្វើ​អធិការកិច្ច​ នៅ​គ្រប់​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទាំង​អស់។

ជា​ថ្នូរ សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​ នឹង​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច (វិស័យយានយន្ត​ យន្តហោះ និង​ទម្លាយ​​ធនធាន​ផ្អិប​ទុក​នៅ​បរទេស) ដែល​អាច​អនុញ្ញាត​ឱ្យ​អ៊ីរ៉ង់​បាន​ទទួល​ប្រយោជន៍​ប្រមាណ​៧​ពាន់​លាន​ដុល្លារ។

កិច្ចព្រមព្រៀង​ពេញ​លេញ
 
កិច្ចព្រមព្រៀងពេញ​លេញ​​ចុងក្រោយ នឹង​ត្រូវ​ចាប់​ផ្តើម​ចរចា​នៅ​រវាង​ ពីរ​បី​សប្តាហ៍​ក្រោយ កិច្ចព្រមព្រៀង​បឋម​ចូល​ជា​ធរមាន។​ ភាគី​អ៊ីរ៉ង់ បាន​គំរាម តាំង​ពី​ដំបូង​មក​ម្ល៉េះ​ ថា​កិច្ច​ព្រមព្រៀង​បឋម​នេះ​អាច​ត្រូវ​លុប​ចោល​បាន​គ្រប់​វេលាប្រសិន​បើ​ភាគី​បស្ចឹម​លោក​មិន​ស្មោះ​ត្រង់។

ទាំង​លោក អូបាម៉ា ទាំង​លោកស្រី កាទ្រីន អាស្តុន សុទ្ធ​តែ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា។ លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​ ថ្វី​ដ្បិត​តែ​បាន​អះអាង​ថា​មូលដ្ឋាន​នៃការអនុវត្ត​កិច្ចព្រមព្រៀង​មាន​លក្ខណៈ​រឹង​មាំ ស៊ី​ចង្វាក់​គ្នា​ និងត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​សម្រួល​ មាន​ផែនការ​ច្បាស់​លាស់ តែ​លោកស្រី​ត្រូវ​រង់​ចាំ​មើល​វិធានការ​ត្រួត​ពិនិត្យ​និង​ធ្វើ​អធិការ​កិច្ច​ដែល​ជា​បន្ទុក​របស់​ក្រុម​ភ្នាក់ងារ​ថាមពល​បរមាណូ​សិន។ ម្យ៉ាង​វិញ​ទៀត អឺរ៉ុប ត្រូវ​ពិភាក្សា​​អំពី​លក្ខខណ្ឌ​​នៃ​ការ​លើក​ទណ្ឌកម្ម​មួយ​ភាគ​ពី​អ៊ីរ៉ង់ នា​ឱកាស​ជំនួប​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប​សិន នៅ​ថ្ងៃ​ទី​២០​មករា​ខាង​មុខ។ លោកស្រី​អាច​នឹង​អញ្ជើញ​ទៅ​កាន់​​ក្រុង​តេអេរ៉ង់ នៅ​ពេល​ណា​ដែលការ​ចរចា​មាន​ការ​ជឿន​លឿន​ទៅ​មុខ។

ចំណែក​លោក​ប្រធានាធិបតី​អាមេរិក ដែល​អះអាង​ ថា​កម្មវត្ថុ​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពិបាក​សម្រេច ចង់​ផ្តល់​សំណាង​ដល់​ការ​ស្វែង​រក​ សន្តិភាព ​សន្តិសុខ​ជាតិ និង​ពិភពលោក តាម​រយៈ​ដំណោះស្រាយ​ការទូត​។ ប៉ុន្តែ​លោក​អូបាម៉ា ក៏​ត្រូវ​ប្រឈម​នឹង​សំឡេង​ប្រឆាំង​របស់​សភា។ សភា​អាមេរិក ដែល​សមាជិក​ភាគ​ច្រើន​គ្រោង​នឹង​បោះឆ្នោត​​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត​ ជា​ឯកតោ​ភាគី​លើ​អ៊ីរ៉ង់ នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត​ខាងមុខ​នេះ។ លោក​អូបាម៉ា អាច​ប្រើ​សិទ្ធិ​វេតូ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​សភា​បាន ប៉ុន្តែ​ទណ្ឌកម្ម​ថ្មី​របស់​សភា​ អាច​នឹងធ្វើ​ឱ្យ​ជំហរ​សហរដ្ឋ​អាមេរិក​ចុះ​ខ្យោយ​ មាន​រូបភាព​ជា​មនុស្ស​អាក្រក់​បាន។ អាមេរិក​ដែល​បើ​តាម​អ្នក​វិភាគ​អភិរក្ស​និយម យល់​ជានិច្ច​ថា​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​អ៊ីរ៉ង់ គ្មាន​អ្វី​ជា​ការ​ធានាអះអាង​​គួរ​ឱ្យ​ជឿជាក់ គ្មាន​អ្វីថ្មី សម្រាប់​អ្នក​ដែល​ស្វែង​រក​ភស្តុតាង​ពិតៗ​បញ្ជាក់​ច្បាស់​ថា​អ៊ីរ៉ង់​បោះបង់​មហិច្ឆតា​ផលិត​អាវុធ​គ្រាប់​បែក​នុយក្លេអ៊ែរ​ឡើយ៕
 

សូម​អាន ៖ ស្វែង​យល់​ពី​វិបត្តិនុយក្លេអ៊ែរ​អ៊ីរ៉ង់

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ