អានតួអត្ថបទ
អឺរ៉ុប

រដ្ឋមន្ត្រី​ការពារ​ជាតិ​អឺរ៉ុប​៥​ប្រទេស​ ជួប​ប្រជុំ​ត្រៀម​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​និងការពារជាតិ

រដ្ឋមន្ត្រីការពារជាតិ​នៃ​៥​ប្រទេស​ជា​សមាជិកសហភាព​​អឺរ៉ុប (បារាំង អាល្លឺម៉ង់​ ប៉ូឡូញ អ៊ីតាលី និង​អេស្ប៉ាញ) បាន​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​បារាំង ថ្ងៃចន្ទ ទី ១១​ឧសភា​នេះ ដើម្បី​រិះរក​មធ្យោបាយ​រួម​ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស ​តាម​សមុទ្ទ​មេឌីទែរ៉ាណេ និង​ពង្រឹង​​ប្រព័ន្ធ​ការពារ​ជាតិអឺរ៉ុប​​​រួម។

ប្រមុខ​ដឹកនាំ​អឺរ៉ុប ពេល​ជួប​ប្រជុំ​បន្ទាន់​រក​វិធី​ទប់ស្កាត់​ចរន្ត​ភៀស​ខ្លួន​ប្រថុយ​ស្លាប់​​តាម​សមុទ្ទ​មេឌីទែរ៉ាណេ
ប្រមុខ​ដឹកនាំ​អឺរ៉ុប ពេល​ជួប​ប្រជុំ​បន្ទាន់​រក​វិធី​ទប់ស្កាត់​ចរន្ត​ភៀស​ខ្លួន​ប្រថុយ​ស្លាប់​​តាម​សមុទ្ទ​មេឌីទែរ៉ាណេ REUTERS/Yves Herman TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

ជា​កិច្ច​ប្រជុំ​​ត្រៀម​សម្រាប់​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​ការពារជាតិ​អឺរ៉ុប​ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ១៨​ឧសភា។ ប្រធានបទ​សំខាន់​ពីរ មាន​ចែង​រួច​ជា​ស្រេច​ក្នុង​របៀប​វារៈ ដូច​ជា​វិបត្តិ​ជន​ភៀស​ខ្លួនតាម​សមុទ្ទ​មេឌីទែរ៉ាណេ និង​ការ​ការពារ​ជាតិអឺរ៉ុប​​រួម ដែលហេតុការណ៍​ធ្លាក់​យន្តហោះ​យោធា អែរប៊ូស A400​M បាន​មក​បន្ថែម​ក្នុង​ការ​តស៊ូ​មតិ ​ឱ្យ​កាន់​ពុះ​កញ្ជ្រោល​ទៀត។

 

គ្រោះ​ថ្នាក់នេះ​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​ទាំង​អតិថិជន ទាំង​ក្រុមហ៊ុន​ផលិត​យន្តហោះ​អ៊ែរប៊ូស ក្នុង​ពេល​រង់ចាំ​លទ្ធផល​អង្កេត​ អាល្លឺម៉ង់ និង​អង់គ្លេស ព្រម​ទាំង​តួកគី​ បានស​ម្រេច​​ព្យួរ​ការ​ហោះហើរ​របស់​យន្តហោះ​យោធា​ ​ប្រភេទ​នេះមួយ​រយៈ​​សិន។ លើក​លែង​តែ​​បារាំង​ដែល​មាន​ដល់​ទៅ​៦​គ្រឿង បាន​ប្រកាស​បន្ត​ប្រើ​យន្តហោះ​នេះ​ក្នុង​ប្រតិបត្តិការ​ជា​អាទិភាព​បំផុត។

 

ក្រោយ​ពី​សោកនាដកម្ម​​​ជន​ភៀស​ខ្លួន​តាម​ទូក​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ ជា​បន្ត​បន្ទាប់ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ ចង់​ពិចារណា​​អំពី​លទ្ធភាព​ធ្វើ​សកម្មភាព​យោធា​អឺរ៉ុប​ក្នុង​សមុទ្ទ​ ដើម្បី​កម្ចាត់​ពួក​ឈ្មួញ​ជួញ​ដូរ​មនុស្ស​អាច​ឆ្លង​ឬ​ចេញ​ពី​ដែន​ទឹក​លីប៊ី​ទាន់។ ប៉ុន្តែ​ទង្វើ​បែប​នេះ ត្រូវ​​​មាន​ដីកា​អន្តរជាតិ។ ចាំ​បាច់​ត្រូវ​​មាន​សេចក្តី​អនុញ្ញាត​របស់​អង្គការ​សហប្រជាជាតិ តែ​រុស្ស៊ី​អាច​នឹង​ប្រើ​សិទ្ធិ​ប្រឆាំង​វេតូ។

ក្នុង​ពេល​ជាក់ស្តែង​នេះ កិច្ចការ​បន្ទាន់​របស់​អឺរ៉ុប ដែល​រដ្ឋមន្ត្រី​ត្រូវ​ពិភាក្សា​គ្នា​គឺដាក់​ឱ្យ​ដំណើរ​ការ​​រួម​សកម្មភាព​ចារកិច្ចពួក​ឈ្មួញ​​ ការ​ត្រួត​ពិនិត្យ​ផ្លូវ​អាកាស រ៉ាដា និង​ការ​លប​ស្តាប់​​ទូរស័ព្ទ​ ព្រមទាំង​ប្រមូល​ព័ត៌មាន​ពី​ក្រុម​អ្នក​នេសាទ នាវា​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ ដើម្បី​ចុច​រក​ចំណុច​ចេញ​ដំណើរ។

ក្នុង​នយោបាយការពារ​ជាតិ បារាំង​ដែល​ចេញ​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវនិយម​ច្រើន​ជាង​គេ ជាពិសេស​នៅអាហ្វ្រិក​កំពុង​តែ​ចង់​តវា ឱ្យ​មាន​នយោបាយ​ការពារ​អឺរ៉ុប​រួម​ ឱ្យ​បានកាន់​តែ​ឆាប់ ដូច​ជា​​មាន​កញ្ចប់​ថវិកា​យោធា​ ពង្រឹង​សមត្ថភាព​យោធា​ថ្នាក់​អឺរ៉ុប មាន​ដ្រូន មាន​មូលដ្ឋាន​ឧស្សាហកម្ម​លើ​វិស័យ​ការពារ​ជាតិ។ នេះ​ជា​សំណើបារាំង។ ​បារាំង​ អាល្លឺម៉ង់ ក៏​ដូច​ជា​សមាជិក​អឺរ៉ុប​ផ្សេង​ទៀត សុទ្ធ​តែ​មាន​ចេតនា​បន្ថយ​កញ្ចប់​ថវិកា​ការពារជាតិ លើក​លែង​តែ​ប៉ូឡូញ​មួយ​ចេញ​ដែល​ត្រូវ​​ធ្វើ​ទំនើប​កម្ម​យោធា​ ក្នុង​កំរិត​ចំណាយ​២%​នៃ​ផលិតផល​​សរុប​របស់​ប្រទេស៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ