អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រមុខ​រដ្ឋាភិបាល​ថ្មី​ក្រិកចេញ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​បំណុល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទទួល​ស្វាគមន៍​ដោយ​សមភាគី​អ៊ីតាលី នៅ​ថ្ងៃអង្គារ​ ! ចូល​ជួប​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ លោក ហ្សង់ក្លូត ចាំងគ័រ (Jean-Claude Juncker) នៅព្រឹក​ថ្ងៃ​ពុធ ហើយ​នៅ​ពេល​រសៀលថ្ងៃ​ពុធ​ដដែល​នេះ​​ត្រូវ​មក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​បារាំង​នៅ​ទីក្រុង​ប៉ារីស ​ មុន​នឹង​​បន្ត​ដំណើរ​ទៅ​កាន់​ក្រុង​ប៊ែឡាំង​ដើម្បី​ចរចា​ជាមួយ​លោកស្រី មែរកិល ... ​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​លើក​ដំបូង​របស់​ លោក អាឡិចស៊ី ស៊ីប្រាស (Alexis Tsipras) នាយក​រដ្ឋមន្ត្រីក្រិក​ថ្មី​ មាន​កម្មវត្ថុ​ចំបង​តែ​មួយ​គឺ​ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​អឺរ៉ុប ប្រឆាំង​នឹង​នយោបាយ​រឹត​ត្បិត​ថវិកា​ និង​ចរចា​ឡើង​វិញ​អំពី​លក្ខខណ្ឌ​នៃ​ការ​សង​បំណុល។ ក្រិក​បាន​ទទួល​ការ​គាំទ្រ​​ដ៏​ចំបង​បំផុត​មួយ​រួច​ហើយ​ពី​សហរដ្ឋ​អាមេរិក។

លោក​នាយក​រដ្ឋមន្ត្រី​ថ្មី​ក្រិក អាឡិចស៊ី ស៊ីប្រាស បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​អឺរ៉ុប​និង​បារាំង ថ្ងៃ​ទី ៤​កុម្ភៈ​២០១៥
លោក​នាយក​រដ្ឋមន្ត្រី​ថ្មី​ក្រិក អាឡិចស៊ី ស៊ីប្រាស បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​អឺរ៉ុប​និង​បារាំង ថ្ងៃ​ទី ៤​កុម្ភៈ​២០១៥ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

 

រដ្ឋាភិបាល​ក្រិក​បន្ត​​ប្រតិបត្តិការ​ចែចង់ ! ១០​ថ្ងៃ​ក្រោយ​ជាប់​ឆ្នោត​ លោក​នាយក​រដ្ឋមន្ត្រី​ថ្មី អាឡិចស៊ី ស៊ីប្រាស បាន​ដើរ​ពិគ្រោះ​ជាមួយ​ប្រមុខ​ដឹកនាំ​អឺរ៉ុប​ជា​បន្ត​បន្ទាប់​ មាន​ជា​អាទិ៍​ ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​ ​ប្រធានាធិបតី​បារាំង​ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ដើម្បី​ត្រៀម​​ចូល​ប្រជុំ​ក្រុម​ប្រឹក្សា​អឺរ៉ុប​នៅ​ថ្ងៃ​ទី ១២​កុម្ភៈ​សប្តាហ៍​ក្រោយ ដែល​ជា​ពេល​វេលា​ផ្តាច់​ព្រ័ត្រ​នៃ​ជោគ​វាសនា​ក្រិក។

ប្រមុខរដ្ឋាភិបាល​ក្រិក​​សង្ឃឹម​លើ​ប្រធានាធិបតី​បារាំង​​ ក្នុង​ការ​ទៅ​ជួយ​បញ្ចុះ​បញ្ចូល​​ម្ចាស់​បំណុល​ធំ​ទាំង​បី “Les Troika” (សហភាព​អឺរ៉ុប មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធនាគារ​កណ្តាល​អឺរ៉ុប អំពី​លក្ខខណ្ឌ​នៃ​កម្ចី ព្រោះ​ថា​​ផែនការផ្តល់​ជំនួយដល់​ក្រិក​របស់​អឺរ៉ុប នឹង​ដល់​ឱសានវាទ​នៅ​ថ្ងៃ​ទី ២៨​កុម្ភៈ​។

ជាប់​ឆ្នោត​ដោយ​សារ​តែ​សន្យា​បិទ​បញ្ចប់វិធានការ​រិតត្បិត​​ លោក អាឡិចស៊ី ស៊ីប្រាស ត្រូវ​ការ​ដើម​ទុន ថវិកា​ ​ដើម្បី​ដាក់​កម្មវិធី​នយោបាយ​របស់​លោក​ឱ្យ​ដើរ។ ក្នុង​ន័យ​ក្រិក ត្រូវ​ការ​បញ្ចុះ​បញ្ចូល​ជា​ពិសេស​អាល្លឺម៉ង់​របស់​លោកស្រី​មែរកិល។

កាត់​បន្ថយ​បំណុល​មួយ​ភាគ ឬ​លុប​ចោល​បំណុល​ទាំង​ស្រុង​តែ​ម្តង ដូច​ដែល​ធ្លាប់​បាន​លើក​ឡើង​ជា​ញយៗ​ពី​មុន លែង​ជា​បច្ចុប្បន្នភាព​ទៀត​ហើយ ! រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ក្រិក ដែល​បាន​ចេញ​ធ្វើទស្សនកិច្ច​មួយ​ជុំ​អឺរ៉ុប​បើក​ផ្លូវ​ឱ្យ​នាយករដ្ឋមន្ត្រី បាន​​ត្រឹមសុំ​ស្នើ ឱ្យ​មាន​ការ​ចរចា​ឡើង​វិញ​ ផ្តោះ​ប្តូរ​បំណុល​ដោយ​​ផ្អែក​លើ​កំណើន​សេដ្ឋកិច្ច។ "សូម​ជួយ​យើង​ឱ្យ​ធ្វើ​កំណែទម្រង់​ និង​ផ្តល់​ពេលវេលា​ឱ្យ​យើង​មាន​ដង្ហើម​ហិរញ្ញវត្ថុ​ខ្លះ​ផង បើ​នៅ​តែ​ចង​ក​ក្រិក​តឹង​​យ៉ាង​នេះ ក្រិក​នឹងដាច់​ខ្យល់​ លែង​ជា​ក្រិក​​មាន​កំណែទម្រង់ ទៅ​ជា​ក្រិក​ប្តូរ​ទម្រង់​ហើយ”! នេះ​ជា​ការថ្ងូច​ថ្ងូរ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ទៅ​កាន់​សារព័ត៌មាន​Financial Times។

ភាសា​ផ្សះផ្សា ដែល​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ភាគហ៊ុន​​មាន​ទំនុក​ចិត្ត​ខ្លះ ឡើង​វិញ​ និង​កើន​ឡើង​ខ្លះ​នៅ​ថ្ងៃម្សិលមិញ។ ទំនង​ជា​ដល់​វេលា​ដែល​ត្រូវ​ទទួល​ស្គាល់​ការពិត​ហើយ​ថា ការ​ត្បិតត្បៀត​ខ្លាំង​ពេក​ មិន​អាច​ដំណើរ​ការ​សេដ្ឋកិច្ច​បានឡើយ។ អ្នក​វិភាគ​សេដ្ឋកិច្ច​ជា​ច្រើន​ក៏​យល់​ដូច្នេះ​ដែរ។ ជំហរ​របស់​រដ្ឋាភិបាល​លោក ស៊ីប្រាស​ ពេល​នេះ ចង់​និយាយ​ថា អាល្លឺម៉ង់ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​​លើ​ស្ថានភាព​ក្រិក​ ដោយ​មាន​លក្ខខណ្ឌ​មិន​អាច​​ទ្រាំ​បាន ដូច្នេះ​គឺ​ជាការ​ធម្មតា​ទេ​ដែល​ប៊ែរឡាំង​ត្រូវ​ជួយ​អាទែន​នោះ។

ដំណើរ​ទស្សនកិច្ច​នៅ​ក្រុង​រ៉ូម​ កាលពី​ថ្ងៃអង្គារ បាន​ផ្តល់​ផ្លែផ្កា ដោយ​លោក​អាឡិចស៊ី ស៊ីប្រាស បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី ប៉ុន្តែ​អ្វី​ដែល​លំបាក​បំផុត​គឺត្រូវ​ធ្វើ​ឱ្យ​ស្ថាប័ន​អឺរ៉ុប និង​អាល្លឺម៉ង់​យល់​ស្រប​តាម។ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ហ្សង់ក្លូត ចាំងគ័រ (Jean-Claude Junker)បាន​ព្រលយ​ពាក្យ​ ​តាំង​ពី​មុន​ជំនួប​ជាមួយ​លោក​ស៊ីប្រាស​ទៀត ថា​ “គេ​ត្រូវ​រើ​រុះ​នយោបាយច្រើនមែន​ ប៉ុន្តែ​គេ​មិន​អាច​ប្តូរ​ទាំងស្រុង​បាន​ទេ”។ ចំណែក​លោកស្រី​មែរកិល​វិញ បាន​បដិសេធ​រហូតមក​ មិន​ប៉ះពាល់​នយោបាយ​រឹត​ត្បឹត​ទេ​។​ ពេល​នេះ​​លោកស្រីហាក់​ដូច​ជាប់​ចំណង បើ​ដក​ថយ​ តាម​ក្រិក ទំនុក​ចិត្ត​លើ​លោកស្រី​នឹង​ត្រូវ​បាត់​បង់ តែ​បើ​លោកស្រី​នៅ​រឹង​រក្សា​ជំហរ​ដដែល អាច​នឹង​គ្រោះ​​ធំ​បង្ក​ជា​​វិបត្ត​កាន់​តែ​ធ្ងន់ រុញ​ច្រាន​ក្រិក​ឱ្យ​ដើរ​ចេញពី​អឺរ៉ុប ហើយ​តំបន់​អឺរ៉ូ​នឹង​អាច​​ផ្ទុះ។

ការ​គាំទ្រ​ដ៏​មាន​ទម្ងន់​របស់​លោក​អូបាម៉ា

លោក​ហ្វ្រង់ស័រ​ហូឡង់ ចង់​ដើរ​តួនាទី​ជា​អាជ្ញា​កណ្តាល​​ឱ្យ​ក្រិក​និង​អាល្លឺម៉ង់​ ពី​ព្រោះ​រូប​លោក​ផ្ទាល់​ក៏​គាំទ្រ​នយោបាយ​ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្ច​ដែរ។ ប្រធានាធិបតី​បារាំង អាច​ពឹង​ពាក់​បុរស​ខ្លាំង​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទៀត គឺ​ប្រធានាធិបតី​អាមេរិក។ លោក​ បារ៉ាក់​ អូបាម៉ា ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​​ប្រឆាំង​នឹង​នយោបាយ​រឹតត្បិត​ដែល​ដាក់​តម្រូវ​លើ​ក្រិក ត្រូវ​ទទួល​ជួប​​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ នៅ​សេតវិមាន នា​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ។

តើ​លោក​អូបាម៉ា និង​ស៊ីរីហ្សា ធ្វើ​សង្គ្រាម​ដូច​គ្នា​ប្រឆាំង​នឹង​​នយោបាយ​​ត្បិត​ត្បៀតឬ ?

ថ្វី​បើ​ប្រសាសន៍​ដ៏​ច្បាស់ៗ ប្រឆាំង​នឹង​​ការ​ត្បិត​ត្បៀត​ថវិកានៅ​ក្រិក​  មិន​មែន​ជា​ការ​ភ្ញាក់​ផ្អើល និង​ដើម្បី​ជា​បឋម​បម្រើ​ឱ្យ​ប្រយោជន៍​នយោបាយ​ផ្ទៃ​ក្នុង​អាមេរិក​ នយោបាយ​ថវិកា​របស់​លោក​អូបាម៉ា​ខ្លួន​ឯង​ផ្ទាល់​ក៏​ដោយ ក៏​ពាក្យ​សំដី​នេះ​អាច​ឆ្លុះ​បញ្ចាំង​ឱ្យ​​ឃើញ​អំពី​ទិស​ដៅ​នយោបាយ​ច្បាស់​លាស់​របស់​រដ្ឋបាល​លោក​អូបាម៉ា​ផង និង​អំពី​ការ​ព្រួយ​បារម្ភ​របស់​អាមេរិកខ្លាច​អឺរ៉ុប​ជួប​វិបត្តិ​ជា​ថ្មី​ផង។​

រដ្ឋបាល​លោក​អូបាម៉ា មិន​រអា​នឹង​ដាក់​ថវិកា​ឱ្យ​ឡើង​ដល់​៤២៦​ពាន់​លាន​ដុល្លារ​នៅ​តុ​សម្រាប់​ចាយ​ទេ នៅ​ឆ្នាំ ២០០៩ ដើម្បី​ប្រឆាំង​នឹង​​វិបត្តិហិរញ្ញវត្ថុ​ ហើយ​អាមេរិក​ក៏​បាន​អំពាវនាវ​ជាប់​រហូត​មក មិន​ជា​ប៉ុន្មាន​លើក​ប៉ុន្មាន​សា​ទេ ឱ្យ​អឺរ៉ុប​កុំ​បិទ​ខ្ទប់​កំណើន​សេដ្ឋកិច្ច ដោយ​​សារ​តែត្រូវ​រឹត​បន្តឹង​ថវិកា​ត្បៀត​ជ្រុល​ពេក។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​ក៏​ធ្លាប់​ដាស់​តឿន​អឺរ៉ុប​ជា​ញយ​ដង ឱ្យ​គិត​គូរកែ​ ​​តាម​តម្រូវការ​ ឡើង​វិញ​ ដោយ​មិន​រាប់​អាល្លឺម៉ង់​បញ្ចូល​ ព្រោះ​ចោទ​ថា​ហ្វ្រាំង​ទប់​​សន្ទុះ​កំណើន​សេដ្ឋកិច្ច ខ្លាំង​ពេក​។

ដូច្នេះ បើ​ក្រលេក​ទៅ​មើល​សេដ្ឋកិច្ច​អាមេរិក​នៅ​ពេល​នេះ ​ប្រ​ធានាធិបតី​អាមេរិក ជា​អ្នក​មាន​បទ​ពិសោធន៍​ជាង​គេ ដឹង​ច្បាស់​ថា​ការ​ត្បិត​ត្បៀត​​អាច​បំផ្លាញ​សេដ្ឋកិច្ច​​ ដល់​កំរិត​ណា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ