អានតួអត្ថបទ
បារាំង

ភេរវជន​ពីរនាក់​ស្លាប់ ក្នុង​ប្រតិបត្តិការ​ប្រមាញ់​របស់​ប៉ូលិស នៅ​ជាយក្រុង​ប៉ារីស

ប៉ូលិស​បារាំង កំពុង​តាមប្រមាញ់​រក​ភេរវជន ដែលចូលរួម ធ្វើ​ភេរវកម្ម កាលពីថ្ងៃ​សុក្រ នៅ​កណ្តាល​ក្រុង​ប៉ារីស។ នៅ​ថ្ងៃ​ពុធ តាំង​ពី​ព្រឹក​ម៉ោង ៤ កន្លះ​ភ្លឺ ម៉ោង​ក្នុង​ស្រុក​បារាំង ប៉ូលិស​បារាំង បាន​បើក​ប្រតិបត្តិការ ឡោមព័ទ្ធ​ សាំងដេនី សង្កាត់​ជាយក្រុង​ប៉ារីស ជា​ទី ដែល​គេ​សង្ស័យ​ថា Abdelhamid Abaaoud អាឌែលហាម៉ីដ អាបាអ៊ូត មេក្លោង​ធ្វើ​ភេរវកម្ម​នៅ ប៉ារីស កំពុង​សំងំ​លាក់ខ្លួន។ ជា​តុល្យការ​ចុងក្រោយ ភេរវជន​ពីរនាក់​បាន​ស្លាប់ ចំណែក​មនុស្ស ៧នាក់ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន។

ប៉ូលិស និង​ទាហាន​បារាំង​រាប់រយ​នាក់​ត្រូវ​បាន​ពង្រាយ​ នៅ​ថ្ងៃ​ពុធ ទី ១៨​វិច្ឆិកា ឡោមព័ទ្ធ​សម្រុក​ចូល​ផ្ទះ​ដែល​គេ​សង្ស័យ​ថា មេក្លោង ភេរវកម្ម​នៅ​ប៉ារីស លួចសំងំ​លាក់​ខ្លួន
ប៉ូលិស និង​ទាហាន​បារាំង​រាប់រយ​នាក់​ត្រូវ​បាន​ពង្រាយ​ នៅ​ថ្ងៃ​ពុធ ទី ១៨​វិច្ឆិកា ឡោមព័ទ្ធ​សម្រុក​ចូល​ផ្ទះ​ដែល​គេ​សង្ស័យ​ថា មេក្លោង ភេរវកម្ម​នៅ​ប៉ារីស លួចសំងំ​លាក់​ខ្លួន REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ជនសង្ស័យ​ដែល​ប៉ូលិស​ឃាត់ខ្លួន គ្មានទេ ឈ្មោះ អាឌែលហាម៉ីដ អាបាអ៊ូត ដែល​ជាមេក្លោង ធ្វើភេរវកម្ម កាលពី​ថ្ងៃ​សុក្រ។ មនុស្ស ៧នាក់ ត្រូវ​បាន​ចាប់ឃាត់ខ្លួន ដែល​នៅក្នុង​នោះ មាន​ម្នាក់​ជា​ម្ចាស់ផ្ទះ ដែល​ផ្តល់​បន្ទប់​ស្នាក់នៅ​ដល់​ភេរវជន និង​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​៨​ឆ្នាំ​ក្នុង​បទ​វាយ​មនុស្ស​រហូត​ដល់​ស្លាប់។ ចំណែក​ភេរវជន​ពីរនាក់ បាន​ស្លាប់ ដោយ​ម្នាក់​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​ ចំណែក​ម្នាក់ទៀត បាន​ចុចបំផ្ទុះ​ខ្សែក្រវ៉ាត់​គ្រាប់បែក​នៅលើ​ខ្លួន។​ រហូត​មក​ដល់​ពេលនេះ គេ​នៅ​មិនទាន់​បាន​ដឹង​ពី​អត្តសញ្ញាណ​របស់​ភេរវជន​ទាំងពីរ​នាក់​នៅឡើយទេ។

 
នៅ​៥​ថ្ងៃ​ក្រោយ​ភេរវកម្ម កណ្តាល​ក្រុង​ប៉ារីស ដែល​បាន​សម្លាប់​មនុស្ស ១២៩​នាក់ ប៉ូលិស​បារាំង រួម​សហការ ជាមួយ​ប៉ូលិស​ប៊ែលហ្សិក ធ្វើការ​ស៊ើបអង្កេត​លើ​គ្រប់ដាន​ទាំងអស់។ គេ​ដឹងថា ភេរវជន​ដែល​បានធ្វើ​ភេរវកម្ម កាលពី​ថ្ងៃ​សុក្រ មាន​គ្នីគ្នា សរុប ៩នាក់។ ភេរវជន​បែងចែក​គ្នា ជា​បីក្រុម ដើម្បី​ធ្វើសកម្មភាព​សម្លាប់​មនុស្ស នៅ​ជិត​ស្តាត នៅ​សាលប្រគំតន្រី្ត បាតាក្លង់ ហើយ​និង​តាមភោជនីយដ្ឋាន ក្នុង​សង្កាត់ប្រជុំជន ដែល​ក្នុង​នោះ​មាន​ផងដែរ ភោជនីយដ្ឋាន​ខ្មែរ Le petit Cambodge។

តាម​រយៈ ឡាន​ទាំង​៣​គ្រឿង​ដែល​ក្រុមភេរវជន​ចត​ទុក​ចោល នៅ​បីកន្លែង​ផ្សេងគ្នា និង​ការចុះឆែកឆេរ​នៅ​បន្ទប់​ជួល​របស់​ក្រុមភេរវជន ប៉ូលិស​បារាំង​ដឹងថា មាន​មនុស្ស​ពីរនាក់​ផ្សេងទៀត ដែល​បាន​ចូលរួម​ធ្វើ​ភេរវកម្ម កាលពី​ថ្ងៃ​សុក្រ។ ក្នុង​នោះ មាន​ម្នាក់ ជា បងប្រុស​របស់​អត្តឃាតជន ប្រាហ៊ីម ឈ្មោះ សាឡា អាប់ដែលស្លាម អាយុ ២៦​ឆ្នាំ​ដែល​កំពុង​រត់គេចខ្លួន ចំណែកមនុស្ស​ម្នាក់ទៀត ប៉ូលិស​នៅ​មិនទាន់​កំណត់​អត្តសញ្ញាណ​បាននៅឡើយទេ។ ប៉ូលិស​បារាំង គិតថា ជន​ទី ៩​នោះ ជា​អាឌែលហាម៉ីដ អាបាអ៊ូត ជាមេក្លោង រៀបចំ​ធ្វើ​ភេរវកម្ម​នៅ​ប៉ារីស។

ការដែល​ប៉ូលិស​បារាំង ឡោមព័ទ្ធផ្ទះ នៅ ជាយក្រុង​ប៉ារីស នៅព្រឹកមិញ ក៏​ព្រោះតែ​គេជឿ​ថា ​អាឌែលហាម៉ីដ អាបាអ៊ូត​កំពុង​ស្ថិតនៅ​ស្រុកបារាំង និង​កំពុង​សំងំ​លាក់ខ្លួន នៅក្នុង​ផ្ទះ ដែល​ប៉ូលិស​ឡោមព័ទ្ធ សម្រុក​ចូល​ព្រឹកមិញ។ តាមមន្រ្តីស៊ើបអង្កេត​បារាំង គេជឿថា អាឌែលហាម៉ីដ អាបាអ៊ូត នៅស្រុក​បារាំង ព្រោះ​តាម​ទម្លាប់ មេក្លោង​ធ្វើភេរវកម្ម​ជនជាតិ​ប៊ែលហ្សិក​រូបនេះ មាន​ទម្លាប់ នៅក្បែរ ក្រុមរបស់ខ្លួន នៅក្នុង​ពេល​ធ្វើ​ភេរវកម្ម ដូចករណី ភេរវកម្ម​នៅ​ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ឆ្នាំ មុន។

ជនសង្ស័យ​ម្នាក់ ដែល​ប៉ូលិស​បារាំង ចាប់ខ្លួន កាលពី​ខែ​សីហា​កន្លងទៅ បាន​សារភាព​ថា ខ្លួន​បាន​ទទួល​បញ្ជារ​ពី អាឌែលហាម៉ីដ អាបាអ៊ូត ឲ្យ​ធ្វើ​ភេរវកម្ម​សម្លាប់​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត នៅ​ប្រទេស​បារាំង។ តាម​ជនសង្ស័យ ដែល​ស្ថិតនៅក្នុង​គុក​បារាំង អាឌែលហាម៉ីដ អាបាអ៊ូត​បាន​ផ្តល់ លុយ ជាង ២ពាន់​អឺរ៉ូ សម្រាប់​សកម្មភាព​ធ្វើ​ភេរវកម្ម​នៅ​តាម​រោងប្រគំតន្រ្តី នៅ​ស្រុក​បារាំង។ គឺ​ព័ត៌មាន​ដែល​ថា អាឌែលហាម៉ីដ អាបាអ៊ូត​មាន​ជាប់​ទាក់ទង​នឹង​ក្រុមជនសង្ស័យ​ដែល​មាន​គម្រោង​ធ្វើ​ភេរវកម្ម ក្នុង​ប្រទេស​បារាំង ហើយ តាម​ទម្លាប់​គឺ មេក្លោង​រូបនេះ តែងតែ​នៅ​ជាប់ជានិច្ច​នឹង​ក្រុម​របស់ខ្លួន ទើប​ប៉ូលិស​ស៊ើបអង្កេត​បារាំង សម្រេច​ឡោមព័ទ្ធ​ផ្ទះ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្តាត កន្លែង​ដែល​មាន​ភេរវកម្ម​បំផ្ទុះគ្រាប់បែក កាលពី​ថ្ងៃ​សុក្រ។

ម្ចាស់​ផ្ទះ ដែល​ប៉ូលិស​បារាំង​ឡោមព័ទ្ធ រាប់ម៉ោង នៅ ព្រឹកមិញនេះ ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ខ្លួន​បាន​ជួយ​ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​មិត្តភក្តិ របស់​មិត្តភក្តិ​ខ្លួន​មក​ពី ប្រទេស​ប៊ែលហ្ស៊ិក។ ប៉ូលិស ចាប់​មិនបាន រកមិនឃើញ អាឌែលហាម៉ីដ អាបាអ៊ូត នៅក្នុង​ផ្ទះ មែន ប៉ុន្តែ មិនមែន​មាន​ន័យ​ថា មេក្លោង​ភេរវកម្ម​រូបនេះ មិនបាន​ស្ថិត​នៅ​ក្នុង​ផ្ទះ​ដែល​គេឡោម​ព័ទ្ធ​នោះទេ។ តាម​មន្រ្តី ប៉ូលិស​ស្និទ្ធ​នឹង​ក្រុម​ស៊ើបអង្កេត មេក្លោងអាឌែលហាម៉ីដ អាបាអ៊ូត​ប្រហែល​បាន​ចាកចេញ រួចហើយ ពី​បារាំង មុន​ប្រតិបត្តិការ​របស់​ប៉ូលិស​បារាំង​ទៅទៀត។

ភេរវជន​ពីរនាក់​បាន​ស្លាប់
ភេរវជន​ម្នាក់​ត្រូវ​ប៉ូលិស​ខ្មាន់កំភ្លើង​បាញ់​សម្លាប់។ ចំណែក ភេរវជន​ម្នាក់ទៀត ជា​ស្រ្តី​ភេរវជន​អត្តឃាត ដែល​បាន​ចុច បំផ្ទុះ​ខ្សែក្រវ៉ាត់​គ្រាប់បែក នៅ​ក្នុង​ពេល​ដែល​ប៉ូលិស​សម្រុក​ចូល​ទៅក្នុង​ផ្ទះ ដែល​គេសង្ស័យ។ តាម​ប៉ូលិស ស្រ្តី​ភេរវជន​ត្រូវ​បាន​ប៉ូលិស​បារាំង តាមដាន​សង្ស័យ ក្នុង​បទ​ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​អាឌែលហាម៉ីដ អាបាអ៊ូត។ នេះ​ជា​លើក​ទីមួយ នៅក្នុង​ប្រទេស​បារាំង ដែល​គេ​ឃើញ​មាន​ភេរវជន​អត្តឃាត។ កន្លងមក គេ​តែងតែ​ឃើញ ភេរវកម្ម​អត្តឃាត​​នៅក្នុង​ប្រទេស​ដែល​កំពុង​ជួប​សង្រ្គាម ដូចជា​នៅ​អ៊ីរ៉ាក់ ឬ​អាហ្វហ្កានស្ថាន ដែល​នៅទីនោះ ក្រុមភេរវជន ឬ​ក្រុមតាលីបង់ ធ្វើ​ភេរវកម្ម​អត្តឃាត​ប្រឆាំង​ទាហាន​បរទេស។

នៅ​ក្នុង​ភេរវកម្ម​កាលពី​ថ្ងៃ​សុក្រ គេឃើញ​មាន​ភេរវជន​អត្តឃាត យ៉ាង​តិច ៥​នាក់ ដែល​បាន​បំផ្ទុះ​ខ្សែក្រវ៉ាត់​គ្រាប់ផ្ទុះ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ម្តង​ហើយ ហើយ​ឥលូវនេះ​ទៀត គេ​ក៏​ឃើញ​មាន​ស្រ្តី​ចូលរួម​ធ្វើ​ភេរវកម្ម​បំផ្ទុះគ្រាប់បែកដែរ។

ប្រធានាធិបតី​បារាំង​លោក​ហ្វ្រង់ស័រ ហូឡង់​បានមាន​ប្រសាសន៍​ថា សកម្មភាព​ធ្វើ​ភេរវកម្ម កាលពី​ថ្ងៃ​សុក្រ នៅ ប៉ារីស ត្រូវ​បានផ្តួចផ្តើម​គំនិត​នៅក្នុង​ប្រទេស​ស៊ីរី បន្ទាប់​មក គឺ​បង្កើតចេញ​ជាគម្រោង​នៅ​ប៊ែលហ្ស៊ិក និង​ចុងបញ្ចប់ ភេរវកម្ម​ចេញរូបរាង ក្នុង​ប្រទេស​បារាំង។ ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​ប្រកាស​ទទួលស្គាល់​ថា ភេរវកម្ម​កាលពីថ្ងៃសុក្រ ជា​ស្នាដៃ​របស់ក្រុមខ្លួន ប៉ុន្តែ តាមអ្នកជំនាញ​ខាងភេរវកម្ម តាមពិត ក្រុមតូចៗ មក​ពី​អឺរ៉ុប ដែល​ជា​សមាជិក​របស់​ក្រុម​ជីហាត រដ្ឋអ៊ីស្លាម​ជា​អ្នក​មាន​គំនិត ផ្ទាល់ខ្លួន ចង់ វាយប្រហារ​បារាំង និង​អឺរ៉ុប។ តាម​អ្នកជំនាញ ការវាយប្រហារ​ភេរវកម្ម​នៅ​ប៊ែលហ្សិក និង​បារាំង នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បង្ហាញថា ក្រុមទាហាន​បរទេស ពី​អឺរ៉ុប ពី​បារាំង ឬ​ប៊ែលហ្ស៊ិក​ជា​អ្នកធ្វើភេរវកម្ម​ដោយ​ផ្ទាល់។ ក្រុមនេះ​មួយចំនួន​ធ្លាប់​ទៅ ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុមជីហាត នៅ​ស៊ីរី ចំណែក​ក្រុមខ្លះ​ទៀត គ្រាន់តែ​បាន​ស្តាប់ លង់​ជឿ​មនោគមវិជ្ជា​របស់​មេសាសនា​អ៊ីស្លាម ក៏​យល់ព្រម​ធ្វើ​ភេរវកម្ម​ដើម្បី​បុព្វហេតុ​កាលីហ្វា​ដែរ។ ភេរវកម្ម​អត្តឃាត ឬ​ការចុចបំផ្ទុះគ្រាប់បែក​លើខ្លួន ដើម្បី​សម្លាប់​មនុស្ស នៅ​ទីក្រុង​ប៉ារីស​បាន​បង្ហាញ​ថា ក្រុមជន​ជ្រុលនិយម មិនថា ស្រី ឬ​ប្រុស លែខ្លាចស្លាប់ ដោយ​ហ៊ាន​ប្តូរផ្តាច់​ជីវិត​របស់ខ្លួន ដើម្បី​ក្រុមជីហាត។ គឺ​សកម្មភាព​ជ្រុលនិយម​នេះហើយ កំពុង​ធ្វើ​ឲ្យ​គេ​បារម្ភ​បារាំង ទឹកដី អឺរ៉ុប នឹង​អាច​ធ្លាក់​ទៅក្នុង​សោកនាដកម្ម បំផ្ទុះគ្រាប់បែក មិន​ខុសពី​ប្រទេស​ដែល​កំពុង​ជួប​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន ឬ​ក៏​អ៊ីរ៉ាក់។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ