អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុប​​បើក​​​​ប្រតិបត្តិការ​បោស​សម្អាត​បណ្តាញ​ភេរវជន​​ជីហាត

ចុះផ្សាយ​នៅ​ថ្ងៃ៖

អឺរ៉ុប​បង្កើន​​ប្រតិបត្តិការ​​ប្រឆាំង​នឹង​ភេរវនិយម​ជីហាតច្រើន​ឡើង ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​មក។​​ ប៉ូលិស​ប៊ែលហ្សិក​បាន​ប្រើ​កម្លាំង​ ទ្រង់ទ្រាយ​ធំមួយចេញ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ភេរវកម្ម​​​ពេញ​ផ្ទៃ​ប្រទេស​ កាលពី​ល្ងាច​មិញ។ សម្លាប់​ជន​ជីហាត ទើប​ត្រលប់​មក​ពី​ស៊ីរី​​បា​ន​យ៉ាង​ហោច​ណាស់​ពីរ​នាក់ និង​ចាប់​ខ្លួន​បាន​ម្នាក់។ នៅ​ប្រទេស​បារាំង​វិញ ជន​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​​នៅ​ទីក្រុង​ប៉ារីស កាលពី​សប្តាហ៍​មុន ១២​នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បាន​នៅ​យប់​មិញ​។ នៅ​ប្រទេស​អាល្លឺម៉ង់​ក៏​មាន​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ជីហាត​បាន​ដែរ នៅ​ព្រឹកមិញ​​នេះ។ ប្រធានាធិបតី​បារាំង​ បាន​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​រក​ដំណោះស្រាយ​រួម​ជាមួយ​អឺរ៉ុប ប្រឆាំង​នឹង​ការ​គំរាមកំហែង​ភេរវកម្ម​ជីហាត។

ប្រតិបត្តិការ​ប៉ូលិស​ប្រឆាំងនឹង​បណ្តាញ​ភេរវនិយម​នៅ​ភាគ​ខាង​កើត​ប្រទេស​បែលហ្សិក ថ្ងៃទី ១៥​មករា ២០១៥
ប្រតិបត្តិការ​ប៉ូលិស​ប្រឆាំងនឹង​បណ្តាញ​ភេរវនិយម​នៅ​ភាគ​ខាង​កើត​ប្រទេស​បែលហ្សិក ថ្ងៃទី ១៥​មករា ២០១៥ Reuters
ផ្សាយពាណិជ្ជកម្ម

បែលហ្សិក​កម្ចាត់​ភេរវកម្ម​បាន​ទាន់ពេលវេលា

 
ម្សិលមិញ​នេះ​បែលហ្សិក​ បាន​បើកប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​​ប្រឆាំង​នឹង​បណ្តាញ​ភេរវនិយមជីហាត។ មាន​ដល់​ទៅ​ជាង​១០​កន្លែង​ផ្សេងៗ​គ្នា រាប់​ទាំង​នៅ​ក្រុង​ព្រុចសែល​ផង តែ​ប្រតិបត្តិការ​ដែល​ធំ​ជាង​គេ​ បាន​កើត​ឡើង​នៅ​ភាគ​ខាង​កើត​ប្រទេស ជិត​ព្រំដែន​​អាល្លឺម៉ង់ ដោយ​មាន​ការ​បាញ់​រះ​ត​គ្នា​ផង។ ជា​លទ្ធផល​ គឺ​មាន​ជន​ជីហាត​ពីរ​នាក់ ត្រូវ​បាន​ប៉ូលិស​បាញ់​ស្លាប់​ និង​ចាប់​ខ្លួន​បាន​ម្នាក់។

ប្រតិបត្តិការ​នេះ​បាន​ផ្ទុះឡើង ដោយ​ជន​សង្ស័យ​ទាំង​បី​បានប្រើ​អាវុធ​ស្វ័យ​ប្រវត្តិ អាវុធ​សម្រាប់​ធ្វើ​សង្គ្រាម​ ​បាញ់​រះ​មកលើ​កម្លាំង​មាន​សមត្ថកិច្ច​មុន។ នេះ​បើ​តាម​រដ្ឋ​អាជ្ញា​ ដែល​បាន​អះអាង​បញ្ជាក់​ថា ភ្នាក់ងារប៉ូលិស​​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​បែលហ្សិក បាន​សម្រេច​ចេញ​ធ្វើ​ប្រតិបត្តិការ បន្ទាប់​ពី​ចាប់​បាន​សំឡេង​និយាយ​គ្នា​​លើក​ឡើង​ពីផែនការ​ភេរវកម្ម។ ​ជន​ទាំង​បី​ទើប​ត្រលប់​មក​ពី​ស៊ីរី ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​ប៉ូលិស​ មាន​គម្រោង​រៀប​ចំ​ផែនការ​ភេរវកម្ម​ធំ និង​​ក្នុង​ពេល​ឆាប់ៗ​តែ​ម្តង នៅ​លើ​ទឹក​ដី​បែលហ្សិក ប្រឆាំង​ប៉ូលិស។ អាវុធ និងជាតិ​ផ្ទុះ​ជា​ច្រើន ព្រម​ទាំង​ឯកសណ្ឋាន​ប៉ូលិស ត្រូវ​បាន​រក​ឃើញ​នៅក្នុង​កន្លែង​លាក់​មួយ។

គ្មាន​ទំនាក់ទំនង​ជាមួយ​ភេរវកម្ម​នៅប៉ារីស

ក្រោយ​ការ​បំបែក​គម្រោង​ភេវកម្ម​នេះ​ភ្លាម នាយក​រដ្ឋមន្ត្រី​បែលហ្សិក​បាន​ ដំឡើង​កំរិត​អាសន្ន​គំរាម​កំហែង​ភេរវកម្ម ឡើង​ដល់​លំដាប់​ទី​បី ក្នុង​ចំណោម​កំរិត​ខ្ពស់​បំផុត​លេខបួន។ ប៉ុន្តែ​​ភាគី​បែលហ្សិក​ មិន​បាន​ភ្ជាប់​គម្រោង​ភេរវកម្ម​នេះ​ ទៅនឹង​ភេរវកម្ម​នៅ​ប៉ារីស​ទេ។ បណ្តាញ​របស់​ភេរវជន​ក៏​ខុសគ្នា។ បើ​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បែលហ្សិក ប្រតិបត្តិការ​ម្សិលមិញ​នេះ​គឺ​ជា​ផ្លែផ្កា​នៃ​ការ​ស៊ើបអង្កេត​ តាំង​ពី​ជា​ច្រើន​ខែ ពោល​គឺ​មុន​ហេតុការណ៍​ភេរវកម្ម​សម្លាប់​អ្នក​កាសែត​charlie-Hebdo ​និង​ហាង​ជ្វីហ្វ​ នៅ​ទីក្រុង​ប៉ារីស​ទៅ​ទៀត។

អាច​ថា​គ្មាន​ចំណងពាក់​ព័ន្ធ​​អ្វី​ដោយ​ផ្ទាល់​នឹង​គ្នា​មែន នៅ​ពេល​នេះ តែ​ភេរវកម្ម​នៅ​ប៉ារីស ជា​មេរៀន​ សម្រាប់​បណ្តា​ប្រទេស​ជិត​ខាង​ក្នុង​អឺរ៉ុប​ទាំង​មូល​ ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​កាន់​ខ្ពស់ ​និង​ពិសេស​ឱ្យ​ប្រទេស​ជា​សមាជិក​​​ប្រមូល​ផ្តុំ​គ្នា​ប្រយុទ្ធ​ប្រឆាំង​ថ្នាក់​អឺរ៉ុប។ ប្រតិបត្តិការ​បែលហ្សិក​កម្ចាត់​​ភេរវកម្ម​ទាន់​ពេល​វេលា​​ម្សិលមិញ ក៏​ជា​លទ្ធផល​នៃ​ការ​ផ្តោះប្តូរ​ព័ត៌មាន​គ្នា​រវាង​ប៉ូលិស​បារាំង​និង​បែលហ្សិក។ ក្រៅពីនៅ​បែលហ្សិក ប្រតិបត្តិការ​កម្ចាត់​បណ្តាញ​អ៊ីស្លាម​ជ្រុលនិយម​ជីហាត ក៏​មាន​​ធ្វើ​នៅ​អាល្លឺម៉ង់ ព្រឹកមិញ​នេះ ដោយ​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់។ នៅ​ក្រុង​ប៉ារីស​វិញ ចាប់​បាន​ជន​សង្ស័យ​១២​នាក់ ក្នុង​នោះ​មាន​បី​នាក់​ទំនង​ជា​ពាក់ព័ន្ធ​ក្នុង​ភេរវកម្ម​នៅ​ប៉ារីស​ផង។ ចំណែក​អេស្ប៉ាញ ក៏​មិន​នៅស្ងៀម​ដែរ រដ្ឋាភិបាល​អេស្ប៉ាញ​​កំពុង​ស្រាវ​រក​បណ្តាញ​និង​ដាន​ភេរវជន​គូលីបាលី​និង​ប្រពន្ធ​ពេល​ឆ្លង​កាត់​អេស្ប៉ាញ​ដើម្បី​បង្វែង​អារម្មណ៍​ក្រុម​អង្កេត​មុន​នឹង​បញ្ចេញ​សកម្មភាព​ភេរវកម្ម។

​​

រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ចន​ ឃែរី (ឆ)និង​សមភាគី​បារាំង ទៅ​ដាក់​កម្រង​ផ្កា​នៅ​មុខ​ទីស្នាក់ការ​កាសែត Charlie-Hebdo ថ្ងៃទី ១៦​មករា ១០១៥
រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ចន​ ឃែរី (ឆ)និង​សមភាគី​បារាំង ទៅ​ដាក់​កម្រង​ផ្កា​នៅ​មុខ​ទីស្នាក់ការ​កាសែត Charlie-Hebdo ថ្ងៃទី ១៦​មករា ១០១៥ © Reuters

លោក​ ចន ឃែរី ​នៅ​ ​ប៉ារីស

លោក​ឃែរី អញ្ជើញ​មក​ប៉ារីសថ្ងៃ​នេះ បំណង​ធំ​បំផុត​គឺ​ដើម្បី​ស្តារ​មុខ​មាត់អាមេរិក ដែល​ខក​ខាន​មិន​មក​ចូល​រួម​លើក​ទឹក​ចិត្ត សម្តែង​សាមគ្គីភាព​ជាមួយ​បារាំង​ ក្នុង​ពេល​រង​គ្រោះ​ភេរវកម្ម​កណ្តាល​រដ្ឋធានី។ ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាលប្រទេស​ធំ​តូច អង់គ្លេស​ អាល្លឺម៉ង់ អឺរ៉ុប ធ្លាយ​ដល់​ម៉ាលី អាហ្វ្រិក ជាង​៥០​រូប ស្មោះស្ម័គ្រ​នាំ​គ្នា​ចុះ​ដើរ​ដង្ហែ​ក្បួន​ ក្នុង​ផ្លូវ​ក្រុង​ប៉ារីស ដើម្បី​សម្តែង​ការ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​សេរីភាព​ដែល​ជា​គោលការណ៍​របប​សាធារណរដ្ឋ​​ បាត់​ឈឹង​តែ​សហរដ្ឋ​អាមេរិ​ក​មួយ។ ការ​ខក​ខាន​នេះ​ បាន​ធ្វើ​ឱ្យ​សេតវិមាន​ស្តាយ​ក្រោយ ទើប​ត្រូវ​មកលុប​លាង សង​ចិត្ត​ឡើង​វិញ។ លោក ចន​ ឃែរី បាន​ពន្យល់​លួង​ចិត្ត​បារាំង​ថា​រវល់​ទៅ​បំពេញ​ការងារ​​នៅ​ឥណ្ឌា និង​នៅ​ប៉ូឡូញ ទើប​ត្រូវ​យឺត​ដំណើរ​ជាង​គេ​បន្តិច។ នៅថ្ងៃ​នេះ​ ដែល​មាន​ការ​​បញ្ចុះ​សព​ចាង​ហ្វាង​កាសែត​ស្ហាលី និង​មិត្ត​រួម​ការងារ​ផ្សេង​ទៀត​ក្នុង​គ្រួសារ​រៀងខ្លួនៗ ប្រមុខ​ការ​ទូត​អាមេរិក​ក៏​បាន​ទៅ​​​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ដាក់​កម្រងផ្កា​នៅ​មុខ​ទីស្នាក់ការ​ទស្សនាវដ្តី​​Charlie-Hebdo ផង​ និង​នៅមុខ​ហាង​ជ្វីហ្វផង។

ទស្សនកិច្ច​របស់​លោក​ចន​ឃែរី​នេះ ក៏​ជា​ឱកាស​ដែល​បារាំង​និង​សហរដ្ឋ​អាមេរិក​ ជួប​ពិភាក្សា​គ្នា​រក​មធ្យោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្មជីហាត។ ជំនួប​រវាង​លោ​ក​ហ្វ្រង់ស័រហូឡង់ និង​ឃែរី ព្រឹក​មិញ​ផ្តោត​ទាំងស្រុង​​លើ​​សំណុំ​រឿង​នេះ។ ប្រមុខ​ដឹកនាំ​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បន្ត​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ ព្រោះ​ទាំង​អាមេរិក ទាំង​បារាំង សុទ្ធ​តែ​បាន​​រងគ្រោះ​ធ្ងន់ធ្ងរ​ដូច​គ្នា​ ក្នុង​ភេរវកម្មជីហាត។

ម្យ៉ាង​វិញ​ទៀត ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម​ជីហាត​ ពេល​នេះ បាន​ក្លាយ​ជា​បុព្វហេតុ​រួម​របស់​បស្ចឹមលោក ថ្វីបើ​យើង​និយាយ​ច្រើន​ពី​បារាំង​និង​ពី​បែលហ្សិក​ឬ​អាល្លឺម៉ង់ ចលនា​យុវជន​ផ្តាច់​ខ្លួន​ជា​ជីហាត​​ក៏​មាន​ទំហំ​ធំធេង​ដែរ​នៅ​អង់គ្លេស​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ដេវីត កាមឺរោន បាន​ហោះ​ទៅ​សេតវិមាន​ជួប​ជាមួយ​លោក​អូបាម៉ា នៅ​ថ្ងៃ​ម្សិលមិញ ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​ប្រយុទ្ធ​ប្រឆាំង​ភេរវនិយម។ ទាំង​ពីរ​រូប​សន្យា​ពង្រឹង​វិស័យ​សន្តិសុខ​អ៊ីនធ័នែត​ ការពារ​សេរីភាព​នៃ​ការបញ្ចេញ​មតិ ច្បាប់​និង​ស្ថាប័ន​ប្រជាធិបតេយ្យ។ សូម​បញ្ជាក់​ថា ក្រៅ​អំពី​ភេរវកម្ម​នៅក្រុង​ប៉ារីស ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​ក៏​បាន​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​ និង​យក​អ៊ីនធ័រនែត​ជា​មធ្យោបាយ​ទាក់ទាញ​​ ឃោសនា​រក​បេក្ខជនជីហាតថ្មី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ