អានតួអត្ថបទ

​ពិភព​កាតូលិក​ប្រារព្ធ​បុណ្យ​ណូអែល​ ក្នុងបរិបទគំរាមកំហែង​ភេរវកម្ម និង​អន្តោប្រវេសន៍

បន្ទាប់​ពី​បាន​សូត្រ​ធម៌​ប្រោះព្រំ​ ឆ្លង​បុណ្យ​ណូអែល​នៅ​អាធ្រាត្រ​យប់​កំណើត​ព្រះ នៅ​ថ្ងៃ​សុក្រ​ ២៥​ ធ្នូ​នេះ សម្តេច​ប៉ាប ហ្វ្រង់ស័រ ត្រូវ​ថ្លែង​សារ​ប្រសិទ្ធី​ជា​ប្រពៃណី​ដល់​ក្រុង​និង​ពិភពលោក។ បើ​មើល​ទៅ​លើ​​បច្ចុប្បន្នភាព​​ពិភពលោក​ សារ​អំពាវនាវ​និង​ផ្តល់​ឱវាទ​ របស់​សម្តេច​សង្ឃ​កាតូលិក ត្រូវ​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​គំរាមកំហែង​ភេរវកម្ម និង​លំហូរ​អន្តោប្រវេសន៍​មក​កាន់​អឺរ៉ុប។

សម្តេច​ប៉ាប François ថ្លែង​សារ​ប្រសិទ្ធី​ ដល់​ក្រុង​និង​ពិភពលោក  «Urbi et Orbi» ក្នុង​ថ្ងៃ​បុណ្យ​ណូអែល
សម្តេច​ប៉ាប François ថ្លែង​សារ​ប្រសិទ្ធី​ ដល់​ក្រុង​និង​ពិភពលោក «Urbi et Orbi» ក្នុង​ថ្ងៃ​បុណ្យ​ណូអែល AFP PHOTO / VINCENZO PINTO
ផ្សាយពាណិជ្ជកម្ម

រវាង​អាកាសធាតុ​ក្តៅ​ដូច​រដូវ​ផ្ការីក និង​​ការ​គំរាមកំហែង​ភេរវកម្មជីហាត ណូអែល​២០១៥ ហាក់​ដូច​​ជា​មិន​សូវ​ខ្ទរខ្ទារ​សោះ។ អ្ន​កកាន់​សាសនា​កាតូលិក​នៅ​លើ​ពិភពលោក​ទាំង​មូល  បាន​ប្រារព្ធ​​ថ្ងៃ​បុណ្យ​ណូអែល ២៤​ធ្នូ ក្រោម​បរិយាកាស​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង នៅ​តាម​រដ្ឋធានី​ និង​ក្រុង​ធំ ជាពិសេស​​​​នៅ​ប៉ារីស និង​នៅ​វ៉ាទីកង់។

 
តើ​គេ​អាច​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ដោយ​អារម្មណ៍​ស្ងប់​ស្ងាត់​បាន​ដែរឬទេ ?​ បើ​ពិធី​បុណ្យ​នេះ មាន​ការ​យាមការពារ​យ៉ាង​តឹង​រ៉ឹង ខ្លាច​មាន​ភេរវកម្ម និង​មាន​អ្នក​អត់​ឃ្លាន​ ជា​អន្តោប្រវេសន៍​ដល់​រាប់​លាន​នៅ​អឺរ៉ុប​នោះ ?! ក្នុង​អត្ថន័យ​ឧទ្ទិស​ដល់​ហេតុការណ៍​នេះ​ហើយ ដែល​នៅ​​ក្នុង​ពិធី​បុណ្យ​សូត្រ​ធម៌​ពេល​យប់ សម្តេច​ប៉ាប បាន​អំពាវនាវ​ឱ្យ​​ពិភពលោក​ ប្រារព្ធ​បុណ្យ​កំណើត​ព្រះ​ ដោយ​ចេះ​ប្រមាណ​ខ្លួន​ កុំ​ខ្ជះខ្ជាយ កុំ​ភ្លើត​ភ្លើន​ កុំ​សម្ភារៈ​និយម ត្រូវ​ចេះស្គាល់​តម្លៃ​នៃ​ជីវិត​ និង​ចាប់​យក​តម្លៃ​នេះ បាន​ហើយ។

សម្តេច​ប៉ាប​បាន​អំពាវនាវ​ឱ្យ​ពិភពលោក​ចេះ​យល់​អំពី តម្លៃ​នៃ​យុត្តិធម៌ បិទ​បញ្ចប់​រាល់​ការ​ការ​ភ័យ​និ​ងការ​ខ្លាច។

នៅ​ក្នុង​​សារ​ប្រសិទ្ធី​ទៅ​កាន់​ក្រុង​និង​ពិភពលោក "Urbi et Orbi" សម្តេច​ប៉ាប បាន​គាំទ្រ​សកម្មភាព​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ការ​ស្វែង​រក​សន្តិភាពឱ្យ​​ស៊ីរី និង​លីប៊ី និង​បរិហារ​រាល់​គ្រប់​ទម្រង់​នៃ​អំពើ​ភេរវនិយម។ សម្តេចប៉ាប​ក៏​សូមសុំ​ពរជ័យ​ពី​ព្រះ​ឱ្យ​​ប្រសិទ្ធី ​​ដល់រដ្ឋ​ និង​ដល់​រាល់​​បុគ្គល​​សាមញ្ញ​គ្រប់​រូប ដែល​មាន​ចិត្ត​សប្បុរស​បាន​ជួយសង្គ្រោះ​​ និង​ទទួល​យក​ជន​ភៀស​ខ្លួន ​ព្រម​ទាំង​បាន​​ជួយ​ជនភៀសខ្លួន​ឱ្យ​ចេះ​សម្រប​ខ្លួន​ក្នុង​សង្គម​មួយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ