អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភេរវកម្ម​នៅ​ប៉ារីស ៖ ហេតុអ្វី​បែលហ្សិកក្លាយ​ជា​ជង្រុក​ជីហាត​​​អ៊ីស្លាម​ជ្រុល​និយម ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​អង្កេត​និង​ស្វែង​ចាប់​ជន​ដៃ​ដល់​ប្រព្រឹត្ត​ភេរវកម្ម​នៅ​ប៉ារីស​ថ្ងៃទី​១៣ វិច្ឆិកា កំពុង​តែ​បន្ត។​ ​ ​​​បែលហ្សិក បាន​ចូល​រួម​ចំណែក​និង​កំពុង​សហការ​​យ៉ាង​ណែនជាមួយ​បារាំង​ក្នុង​​ធ្វើ​អង្កេត​នេះ ព្រោះ​ភេរវជន​បាន​ប្រើ​ប្រាស់​ក្រុង​ព្រុចសែល​​ជា​មូលដ្ឋាន​សម្រាប់​រៀប​ចំ​ការ​វាយប្រហារ។ ហេតុ​អ្វី​បែលហ្សិក​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​នេះ ?! អឺរ៉ុប​ធូរ​រលុង​ជ្រុល​ឬ​យ៉ាង​ណា បាន​ជា​ពួក​ជីហាត​អាច​ចូល​ស្រុក​ ដោយ​មិន​ខ្លួន​យ៉ាង​ដូច្នេះ ?!

សង្កាត់​Molenbeek នៅ ទីក្រុង​ព្រុចសែល ជា​​បណ្តុំ​សហគមន៍​អ្នក​កាន់​សាសនា​ដ៏​ធំ​មួយ​របស់​បែលហ្ស៊ីក
សង្កាត់​Molenbeek នៅ ទីក្រុង​ព្រុចសែល ជា​​បណ្តុំ​សហគមន៍​អ្នក​កាន់​សាសនា​ដ៏​ធំ​មួយ​របស់​បែលហ្ស៊ីក © Reuters
ផ្សាយពាណិជ្ជកម្ម

បែលហ្សិក​បានក្លាយ​ជា​មូលដ្ឋាន​ជើងក្រោយ​របស់ពួក​ភេរវជន​ ដែល​បាន​ចេញ​មក​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស កាលពី​យប់​ថ្ងៃសុក្រ​ទី ១៣​វិច្ឆិកា។ ព្រុចសែល​ក្លាយ​ជា​ទី​ណាត់​ជួប​របស់​ពួក​ជីហាត ហើយ​ហេតុការណ៍​នេះ​មិនមែន​ថ្មី​ថ្មោង​ឡើយ។  រាជាណាចក្រ​ដ៏​តូច​មួយ​នេះ ធ្លាប់​ត្រូវ​បាន​ពួក​អ៊ីស្លាម​ជ្រុលនិយម​អាល់ហ្សេរី​ខ្ចី​ប្រើ​ដើម្បី​រៀប​ចំ​ផែនការ​ភេរវកម្ម​ប្រឆាំង​បារាំង​នៅ​ឆ្នាំ​១៩៩៥។ ពីរ​ថ្ងៃ​មុន​មហាភេរវកម្ម​១១កញ្ញា​២០០១ នៅសហរដ្ឋ​អាមេរិក ឃាតករ​សម្លាប់​មេទ័ព​ដ៏អង់អាច​​របស់​អាហ្វហ្កានីស្ថាន Missoud បាន​ប្រើ​លិខិត​ឆ្លង​ដែន​បែលហ្សិក​ ដើម្បី​ធ្វើ​បំលាស់​ទី​។​ មរណភាព​ដែល​ជំរុញ​ឱ្យ​អាល់កែដា​អាច​បើក​ប្រតិបត្តិការ​វាយប្រហារ​​អាគារ​ភ្លោះ​នៅ​ញូវយ៉ក។ នៅ​ឆ្នាំ​២០០៥ ពលរដ្ឋ​អឺរ៉ុប​ដំបូង​គេ​ដែល​ផ្តាច់​ខ្លួន​ទៅ​ជា​ជន​អ៊ីស្លាម​ជ្រុល​និយម​ ដើម្បី​ប្រព្រឹត្ត​អំពើ​ភេរវកម្មអត្តឃាត គឺ​ជា​ស្ត្រី​ជនជាតិ​បែលហ្សិក។

កាលពី​មួយ​ឆ្នាំ​មុន ការ​កាត់ក្តី​លើ​សំណុំ​រឿង​Sharia4belgum បាន​បង្ហាញ​អំពី​សន្ធឹក​នៃ​អ៊ីស្លាម​ជ្រុលនិយម​នៅ​ក្នុង​ប្រទេស។ មាន​សកម្មភាព​តាំង​ពី​ឆ្នាំ​២០១០ និង​រលាយ​ខ្លួន​ទៅ​វិញ​នៅ​ពីរ​ឆ្នាំ​ក្រោយ Sharia4belgum ចង់​បញ្ចូល​ច្បាប់​អ៊ីស្លាម​Charia ទៅ​ក្នុង​ប្រទេស និង​បាន​ជ្រើសរើស​ជន​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​យុទ្ធជន​ទៅ​ប្រយុទ្ធ​នៅ​ស៊ីរី។

បែលហ្សិក​បាន​ក្លាយ​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ខាង​មាន​ចំនួន​ជនជីហាត​ច្រើន​ជាង​គេ បើ​ប្រៀប​ទៅ​ចំនួន​ពលរដ្ឋ​សរុប (ពី​៣៣០ទៅ​៥០០​ជីហាត សម្រាប់​ប្រជាជន​១១លាន​នាក់)។ នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ប៉ារីស ភេរវជន​ក៏​មាន​ប្រភព​ចេញ​ពី​បែលហ្សិក​នេះ​ដែរ។ រថយន្ត​ប្រើ​សម្រាប់​ធ្វើ​ភេរវកម្ម​ជាច្រើន​ ជួល​មក​ពី​ព្រុចសែល ... ហេតុអ្វី​បាន​ជា​បែលហ្សិក​ក្លាយ​ជា​ជម្រក​របស់​ពួក​ជ្រុលនិយម​អ៊ីស្លាមដូច្នេះ ?! ចម្លើយ​មាន​ច្រើន​ ! បើ​និយាយ​អំពី​ទីតាំង​ភូមិសាស្ត្រ ព្រុចសែល​ជាបេះដូង​អឺរ៉ុប ជា​​ទីក្រុង​របស់​សហភាពអឺរ៉ុប​ ជា​ទី​ប្រជុំ​ជន​មនុស្ស​និង​សេដ្ឋកិច្ច ដូច្នេះ​ហើយ​បាន​ជា​ពួក​ជីហាត​ត្រូវ​ការ​ប្រើ​ប្រាស់​ដើម្បី​វាយប្រហារ​ឱ្យដល់​បេះដូងអឺរ៉ុប។

បែលហ្សិក​មាន​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​សំខាន់​ទីពីរ​បន្ទាប់​ពី​បារាំង។ ពួក​ជ្រុលនិយម​ពិត​ជា​ងាយ​យក​ចំណេញ​ពី​នយោបាយ​​អនុគ្រោះ​របស់​បែលហ្ស៊ិក​។ ម្យ៉ាង​ទៀត ផ្ទៃក្នុង​នយោបាយ​បែលហ្ស៊ិក​មិនសូវ​ស៊ីចង្វាក់​គ្នា​រវាង​អ្នក​និយម​ភាសាបារាំង និងភាសា​​ផ្លាម៉ង់ បាន​ធ្វើ​ទំនូល​ខុស​ត្រូវ​សន្តិសុខ​មិន​រលូន។   ភាព​កម្សោយ​របស់​រដ្ឋ គឺ​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​ពួក​ជ្រុលនិយម ព្រោះ​សូម​បញ្ជាក់​ថា មិន​ដឹង​ថា​ជា​ភាព​ចៃដន្យ​ឬ​យ៉ាង​ណា​ទេ ដោយ​ហេតុ​វិបត្តិ​នយោបាយ​ រាជាណាចក្រ​បែលហ្ស៊ិក​នេះ​ ដំណើរការ​ដោយ​គ្មាន​រដ្ឋាភិបាល​​របស់​ពេល ៥៤១​ថ្ងៃ។ គ្មាន​រដ្ឋាភិបាល ប្រទេស​អាចដំណើរការ​បាន​មែន ប៉ុន្តែ​មិនគ្រប់គ្រាន់​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹងពួក​ភេរវនិយម​ ដែល​រង់ចាំ​តែ​ឱកាស​នោះ​ឡើយ។

នេះ​អាច​ចាត់​ទុក​ជា​ភាព​ទន់​ខ្សោយ​មួយ​របស់​បែលហ្ស៊ិក​ដែលបណ្តោយ​ឱ្យ​បណ្តាញ​ជីហាត​លូត​លាស់​ខ្លាំង​។ ប៉ុន្តែនៅ​មាន​ភាព​ប្រហែស​ប្រហោង​មួយ​ទៀត​ថ្នាក់​អឺរ៉ុប ដែល​ក្រោយ​ពី​មាន​ភេរវកម្ម​ផ្ទុះ​ឡើង​ម្តងៗ​ គេ​តែង​ឃើញ​មានការ​អត្ថាធិប្បាយ​និង​ប្រតិកម្ម​ឥត​ឈប់ គឺ​សេរីភាព​នេះ​ការ​ដើរ​ហើរ​របស់​អឺរ៉ុប។ សេរីភាព​ជាមូលដ្ឋាន​គ្រឹះ​របស់​សហភាព​ គ្មាន​នរណា​​អាច​ប៉ះពាល់​បាន​ឡើយ តែ​នេះ​មិន​មែន​ជា​បញ្ហា​ទេ ! បញ្ហា​គឺ​រំលែក​ព័ត៌មាន​ ពី​ប្រទេស​មួយ​ទៅ​មួយ។
ប្រទេស​ក្នុង​សហភាព​ ឬ​ហៅ​កាត់​ក្រុម​Schengen គ្មាន​ព្រំដែន​ទេ មាន​តែ​ព្រំ​ដែន​ខាង​ក្រៅ គឺ​ព្រំដែន​នៃ​ប្រទេស​សមាជិក​អឺរ៉ុប​ជាប់​នឹង​ប្រទេស​មិន​មែន​សមាជិក។ គ្រប់​ប្រទេស​ជា​សមាជិក​អឺរ៉ុប​សុទ្ធ​តែ​យល់​ពី​តំលែ​នៃ​បង្កើត​ទិន្នន័យ​ព័ត៌មាន​អ្នក​ដំណើរ សម្រាប់​ងាយ​ចាប់​សម្គាល់​យុទ្ធជន​មក​ស៊ីរី​ឬ​អ៊ីរ៉ាក់។ ទិន្នន័យ​នេះ​មាន​ហើយ​ក្នុង​ថ្នាក់​ជាតិ ប៉ុន្តែ​គ្មាន​បណ្តាញ​ភ្ជាប់​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេ​ស​មួយ​ឡើយ។

ជា​ឧទាហរណ៍​ជាក់​ស្តែង ករណី​ភេរវជន អត្តឃាត​​នៅ​ទីក្រុង​ប៉ារីស ​ពីរ​បី​នាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី​​ភេរវកម្ម​បារាំង បាន​ចាក​ចេញ​ទៅ​ស៊ីរី តែ​បារាំង​គ្មាន​ដាន​​​ត្រលប់ចូល​​ស្រុក​ទេ ព្រោះ​ភេរវជន​ដឹង​ល្បិច ដើរ​ចូល​អឺរ៉ុប​ច្រក​ប្រទេស​ផ្សេង​ បាន​រួច​ផុត​ពី​សំណាញ់​ប៉ូលិស​បារាំង​ ឬ​បែលហ្ស៊ិក ដោយ​គ្មាន​លំបាក​អ្វី​ទាំង​អស់។ តើ​នេះ​មិន​មែន​បណ្តាលមក​ពី​អឺរ៉ុប​គ្មាន​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​រួម​គ្នា​ទេ​ឬ ? ភេរវកម្ម​បាន​ផ្ទុះ​ឡើង​ម្តង​ជា​ពីរ​ដង ហើយ​ទំនង​ជា​មិន​ទាន់​ចប់​ទេ តើ​មើល​ទៅ​អឺរ៉ុប​អាច​សម្រេច​​ប្រមូល​ផ្តុំ រួច​ចែក​រំលែកគ្នា​បាន​ត្រឹម​ណា ?!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ