អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គណបក្ស​ប្រឆាំង​នឹង​នយោបាយ​អឺរ៉ុប​ទទួល​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ក្រិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាព​អឺរ៉ុប ជាពិសេស តំបន់​ចាយលុយ​អឺរ៉ូ កំពុងតែ​ស្គាល់​នូវ​ភាព​​រំជើបរំជួល​នៅថ្ងៃ​ចន្ទ​នេះ ក្រោយ​ពី​គណបក្ស​ឆ្វេងនិយម ដែល​ជា​អ្នក​ប្រឆាំង​នឹង​នយោបាយ​សេដ្ឋកិច្ច​អឺរ៉ុប ជាពិសេស ប្រឆាំង​នឹង​ការ​រឹតត្បឹត​ការ​ចំណាយរដ្ឋ បាន​ទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​តំណាងរាស្រ្ត នៅ​ក្នុង​ប្រទេស​ក្រិក។

លោក Alexis Tsipras ប្រមុខដឹកនាំ​គណបក្ស​ស៊ីរីហ្សា នៅ​យប់ថ្ងៃ​អាទិត្យ ២៥មករា ២០១៥ នៅ​ក្រោយ​ពេល​ដឹង​ថា​គណបក្ស​របស់​លោក​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត
លោក Alexis Tsipras ប្រមុខដឹកនាំ​គណបក្ស​ស៊ីរីហ្សា នៅ​យប់ថ្ងៃ​អាទិត្យ ២៥មករា ២០១៥ នៅ​ក្រោយ​ពេល​ដឹង​ថា​គណបក្ស​របស់​លោក​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត REUTERS/Marko Djurica
ផ្សាយពាណិជ្ជកម្ម

យោងតាម​លទ្ធផល​បណ្តោះអាសន្ន ចេញ​ផ្សាយ​ដោយ​ក្រសួង​ផ្ទៃក្រិក នៅព្រឹកថ្ងៃ​ចន្ទ​នេះ ការ​រាប់សន្លឹកឆ្នោត​បាន​ប្រមាណ ៩៩% បង្ហាញ​ថា គណបក្ស​ស៊ីរីហ្សា បាន​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា ចំនួន ១៤៩ ដាច់​ឆ្ងាយ​ពី​គណបក្ស​ដែល​ជា​គូប្រជែង​ដ៏ធំ ហើយ​ដែល​ទើប​នឹង​ផុត​អាណត្តិ ដែល​ទទួលបាន​ត្រឹមតែ ៧៦​អាសនៈ។

គណបក្ស​ស៊ីរីហ្ស៊ី​ត្រូវការ​តែ ២អាសនៈ​ទៀត​ប៉ុណ្ណោះ ដើម្បី​បង្រ្គប់​សំឡេង​ភាគច្រើន​ដាច់ខាត (១៥១​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ៣០០ ក្នុង​រដ្ឋសភា) គ្រប់គ្រាន់​ក្នុងការ​បង្កើត​រដ្ឋាភិបាល។

នៅ​ព្រឹកថ្ងៃ​ចន្ទ លោក Alexis Tsipras ប្រមុខដឹកនាំ​គណបក្ស​ស៊ីរីហ្សា និង​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​ បាន​ជួប​ចរចា​ភ្លាមៗ​ជាមួយ​នឹង​គណបក្ស​ស្តាំនិយម​មួយ​ ដែល​មាន​ឈ្មោះ ថា គណបក្ស​ក្រិកឯករាជ្យ ដែល​មាន​និន្នាការ​នយោបាយ​ប្រឆាំង​នឹង​ការ​រឹតត្បឹត​ការ​ចំណាយ​រដ្ឋ​ដូចគ្នា ហើយ​ដែល​ទទួល​បាន​អាសនៈ ១៣ នៅ​ក្នុង​រដ្ឋសភា។ នៅ​ក្រោយ​ជំនួប​នេះ ប្រមុខដឹកនាំ​គណបក្ស​ក្រិកឯករាជ្យ​បាន​ប្រកាស​ថា ខ្លួន​នឹង​បោះឆ្នោត​គាំទ្រ​ឲ្យ​គណបក្ស​ស៊ីរីហ្សា​បង្កើត​រដ្ឋាភិបាល។

វិមាន​ប្រធានាធិបតី​ក្រិក​ក៏​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់ថា ប្រធានាធិបតី​ក្រិក​នឹង​ប្រកាស​តែងតាំង​លោក​ Alexis Tsipras ជា​នាយករដ្ឋមន្រ្តី​​ជាផ្លូវការ នៅ​ម៉ោង ៤រសៀល​​ថ្ងៃ​ចន្ទ​ម៉ោង​ក្នុង​ប្រទេស​ក្រិក (ត្រូវ​ជាម៉ោង ១១យប់ នៅ​កម្ពុជា)។
 
ជោគជ័យ​របស់​គណបក្ស​ស៊ីរីហ្សា​​នៅ​ក្រិកកំពុង​ចោទ​ជា​សំណួរ​ដ៏​ធំមួយ គឺ​ទាក់ទង​នឹង​បំណុល​របស់​ក្រិក ដោយសារ​តែ​​គណបក្ស​ស៊ីរីហ្សា​​មាន​គោលនយោបាយ​មួយ គឺ​ទាមទារ​ឲ្យ​គេ​លុបចោល​បំណុល​ក្រិក។
 
នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បំណុល​សាធារណៈ​របស់​ក្រិក​មាន​ទំហំ​​ជា​ទឹកប្រាក់ ​រហូតដល់​ទៅ​ជិត ៣២២ពាន់លាន​អឺរ៉ូ គឺ​ជាង ទៅ​ជាង ១៧៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប។ ម្ចាស់​បំណុល​ដ៏ធំ​​របស់​ក្រិក (ជាង ៧០%) គឺ​​​ស្ថាប័ន​សាធារណៈ​អន្តរជាតិ​ ក្នុងនោះ​កម្ចី​ពី​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) មាន​ ៣២ពាន់លាន​អឺរ៉ូ ប្រទេស​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ មាន ៥៣ពាន់លាន​អឺរ៉ូ ក្នុង​ក្របខ័ណ្ឌ​ជា​កម្ចី​ទ្វេភាគី ចំណែក​​​ម្ចាស់​បំណុល​ធំជាងគេ គឺ​ មូលនិធិ​អឺរ៉ុប (Fonds européen de stabilité financière) ដែល​បាន​ផ្តល់​កម្ចី​ដល់​ក្រិក​រហូតដល់​ទៅ ​ជិត ១៤២ពាន់លានអឺរ៉ូ។ គួរបញ្ជាក់ថា លុយ​​របស់​មូលនិធិ​អឺរ៉ុប​នេះ ក៏​បាន​មក​ពី​វិភាគទាន​របស់​រដ្ឋ​ជា​សមាជិក​ផងដែរ។

និយាយ​ជារួម បំណុល​ភាគច្រើន​របស់​ក្រិក គឺ​កម្ចី ដែល​បាន​ពី​លុយ​ពន្ធ​របស់​​ប្រជាជន​នៅ​ក្នុង​តំបន់​អឺរ៉ុប។ ហេតុដូច្នេះ​ហើយ​​បាន​ជា​ការ​ចរចា​​លុបចោល​បំណុល​ ​ ឬ​កាត់បន្ថយ​​បំណុល​មួយផ្នែក​របស់​ក្រិក​​ វា​គឺ​ជា​រឿង​ដែល​ស្មុគស្មាញ​ខ្លាំង​ ដោយសារ​តែ​​រដ្ឋាភិបាល​ក្នុង​តំបន់​អឺរ៉ុប ប្រាកជា​នឹង​ត្រូវ​ទទួល​​​សម្ពាធ​នយោបាយ​​ក្នុងស្រុក។

ធនាគារ​កណ្តាល​អឺរ៉ុប ដែល​ជា​ម្ចាស់​បំណុល​ដ៏​ធំមួយ​ដែរ​របស់​ក្រិក ​ក៏បានបញ្ជាក់​​ទុកជាមុន​រួចហើយ​ដែរ​ថា បំណុល​ដែល​ក្រិក​ជំពាក់​ធនាគារ​កណ្តាល​អឺរ៉ុប​នឹង​មិន​អាច​លុបចោល ឬ​កាត់បន្ថយ​បានទេ​ដោយសារ​តែ​មាន​ចំណង​ផ្លូវ​ច្បាប់។

នៅ​សល់​លទ្ធភាព​មួយ​ទៀត ដែល​ក្រិក​អាច​ចរចា​ជាមួយ​អឺរ៉ុប​បាន គឺ​មិនទាមទារ​លុបចោល ឬ​កាត់បន្ថយ​ទឹកលុយ​ដែល​ជំពាក់ទេ តែ​សុំ​ត្រឹម​ពន្យារពេល​សង និង​សុំ​បញ្ចុះ​អត្រា​ការប្រាក់។

ប្រសិនបើ​ការចរចា​លើ​ប្រាក់​បំណុល​នេះ​​មិន​ទទួល​ជោគជ័យ ក្រិក​​មាន​ជម្រើសពីរ។ ឬមួយ​ក្រិក​ត្រូវ​សង​បំណុល​ទៅតាម​ការ​កំណត់ និង​ត្រូវ​អនុវត្ត​ទៅតាម​លក្ខខណ្ឌ ដែល​បាន​ព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប នៅពេល​ខ្ចី​បំណុល។ ឬមួយ​ ក្រិក​ប្រកាស​ជា​ឯកតោ​ភាគី​ថា​នឹង​​មិន​សងបំណុល​ ពោលគឺ ក្រិក​ត្រូវ​ប្រកាស​ក្ស័យធន ដែល​អាច​នឹង​ជំរុញ​ឲ្យក្រិក​ត្រូវ​ដើរចេញ​ពី​តំបន់​ចាយលុយ​អឺរ៉ូ ឬ​ក៏​ត្រូវ​ចេញ​ពី​សហភាព​អឺរ៉ុប​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ